ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ ១.០០០ នាក់ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នៅ​បេឡារុស


ស្រ្តីម្នាក់ប្រតាយប្រតាប់ជាមួយនឹងប៉ូលិសអំឡុងពេលបាតុកម្មប្រឆាំងនឹងលទ្ធផលការបោះឆ្នោត នៅក្រុង Minsk ប្រទេសបេឡារុស កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
ស្រ្តីម្នាក់ប្រតាយប្រតាប់ជាមួយនឹងប៉ូលិសអំឡុងពេលបាតុកម្មប្រឆាំងនឹងលទ្ធផលការបោះឆ្នោត នៅក្រុង Minsk ប្រទេសបេឡារុស កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

ប៉ូលិស​បាន​ឃុំ​ខ្លួន​មនុស្ស​ជាង ១.០០០ នាក់​នៅ​ក្នុង​ប្រទេស​បេឡារុស ក្នុង​អំឡុងពេល​នៃ​ការ​តវ៉ា​ចុងក្រោយ​បង្អស់​ ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ក្នុង​ប្រទេស​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​កាល​ពី​ថ្ងៃ​ពុធ។

ការ​តវ៉ា​នានា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ចំនួន​ ២៥ កាល​ពី​ថ្ងៃ​អង្គារ និង​នៅ​ពេល​យប់​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Olga Chemodanova អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press។ បាតុករ​រាប់ពាន់​នាក់​នាំ​គ្នា​តវ៉ា​នៅ​ក្នុង​រដ្ឋធានី Minsk និង​នៅ​តាម​ទីក្រុង​មួយ​ចំនួន​ទៀត​រយៈពេល​បី​យប់​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី Alexander Lukashenko ឈ្នះ​ការ​បោះឆ្នោត​សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​អាណត្តិ​ទី ៦ នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៨០%។ អ្នកស្រី Sviatlana Tsikhanouskaya ដែល​ជា​បេក្ខជន​ចម្បង​ខាង​គណបក្ស​ប្រឆាំង ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​តែ ១០% តែ​ប៉ុណ្ណោះ។ អ្នកស្រី​បាន​ទាក់ទាញ​មនុស្ស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ទីដែល​អ្នក​បោះឆ្នោត​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​មេដឹកនាំ​ផ្ដាច់ការ​លោក Lukashenko ដែល​បាន​កាន់​អំណាច​អស់​រយៈពេល ២៦​ ឆ្នាំ​មក​ហើយ។

ប៉ូលិស​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​បំបែក​ហ្វូង​បាតុករ​ដែល​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត ដោយ​ប្រើ​ដំបង​ប៉ូលិស គ្រាប់បែក​ផ្សែង ឧស្ម័ន​បង្ហូរ​ទឹកភ្នែក និង​គ្រាប់​កាំភ្លើង​ជ័រ។ បាតុករ​ម្នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ច័ន្ទ ខណៈ​ពេល​ដែល​មាន​ការ​បង្ក្រាប​លើ​បាតុករ​នៅ​ក្នុង​រដ្ឋធានី Minsk ហើយ​មនុស្ស​ជាច្រើន​នាក់​បាន​រងរបួស។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Viasna ប្រចាំ​នៅ​ប្រទេស​បេឡារុស បាន​ឲ្យ​ដឹង​ថា បាតុករ​ជាច្រើន​ដែល​បាន​រងរបួស មិន​ហ៊ាន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ ដោយ​ភ័យ​ខ្លាច​ថា ពួកគេ​នឹង​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ចំពោះ​ការ​ចូលរួម​ធ្វើ​បាតុកម្ម៕

XS
SM
MD
LG