ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ទំនាស់​ទាំងពីរ​ឱ្យ​តម្លៃ​លើ​ការ​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ


ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​
ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​
មេដឹកនាំ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ជំហរ​ទោរទន់​រក​គ្នា​នៅ​ថ្ងៃអង្គារ​នេះ​ក្រោយពីការ​បង្ក្រាប​បាតុករ​យ៉ាង​ហិង្សា​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​រដ្ឋា​ភិបាល។



លោក​ហេង សំរិន ​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ជា​សាធារណៈក្នុង​ទីក្រុង​ភ្នំពេញដោយ​បញ្ជាក់​ឡើង​វិញ​ពី​ជំហរ​ភា្ជប់​ការចរចា​ឡើងវិញ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

«គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​នយោបាយ​ប្រកាន់​ខ្ជាប់នូវ​សុឆន្ទៈ​ដ៏​ពិត​ប្រាកដក្នុង​ការ​ជួប​ចរចា​គ្រប់​កម្រិត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិសំដៅ​ដោះ​ស្រាយ​បញ្ហា​ដែល​មិន​ទាន់​បាន​ស្រុះ​ស្រួល​ជាមួយ​គ្នា»។

​លោក​ហេង សំរិន ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ​ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី​៣៥​ឆ្នាំ​នៃ​ជ័យ​ជម្នះ​ថ្ងៃ​៧​មករា ​ឆ្នាំ​១៩៧៩​លើ​ពួក​ខ្មែរក្រហម។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជាប់​ឆ្នោត​តែ​ពីរ​គត់មាន​ទំនាស់​រវាង​គ្នា​ជុំវិញ​លទ្ធផល​បោះ​ឆ្នោត។ គណបក្ស​និមួយៗ​បាន​ប្រកាស​ពី​ជ័យ​ជម្នះ​រៀងៗ​ខ្លួន។​ប៉ុន្តែ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​ទទួល​រង​ការចោទ​ប្រកាន់​ថា​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាចបាន​ប្រកាស​លទ្ធផល​ថា​គណបក្ស​កាន់អំណាច​របស់​លោកហ៊ុន សែន ​ឈ្នះ​បាន​៦៨​អាសនៈ​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកសម រង្ស៊ី ​និង​លោកកឹម សុខា ​ឈ្នះ​បាន​៥៥​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មាន​ចំនួន​១២៣​កៅអី។

​គណបក្ស​សង្គ្រោះ​ជាតិ​បានទាមទារ​ឲ្យ​មាន​ការដោះស្រាយ​ភាព​មិនប្រក្រតី​នៅក្នុង​ការបោះឆ្នោត​និង​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើងវិញ។​ប៉ុន្តែ​ការទាមទារ​នេះ​មិន​បាន​សម្រេច​ជោគជ័យ​នោះ​ទេ។​

ទី​បំផុត​គណបក្ស​ជំទាស់​បានដឹកនាំ​បាតុកម្មជាច្រើន។ ​បាតុកម្ម​ដែល​គាំទ្រ​ដោយ​ចំហ​ពី​ក្រុម​កម្មករ​រោងចក្រ​ហើយ​ដែល​ត្រូវ​បង្រ្កាប​ដោយ​កម្លាំង​ប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​កាលពី​សប្តាហ៍​មុន​ដោយ​បណ្តាល​ឲ្យ​មាន​ជនរងគ្រោះ​ស្លាប់​៤នាក់​យ៉ាងតិច​និង​របួស​ប្រមាណ​៤០​នាក់។

​កាលពីថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ​ប្រទេស​បារាំង​បាន​ស្នើឲ្យ​ភាគី​ទំនាស់​នយោបាយ​ទាំងពីរ​ចាប់ផ្តើម​ចរចា​គ្នា​ឡើងវិញ​ឲ្យ​បាន​ឆាប់​ដើម្បី​ធានា​ដំណើរ​ការ​ល្អ​នៃ​ស្ថាប័ន​នានា​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ​បារាំង​ក៏បាន​ព្រមានពី​ការគោរព​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ផង​ដែរ។

លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ប្រកាស​ថា​នឹង​មិន​ធ្វើការ​ចរចា​ណាមួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ល្គឹកណាមិនមាន​ការបញ្ឈប់​អំពើ​ហិង្សា។​ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​នេះលោកសម រង្ស៊ី ​មាន​ប្រសាសន៍​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ខ្លួន​ចរចា​បន្ថែម​ទៀត​ជាមួយ​គណបក្ស​កាន់អំណាច។

«យើងត្រៀម​ខ្លួន​ជួប​គ្នា​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​នៅ​គ្រប់​កម្រិត។​នេះ​ជាស្មារតី​របស់​យើង​ដដែល»។

​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​បានតាម​ដាន​សភាព​ការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ផ្តល់​យោបល់​នាពេល​កន្លង​មក​ឲ្យ​គណបក្ស​គូជម្លោះ​ទាំងពីរ​ធ្វើ​ការចរចា​គ្នា​រក​ច្រក​ចេញ​ពី​វិបត្តិ​នយោបាយជាជាង​ការ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន។

ដោយឡែក​នៅ​ថ្ងៃ​នេះ​ដែរ​លោក​ហេង សំរិន ​បាន​ស្តី​បន្ទោស​ដល់​គណបក្ស​ជំទាស់​ថា​បាន​ដឹកនាំ​បាតុកម្ម​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដោយ​ខុសច្បាប់​ហើយ​លោក​ព្រមាន​ថាគណបក្ស​ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បីការពារ​រដ្ឋសភា​និង​រដ្ឋាភិបាល​ដែលកើត​ចេញ​ពី​ការបោះឆ្នោត។

រដ្ឋសភា​និង​រដ្ឋាភិបាល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​ជំហរ​ថា​ជា​ស្ថាប័ន​មិនត្រឹមត្រូវស្រប​តាម​លក្ខណៈ​ច្បាប់​ពេញ​លេញ៕
XS
SM
MD
LG