ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព​និយាយ​ថា ​វា​លឿន​ពេក​សម្រាប់​កម្ពុជា​ក្នុង​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA


រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

ក្រោយលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ប្រកាស​ថា​កម្ពុជា​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ ដែល​​ធ្វើ​ឲ្យ​កម្ពុជា​អាចបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ ​មេដឹកនាំ​សហជីព​មួយ​ចំនួន​និយាយ​ថា​ វា​មិន​ទាន់​ដល់​ពេល​សម្រាប់​កម្ពុជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នោះ​​របស់​សហភាព​អឺរ៉ុប​នោះ​ទេ។

ក្រុម​សហជីព​មួយ​ចំនួនក្នុងប្រទេស​កម្ពុជា​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​កម្ពុជា​មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួច​រាល់​នៅ​ឡើយសម្រាប់​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ តាម​កម្មវិធី​ពាណិជ្ជ​កម្ម «អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​សព្វាវុធ»​ឬ​ EBA​ ​ខណៈ​ដែល​មេដឹកនាំ​កម្ពុជា​បាន​ប្រកាស​ថា​ សហគមន៍​អន្តរ​ជាតិ​គ្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​ដោយសារ​តែ​សេដ្ឋ​កិច្ច​កម្ពុជា​បន្ត​ជឿន​លឿន​ទៅ​មុខ។​

លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្សហៅ​កាត់​ថា​ Central​ បាន​ប្រាប់​ ​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​

«ខ្ញុំ​មើល​ទៅ​ យើង​នៅ​ត្រូវ​ការ​ប្រព័ន្ធ​ EBA ​ហ្នឹង​សំខាន់​ ព្រោះ​យើង​អត់​ទាន់​បាន​ត្រៀម​ ដូច​ខ្ញុំ​លើក​ឡើង​ហ្នឹង​ វិស័យ​ពីរ​ទៀត ​ដែល​ជា​វិស័យ​ជួយកំណើន​សេដ្ឋកិច្ច​ហ្នឹង​គឺវិស័យ​ទេសចរណ៍​ ហើយ​និង​វិស័យ​កសិកម្ម។ ​ហើយ​រឿង​នេះ​ យើង​អត់​ទាន់បាន​ត្រៀម​លក្ខណៈ​របស់​យើង​ដើម្បី​ជំរុញឲ្យ​វិស័យ​ហ្នឹង​ វិស័យ​ទាំង​ពីរ​ហ្នឹងកើន​ឡើង​ទេ។​ ហេតុដូច្នេះ​ បើសិន​ជាយើង​បាត់​បង់​ EBA ​ឥឡូវ​ហ្នឹង​ គឺ​ខ្ញុំគិត​ថា​ ​too early ​[វា​លឿន​ពេក] ​សម្រាប់​ប្រទេស​កម្ពុជា។​ ដូច្នេះ​ខ្ញុំ​ ខ្ញុំ​ជឿ ខ្ញុំ​យល់​ថា​ ​បើ​សិន​ជា​ EBA ​ហ្នឹង​បាត់​បង់​ គឺ​សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​មាន​បញ្ហា។​ ដូចខ្ញុំ​លើក​ឡើងកន្លងៗ​មក​អ៊ីចឹង។​ បើ​សិន​ជា​ EBA ​ហ្នឹង​បាត់​មែន​ វិស័យ​ដែល​ប៉ះពាល់​មុន​គេ​គឺ​វិស័យ​កាត់​ដេរ​ ហើយ​មិន​មែន​តែរឿង​កម្មករ​ទេ​ គឺ​តាំង​ពី​ថៅកែ​ តាំង​ពី​មន្ត្រី​រាជ​ការ​មួយ​ចំនួន​ទៀត​ ដែល​យើង​យក​ពន្ធ​ពី​វិស័យ​កាត់​ដេរ​ហ្នឹង​ក៏​ច្រើន​ដែរ​ ហើយ​បើ​កម្មករ​បាត់​បង់​ការងារ​នៅ​ក្នុង​វិស័យ​ហ្នឹង​ វា​ធ្វើ​ឲ្យ​ប៉ះ​ទៅ​ដល់​វិស័យ​ធនាគារ​ហិរញ្ញ​វត្ថុ​ហ្នឹង​ឯង​ ព្រោះ​កម្មករ​ភាគ​ច្រើន​ជា​កូន​បំណុល​របស់​ធនាគារ​ ឬ​ក៏​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ»។​

