សកម្មជនយុវជនគណបក្សសង្គ្រោះជាតិ៣នាក់បានចេញផុតពីពន្ធនាគារព្រៃសវិញហើយកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចឱ្យពួកគេនៅក្រៅឃុំដោយតម្រូវឱ្យដម្កល់ប្រាក់ចំនួន៣០លានរៀល។
សកម្មជនទាំងបីនាក់ត្រូវកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤ ទាក់ទងនឹងសំណុំរឿងដឹកនាំធ្វើបាតុកម្មនៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ហើយបង្កឲ្យមានអំពើហិង្សា។ អ្នកទាំង៣រូបមានលោក ឃិន ជំរឿន ប្រធានចលនាយុវជនរាជធានីភ្នំពេញ លោកសាន គឹមហេង ប្រធានចលនាយុវជនខណ្ឌទួលគោក និងលោក នាង សុឃុន ហិរញ្ញិកចលនាយុវជនខណ្ឌច្បារអំពៅ។
លោកហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញបានបញ្ជាក់ប្រាប់វីអូអេក្នុងពេលធ្វើពិធីអបអរសាទរទទួលយុវជននោះនៅទីស្នាក់ការថា៖
«ខ្ញុំយល់ថានេះជាឥទ្ធិពលនយោបាយដែលយើងធ្វើដោយអហិង្សាទៅតាមវប្បធម៌មួយដែលយើងដោះស្រាយតាមផ្លូវរដ្ឋសភា។ យើងមិនដោះស្រាយតាមផ្លូវបាតុកម្មតទៅទៀតទេ»។
តុលាការក្រុងភ្នំពេញក៏មានគម្រោងកោះហៅសមាជិកគណបក្សសង្គ្រោះជាតិដទៃដែរក្នុងនោះមានលោកមាជ សុវណ្ណារ៉ា ប្រធានខាងផ្នែកព័ត៌មានរបស់គណបក្សឱ្យមកឆ្លើយបំភ្លឺទាក់ទងនឹងការចោទប្រកាន់ពីអំពើហិង្សាក្នុងពេលទាមទារឱ្យបើកទីលានប្រជាធិបតេយ្យឡើងវិញក្រោយពីទីលាននោះត្រូវបានបិទដោយសារតែមានវិបត្តិនយោបាយកើតឡើងក្រោយការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣។
លោកហូ វ៉ាន់ អ្នកតំណាងរាស្រ្តបានបញ្ជាក់ថាជំហររបស់គណបក្សគឺមិនរារាំងសកម្មជនឬសមាជិករបស់ខ្លួនណាមួយមិនឱ្យចូលបំភ្លឺឡើយប៉ុន្តែអំពាវនាវឱ្យតុលាការទម្លាក់ការចោទប្រកាន់ចោលទាំងអស់។
មេធាវីការពារក្តីយុវជនទាំង ៣រូប និងសកម្មជនការពារសិទ្ធិមនុស្សបានរិះគន់ចៅក្រមតុលាការសាលាឧទ្ធរណ៍ ដែលតម្រូវឲ្យជនជាប់ចោទទាំង ៣នាក់ បង់ប្រាក់តម្កល់ រហូតដល់៣០លានរៀល ថាជាចំនួនដ៏ច្រើន ដែលបង្កផលវិបាកដល់គ្រួសារជនទាំង៣រូប។
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា៖
«យើងសាទរចំពោះការនៅក្រៅឃុំរបស់យុវជនទាំងបីប៉ុន្តែយើងមានការសោកស្តាយត្រង់សាលាឧទ្ធរណ៍បានតម្រូវឱ្យយុវជនទាំងបីដម្កល់លុយ៣០លានរៀលប៉ុន្តែនៅថ្ងៃនេះសូមឱ្យដម្កល់បួនលានរៀលហើយហើយមុនថ្ងៃ៣០ត្រូវប្រមូលលុយឱ្យគ្រប់៣០លានរៀល។ នេះជាការបង្គាប់យ៉ាងធ្ងន់ធ្ងរមួយដែលយើងគិតថាប្រជាពលរដ្ឋទាក់ទងនឹងលុយ១០លានម្នាក់គឺមិនងាយនឹងរកទេ។ បញ្ហានេះដែលយើងមានការសោកស្តាយទោះបីជាគាត់បាននៅក្រៅឃុំក៏ដោយ»។
លោកអំ សំអាតក៏ទទូចឱ្យតុលាការទម្លាក់ការចោទប្រកាន់លើសមាជិកគណបក្សសង្គ្រោះជាតិទាំងអស់ដោយសារសំណុំរឿងនេះគឺគេឃើញថាជាករណីនយោបាយសុទ្ធសាធ។
«ការចាប់ខ្លួននេះបើយើងមើលទៅ គឺជាការចាប់ខ្លួនបែបនយោបាយតែប៉ុណ្ណោះអញ្ចឹងយើងសូមឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ទាក់ទងនឹងតំណាងរាស្រ្តក៏ដូចជាយុវជននិងការបញ្ឈប់ការកោះហៅជាបន្តទៀតទាក់ទងនឹងបញ្ហានេះ»។
មានអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ៧រូបក្នុងនោះមានលោកស្រីមូរ សុខហួរដែលជាពលរដ្ឋខ្មែរអាមេរិកាំងក៏ត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ដាក់ពន្ធនាគាររយៈពេល៧ថ្ងៃក្នុងបទចោទដូចគ្នាមុននឹងដោះលែងមកវិញក្រោយពី មានដំណោះស្រាយនយោបាយរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីចុងខែកក្កដាឆ្នាំនេះ៕