ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​ធ្វើ​ការ​ប្តូរ​រដ្ឋាភិបាល​កំណែទម្រង់​ចេញ​ហើយ​​ជំនួស​ដោយ​រដ្ឋាភិបាល​ថ្មី​ដែល​ដើរ​នយោបាយ​ចាស់


អ្នក​គាំទ្រ​គណបក្ស​យុត្តិធម៌​ពលរដ្ឋ​ (People's Justice Party) ម្នាក់​បក់​ទង់​របស់​គណបក្ស​នេះ​នៅ​ខាង​ក្រៅ​វិមាន​ជាតិ​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយ​ខ្លាច​ថា​សម្ព័ន្ធភាព Pakatan អាច​នឹង​ចាញ់​ការ​បោះឆ្នោត​លើក​ក្រោយ តំណាងរាស្ត្រ​មួយ​ចំនួន​របស់​សម្ព័ន្ធភាព​នេះ​បាន​ចាកចេញ​ពី​សម្ព័ន្ធភាព​គណបក្ស​​នេះ​កាល​ពី​​ខែ​កុម្ភៈ ដើម្បី​ចុះចូល​ជាមួយ​នឹង​គណបក្ស UMNO និង​គណបក្ស PAS។

គណបក្ស​ដែល​មាន​សំឡេង​ភាគច្រើន​ជា​ជន​ម៉ូស្លីម​ម៉ាឡេ​បាន​កាន់​អំណាច​វិញ ក្រោយ​ការ​ដួលរលំ​មិន​គួរ​ឲ្យ​ជឿកាលពី​ខែ​កុម្ភៈ​នៃ​រដ្ឋាភិបាល​កំណែទម្រង់​របស់សម្ព័ន្ធភាព​គណបក្ស Pakatan Harapan ឬ សម្ព័ន្ធ​នៃ​ក្តី​សង្ឃឹម​របស់​លោក Mahathir Mohamad។ មនុស្ស​ជាច្រើន​រំពឹង​ថា នឹង​មាន​ការ​ផ្លាស់ប្តូរ​ទៅ​រក​អភិរក្ស​និយម​ និង​មាន​គោលនយោបាយ​ផ្អែក​លើជាតិ​សាសន៍​មួយ​ក្រុម​កាន់​តែ​ច្រើន ដែល​ការណ៍​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មាន​ភាពតានតឹង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ពហុជាតិសាសន៍​មួយ​នេះ។​

សម្ព័ន្ធភាព Pakatan ​បាន​យក​ឈ្នះ​សម្ព័ន្ធភាព​ដែល​បាន​កាន់​អំណាច​យ៉ាង​យូរ Barisan Nasional​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៨។ សម្ព័ន្ធPakatan ​បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ពេល​សម្ព័ន្ធភាព​ដ៏​ធំ Barisan ចាប់​ផ្តើម​ជំុរញ​ការបារម្ភ​ថា ជន​មូស្លីម​ម៉ាឡេ និង​ក្រុម​ជនជាតិ​ដើមផ្សេង​ទៀត ដែល​គេហៅ​រួម​គ្នា​ថា Bumiputra កំពុង​ត្រូវ​បាន​គេ​ទុក​ចោល។ សម្ព័ន្ធភាព Barisan នេះ​មាន​គណបក្ស​ United Malays National Organization (ហៅ​កាត់​ថា UMNO) និង​គណបក្ស ឥស្លាម​ម៉ាឡេស៊ី​ Islamist Pan-Malaysian Islamic Party (ហៅ​កាត់​ថា​ PAS)។

ដោយ​ខ្លាច​ថា​សម្ព័ន្ធភាព Pakatan អាច​នឹង​ចាញ់​ការ​បោះឆ្នោត​លើក​ក្រោយ តំណាងរាស្ត្រ​មួយ​ចំនួន​របស់​សម្ព័ន្ធភាព​នេះ​បាន​ចាកចេញ​ពី​សម្ព័ន្ធភាព​គណបក្សនេះ​កាល​ពីខែ​កុម្ភៈ ដើម្បី​ចុះចូល​ជាមួយ​នឹង​គណបក្ស UMNO និង​គណបក្ស PAS។ លោក​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ​គឺ​លោក Mahathir បាន​លាលែង​ពី​តំណែង ដើម្បី​ធ្វើការ​តវ៉ានឹង​ការ​ចុះចូល​នេះ ហើយ​ព្រឹត្តិការណ៍​នេះ​បាននាំ​ឲ្យ​មាន​ជម្លោះ​ប្រទាញ​ប្រទង់​គ្នា​ខាង​ការដឹកនាំ​រដ្ឋាភិបាល រហូត​ដល់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ព្រះអង្គ Sultan Abdullah Sultan Ahmad Shah បាន​សម្រេច​តែងតាំង​លោក Muhyiddin Yassin ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​លោក Mahathir និង​ជា​សមាជិក​រួមគណបក្ស Bersatu ​ធ្វើ​ការ​នាយករដ្ឋមន្ត្រី​ថ្មី។​