សហភាព​អឺរ៉ុបបាន​បញ្ជាក់​ ​VOA​ ​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ​ការ​រៀប​ចំ​នីតិវិធី​សម្រាប់​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​កំពុង​ដំណើរ​ទៅ​មុខ ​ហើយ​ថា​ ​ការ​រៀបចំ​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​តាម​កម្ម​វិធី​ EBA ​នេះ​ «បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​បារម្ភ​ធ្ងន់ធ្ងរ​ចំពោះ​ការ​វិវត្ត​នានា​នៅ​កម្ពុជា​ទាក់ទិន​ការ​គោរព​សិទ្ធិ​មនុស្ស​ ​និង​សេរីភាព ​ដូច​មាន​ចែង​ក្នុង​ច្បាប់​នានា​របស់​អង្គការ​សហ​ប្រជាជាតិ​ ​និង​កតិការ​សញ្ញា​ស្តីពីសិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​ការងារ​ជា​មូលដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)»។​

ប៉ុន្តែមេ​ដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​កាលពី​សបា្តហ៍​មុន​ ​បាន​បញ្ជាក់​ថា៖​

«លក្ខខណ្ឌ​សេដ្ឋកិច្ច​របស់​កម្ពុជា​កើនឡើង​តម្រូវ​ឲ្យ​គេ​ដក​ថយ​ ព្រោះ​តែ​គ្រប់​លក្ខខណ្ឌ​ហើយ​ គេ​ដក​ថយ​ជំនួយ​នោះ​ដើម្បី​យក​ទៅ​ប្រគល់​ទៅ​ឲ្យប្រទេស​ដទៃ​ ដែល​មិន​មាន​លក្ខខណ្ឌអនុគ្រោះ​ដូច​យើង។​ ​ប្រទេស​យើង​ ​គ្រាន់​តែបញ្ហា​ខ្ចី​លុយ​គេ​ បើ​យើង​នៅ​តែ​ក្រ​ យើង​ខ្ចី​លុយ​គេ​ត្រឹម​អត្រា​ការ​ប្រាក់​សម្បទានៗ។​ ប៉ុន្តែ​បើ​យើង​ឡើង​ឋានៈ​ក្លាយ​ទៅ​ជាប្រទេស​ដែល​មាន​ចំណូល​សម​ល្មម​ហើយ​ យើង​ត្រូវ​ទទួល​ការ​ប្រាក់​របស់​គេ​គឺ​អត្រា​ការ​ប្រាក់​ពាណិជ្ជកម្មតែ​ម្តង​ គឺ​ភាព​អនុ​គ្រោះ​ទាំង​ឡាយ​ត្រូវ​បាន​ផ្តល់​ឲ្យ​តែ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​តែប៉ុណ្ណោះ។​ ពេល​ដែល​មាន​ការ​កើន​ឡើង​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​ គឺ​គេ​នឹង​ដក​ថយ​ គេ​នឹង​ថយ​ដើម្បី​ផ្ទេរ​ជំនួយ​នោះ​ទៅ​កាន់​ទី​កន្លែង​ផ្សេង​ ដែល​មាន​ការ​លំបាកជាង​យើង»។​

លោក​មឿន តុលា​ មិន​យល់​ពី​គោលដៅ​នៃ​ការ​បក​ស្រាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ តែ​លោក​ថា៖

