ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រយៈពេល​៦​ឆ្នាំ ជនជាតិ​ចិន​ជាង​១​ពាន់​នាក់ ​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារ​ប្រាក់​តាម​បច្ចេកវិទ្យា​នៅ​កម្ពុជា


រូបឯកសារ៖ ជនជាតិចិនក្នុង​ឯកសណ្ឋានអាវពណ៌ទឹកក្រូច ត្រូវបានចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេសចិនវិញ ដោយ​មន្ត្រីប៉ូលិសចិន មុនពេលពួកគេឡើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ ជនជាតិចិនក្នុង​ឯកសណ្ឋានអាវពណ៌ទឹកក្រូច ត្រូវបានចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេសចិនវិញ ដោយ​មន្ត្រីប៉ូលិសចិន មុនពេលពួកគេឡើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

កាល​ពី​ចុង​ខែ​តុលា ឆ្នាំ២០១៧ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ជនជាតិ​ចិន​ចំនួន​៦១​នាក់ ក្នុង​នោះ​មាន​ស្រី​១៣​នាក់ ដែល​សង្ស័យ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក គំរាមកំហែង និង​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Voice Over Internet Protocol ឬVOIP)។

អាជ្ញាធរ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ទាំង​នោះ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​ដល់​២១ ខែ​តុលា នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​ព្រះសីហនុ។

បើ​គិត​ពី​ខែ​មករា​ដល់​ខែ​តុលា​ឆ្នាំ២០១៧​នេះ​ កម្ពុជា​បាន​បង្ក្រាប​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ចំនួន​៥​លើក​រួច​មក​ហើយ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន​បាន​៤០៧​នាក់​ ក្នុង​នោះ​ស្រី​៧៦​នាក់។

ការ​បញ្ជូនជនល្មើស​ចិន​ចេញ​ពី​កម្ពុជា​នេះ ក៏​មាន​ការ​សហការ​ពី​ក្រុម​សន្តិសុខ​ជាតិ​នៃ​ប្រទេស​ចិន ដោយចិន​បាន​យក​យន្តហោះ​ពិសេស​ មក​ដឹក​ជនល្មើស​ទាំង​នេះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ជនជាតិ​ចិន​៧៤​នាក់ ក្នុង​នោះ​មាន​ស្រ្តី​១៤នាក់ ត្រូវបាន​បញ្ជូន​ចេញ​ពី​កម្ពុជា ដោយ​ជើង​យន្តហោះ China Southern Airline ក្រោយ​ពីពួកគេ​ត្រូវបាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ ខែតុលា។ នៅ​ក្នុង​ការ​បញ្ជូន​នោះ នគរបាល​ចិន​ជាង​២០០​នាក់ បាន​មក​យក​ពួកគេ​ពី​កម្ពុជា។ ជនជាតិ​ចិន​ដែល​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា​នោះ ត្រូវ​បាន​បិទ​មុខ ហើយ​បិទ​លេខ​ជាប់​នឹង​អាវ​ពណ៌​ទឹក​ក្រូច ដូចៗ​គ្នា។​

លោក​ អ៊ុក ហៃសីលា​ ​ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​ ​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ជនជាតិ​ចិន​ទាំង​នោះ បាន​ប្រើប្រាស់​កម្ពុជា ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ទារ​ប្រាក់​ពី​ជន​រងគ្រោះ​ ដែល​រស់​នៅ​ក្នុង​ប្រទេស​ចិន ក្នុង​នោះ​រួមមាន​មន្ត្រី​រាជការ គ្រូបង្រៀន គ្រូពេទ្យ និង​សិល្បករ​ដែល​មាន​ឈ្មោះ​ល្បី​ជាដើម។

លោក​បន្ត​ថា ជន​ល្មើស​ទាំង​នេះ​ បាន​បោកបញ្ឆោត​ជន​រងគ្រោះ​នៅ​ក្នុង​ប្រទេស​ចិន តាម​រយៈ​ការ​គំរាម​បង្ហោះ​រូបភាព​អាសអាភាស​របស់​ជន​រងគ្រោះ។

លោក​មាន​ប្រសាសន៍​ថា៖ «គឺ​គាត់​បោក​បញ្ឆោត​ធ្វើ​ជា​ទំនាក់​ទំនង​ផ្លូវ​ស្នេហា ហើយ​ពេល​ដែល​គាត់​បាន​រូបភាព ហើយ​គាត់​បំប្លែង​ទៅ​ជា​រូបភាព​រូប​អាស​អាភាស ដើម្បី​ជំរិត​គំរាម។ ប្រសិន​បើ​មិន​មាន​ការ​បង់​ប្រាក់​ឲ្យ​គាត់​ទេ គឺ​គាត់​នឹង​បង្ហោះ​រូបភាព​ទៅ​ស្ថាប័ន​ដែល​គាត់​ធ្វើការ​នោះ​ឬ​ក៏​ក្រុម​គ្រួសារ​ដែល​មាន​កិត្តិយស»។