លោក Muhyiddin ដែល​ជា​ជន​មូស្លីម​ម៉ាឡេ​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​ជា​លើក​ដំបូង​បន្ទាប់​ពី​ឡើង​កាន់​អំណាច​ថា «ខ្ញុំ​ជា​បងប្អូន​ជាមួយ​នឹង​ជនជាតិ​ម៉ាឡេ ចិន ឥណ្ឌា ជនជាតិ​ភាគតិច Sikhs ជនជាតិ​ភាគតិច Ibans ជនជាតិ​ភាគតិច Kauaians ជនជាតិ​ភាគតិច Dusun និង​ជនជាតិ​ភាគតិច Murut។ ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​របស់​អ្នក»។

លោក Muhyiddin Yassin បក់​ដៃ​ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ជា​នាយករដ្ឋមន្ត្រី​ទី៨ នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។
លោក Muhyiddin Yassin បក់​ដៃ​ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ជា​នាយករដ្ឋមន្ត្រី​ទី៨ នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០។

មនុស្ស​ជាច្រើន​មិន​ប្រាកដ​ពី​ការ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី។

លោក Harrison Cheng ដែល​ជា​នាយករង​នៅ​ក្រុមហ៊ុន​ប្រឹក្សាយោបល់ Control Risks ដែល​បាន​តាមដាន​ស្ថានការណ៍​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ថ្លែង​ថា៖ «សមាសភាព​ស្នូល​នៃ​សម្ព័ន្ធភាព​រដ្ឋាភិបាល​គឺ​គណបក្ស​អភិរក្ស​និយម​ជនជាតិម៉ាឡេ​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ចំនួន​បី។ នេះ​មាន​ន័យ​ថា អ្នក​នយោបាយ​ទាំង​នេះ​ទំនង​នឹង​ជំរុញ​ឱ្យ​សើរើ​ឡើង​វិញ​នូវ​គោលនយោបាយ​ជាតិសាសន៍​និយម​ដែល​យើង​បាន​ឃើញ​មុន​ការ​បោះឆ្នោត​ឆ្នា២០១៨»។

ជនជាតិ​ម៉ាឡេ និង​ជនជាតិ​ភាគ​តិច Bumiputra ក្នុង​ប្រទេស​ម៉ាឡេស៊ី​នឹង​ប្រើប្រាស់​វិធានការ​ជួយ​ក្រុម​អ្នក​ទន់​ខ្សោយ​ (affirmative action) ជាច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​ដែល​មាន​ជាយូរ​មក​ហើយ។ បញ្ហា​នោះ​គឺ​ជា​កង្វះ​លទ្ធភាព​ក្នុង​ការ​ប្រជែងជាមួយ​នឹង​ពលរដ្ឋ​ម៉ាឡេស៊ី​ដើម​កំណើតចិន​ដែល​ជាទូទៅ​មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ជាង​នៅ​ក្នុង​ប្រទេស។ លោក Cheng និយាយ​ថា ដោយ​មាន​គណបក្ស​ម៉ាឡេ និង​មូស្លីម​នៅ​គាំទ្រ​លោក លោក Muhyiddin ទំនង​នឹង​ជំរុញ​ឱ្យ​មាន​ប្រយោជន៍​ទាំង​នោះ​កាន់​តែ​ខ្លាំង ដោយ​បង្កើន​ចំនួន​កូតា​ការងារ និង​កិច្ចសន្យា​សាធារណៈ​ដែល​បាន​សន្យា​ ទោះ​បី​ជា​ការ​ធ្វើ​បែប​នោះ​អាច​នឹង​ធ្វើ​ឱ្យ​ការ​វិនិយោគ​បរទេស​មួយ​ចំនួន​ចាកចេញ​ពី​ប្រទេស​ក្តី។

