ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​ប្រឆាំង​វាយ​បក​លើ​ការ​បំភ័យ​របស់​លោក​ហ៊ុន​ សែន

  • គង់ សុឋានរិទ្ធ

លោក​កឹម សុខា ​បាន​វាយបក​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កំពុង​តែ​ប្រើ​វិធី​ដែល​ខ្មែរក្រហម​ធ្លាប់ប្រើ​ក្នុង​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន។
មន្ត្រី​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ការ​វាយបក​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅលើ​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន ​ដោយ​បាន​ហៅ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ថា​បាន​បំភ្លៃ​ការណ៍​ពិត។

កាល​ពី​ថ្ងៃ​ពុធ​លោក​ហ៊ុន សែន ​បាន​ព្រមាន​ដោយ​មិន​បង្ហាញ​ឈ្មោះ​ចំៗ​ថា​ ប្រសិនបើ​គណបក្ស​ជំទាស់​ឈ្នះឆ្នោត​នោះ​របប​ខ្មែរក្រហម​នឹង​ត្រូវ​កើត​នៅ​ប្រទេស​កម្ពុជា​ឡើងវិញ។

«របប​ប៉ុល ពត ​នឹង​ត្រៀម​មក​ដល់​បើ​គាត់​ឈ្នះ​ឆ្នោត​ពិត ​តែ​ការ​ឈ្នះ​ហ្នឹង វា​នៅ​ឆ្ងាយ​ណាស់ ​តែ​របប​ប៉ុល ពត ​វា​នឹង​កើត​ប្រសិនជា​គាត់​ឈ្នះ»។

លោក ហ៊ុន សែន ​ព្រមាន​យ៉ាង​ដូច្នេះ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ជា​សាធារណៈ​ក្នុង​ខេត្ត​កែប​ដោយ​លោក​អះអាង​ថា​គណបក្ស​ប្រជែង​អាច​នឹង​រំលាយ​ប្រព័ន្ធ​ធនាគារ​ចោល​នៅ​ពេល​ដែល​ខ្លួន​ឡើង​កាន់​អំណាច​នោះ។

លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​គូប្រកួត​ធំ​ជាងគេ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។ លោក​បាន​ឆ្លើយ​តប​ថា​នេះ​ជា​ការ​បង្ខូច​បង្កាច់​គណបក្ស​ដទៃ។

«គណបក្ស​ប្រជាជន ​លោក​ហ៊ុន សែន ​ហ្នឹង​គាត់​ដើរ​ធ្វើ​នយោបាយ​គឺ​មិន​ថ្លៃថ្នូរ​ទេ ​ដើរ​បង្ខូច​គេ ​ហើយ​ទី២ ​យើង​ដឹង​ហើយ​ថា​ប្រជាពលរដ្ឋ ​គេ​មិន​ជឿ​គាត់​ទេ ​ពីព្រោះ​គេ​ដឹងថា​នរណា​ជា​មេដឹកនាំ​ខ្មែរ​ក្រហម​ហើយ»។

លោក​កឹម សុខា ​បាន​វាយបក​ថា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​កំពុង​តែ​ប្រើ​វិធី​ដែល​ខ្មែរក្រហម​ធ្លាប់ប្រើ​ក្នុង​ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន។

«គាត់​កំពុងតែ​នាំ​នូវ​ខ្មែរក្រហម​មក​វិញ ​ដូច​ជា​គាត់​យក​គោលនយោបាយ​ខ្មែរ​ក្រហម​មក​អនុវត្ត​ ជា​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ផ្ទះ​សម្បែង ​ចេញពី​ភូមិដ្ឋាន​ អាហ្នឹង​ហើយ​ដែល​គាត់​កំពុង​ធ្វើតាម​ខ្មែរក្រហម ​ហើយ​មេដឹកនាំ​សង្គ្រោះ​ជាតិ ​បាតដៃ​យើង​មិន​ប្រឡាក់​ឈាម​ទេ ​សម រង្ស៊ី ​កឹម សុខា​ មិន​ដែល​បាតដៃ​ប្រឡាក់​ឈាម​ខ្មែរ​នោះទេ»។

នេះ​គឺជា​ការ​វាយ​ប្រហារ​គ្នា​ដោយ​វោហា​សាស្ដ្រ​របស់​អ្នក​នយោបាយ​កម្ពុជា​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​អណត្តិ​ទី៥​កំពុង​ខិតជិត​មកដល់។

មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​ត្រូវបាន​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​សន្លឹកឆ្នោត​គ្នា។ ប៉ុន្តែ​គេ​ឃើញ​មាន​តែ​គណបក្ស​ចំនួន​ពីរ​តែ​ប៉ុណ្ណោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​សម្តែង​វោហា​សាស្ដ្រ​ដាក់គ្នា​យ៉ាងខ្លាំង​ក្លា។

លោក​ហ៊ុន សែន ​ដែល​កំពុង​ស្ថិត​ក្នុង​តំណែង​នាយក​រដ្ឋមន្ត្រី​បាន​កាន់​ក្បាល​ម៉េ​ក្រូ​ក្នុងការ​សម្ភោ​ធ​សមិទ្ធិផល​នានា​ដើម្បី​វាយប្រហារ​ជា​សារ​នយោបាយ​មុន​ការ​ឃោ​សា​នា​បោះឆ្នោត​មកដល់​ទៅលើ​គណបក្ស​ជា​គូប្រកួត​គួរ​ឲ្យ​ព្រួយ​បារម្ភ​របស់​ខ្លួន។

