លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងកុំឲ្យមានការព្រួយបារម្ភអំពីកំណើនអ្នកវិនិយោគចិននៅប្រទេសកម្ពុជា ខណៈមានការព្រួយបារម្ភអំពើកំណើនយ៉ាងសន្ធឹកសន្ធាប់នៃអ្នកទេសចរ និងអ្នករកស៊ីចិននៅក្នុងខេត្តព្រះសីហនុ។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា កម្ពុជានៅខ្វះខាតធនធានមនុស្ស ដូច្នេះហើយបានត្រូវការអ្នកវិនិយោគពីក្រៅប្រទេស។ លោកអំពាវនាវកុំឲ្យមានការព្រួយបារម្ភអំពីកំណើនអ្នកវិនិយោគចិន។
លោក ហ៊ុន សែន បានថ្លែងថា៖ «ទាំងអស់គ្នាបានដឹងហើយ បានឃើញហើយ ក្នុងរយៈចុងក្រោយនេះ បែរជានាំគ្នាភ័យព្រួយថា វត្តមាននៃអ្នកវិនិយោគិនចិននេះ ធ្វើឲ្យមានកង្វល់។ ប៉ុន្តែខ្ញុំចង់សួរថា នៅក្នុងពេលដែលមានការវិនិយោគដ៏សន្ធឹកសន្ធាប់យ៉ាងដូច្នេះ ធនធានមនុស្សគ្រប់គ្រាន់ ដើម្បីដោះស្រាយឲ្យគេហើយឬនៅ? ដោយសារដោះស្រាយមិនគ្រប់ហ្នឹងហើយ បានត្រូវមានវត្តមានរបស់គេចូលមក»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងទៀតថា កម្ពុជាត្រូវការធ្វើផ្លូវ ស្ពាន និងអគារ ដូច្នេះកម្ពុជាត្រូវការការពង្រឹងធនធានមនុស្ស ដើម្បីបំពេញតាមតម្រូវការ។
កាលពីសប្តាហ៍មុន អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានរាយការណ៍ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា កំណើនជនបរទេសក្នុងខេត្តបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការកើនឡើងនូវវិស័យសំណង់ និងអចលនទ្រព្យមានតម្លៃខ្ពស់ សម្បូរសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋានសម្រាប់ទទួលភ្ញៀវទេសចរ និងប្រាក់ចំណូលពន្ធកើនឡើងជាដើម។ ប៉ុន្តែលោកថា កំណើនជនបរទេសក្នុងខេត្តនេះ បាននិងកំពុងធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដូចជា បង្កឱកាសដល់ជនជាតិចិនជាពួកម៉ាហ្វីយ៉ាមួយចំនួន បន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្ដិសុខ និងចាប់ជំរិតអ្នកវិនិយោគ។ លោកអភិបាលខេត្តបន្តថា អ្នកខ្លះទៀតបានជួលផ្ដាច់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនធំដែលធ្វើឲ្យការផ្ដល់សេវាដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការខ្វះខាតនៅពេលបុណ្យទាន។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ VOA ថា រដ្ឋាភិបាលស្វាគមន៍អ្នកវិនិយោគទាំងអស់ និងភ្ញៀវបរទេស ដោយមិនប្រកាន់ភ្ញៀវមកពីប្រទេសណានោះទេ។ លោកបន្តថា អាជ្ញាធរនឹងព្យាយាមរក្សាសន្តិសុខឲ្យបានល្អ សម្រាប់ភ្ញៀវទេសចរទាំងអស់។
លោកមានប្រសាសន៍ថា៖ «អញ្ចឹងខ្ញុំខិតខំថែរក្សា ការពារសុខសន្តិភាព សុវត្ថិភាព ហើយធ្វើម៉េចជំរុញពួកគាត់ដែលមកហ្នឹង គោរពច្បាប់ប្រទេសខ្ញុំ ខេត្តខ្ញុំ។ នេះគឺជាការប៉ងប្រាថ្នារបស់ពួកខ្ញុំ»។
លោកក៏មានក្ដីបារម្ភអំពីការដែលជនជាតិចិនមករកស៊ីក្នុងខេត្តមួយនេះ ហើយប៉ះពាល់ដល់ការរកស៊ីរបស់ប្រជាពលរដ្ឋខ្មែរ។ លោកបានថ្លែងថា៖
«ទីមួយ យើងគិតពីរឿងច្បាប់របស់ប្រទេសយើង ទីពីរ យើងគិតរកវិធីម៉េចឲ្យមានសមធម៌ខ្លះ(ក្នុងការរកស៊ី)»។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍ថា ចំនួនភ្ញៀវចិនមាននៅចន្លោះ១២ទៅ១៣ម៉ឺននាក់ក្នុងឆ្នាំ២០១៧ ដែលមានកំណើនប្រមាណ១៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន។
លោកបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានផលពីភ្ញៀវចិន តាមរយៈការសម្របសម្រួលទៅតាមកំណើនភ្ញៀវចិន និងដឹងពីតម្រូវការរបស់ភ្ញៀវចិន។ លោកបញ្ជាក់ថា ភ្ញៀវចិនមានសក្តានុពល និងមានចំណូលច្រើន។
លោកមានប្រសាសន៍ប្រាប់ VOA ថា៖
«អញ្ចឹងត្រូវដឹងតម្រូវការរបស់ភ្ញៀវទេសចរចិន។ បើគាត់ស្នាក់ គឺអត់ស្នាក់នៅក្រោមផ្កាយបីទេ។ បើមិនផ្កាយ៤ គឺផ្កាយ៥។ គាត់ត្រូវការស្តង់ដារ Restaurant (ភោជនីយដ្ឋាន) ចិនរបស់គាត់ ហើយសួរថា នៅកំពង់សោមមាន Restaurant ចិនប៉ុន្មាន ដែលស្តង់ដារ ប្រៀបធៀបសៀមរាប ភ្នំពេញ»។
កម្ពុជារំពឹងថា នឹងទទួលអ្នកទេសចរចិនប្រមាណ ២លាននាក់ នៅឆ្នាំ២០២០។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ក្រុមហ៊ុន Emerging Markets Consulting (EMC) មានប្រសាសន៍ប្រាប់ VOA ថា កំណើនទេសចរ និងអ្នករកស៊ីចិននៅខេត្តព្រះសីហនុយ៉ាងច្រើនគំហុកនេះ នាំឲ្យអាជ្ញាធរពិបាកក្នុងការដោះស្រាយបញ្ហា។ លោកបន្តថា ត្រូវមានការរឹតបន្តឹងច្បាប់ និងធ្វើយ៉ាងម៉េចឲ្យរដ្ឋាភិបាលទទួលបានចំណូលពីការវិនិយោគរបស់ចិន។
លោកមានប្រសាសន៍ថា៖
«រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបន្តិចលើបញ្ហាហ្នឹង។ ទាក់ទងនឹងនីតិវិធីក្នុងការគ្រប់គ្រងផ្នែកខាងការធ្វើអាជីវកម្ម ការប្រមូលពន្ធអីជាដើម ដើម្បីធានាថា យើងបានចំណូលថវិកាជាតិពីការវិនិយោគហ្នឹង»។
ទំនាក់ទំនងកម្ពុជា-ចិន មានភាពស្អិតល្មួត តាមរយៈទំនាក់ទំនងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំចិន។ ចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីមកកម្ពុជាជាបន្តបន្ទាប់ ខណៈទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពមិនល្អរហូតមកដល់ពេលនេះ។ ចិនជាប្រទេសដែលមានទំហំវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment) ធំជាងគេនៅកម្ពុជា។ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានកើនដល់ទៅ ៤.៨០០លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ ដែលមានការកើនឡើងប្រមាណ ២០០លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៥។
រដ្ឋាភិបាលទីក្រុងប៉េកាំង រហូតមកដល់ពេលនេះ ក៏បានផ្ដល់នូវជំនួយឥតសំណង និងកម្ចីដល់កម្ពុជា ប្រមាណ៤.២០០លានដុល្លារអាមេរិក។ នេះបើតាមការថ្លែងរបស់លោក ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០១៧៕