«ការ​បក​ស្រាយ​ហ្នឹង​ ​ព្យាយាម​ការៗ​បក​ស្រាយបន្លំ​សាធារណជន ជា​ជាង​ព្យាយាម​រក​ដំណោះ​ស្រាយ​ជូន​ប្រទេស។ ​ហើយ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ ​បើសិន​ជា​ EBA ​បាត់​មែន​ កម្ពុជា​យើង​នឹង​ត្រូវ​បាត់​បង់​លុយ៦០០​លាន​ដុល្លារ​ជាង​ សម្រាប់​ដែល​យើង​រួច​ពន្ធ​នាំចូល​ទៅ​សហគមន៍​អឺរ៉ុប​កន្លង​មក​ ហើយ​៦០០​លាន​ដុល្លារ​នេះ គឺ​បើ​សិន​ជា​បាត់​អាហ្នឹងគឺ​វាជា​ការគំរាម​កំហែង​មួយ​ទៅ​ដល់​ភាព​ប្រកួត​ប្រជែង​នៃ​វិស័យ​កាត់​ដេរ​ហ្នឹង»។

ការ​បកស្រាយ​របស់​លោក​ហ៊ុន សែន ទាក់​ទិន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ និង​ការ​អនុគ្រោះ​ពន្ធ​នេះ​គឺ​ខុស​ពី​កាលមុន​ ដែល​មេដឹកនាំ​កម្ពុជា​រូប​នេះ​ ត្រូវ​គេ​រាយ​ការណ៍​ថា​ បាន​ដាក់​ការ​ស្តី​បន្ទោស​ទៅ​លើ​គណ​បក្ស​ប្រឆាំង​ថា​ បាន​លើក​ទឹក​ចិត្ត​ឲ្យ​សហភាព​អឺរ៉ុប​ដក​ការ​អនុ​គ្រោះ​ពន្ធ​ពី​កម្ពុជា។​

លោក​ ​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ជា​អតីត​សមាជិក​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ​ថ្លែង​អំពី​ការ​ប្រែប្រួល​ពាក្យ​សម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ថា៖​

«ករណី​ម្តង​និយាយ​អ៊ីចេះ​ ​ម្តង​និយាយ​អ៊ីចុះ​ អាហ្នឹង​អ្នក​នយោបាយ​គួរ​តែ​និយាយកាន់​ជំហរប្រាកដ​ប្រជា​មុន​បាទ។​ ម្តង​គេ​ចោទ​ប្រកាន់​ថា​ អូ!​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ​ឥឡូវ​នេះ​ បែរ​ជា​និយាយ​ថា​ អូ!​ឥឡូវ​ដោយសារ​កំណើន​សេដ្ឋកិច្ច​ អ៊ីចឹង​ វា​អត់​មាន​អ្វីដែល​ច្បាស់​លាស់។ អ៊ីចឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​ គាត់​វាយ​តម្លៃ​ថា​ អូ!​ អ្នក​នយោបាយនិយាយអត់​មាន​ភាសា​ណាប្រាកដ​ប្រជា»។​

មេដឹកនាំ​សហជីព​រូប​នេះ​បន្ថែម​ថា​ ការកើន​ឡើង​ចំណូល​ជាង​មួយ​ពាន់​ដុល្លារ​ប្រចាំ​ឆ្នាំ​របស់​ពល​រដ្ឋ​ខ្មែរនោះ​ មិន​បាន​បញ្ជាក់​ថា​ ពលរដ្ឋ​ខ្មែរ​ឈប់​ក្រ​នោះ​ទេ។​

