ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​រិះគន់​របាយការណ៍​អ.ស.ប.​អំពី​សិទ្ធិ​មនុស្ស


លោក​​សូរីយ៉ា ប្រាសាទ ​ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​
លោក​​សូរីយ៉ា ប្រាសាទ ​ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​
មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​រិះគន់​ខ្លាំងៗ​ទៅ​លើ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺ​លោកសូរីយ៉ា ប្រាសាទ ​ស៊ូបេឌី ​នៅថ្ងៃ​ពុធនេះ​ដោយ​សំអាង​ថា​ របាយ​ការណ៍​នោះ​ខ្វះ​ការណ៍​ពិត។​

ការ​រិះគន់​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​ឱម យ៉ិនទៀង ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ជួប​ជាមួយ​លោក​ស៊ូបេឌី​ រយៈ​ពេល​ពីរ​ម៉ោង​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក​ឱម យ៉ិនទៀង​បាន​ប្រាប់​អ្នក​កាសែត​ថា ​លោក​សូរីយ៉ា ​ស៊ូបេឌី​ បាន​ធ្វើ​របាយ​
ការណ៍​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

«គាត់​ចង់​ស្តាប់​ថា​ តើ​យើង​យក​អនុសាសន៍​របស់​គាត់​ធ្វើ​បាន​ប៉ុណ្ណា?​ ប៉ុន្តែ​អនុសាសន៍​របស់​គាត់​យក​ពី​គេអត់​ច្បាស់។​ គាត់​សរសេរ​ផ្សាយ​ប្រាប់​គេ​ពេញ​ពិភពលោក។ ​ហ្នឹង​ហើយ​ទើប​ខ្ញុំ​និយាយ​ថា​ ពិបាក​ទទួល​យក​របាយ​ការណ៍​ហ្នឹង។​ គាត់​ជួប​ម្នាក់​ យំ​មុខ​គាត់ ​គាត់​ថា ​ពិត​ហើយ​សរសេរ។​ ប៉ុន្តែ​សួរថា​ ពិត​ទេ?​ គាត់​ថា ​អត់​ដឹង​ដែរ​ ចាំ​យើង​បំភ្លឺ​ទៅ។​ ដូច្នេះ​ខ្ញុំ​ថា ​តើ​គាត់​បាញ់​ព្រួញ​តែ​មួយ​ចំហៀង​ឬ?»​

អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចេញ​របាយ​ការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២​ ដោយ​បាន​គូស​បញ្ជាក់​ពី​បញ្ហា​សិទ្ធិ​មនុស្សសំខាន់ៗ​នៅ​កម្ពុជា ​រួម​មាន​ឯករាជ្យ​ភាព​របស់​តុលាការ​ ប្រព័ន្ធ​បោះឆ្នោត ​កំណែ​ទម្រង់​សភា ​និង​សម្បទាន​ដី​សេដ្ឋកិច្ច​ជាដើម​ ដែល​ពេល​នោះ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​តប​ខ្លាំងៗ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​ច្រាន​ចោល​របាយ​ការណ៍​នេះ។​

របាយ​ការណ៍នេះ​បាន​បង្ហាញ​ពីផល​ប៉ះពាល់​នៃ​ច្បាប់​បោះឆ្នោត​លើ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​រារាំង​កិច្ច​អភិវឌ្ឍ​ជា​ជាង​ជួយ​ដល់​កិច្ច​អភិវឌ្ឍ​ ហើយ​ការ​ផ្តល់​ដី​សម្បទាន​នេះ​បាន​ប៉ះពាល់​ស្ថិរ​ភាព​របស់​ប្រទេស។ ​មន្ដ្រី​អង្គការ​សហ​ប្រជាជាតិរូប​នេះ​ស្នើ​ថា ​គួរ​មាន​នយោបាយ​ច្បាស់​លាស់ ​និង​ប្រកប​ដោយ​ការ​គោរព​សិទ្ធិ​ប្រជាពល​រដ្ឋ ​ជាពិសេស​ប្រជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច។​