លោក​បន្ត​ថា​ បើ​តាម​ការ​សួរ​ចម្លើយ ជនល្មើស​បាន​បែងចែក​ភារកិច្ច​ផ្សេងៗ​គ្នា​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នេះ គឺ​មាន​ក្រុម​ប្រមូល​ទិន្នន័យ​ ប្រវត្តិ​រូប​របស់​ជន​រងគ្រោះ ក្រុម​អូស​ទាញ ដោយ​ប្រើ​ចិត្តសាស្ត្រ​ជាមួយ​ជន​រងគ្រោះ រួច​ហើយ​បញ្ជូន​ទៅ​ក្រុម​បច្ចេកទេស កាត់​ត​រូបថត និង​ក្រុម​គំរាម​ប្រមូល​ប្រាក់​ពី​ជន​រងគ្រោះ។

លោក​ អ៊ុក ហៃសីលា បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ មិន​មាន​ជន​រងគ្រោះ​កម្ពុជាលើ​ករណី​ជំរិត​ទារ​ប្រាក់​របស់​ជនជាតិ​ចិន​នោះ​ទេ។

ប្រទេស​កម្ពុជា​ បាន​ក្លាយ​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ចាប់​តាំងពី​ឆ្នាំ​២០១១។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​កម្ពុជា ​បាន​បញ្ជូន​ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេះ ចំនួន​១៥​លើក​រួច​មក​ហើយ ដោយ​ជនជាតិ​ចិន​សរុប​ជិត​១២០០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជាង​២០០​នាក់ ​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​ប្រទេស​ចិន​វិញ។

ក្រុម​ចាប់​ជំរិត​ទាំង​នោះ ភាគច្រើន​ត្រូវ​បាន​ចាប់ខ្លួន​នៅ​កន្លែង​ទាក់ទាញ​ទេសចរណ៍ ដូចជា​នៅ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ​ជាដើម។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ លោក កែវ វ៉ាន់ថន មាន​ប្រសាសន៍​ថា មាន​ករណី​ខ្លះ រដ្ឋាភិបាល​ចិន​បាន​ស្នើ​មក​អាជ្ញាធរកម្ពុជា​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ទាំង​នេះ។ លោក​បញ្ជាក់​ថា ជា​គោលការណ៍​ កម្ពុជា​នឹង​បញ្ជូន​ជនជាតិ​ចិន​ទាំង​នោះ​ចេញ​ទៅ​ប្រទេស​ខ្លួន​វិញ។

លោក​មាន​ប្រសាសន៍​ថា៖ «អា​ហ្នឹង​វា​ជា​គោលការណ៍។ កាល​ណា​ជន​បរទេស ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​បទល្មើស​ យើង​ត្រូវ​បណ្ដេញ​ចេញ​ពី​កម្ពុជា»។

តែ​លោក​ថា​ ចំពោះ​ករណី​ធ្ងន់ធ្ងរ ដូច​ជា​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ជន​ល្មើស​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា តាម​សេចក្ដី​សម្រេច​របស់​តុលាការ។

លោក កែវ វ៉ាន់ថន បាន​បញ្ជាក់​ថា កម្ពុជា​នឹង​បន្ត​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​បទល្មើស​ទាំង​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ទាក់ទង​នឹង​បញ្ហា​ហ្នឹង យើង​នៅ​តែ​មាន​វិធាន​ការ​ជា​បន្ត​បន្ទាប់​អញ្ចឹង។ កាល​ណា​មាន​បទ​ល្មើស​នៅ​កន្លែង​ណា យើង​ស្រាវជ្រាវ​ស៊ើប​អង្កេត​រក​ឃើញ យើង​នៅ​តែ​បន្ត​បង្ក្រាប​ហើយ​បណ្ដេញ​ចេញ​អញ្ចឹង។ យើង​មិន​ឲ្យ​មាន​បទ​ល្មើស​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​យើង​ទេ​បាទ»។

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេសចិន លោក Lu Kang បាន​និយាយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៦ ថា ភាគី​ចិន​បាន​កោត​សរសើរ​ខ្លាំង​ និង​អរគុណ​កម្ពុជា​ដែល​ប្រកាន់ខ្ជាប់​នយោបាយ​ចិន​តែ​មួយ និង​សហការ​ជាមួយ​ប្រទេស​ចិន ដើម្បី​បង្ក្រាប​បទល្មើស​ឆ្លង​ដែន រួម​ទាំង​ការ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ។

