ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​នាយក​រដ្ឋ​មន្ត្រី​ប្រាប់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​រួសរាន់​ដោះស្រាយ​ទំនាស់​ដីធ្លី

  • គង់ សុឋានរិទ្ធ

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន បាន​ស្តី​បន្ទោស​មន្ត្រី​រដ្ឋ​អំណាច​មូល​ដ្ឋាន​និង​មន្ត្រី​រដ្ឋា​ភិបាល​របស់​លោក​ចំពោះ​​បរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ប្រទេស។

នេះ​ជា​លើក​ទី​១​ហើ​យ​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជាបាត់​បង់អាសនៈ​នៅ​ក្នុង ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ដ្រ​យ៉ាង​ច្រើនកាល​ពីមួយ​ឆ្នាំ​មុន​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន បាន​ស្តី​បន្ទោស​មន្ត្រី​រដ្ឋ​អំណាច​មូល​ដ្ឋាន​និង​មន្ត្រី​រដ្ឋា​ភិបាល​របស់​លោក​ចំពោះបរាជ័យ​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ប្រទេស។ ​ទំនាស់​ដីធ្លី​បានបង្ក​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​រាប់សែន​នាក់​រង​គ្រោះហើយ​ទំនាស់​នេះ​ក៏​បាន​ទាញ​ទម្លាក់​សំឡេង​ឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​យូរ​ឆ្នាំ​មក​ហើយ​ឲ្យបាត់​បង់​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​២២​អាសនៈ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​កាលពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា ឆ្នាំ​២០១៣។

ថ្លែងក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​យុទ្ធសាស្ត្រជាតិ​ស្តី​ពី​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​ឆ្នាំ​២០១៤-​២០១៨​នៅ​ថ្ងៃ​ច័ន្ទ​នេះលោកហ៊ុន សែន បានគំរាម​ផង​និង​សម្លុត​ផង​ដល់​មន្ត្រី​របស់​ខ្លួន​ចំពោះ​ការ​ព្រងើយ​កន្តើយ​ក្នុង​ការដោះស្រាយ​បញ្ហា​ដី​ធ្លីរបស់​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ទំនាស់ជា​មួយ​ក្រុម​ហ៊ុន​ឯកជន។

«ប្រជាជន​ទៅ​តាំង​ទី​លំនៅ​បួន ប្រាំឆ្នាំហើយមិន​ប្រគល់(ដី)ឲ្យ។​ដល់​ពេល​អ្នក​វិនិយោគ​ទៅ​បែរជា​ឲ្យ​បាន។​ពិនិត្យ​ខ្លួនឯង​ទៅ​ចាស់ៗ​រៀង​ខ្លួន​ហើយ។រឿង​នេះ​ដោយសារ​អស់​លោក​មិន​ព្រម​ធ្វើ​ស្ថាន​ភាព​ស្បែក​ខ្លា​នេះ​គឺ​នៅ​ពេល​ដែល​មាន​ដី​ប៉ះពាល់​ដល់​ប្រជាជន​ត្រូវ​ផ្អាក​តែ​មិន​ព្រម​អនុវត្ត»។

លោកប្រមុខ​រដ្ឋា​ភិបាល​បាន​លើក​បញ្ហា​ទាំង​នេះ​នៅចំពោះ​មុខ​អ្នកកាទូត​ហើយ​បាន​និយាយ​ត្អូញ​ត្អែរ​ពី​ការ​លំបាក​របស់​ខ្លួន​នៅ​ក្នុ​ងការ​ដោះ​ស្រាយសំណុំរឿង​ដីធ្លី​ក្នុង​ប្រទេស។

​លោកហ៊ុន សែន រំលឹកដល់​ក្រុម​មន្ត្រី​របស់​ខ្លូន​ឲ្យ​រួស​រាន់​ក្នុ​ងការ​ចាត់វិធាន​ការ​លើ​ដំណោះ​ស្រាយ​ដី​ធ្លីនិង​ជំរុញ​ឲ្យក្រុម​មន្ត្រី​ទាំង​នោះ​លាលែង​ពី​តំណែង​ប្រសិន​បើ​បរាជ័យ​ក្នុង​កិច្ចការ​នេះ។


«កុំស្ទក់​ពេក។​ ស្ទក់​រហូត​ដល់​ប្រជាពល​រដ្ឋ​មក​ដល់​នាំ​គ្នា​ខ្ទប់។​ យក​ប៉ូលិស​ទៅ​ខ្ទប់ រួចហើយ​ទទួល​យក​ញ្ញត្តិ។ ហើយ​ញ្ញត្តិ​នេះ​មិន​ដឹង​ទៅ​ដល់​កន្លែង​ណា​ទេ។ (ខ្ញុំ)​សូម​ជម្រាប​ទៅ​ប្រជាពលរដ្ឋ​(ថា) ​ញ្ញត្តិ​នោះ​មិន​ដល់​ខ្ញុំ​ទេ»។


​មន្ត្រី​គណបក្ស​ជំទាស់​និង​សង្គម​ស៊ីវិល​បាន​ស្វាគមន៍​ចំណាត់​ការ​ថ្មី​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​ប៉ុន្តែ​បាន​រិះគន់​ថា​នេះ​ជា​វិធានការ​ដែល​កើត​ឡើង​យឺត​ពេល។

​លោកយឹម សុវណ្ណ ​តំណាងរាស្ត្រ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិលើក​ឡើងថា​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​គួរ​ស្តី​បន្ទោស​តែថ្នាក់ក្រោម​របស់​លោក​តែ​ប៉ុណ្ណោះទេ។


«​ខ្ញុំ​យល់​ឃើញ​ថា​គាត់​ត្រូវ​ពិនិត្យ​មើល​តាំង​ពី​ថ្នាក់​លើ​រហូត​ដល់​ថ្នាក់​ក្រោម។មិន​អាច​បន្ទោស​តែ​ថ្នាក់​ក្រោម​តែមួយ​មុខ​ទេ​បើសិន​ជា​គ្មាន​ការ​យល់​ព្រម​ពី​ថ្នាក់​លើ។​ហើយ​ខ្ញុំ​យល់​ថា​នេះទាក់​ទង​នឹង​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្តង»។


ដោយឡែក​លោក​នី ចរិយា ​ប្រធាន​ផ្នែកស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​យល់​ថា​ទំនាស់​ដីធ្លី​នៅ​ប្រទេស​កម្ពុជា​មិនមែន​ទើបតែ​កើតឡើង​ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ស្តីបន្ទោស​ដល់មន្ត្រី​របស់​លោក​នោះទេ។ លោក​បន្ថែម​ថា៖

«ការស្តី​បន្ទោស​នេះ​យឺ​ត​ពេល​ហើយ​ព្រោះ​ថា​រឿង​នេះ​មិនមែន​ទើប​តែ​កើត​នៅ​ពេល​នេះ​ទេ។​ហើយ​ប្រជាជន​ដែល​ឡើង​មក​តវ៉ា​ក៏​មិនមែន​ជា​លើក​ទី​១​ដែរ»។


ទំនាស់​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជាបាន​កើតឡើង​ជាច្រើន​ទសវត្សរ៍​មក​ហើយ។​យោង​តាម​របាយការណ៍​នានា​របស់​អង្គការ​សង្គម​ស៊ីវិល​មាន​ជនរងគ្រោះ​រាប់សែន​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​និង​បាន​បាត់​បង់ដី​ស្រែ​ចំការ​របស់​ពួកគេ៕

XS
SM
MD
LG