ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​រិះគន់​អាមេរិក​ចំពោះ​ទស្សនកិច្ច​ទៅ​កាន់​តៃវ៉ាន់ ខណៈ​កូវីដ១៩ កំពុង​ឆ្លងរាលដាល​នៅ​អាមេរិក


រូបឯកសារ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយ នៅក្រុងប៉េកាំង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានមួយ នៅក្រុងប៉េកាំង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Zhao Lijian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​រិះគន់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​សុខុមាលភាព​ពលរដ្ឋ​លោក Alex Azar កាល​ពី​ថ្ងៃ​ពុធ ចំពោះ​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះតៃវ៉ាន់ ខណៈពេល​ដែលជំងឺ​កូវីដ១៩ កំពុង​ឆ្លង​រាតត្បាតនៅ​ក្នុង​សហរដ្ឋអាមេរិក។ លោក Lijian ​បាន​ចោទប្រកាន់​លោក​ Azar ថា​ យក​នយោបាយ​សំខាន់​ជាង​ជីវិត​របស់​ពលរដ្ឋអាមេរិកាំង។ ​

អត្ថាធិប្បាយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ មួយ​ថ្ងៃ​បន្ទាប់​មក ក្រោយ​ពី​លោក Azar បាន​ចោទប្រកាន់​ចិន​ថា​ មិន​ព្រមាន​ពិភពលោក​ជាមុន​អំពី​ជំងឺ​កូវីដ១៩។

លោក Lijian បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ថា៖ «លោក [Azar] បាន​បោះបង់​ចោល​ពលរដ្ឋ​រាប់​លាន​នាក់ ដែល​កំពុង​រងទុក្ខ​ដោយសារ​តែ​ជំងឺ​នេះ ហើយ​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅ​កោះតៃវ៉ាន់​ទៅ​វិញ ដើម្បី​សម្ដែង​ឈុតឆាក​នយោបាយ​មួយ។ យើង​មិន​ដឹង​ថា តើ​លោក​មាន​ភាព​ជឿជាក់ និង​ការ​លើក​ទឹកចិត្ត​ដោយ​របៀប​ណា ក្នុង​ការ​រិះគន់​ដោយ​ឥតខ្មាសអៀន​ចំពោះ​សមិទ្ធផល​នៃ​ការ​ប្រយុទ្ធប្រឆាំង​របស់​ចិន​នឹង​ជំងឺ​រាតត្បាត​ជា​សាកល​នេះ»។

ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​កោះតៃវ៉ាន់ លោក Azar បាន​ថ្លែង​ថា គណបក្ស​កាន់​អំណាច​ចិន​«មាន​ឱកាស​ក្នុង​ការ​ព្រមាន​ដល់​ពិភពលោក​ជា​មុន​ និង​អាច​ធ្វើ​ការ​ជាមួយនឹង​ពិភពលោក​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ ប៉ុន្តែ​ពួកគេ​បាន​ជ្រើសរើស​មិន​ធ្វើ​ដូច្នេះ​ទេ ហើយ​លទ្ធផល​នៃ​ការ​ធ្វើ​ដូច្នេះ​ ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់ៗ​ទៅ​ជា​រៀងរាល់​ថ្ងៃ»។

រដ្ឋបាល​លោក Trump បាន​ចោទប្រកាន់​ប្រទេស​ចិន​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ បាន​លាក់​បាំង​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភពលោក និង​សហគមន៍​អន្តរជាតិ ខណៈ​ដែល​ជំងឺ​កូវីដ១៩ បាន​ចាប់​ផ្ដើម​ឆ្លង​រាតត្បាត។ ប្រទេស​ចិន​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ដោយនិយាយ​ថា ខ្លួន​បាន​ផ្ដល់​ព័ត៌មាន​ទាំងអស់​ដែល​ខ្លួន​ទទួល​បាន​ភ្លាមៗ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG