ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ខេត្ត​ក្រចេះ​ប៉ះទង្គិច​នឹង​អាជ្ញា​ធរ​ក្រុង​ភ្នំពេញ


រូបថត​​​ពី​​វីដេអូ​​នៃ​ការតវ៉ា​​របស់​​ពលរដ្ឋ​​មក​​ពី​​ខេត្តក្រចេះ​តវ៉ា​នៅ​ រាជធានី​ភ្នំពេញ​សុំ​អន្តរាគមន៍​ពី​សភា​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប៉ុន្តែ​រង​ការបង្ក្រាប នៅ​ថ្ងៃ​ទី ១៨ ខែសីហា ឆ្នាំ២០១៤។

មាន​ប្រជាពលរដ្ឋ​២​នាក់​បាន​សន្លប់​ និង​៩​នាក់​ទៀត​បាន​រង​របួស​ស្រាលក្រោយការ​ប៉ះទង្គិច​គ្នា​នឹង​កង​កម្លាំង​មាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ការ​ប៉ុន​ប៉ងស្វែង​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​និង​ពីរដ្ឋ​សភា​ជាតិ។

​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នេះ​ស្ថិត​ក្នុ​ង​ចំណោម​ប្រជាពល​រដ្ឋ​រង​គ្រោះ​ដោយសារ​ជម្លោះ​ដី​ធ្លីចំនួន​៤១៦​គ្រួសារក្នុង​ស្រុក​ស្នួល​ និង​ស្រុក​ឆ្លូងក្នុង​ខេត្ត​ក្រចេះ​ប្រមាណ១០០​នាក់​ដែល​បាន​ដើរ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​ចេញ​ពី​មុខ​រដ្ឋសភា​ឆ្ពោះជាតិ​ឆ្ពោះ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែនដើម្បី​ស្វែងរក​ជំនួយ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​សហគមន៍​របស់​ពួកគេ។

កាល​ពី​ឆ្នាំ​២០១២​ក្រុមនិស្សិត​ស្ម័គ្រ​ចិត្តដែល​ជា​ភ្នាក់​ងារ​របស់​រដ្ឋា​ភិបាល​បាន​ចុះ​វាស់​វែង​ដី​ធ្លី​ នឹង​ចែកបណ្ណ​សំគាល់​កម្មសិទ្ធិ​ដី​ឲ្យ​ក្រុម​ប្រជា​ពល​រដ្ឋ​ទាំង​៤១៦​គ្រួសារក៏​ប៉ុន្តែ​ក្រោយ​មកក្រុម​ហ៊ុ​ន​កាសូទីន ​និង​ក្រុម​Horizon Agriculture Development ​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋា​ភិបាល​សម្រាប់​ដាំដំណាំ​កៅស៊ូ​បានវាត​យក​ដី​ប្រជាពលរដ្ឋ​ក្រី​ក្រ​ទាំងនេះ។

បើ​ទោះជា​ក្រុម​ប្រជាពលរដ្ឋ​ទទួល​បានបណ្ណ​សំគាល់​កម្មសិទ្ធិ​ក្តី ​ក៏​អាជ្ញាធរ​មូល​ដ្ឋាន​មិន​បានដោះ​ស្រាយ​បញ្ហា​របស់​ពួក​គាត់​នោះទេ។​

​ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា«ក្រុមហ៊ុន​ចេះតែ​បន្ត​ឈូស​ឆាយ​រំលោភ​យក​ដី​ស្រែ​ចម្ការ»​របស់​ពួក​គាត់​ក្នុងពេល​ដែល​ពួក​គាត់កំពុង​ធ្វើ​ការតវ៉ា។

ក្រុម​ប្រជាពលរដ្ឋ​បាន​ជួបជុំ​គ្នា​នៅ​ពី​មុខ​រដ្ឋ​សភា​ជាតិ​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​សភា​ជួយ​ពន្លឿនការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ពួកគេ។ ក្រុម​បាតុករ​ដែល​មាន​ក្មេង​ចាស់​ប្រុស​ស្រី​បាន​នំា​គ្នា​លើកបដា​ផ្សេងៗ​ដោយ​ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរខេត្ត​ក្រចេះ​ថា​បានឃុបឃិត​គ្នា​ជា​មួយ​ក្រុមហ៊ុន​ដើម្បី​រំលោភ​យក​ដី​របស់​អ្នកភូមិ។

​បន្ទាប់​ពី​បាន​ធ្វើការ​តវ៉ា​អស់​ជាច្រើន​ម៉ោង​នៅ​ពី​មុខ​រដ្ឋសភាគេ​ឃើញ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិលោក​ស៊ុន​ ឆ័យ​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ក្នុង​អ្នកតវ៉ា​ដោយ​លោក​សន្យា​ថា​នឹង​យក​ញត្តិ​របស់​ពលរដ្ឋ​នេះទៅ​ពិភាក្សា។

«យើង​មាន​លិខិត​បញ្ជាក់​ពីការ​វាស់វែង​ហ្នឹង​ហើយ។​ មិនអីទេ​ខ្ញុំ​នឹង​សួរ​ទៅ​កាន់​តំណាង​នៅ​ក្នុង​ពេល​ឆាប់​នេះ»។​

ក្រុម​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ​ដែល​ភាគច្រើន​ជា​អ្នក​មាន​ជីវភាព​ក្រីក្រ​បាន​បន្ត​រង់ចាំ​ការ​ចេញ​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន ក៏ប៉ុន្តែ​គ្មាន​អ្នក​ចេញ​មក​ទទួល​ឡើយ​ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នក​តវ៉ា​បាន​សម្រេច​ចិត្តដើរ​ដង្ហែ​ក្បួនចេញ​ពី​កំណាត់​ផ្លូវទល់​មុខរដ្ឋ​សភា​សំដៅ​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី។ ភ្លាម​ៗ​នោះ​គេ​ឃើញ​មាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ជាច្រើន​រយ​នាក់ដែល​ប្រដាប់​ដោយ​ខែល​ និង​ដំបង​ឆក់​បានចេញ​មក​រារាំងក្បួន​របស់​ក្រុម​អ្នក​តវ៉ា ​ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ។

លោក​សួន​ វិច្ឆិកា​តំណាង​ក្រុម​អ្នក​តវ៉ាហៅ​ការ​រារាំង​និង​ការ​ប្រព្រឹត្តិ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​ថា​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន។

​លោក​បន្ត​ថា​ប្រជាពលរដ្ឋ​បាន​ឡើង​មក​ភ្នំពេញ​អស់​រយៈ​ពេល​ជាង២​ខែ​មក​ហើយ​នឹងបាន​ដាក់​ញត្តិ​នៅ​ស្ថាប័ន​រដ្ឋាភិបាល​ជាច្រើន​មក​ហើយ​ដែរ។​ ក៏ប៉ុន្តែ​គ្មាន​ន​ណា​អើពើ​នឹង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​របស់​លោក​ឡើយ។​ លោក​ថា​ការ​ព្យាយាម​ដើរ​ដង្ហែ​ក្បួន​ទៅកាន់​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ជា​ជម្រើស​ចុង​ក្រោយ។

«មិញនេះ​យើង​ខ្ញុំ​ក៏មាន​ការ​ប៉ះទង្គិច​គ្នាហើយ​មាន​អ្នក​រងរបួស​ ខាង​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​ហ្នឹង​ជាច្រើន​នាក់​ផង​ដែរ​ រហូតដល់​មាន​កុមារ​តូចៗ​ត្រូវគេ​ឆក់​ឲ្យ​សន្លប់។ ម្តាយ​ហ្នឹង​ក៏អត់​ដឹង​ថា​កូន​ហ្នឹង​សន្លប់​ទេ»។​

អ្នក​ស្រី​សុខ​ ឃាង​អាយុ​ ៥៣​ឆ្នាំ​គឺ​ជាប្រជាពលរដ្ឋ​រស់នៅខេត្ត​ក្រចេះ។ អ្នក​ស្រី​បាន​រង់ចាំ​ការ​ចេញប្លង់​កម្មសិទ្ធិ​ដីពី​អាជ្ញាធរ​អស់​រយៈ​ពេល​ជាង២ឆ្នាំ​មក​ហើយ។ ​បច្ចុប្បន្ន​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​បាន​បន្ត​សកម្មភាព​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​របស់​អ្នក​ស្រីនឹង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ក្នុង​ស្រុក​ស្នួល។

​លោក​ស្រី​បញ្ជាក់​ថា៖​

«ថ្ងៃ​ហ្នឹង​ឡើង​មក​ដើម្បី​សុំ​ដីធ្លី​សុំ​ឲ្យ​សម្តេច​ឲ្យ​ដោះស្រាយ​ប្លង់​ដី​ឲ្យ​ ប៉ុន្តែ​ឥឡូវ​ឡើង​មក​ជាង១​ខែ​ហើយ​ អត់​ទាន់​បាន​អ្វីទេ»។

លោក​អ៊ំ​ សំអាត​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ថ្លែង​ថា

​អាជ្ញាធរ​ហាក់​មិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ឡើយ។ ​លោក​បន្ថែម​ថា​ប្រជា​ពលរដ្ឋ​ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការ​ស្វែង​រក​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល។

លោក​បញ្ជាក់​ថា៖

«គាត់​មានសលាកបត្រ​នៅ​ពេល​ដែល​យុវជន​ចុះ​វាស់​វែងដីធ្លីឲ្យ​គាត់​ ប៉ុន្តែទី​បំផុត​គាត់​អត់ទាន់ទទួល​បាន​ដីធ្លី។ អាជ្ញាធរ​មិនព្រម​ប្រគល់​ដីធ្លី​តាមអ្វីដែល​គេ​បាន​វាស់​វែង​ឲ្យ​គាត់​ទេ។​ ចឹង​ជាហេតុ​ធ្វើ​ឲ្យគាត់​ឡើង​មក​តវ៉ាដោយសារ​ក្រុមហ៊ុន​កំពុង​តែ​រឹបអូសយក​ដីធ្លី​របស់គាត់ ក្រុមហ៊ុន​មិន​គោរព​តាម​បទ​បញ្ជា​០០១​ទេ»។

ថ្លែង​នៅ​ក្នុងសិក្ខា​សាលា​ផ្សព្វផ្សាយ​យុទ្ធសាស្រ្ត​ជាតិ​ស្តី​ពី​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​ឆ្នាំ​២០១៤​-២០១៨​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ ​លោក​ នាយក​រដ្ឋម​ន្ត្រី​ហ៊ុន​ សែន ​បាន​លើក​ពី​ករណី​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​ខេត្ត​ក្រចេះ​នេះ​ដែរ ​ហើយ​លោកបាន​ស្តី​បន្ទោស​ដល់​មន្ត្រី​អាជ្ញាធរ​ខេត្ត​ក្រចេះក្នុង​ការ​ខកខានមិន​បាន​ស្វែង​រក​ដំណោះ​ស្រាយ​ដល់​ប្រជាពលរដ្ឋ​ទាន់​ទិន​នឹង​ជម្លោះ​ដីធ្លី​រហូត​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​ឡើង​មក​តវ៉ា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​

វី​អូ​អេ​សំឡេងសហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ទាក់ទង​ទៅ​លោកសរ​ ចំរ៉ុង​អភិបាល​ខេត្ត​ក្រចេះ​ដើម្បី​សុំ​ការ​ស្រាយ​ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន​ឡើយ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​ប្រជុំ។​

កាលពី​សប្ដាហ៍​មុន​នេះ​ក្រុម​អាជ្ញាធរ​ក៏​ធ្លាប់​ទទួល​យក​ញត្តិ​របស់​ក្រុម​អ្នក​តវ៉ា​ក្នុង​ខេត្ត​ក្រចេះ​នេះ​ដែរ​ ​ហើយ​ក៏បាន​សន្យា​ថា​នឹង​យក​ញត្តិ​របស់​ក្រុម​អ្នក​តវ៉ាដាក់​ជូន​មន្ត្រី​ពាក់​ព័ន្ធ​ដើម្បី​ស្វែង​រកដំណោះស្រាយ។ លោក​សួន​ វិច្ឆិកា​តំណាង​ក្រុម​អ្នក​តវ៉ា​អះអាង​ថាលោក​និង​ប្រជាពលរដ្ឋ​លែង​មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ការ​តវ៉ា​ទៀត​ឡើយ។ ​ ប្រសិន​បើគ្មាន​ដំណោះ​ស្រាយ​ទេ​នោះក្រុម​អ្នក​តវ៉ា​នឹងដើរ​ដង្ហែរ​យក​ញត្តិ​នៅ​ជូន​ដល់​ព្រះ​មហាក្សត្រ​នៅ​ពេល​ខាង​មុខ៕

XS
SM
MD
LG