លោក​ធ្លាប់​និយាយ​ជា​ច្រើន​ដង​ថា​គណបក្ស​ផ្សេង​ពី​គណបក្ស​របស់​លោក​ឈ្នះឆ្នោត​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ជា​ដើម។

ដោយ​ឡែក​កាល​ពី​ថ្ងៃ​ពុធ​លោក​ហ៊ុន សែន ​បាន​បន្ថែម​សារ​ថ្មី​មួយ​ទៀត​ពី​របប​ខ្មែរក្រហម។ របប​នេះ​ដែល​បាន​សម្លាប់​រង្គាល​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧លាន​នាក់​ក្នុង​រយៈពេល​ជិត​បួន​ឆ្នាំ។

ការ​ស្លាប់​និង​ការ​សម្លាប់​រង្គាល​នេះ​ដែល​គេ​ជឿថា​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាក់​ស្បាត​ក្នុង​ជីវភាព​រស់​នៅ​របស់​ខ្លួន។

លោក ហ៊ុន សែន ​ហាក់​ដូច​ជា​ចុច​យក​ចំណុច​នេះ​មក​សង្កត់។ លោក​ថ្លែង​ថា៖ «តែងតាំង​ចៅហ្វាយ​ស្រុក​ខុស ​តែង​តាំង​ចៅហ្វាយ​ខេត្ត​ខុស ​អាច​ដោះដូរ​បាន ​ប៉ុន្តែ​ការបោះឆ្នោត​ជ្រើសរើស​បក្សនយោបាយ​ខុស ​ដែល​ទៅ​អង្គុយ​ភាគច្រើន​នៅ​ក្នុង​សភា ​ហើយ​មាន​សិទ្ធិ​តែងតាំង​នាយករដ្ឋមន្ត្រី ​គ្រោះថ្នាក់​ណាស់ ​អាចធ្វើ​ឲ្យ​ប្រទេស​ជាតិ​ក្រឡាប់​ចាក់​វិញ​បាន»។

ទោះជា​បែប​នេះ​ក្តី​លោក​កឹម សុខា ​យល់​ថា​ប្រជាពលរដ្ឋ​កម្ពុជា​អ្នក​បោះឆ្នោត​នឹង​មិន​បាក់​ស្មារតី​អំពី​បញ្ហា​អសន្តិសុខ​ដែល​លើកឡើង​ដោយ​លោក​នាយករដ្ឋមន្ត្រី​នោះទេ។
លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​ថា​ខុមហ្វ្រែល​អះអាង​ដូច​គ្នា​នេះ​ដែរ។

«សំឡេង​ប៉ុណ្ណឹង​មិន​ធ្វើ​ឲ្យ​មាន​ការ​ភ័យខ្លាច​នោះ​ទេ​ ក៏​ប៉ុន្តែ​វា​គ្រាន់​តែ​គ្មាន​យុត្តិធម៌​ដោយសារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​គាត់​ផ្សព្វផ្សាយ​តែ​ម្ខាង ​សំឡេង​របស់​មេដឹកនាំ​គណបក្ស​កាន់​អំណាច​អីចឹង​ទៅ​ ហើយ​គាត់​មិន​បើក​ឱកាស​បក្សប្រឆាំង​ហ្នឹង​គេ​ពន្យល់ ​គេ​បកស្រាយ​ការ​លើកឡើង​របស់​ភាគី​ម្ខាង​ទៀត»។

ទោះ​បី​ជា​មាន​ការ​ឆ្លើយឆ្លង​ដាក់គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ​នៅ​មុន​ការ​ឃោសនា​បោះឆ្នោត​ចាប់ផ្តើម​នៅ​ចុងខែ​មិថុនា ​អតីត​កម្មាភិបាល​ខ្មែរក្រហម​មួយរូប​ទទួល​បន្ទុក​កាន់កាប់​ឃ្លាំង​គ្រាប់​បាន​ប្រាប់​វីអូអេ​ជា​ខេមរភាសា​នៅ​ស្រុក​សំពៅ​លូន ​ខេត្ត​បាត់ដំបង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​មេដឹកនាំ​កម្ពុជា​មួយ​ចំនួន​បាន​ចូលរួម​តស៊ូ​ជាមួយ​ខ្មែរ​ក្រហម​មុន​ខ្មែរក្រហម​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥។

«ខ្ញុំ​នៅ​ដាំបាយ​នៅ​សាលា ​នៅ​បម្រើ​សាលា ​វគ្គ​សិក្សា​សាលា​ បង​ជា ស៊ីម ​ហេង សំរិន ​ហ៊ុន សែន​ ហើយ​នឹង​កែ គឹមយ៉ាន ​ហើយ​បង​សុខ អាន ​ហ្នឹង ​គាត់​នៅ​ក្នុង​មន្ទីរ​រៀន​ហ្នឹង។ គាត់​រៀន​មួយ​ឆ្នាំ ​នៅ​កន្លែង​ ខ្ញុំ​នៅ​ហ្នឹង ​ឆ្នាំ១៩៧២ ​និង ​១៩៧៣»។

ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី២៨​ខែកក្កដា​ឆ្នាំ​២០១៣​នេះ។ មាន​ប្រជា​ពលរដ្ឋ​ចំនួន​ជាង​៩លាន​នាក់​មាន​សិទ្ធិ​ទៅ​បោះឆ្នោត៕
XS
SM
MD
LG