សភា​នឹង​មិន​បើក​ការ​ប្រជុំ​នោះ​ទេ រហូត​ដល់​ថ្ងៃទី១៨ ខែឧសភា បន្ទាប់​ពី​លោក Muhyiddin បាន​ពន្យារ​កិច្ចប្រជុំ​លើក​ដំបូង​កាលពី​ថ្ងៃទី៩​ ខែមីនា ដើម្បី​ទុក​ពេល​ឱ្យ​លោក​ស្វែងរក​សំឡេង​គាំទ្រ​បន្ថែម​ទៀត ក្នុង​ករណី​ដែល​មាន​ការ​បោះឆ្នោត​មិន​ទុក​ចិត្ត។

លោក Ahmad Martadha Mohamed ដែល​ជា​សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​អភិបាលកិច្ច​រដ្ឋាភិបាល​នៅ​សាកលវិទ្យាល័យ Utara Malaysia University និយាយ​ថា រដ្ឋាភិបាល​ថ្មី​បាន​ចាប់ផ្តើម​បន្ថែម​ការ​ឧបត្ថម្ភធន​ដល់​ជនជាតិ​ម៉ាឡេ និង​ជនជាតិដើម​ដទៃ​ទៀត​ ឬ​ Bumiputra រួច​ទៅ​ហើយ។ ដោយសារ​តែ​ពួកគេ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​អ្នក​មាន​ចំណូល​ទាប​បំផុត​ក្នុង​ចំនួន​ច្រើន លោក​និយាយ​ថា ពួកគេ​ក៏​នឹង​ទទួល​បាន​ប្រយោជន៍​ភាគច្រើន​ពី​ផែនការ​កញ្ចប់​ទឹកប្រាក់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ ដើម្បី​ជួយ​ទប់ទល់​ដល់​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺកូវីដ១៩។

លោក Martadha Mohamed បាន​និយាយ​ថា៖ «កុំ​ភ្លេច​ថា គណបក្ស UMNO គណបក្ស PAS និង​គណបក្ស Bersatu សុទ្ធ​តែ​ជា​ក្រុម​ជនជាតិ​ម៉ាឡេ។ ពួកគេ​ទទួល​បាន​ការ​គាំទ្រ​ពី​ជនជាតិម៉ាឡេ ដូច្នេះ​ច្បាស់​ណាស់​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ឥឡូវ​នេះ​គឺ​ធានា​ថា ពួកគេ​យក​ក្រុម​ជនជាតិ​នេះ​ជា​គោលដៅ​អាទិភាព​ទី១»។

ការ​កាន់កាប់​អំណាច​ឡើង​វិញ​របស់​គណបក្ស UMNO និង​គណបក្ស PAS ក៏​ធ្វើ​ឱ្យ​មាន​ការ​ភ័យខ្លាច​ពី​នយោបាយ​ដែល​វាយប្រហារ​លើ​ជាតិសាសន៍​កាន់​តែ​ខ្លាំង។

លោក Cheng បាន​និយាយ​ថា «​ប្រវត្តិ​របស់​គណបក្ស UMNO និង​គណបក្ស PAS ក្នុងតួនាទីជា​គណបក្ស​ប្រឆាំង​ក្នុង​រយៈពេល​១៨​ខែ​ចុងក្រោយ​នេះ ​បង្ហាញ​ថា ពួកគេ​នឹង​មិន​អៀនខ្មាស​ក្នុង​ការ​បើប្រាស់​វោហារ​ឌឺដង​ដើម្បី​បញ្ឆេះ​ឱ្យ​មាន​ការ​ខឹងសម្បារ​ពី​សាធារណជន​ប្រឆាំង​នឹង​ជនជាតិ​ចិន និង​ជនជាតិ​ឥណ្ឌា​ទេ​»។​

លោក​បាន​បន្ថែម​ទៀត​ថា «នេះ​ជា​វិធីសាស្ត្រ​របស់​ពួកគេ ហើយ​ខ្ញុំ​គិត​ពួកគេ​នឹង​មិន​ឈប់​ប្រើប្រាស់​វិធីសាស្ត្រ​នេះ​នោះ​ទេ ដោយសារ​តែ​ពួកគេ​បាន​ឃើញ​ថា​ តើ​វិធីសាស្ត្រ​នេះ​បាន​ជួយ​ពួកគេ​កម្រិត​ណា​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជំនួស​តំណែង​ជាច្រើន​លើក​នៅ​ក្នុង​រយៈពេល​១៨ខែ​ចុង​ក្រោយ​នេះ ព្រមទាំង​អាច​ឱ្យ​ពួកគេ​កាន់កាប់​អំណាច​សហព័ន្ធ​បាន​នៅ​ពេល​នេះ»។