លោក​បន្ត​ថា ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន​ នឹង​ចាត់វិធានការ​លើ​ជន​សង្ស័យ​ទាំង​នេះ តាម​ច្បាប់​របស់​ចិន ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ជន​រងគ្រោះ។​

កម្ពុជា បាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ដែល​ស្និទ្ធ​នឹង​ប្រទេស​ចិន។ ចិន​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​យ៉ាង​ច្រើន ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ស្ពាន និង​ថ្នល់​ជាដើម។ ចិន​បាន​ក្លាយ​ជា​អ្នក​វិនិយោគ​ធំ​នៅ​ប្រទេស​កម្ពុជា។

អ្នក​ទេសចរ​ចិន​មក​កម្ពុជា ​ក៏​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ កម្ពុជា​រំពឹង​ថា នឹង​ទទួល​អ្នក​ទេសចរ​ចិន​ប្រមាណ​២លាន​នាក់ នៅ​ឆ្នាំ២០២០។

កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​ទទួល​ទេសចរ​ចិន​ប្រមាណ​៨៣​ម៉ឺន​នាក់។ ចំណែក​នៅ​ក្នុង​រយៈ​ពេល​៧​ខែ​នៃ​ឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួល​អ្នក​ទេសចរ​ចិន​ជាង​៦៣ម៉ឺន​នាក់ ដែល​មាន​ការ​កើន​ឡើង​ជាង​៤០​ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក ​Paul Chambers ​សាស្ត្រាចារ្យ​ ​និង​ជា​ទី​ប្រឹក្សា​ស្ដីពី​បញ្ហា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ Naresuan​ ក្នុង​ប្រទេស​ថៃ ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ជនជាតិ​ចិន​ក៏​បាន​ប្រព្រឹត្ត​ករណី​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ​នៅ​ក្នុង​ប្រទេស​ជាសមាជិក​អាស៊ាន​ផ្សេង​ទៀត​ដែរ គ្រាន់​តែ​កម្ពុជា​ជា​កន្លែង​មួយ​ដែល​ជនជាតិ​ចិន​យល់​ថា ​ងាយ​ប្រព្រឹត្ត​បទល្មើស​បែប​នេះ ដោយសារ​តែ​កង្វះ​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ឥទ្ធិពល​របស់​ចិន​មក​លើ​ប្រទេស​នេះ។

លោក​បាន​ប្រាប់​ VOA តាម​រយៈ​អ៊ីមែល​ឬ​សារ​អេឡិចត្រូនិក​ថា៖ «កម្ពុជា​គឺ​ល្បី​សម្រាប់​បញ្ហា​នេះ ដោយសារ​ប៉ូលិស​ខ្មែរ​កម្រ​បង្រ្កាប​បទ​ល្មើស​ទាំង​នេះ។ បន្ថែម​ពី​នេះ អាជ្ញាធរ​កម្ពុជា​មិន​ចង់​ចាប់​ជនជាតិ​ចិន​ ដោយ​ខ្លាច​រដ្ឋាភិបាល​ចិន​ខឹង។ ទាល់តែ​មាន​ការ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​ចិន ទើប​កម្ពុជា​ចាត់វិធាន​ការ»។

ការ​ចាប់​ខ្លួន​ជនល្មើស​ទាំង​នេះ ក៏​រួម​ទាំង​ជនជាតិ​ចិន​តៃវ៉ាន់​មួយ​ចំនួនផង​ដែរ។ លោក ​Paul Chambers មាន​ប្រសាសន៍ថា បើ​ទោះ​ជា​តៃវ៉ាន់​គាំទ្រ​ការ​ចាប់ខ្លួន​ចិន​តៃវ៉ាន់ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ល្មើស​នេះ​ក៏​ដោយ ក៏​ពួកគេ​មិន​ពេញ​ចិត្ត​ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​ជនជាតិ​ចិន​តៃវ៉ាន់​ទាំង​នោះ ទៅ​ឲ្យ​រដ្ឋាភិបាល​ចិន​ទាំងអស់​ដែរ។

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​បាន​លើក​ឡើង​ថា​ ​ការ​កើន​ឡើង​នូវ​ចំនួន​ជន​បរទេស​ ដែល​យក​កម្ពុជា​ធ្វើ​ជា​ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស​កាន់​តែ​ច្រើន​នេះ​ បង្ហាញ​ថា​ ​កម្ពុជា​មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​គ្រប់គ្រង​ជន​បរទេស។

លោក​បន្ថែម​ថា​ ​ករណី​នេះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ ​ប្រសិន​បើ​រដ្ឋាភិបាល ​មិន​ចាត់​វិធានការ​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​បែប​នេះ​ឲ្យ​បាន​តឹងរ៉ឹង​ទេ​នោះ៕

XS
SM
MD
LG