«យើង​ចែក​រក​ផល​ទុន​សរុប​ប្រចាំ​ឆ្នាំ​ យើង​ឃើញ​ថា​ ប្រជា​ពលរដ្ឋ​ហ្នឹង​បាន​ទទួល​ចំណូល​ប្រចាំ​ឆ្នាំ​ជាង​១០០០​ដុល្លារ ហើយ​យើង​ថា​ ​GDP ​កម្ពុជា​មាន​កំណើន​ខ្ពស់។ ​តាម​ការណ៍​ពិត​ ជាក់ស្តែង​ពលរដ្ឋ​ដែល​ទទួល​បាន​ជាក់​ស្តែង​ហ្នឹង​ វា​មិន​ដូចការ​អះអាង​នៅ​ក្នុង​ GDP ​ទេ​ ពីព្រោះ​ផល​ដែល​បាន​ហ្នឹង​ វាបាន​ទៅ​លើ​អ្នក​មាន​ ហើយ​ដល់​ពេល​ហ្នឹង​ យើង​យក​មក​ចែក​រក​មនុស្ស ​ពលរដ្ឋ​ទូទៅ​អ៊ីចឹង​ ​យើង​ឃើញអត្រា​ហ្នឹង​ខ្ពស់​ តែបើ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​នៅតែ​ក្រីក្រ​ ហើយ​ជំពាក់​គេ​ ស្ទើរ​តែ​៩០ភាគរយ​ហើយ​ ​រួម​ទាំង​កម្មករ​ ទាំង​អី​ហ្នឹង»។​

យ៉ាងណាក៏ដោយ​ លោក​ ​ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​រដ្ឋាភិ​បាលខ្មែរ​ ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ រដ្ឋាភិបាល​នៅ​បន្ត​ពិភាក្សា​ជាមួយ​ខាង​ភាគី​សហភាព​អឺរ៉ុប​ ហើយ​ថា​ កម្ពុជា​មាន​ទីផ្សារផ្សេង​ទៀត​សម្រាប់​ផលិតផល​របស់​ខ្លួន​ផង​ដែរ។

​«ការ​លើក​បំណង​របស់​សហជីព​ហ្នឹង​ជា​មតិ​សហជីពទេ​ ប៉ុន្តែ​អ្វី​ដែល​រាជ​រដ្ឋាភិបាលនៅ​តែ​ពង្រឹង​កំណើ​ន​សេដ្ឋកិច្ច​ នៅ​តែ​ពង្រឹង​វិជ្ជាជីវៈ​ នៅតែ​ពង្រឹង​ទីផ្សារ​ ផលិត​ផល​ទំនិញខ្លួន​ឯង​ បាទ»។

អ្នកស្រី​យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ​មិន​ផ្តល់​ការ​អធិប្បាយ​ថា​ ​តើ​កម្ពុជា​គួរ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ខ្លួន​មានស្រាប់សម្រាប់​ឧស្សាហកម្ម​កាត់​ដេរ​ ឬ​យ៉ាង​ណា​នោះ​ទេ​ ព្រោះ​វាជា​ការ​សម្រេច​របស់​រដ្ឋាភិបាល។​ ​តែ​អ្នក​ស្រី​លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​កម្មករ​ ក្នុង​ករណី​ដែល​ពួក​គេ​បាត់​បង់​ការងារ។

«ធម្មតា​ទេ​ នៅពេល​ដែល​ប្រជា​ពលរដ្ឋ ​បងប្អូន​កម្មករ​យើង​នៅពេល​ដែល​គាត់​កំពុងតែ​មាន​ការ​ងារ​ធ្វើ ​ហើយ​គាត់​បាត់​បង់​ការងារ​ ខ្ញុំជឿ​ថា ​គាត់​នឹង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម។​ បញ្ហា​ប្រឈម​របស់​គាត់​ហ្នឹង​ វា​ធ្លាក់​ទៅ​ដល់​ក្រុម​គ្រួសារ​គាត់​ទៅ​ទៀត​ ហើយ​នៅ​ពេល​ដែល​យើង​ធ្លាក់​ទៅ​ដល់​បញ្ហាប្រឈម​រហូត​ដល់​ទាំង​គាត់​ រហូត​ដល់​ក្រុម​គ្រួសារ​គាត់​ ​សំណួរ​សួរ​ថា​ តើពួក​គាត់​អាច​រស់នៅ​ក្នុង​ស្ថានភាព​ហ្នឹង​បាន​រយៈពេលប៉ុន្មាន?»​

កាល​ពី​ដើមខែ​តុលា​ សហគមន៍​អឺរ៉ុប​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជាថា​ ប្រទេស​កម្ពុជា​នឹង​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

មាន​ប្រតិកម្ម​ជា​ច្រើន​ពី​ថៅកែ​រោងចក្រ​ និង​អ្នក​ការពារ​សិទ្ធិ​កម្មករ​ ដោយ​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ​GMAC​ បាន​ទទូច​សុំ​ឲ្យ​សហគមន៍​អឺរ៉ុប​កុំ​ដាក់​ទណ្ឌកម្ម​ណា​មួយ​មក​លើ​ប្រ​ទេស​កម្ពុជា​ដែល​ពួក​គេ​អះអាង​ថា ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យូរអង្វែង​មក​លើ​ឧស្សាហកម្ម​កាត់ដេរ​ដែល​កំពុង​ផ្តល់​ការងារ​ដល់​ប្រជា​រាស្ត្រ​ខ្មែរ​យ៉ាង​ហោច​ណាស់​៧០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។

ធនាគារ​ពិភពលោក​ក៏បាន​ព្រមាន​កាល​ពី​ពេល​កន្លង​មក​ថា​ សេដ្ឋកិច្ច​កម្ពុជា​ក៏​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធំ​មួយ​ផង​ដែរ​ ក្នុង​ករណី​មាន​ការ​សើរើ​ឡើង​វិញ​នៃការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា​ និង​ការ​ធ្លាក់​ស្រុត​ចុះ​របស់​សេដ្ឋ​កិច្ច​ប្រទេស​ចិន។

លោក​ ​ផៃ ស៊ីផាន​ ​យល់​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មិន​ប្រឈម​ផលវិបាក​ណា​មួយ​នោះ​ទេ។ ​លោក​ថ្លែង​ថា៖​ ​

«កម្ពុជា​កំពុង​តែ​ពង្រឹង​នូវ​ ទីមួយ​គឺ​វិជ្ជាជីវៈ​របស់​កម្មករ ដើម្បី​រក្សា​តម្លៃ​ចំណូល​របស់​កម្មករ​ឲ្យ​បាន​ខ្ពស់ បង្កើន​ប្រាក់​ចំណេញ​របស់​អ្នក​បណ្តាក់​ទុន។ អាស្រ័យ​ហេតុ​ដូច្នេះ ខ្ញុំ​មើល​មិន​ឃើញ​មាន​បញ្ហា​ ដូច​អ្វី​ដែល​ជា​ការព្រួយ​បារម្ភ​ ហើយ​គេ​ គេ​មាន​សិទ្ធិ​ក្នុង​ការ​ព្រួយបារម្ភដែរ ​ពីព្រោះ​គេមិន​មែន​រដ្ឋាភិបាល​ បាទ»។​

យ៉ាង​ណា​ក៏ដោយ​ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ​ការ​ផ្អាក​បណ្តោះ​អាសន្ន​នូវ​កម្មវិធី​អនុគ្រោះ​ពន្ធ ​EBA​ ​ឬ​ក៏​ការ​ដាក់​ទណ្ឌ​កម្ម​ឯកតោ​ភាគី​រយៈ​ពេល​ខ្លី​ណា​មួយ​ អាច​នឹង​មាន​ផល​ប៉ះ​ពាល់​រយៈពេល​វែង​លើ​ជីវិត​កម្មករ​ ​និង​គ្រួសារ​របស់​ពួក​គេ។​ ​រាល់​ការ​រីក​ចម្រើន​របស់​កម្ពុជា​ ​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​២​ទសវត្សរ៍​មក​នេះ​តាម​រយៈ​កិច្ច​ខិតខំ​របស់​រាល់​អ្នក​ពាក់​ព័ន្ធ ដោយ​រាប់​បញ្ចូល​ទាំង​ដៃគូ​អភិវឌ្ឍន៍​ ដូចជា​សហភាព​អឺរ៉ុប​នោះ​ អាច​នឹង​ត្រូវ​បាន​បំផ្លាញ​ចោល​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ៕

XS
SM
MD
LG