ថា​តើ​ភាព​តានតឹង​ផ្នែក​សាសនា និង​ជាតិសាសន៍​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មាន​កម្រិត​ខ្លាំង​ប៉ុនណា​គឺ​វា​អាស្រ័យ​ថា​តើ​គណបក្ស PAS ជំរុញ​ឱ្យ​មាន​របៀបវារៈ​ឥស្លាម​និយម​របស់​ខ្លួន​ខ្លាំង​កម្រិត​ណា ដែល​នេះ​រួម​ទាំង​ការ​អនុវត្ត​ច្បាប់​ឥស្លាមថ្នាក់​ជាតិផង​ដែរ។ គណបក្ស​នេះ​ក៏​បាន​អនុវត្ត​ច្បាប់​ឥស្លាម​នេះ​ក្នុង​កម្រិត​មួយ​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ដែល​គណបក្ស​នេះ​កាន់​អំណាច ប៉ុន្តែ​កិច្ចប្រឹងប្រែង​ដើម្បី​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​រារាំង​ដោយ​គណបក្ស UMNO ក្នុង​ពេល​កាន់​អំណាច​លើក​ដំបូង​របស់​ខ្លួន។

រដ្ឋាភិបាល​ថ្មី​ព្យាយាម​បន្ធូរ​ភាព​ភ័យខ្លាច​នៃ​និន្នាការ​ឥស្លាម​និយម​ និង​សម្រេចមិន​ឲ្យ​គណបក្ស​ឥស្លាម​ម៉ាឡេស៊ី​ឬ​ PAS កាន់​កាប់​តំណែង​ផ្នែក​កិច្ចការ​សាសនា។

លោក Cheng និង Martadha Mohamed និយាយ​ថា រដ្ឋាភិបាល​ថ្មី​មិន​អាច​បន្ត​ធ្វើ​ទុក​បុកម្នេញ​ក្រុម​ និង​គណបក្ស​ដទៃ​ខ្លាំង​ពេក​នោះ​ទេ មុន​ពេល​កម្លាំង​របស់​រដ្ឋាភិបាល​ថ្មី​នៅ​ក្នុង​សភា​នោះ​ត្រូវ​បាន​ធ្វើ​តេស្ត​និង​បង្ហាញច្បាស់​ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា គណបក្ស PAS អាច​នឹងទទួល​បាន​តួនាទី​ច្រើនជាង​មុន នៅ​ពេល​រដ្ឋាភិបាល​ថ្មី​សាកល្បង​សមត្ថភាព​គណបក្ស​នេះ​។

លោក Martadha Mohamed និយាយ​ថា «ខ្ញុំ​ប្រាកដ​ណាស់ មិន​យូរ​មិន​ឆាប់​ទេ វា​នឹង​ដល់​ពេល​ដែល​ពួកគេ (គណបក្ស​ឥស្លាម​ម៉ាឡេស៊ី PAS) ​នឹង​ជំរុញ​ឱ្យ​អនុវត្ត​របៀបវារៈ​របស់​ពួកគេ ដោយសារ​តែ​ពួកគេ​ក៏​ជា​ផ្នែក​នៃ​រដ្ឋាភិបាល​ដែរ​នៅ​ពេល​នេះ ហើយ​នេះ​ជា​គោលដៅ​របស់​គណបក្ស​នេះ»។

