ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វិបត្តិ​នយោបាយ​បាន​ដោះស្រាយ​ តែ​តុលាការ​នៅ​តែ​បន្ត​សំណុំ​រឿង

  • ហេង រស្មី

បាតុករម្នាក់​សរសេរពាក្យ​ថា ​«ដោះលែង»​នៅលើ​បាតដៃ​​របស់ខ្លួន​ ពេល​បាតុកម្ម​នៅមុខ​តុលាការ​ភ្នំពេញ ថ្ងៃទី​១៦ កក្កដា​២០១៤​។

បើទោះបី​ជា​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​បិទ​បញ្ចប់​ក៏ពិត​មែន ​តែ​ការ​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ពី​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ទទួល​រង​នូវ​ការ​រិះ​គន់​ថា ​មិន​ឯក​រាជ្យ​ និង​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច​នោះ​ នៅ​តែ​បន្ត​កើតមាន​ដដែល។​

ការ​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ​និង​ការ​ចាប់​ឃុំ​សកម្ម​ជន​បី​នាក់​ក្នុង​ពន្ធនាគារ​នេះ​បាន​បង្ក​ឲ្យក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ក្នុង​ប្រទេស​កម្ពុជា​ ​រិះគន់​ថា​ ករណី​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ និង​សកម្ម​ជន​កន្លង​មក​គឺ​ជារឿង​នយោបាយ​ ដែល​មិន​អាច​ប្រកែក​បាន។​

នៅ​ក្នុង​អង្គសន្និសីទ​កាសែត​នៅ​ថ្ងៃ​ពុធនេះ​ ​ ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​ទាមទារ​ឲ្យតុលាការ​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បី​នាក់​ដែល​កំពុង​ជាប់​ឃុំ​ ឲ្យ​ចេញពី​ពន្ធនាគារ​ជាបន្ទាន់​ ដោយ​គ្មាន​លក្ខខណ្ឌ​ និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ។​

លោក​គុល បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ខុមហ្រែល ​មាន​ប្រសាសន៍ថា ​ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​កន្លង​មក​និង​ការ​ចាប់​ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោបាយ។​

លោក​និយាយ​ថា៖ ​«មូល​ហេតុ​ខាង​ក្រោយ​គឺ​រឿង​នយោបាយ​ ហើយ​ឥឡូវ​ស្ថាន​ការណ៍​នយោបាយ​ត្រឡប់​មាន​ការ​ស្រុះ​ស្រួល​គ្នា​ហើយ​ ត្រូវ​តែ​បង្ក​លក្ខណៈ​ឲ្យស្ថានភាព​នយោបាយ​ត្រឡប់មក​វិញ ល្អប្រសើរ។​ ហើយ​នៅ​ប្រទេស​ខ្លះ​ក៏​គេ​អញ្ចឹង​ដែរ​ មិន​មែន​មាន​ន័យ​ថា​ ច្បាប់​គិត​ពី​ច្បាប់​ទេ»។​

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប​ និង​សកម្មជន​គណបក្ស​ចំនួន​៤​រូប​ ក្នុង​នោះ​មាន​បី​រូប​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​នៅ​ឡើយ ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ ​បន្ទាប់​ពីមាន​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​បាន​បណ្តាល​ឲ្យសន្តិសុខ​ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ​ជិត​៥០​នាក់​បាន​រង​របួស។​ ​

អ្នក​តំណាង​រាស្ត្រ​ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៨​រូប ​ក្រោយ​មក​ ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។​ ក៏​ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​អ្នក​តំណាង​រាស្ត្រ​ត្រូវ​បាន​ដោះ​លែង​ សកម្មជន​គណបក្ស​ចំនួនបី​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ ​ហើយតុលាការ​បន្ត​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​ដទៃ​ផ្សេងៗ​ទៀត​របស់​គណបក្សនេះ​មក​បំភ្លឺ​ក្នុង​តុលាការ​ ក្រោម​បទ​ចោទ​ដូចៗ​គ្នា​គឺ​ញុះញង់​ឲ្យមាន​អំពើ​ហិង្សា​និង​ដឹក​នាំ​កុប្បកម្ម។​

លោក​នី ចរិយា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ​មាន​ប្រសាសន៍​ថា ​ការ​ធ្វើ​ការ​ចោទ​ប្រកាន់​មិន​មាន​ធាតុផ្សំ​ក្នុង​ការ​ចោទ​ប្រកាន់​ទេ ​ហើយ​ការ​ចោទ​ប្រកាន់​នោះ​មិន​ស្ថិត​ក្នុងយុត្តាធិការ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ឡើយ។​

លោក​ស្រី​ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែងថា​ ករណី​បាញ់​សម្លាប់​កម្មករ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​និង​ការ​បាញ់​សម្លាប់​ស្រ្តី​អ្នក​លក់​បាយ​ម្នាក់​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ​កាលពី​ដើម​ខែ​មករា​នោះ​ មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ជាង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ទៅ​ទៀត។​ ក៏ប៉ុន្តែ​តុលាការ​មិន​បាន​ចេញ​ដីកា​ចាប់​ជន​ដៃ​ដល់​ដែល​ជា​កម្លាំងមាន​សមត្ថ​កិច្ចយក​មកផ្តន្ទាទោស​ទេ។​

លោក​ស្រី​បាន​បញ្ជាក់​ថា​ ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ ​និង​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​គឺ​ជាការបញ្ជាក់​ថា ​ជាចេតនា​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មុន​ការ​ចរចា​ចាប់​ផ្តើម។​

លោក​ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​និចហ្វិច​ មាន​ប្រសាសន៍​ថា ​ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​កន្លង​មក​ជា​ការ​បំបែក​នូវ​ឆន្ទៈ​នយោបាយ ​និង​ជាការ​ដាក់​សម្ពាធ​នយោបាយ​ដែរ។​ លោក​មាន​ប្រសាសន៍​ថា​ សព្វថ្ងៃ​នេះ​តុលាការ​កម្ពុជា​ជា​ឧបករណ៍​នយោបាយ​របស់​គណបក្សមួយ​ ពីព្រោះ​ទាំង​ទិដ្ឋភាព​ច្បាប់​ និង​អង្គហេតុ​នៃការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក ​ជា​ការ​ខុស​ច្បាប់។​

លោក​និយាយ​ថា៖​ «ខុស​និតិវិធី​ ខុស​ការ​គោរព​សិទ្ធិមនុស្ស​ និយាយ​ឲ្យខ្លី​គឺ​ខុស​ច្បាប់​តែម្តង​ក្នុង​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ទាំង​៧​នាក់​និង​សកម្ម​ជន​ម្នាក់​នោះ»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​ស្នើ​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​ពី​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​ តែមិន​អាច​ទាក់ទងបាន​ទេនៅ​ថ្ងៃ​ពុធ​នេះ។​ ក៏ប៉ុន្តែ​លោក​ញ៉ែម ថាវី​ អ្នក​នាំពាក្យ​រដ្ឋសភា​ មាន​ប្រសាសន៍​ថា​ រឿង​នេះ​ជារឿង​អនុវត្ត​ច្បាប់​របស់​តុលាការ​ ហើយ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ៕

XS
SM
MD
LG