របាយ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​ រួម​មាន​ប្រទេស​ជប៉ុន ​និង​សហគមន៍​អឺរ៉ុប​ជា​ដើម ​ដែលអំពាវនាវ​ឲ្យ​កម្ពុជា​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ដល់​បរិយាកាស​នយោបាយ​សេរី ​ដែល​នឹង​ផ្តល់​អំណោយ​ផល​ដល់​ការ​បោះឆ្នោត​មួយត្រឹមត្រូវ។​

លោក​ឱម យិនទៀង​មាន​ប្រសាសន៍ដោយ​ចោទប្រកាន់​ថា​ លោក​ស៊ូបេឌីពុំ​មាន​អព្យាក្រឹត្យ​ភាព​ និង​ឯករាជ្យ​ក្នុង​របាយ​ការណ៍​របស់​លោក​ ដោយ​មាន​និន្នាការ​ជួយ​ឃោសនា​សំឡេង​ឆ្នោត​ឱ្យ​គណបក្ស​ប្រឆាំង ​ហើយ​ចោទ​ថា​ លោកមិន​បាន​មើល​ពីការ​ប្រសើរនៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក​ឱម យិនទៀង​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​របាយការណ៍​បកស្រាយ​ពី​កំហុសឆ្គង​របស់​របាយ​ការណ៍នេះ​ជូន​ទៅ​អ.ស.ប. ​និង​លោក​ស៊ូបេឌី​រួច​ហើយ​ ប៉ុន្តែ​លោក​ស៊ូបេឌី​បាន​បដិសេដ​ថា​ លោកមិន​ទាន់​បាន​ទទួល​ទេ ​ហើយ​បន្ថែម​ថា​លោក​មិន​ទទួល​របាយ​ការណ៍​ជា​ភាសា​ខ្មែរ ​ឬ​របាយ​ការណ៍​យឺត​នោះ​ទេ ​ជា​អ្វី​ដែល​លោក​ឱម យិន​ទៀង​បកស្រាយ​ថា ​ពុំ​មាន​ការ​ទទួលខុស​ត្រូវ ​ព្រោះ​ឯកសារ​ដែល​ផ្ញើ​ទៅ ​ត្រូវ​បាន​បកប្រែ​ជា​ភាសា​អង់គ្លេស។​

ទោះ​បី​ជា​យ៉ាង​ណា ​បន្ទាប់​ពី​ជំនួប​ទ្វេ​ភាគី​នេះ​ លោក​ស៊ូបេឌី​បាន​ថ្លែង​ថា ​នេះ​ជា​ជំនួប​ដ៏​មាន​ផ្លែ​ផ្កា​មួយ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ពី​ខ្លឹម​សារ​នៃ​កិច្ច​ប្រជុំ​នេះ​ទេ។​

«ខ្ញុំ​មាន​ជំនួប​ដ៏​មាន​ផ្លែផ្កា​ជាមួយ​ឯកឧត្តម​ឱម យ៉ិនទៀង ​ហើយ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ជា​ច្រើន។ ​ខ្ញុំ​នឹង​ពិនិត្យ​មើល​ហើយ​បញ្ចូល​ក្នុង​របាយការណ៍​របស់​ខ្ញុំ​ដើម្បី​ដាក់​ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.។​ ប៉ុន្តែ​សម្រាប់​ការ​រក​ឃើញ​បឋម​ ខ្ញុំ​នឹង​ចែក​រំលែក​ជាមួយ​អ្នក​នៅ​ថ្ងៃ​សៅរ៍​នេះ»។​

កាល​ពី​ម្សិលមិញ​ ​និស្សិត​មួយ​ក្រុម​នៅ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​បាន​ធ្វើ​ការ​តវ៉ា​បញ្ឈប់​ឱ្យ​មាន​អ្នក​រាយ​ការណ៍​ពិសេស​ស្តី​ពី​សិទ្ធិ​មនុស្ស​មក​កម្ពុជា។ ​ហើយ​លោក​ឱម យិនទៀង​ថ្លែង​ថា ​រដ្ឋាភិបាល​នឹង​យក​ការ​អំពាវនាវ​របស់​ក្រុម​និស្សិត​នេះ​មក​ធ្វើ​ការ​ពិចារណា៕
XS
SM
MD
LG