នៅ​មុន​ពេល​បាត់បង់​ការ​កាន់​អំណាច​ សម្ព័ន្ធភាព Pakatan បាន​ធ្វើ​សេចក្តី​ព្រាងច្បាប់​ដែល​មាន​បំណង​ធ្វើ​កំណែទម្រង់​មួយ​ចំនួន​ដើម្បី​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កាន់​តែ​មាន​តម្លាភាព និង​គណនេយ្យភាព (ការ​ទទួល​ខុស​ត្រូវ)។ ច្បាប់​ទាំង​នោះ​រួម​មាន​ ច្បាប់​បង្កើត​គណកម្មាធិការ​ឯករាជ្យ​ក្នុង​ការ​ទទួល​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ប៉ូលិស និង​ច្បាប់​ធ្វើ​ឱ្យ​ការ​ដាក់​មូលនិធិ​ចូល​ក្នុង​គណបក្ស​នោយបាយ​កាន់​តែ​មាន​តម្លភាព។ នៅ​ក្នុង​អត្ថបទ​មួយ​សម្រាប់បណ្តាល​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​អាស៊ីអាគ្នេយ៍​ឬ Forces of Renewal Southeast Asia ក្រុម​តស៊ូ​មតិ​មួយ​ឈ្មោះ​ថា Tricia Yeoh នៃ​វិទ្យាស្ថាន​សម្រាប់​កិច្ចការ​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ ដែល​ជា​អង្គការ​ស្រាវជ្រាវ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មួយ​និយាយ​ថា សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ «ទំនង​មិន​ត្រូវ​បាន​គេ​អនុម័ត​នោះ​ទេ»។

រូប​ឯកសារ៖ លោក Mahathir Mohamad លើក​ម្រាម​ដៃ​ដែល​ប្រឡាក់​ទឹក​ថ្នាំ​ នៅ​ពេល​លោក​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សកល​មួយ​នៅ​ក្នុង​ក្រុង Alor Setar ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។
រូប​ឯកសារ៖ លោក Mahathir Mohamad លើក​ម្រាម​ដៃ​ដែល​ប្រឡាក់​ទឹក​ថ្នាំ​ នៅ​ពេល​លោក​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សកល​មួយ​នៅ​ក្នុង​ក្រុង Alor Setar ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។

លោក Thomas Fann ដែល​ជា​ប្រធាន​នៃ​អង្គការ​សិទ្ធិ​ប្រជាធិបតេយ្យ​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ឈ្មោះ​ថា Bersih បាន​និយាយ​ថា ប្រទេស​ម៉ាឡេស៊ី​កំពុង​ត្រឡប់​ទៅ​រក​រដ្ឋាភិបាល​ដែល​មាន​ការ​គាបសង្កត់​កាន់​តែ​ខ្លាំង​ជាង​មុន​ផង​ដែរ។

នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​ដួល​រលំ​របស់​សម្ព័ន្ធភាព Pakatan និង​ការ​ចេញ​រាជក្រឹត្យ​តែងតាំង​លោក Muhyiddin ក្រុម​អ្នក​តវ៉ា​ប្រមូលផ្តុំ​គ្នា​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​គូឡាឡាំពួ​ ដែល​ជា​រាជធានី​របស់​ម៉ាឡេស៊ី ដោយ​ត្អួញត្អែរ​ពី​ការ​រៀបចំ​រដ្ឋាភិបាល «សម្ងាត់» មួយ និង​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី។ ប៉ូលិស​បាន​បញ្ជា​ឱ្យ​ពួកគេ​បញ្ឈប់​ការ​តវ៉ា។

មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ប៉ូលិស​សួរ​ចម្លើយ និង​ស៊ើបអង្កេត​ចំពោះ​បទល្មើស​បង្ក​ចលាចល​ក្នុង​សង្គម។

លោក Fann បាន​និយាយ​ថា «ពួកគេ​បាន​កោះហៅ​មនុស្ស​មក​សួរ​ចម្លើយ​ភ្លាមៗ ហើយ​សូម្បី​តែ​អ្នក​ដែល​ចូលរួម​ដើម្បី​បង្ហាញ​ពី​ការ​រួបរួមគ្នា​ក៏​ត្រូវ​បាន​គេ​ហៅ​សួរ​ចម្លើយ​ដេរ។ ខ្ញុំ​គិត​ថា នេះ​ជា​សញ្ញាបង្ហាញ​ថា​ ប៉ូលិស​ទទួល​បញ្ជា​ពី​រដ្ឋាភិបាល​ថ្មី​ថា ពួកគេ​គួរ​តែ​បង្ក្រាប​ឱ្យ​បាន​កាន់​តែ​ច្រើន​ចំពោះ​ការ​ប្រឆាំង​បែប​នេះ»។​

លោក​បន្ថែម​ថា «យើង​រំពឹង​ថា រដ្ឋាភិបាល​(ថ្មី)​នេះ​នឹង​កាន់​តែ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ជាង​មុន»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG