ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​ប្រកាស​គោល​នយោបាយថ្មី


លោកកឹម សុខា និង​លោក យឹម សុវណ្ណ​​ពេលមក​​រដ្ឋ​វ៉ាស៊ីនតោន​។ (រូបថត​ផ្តល់​ដោយ កឹម សុខា)
លោកកឹម សុខា និង​លោក យឹម សុវណ្ណ​​ពេលមក​​រដ្ឋ​វ៉ាស៊ីនតោន​។ (រូបថត​ផ្តល់​ដោយ កឹម សុខា)

គណបក្ស​សង្គ្រោះជាតិ​ ក្រោយ​ពី​បាន​ចូល​កាន់​កាប់​មុខ​តំណែង​ក្នុង​ស្ថាប័ន​រដ្ឋសភា​ បាន​ចាប់​ផ្តើម​តាក់​តែង​កម្ម​វិធី​គោល​នយោ​បាយ​ថ្មី​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​នឹងតម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ ​និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​គណបក្ស។​

លោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា ​មន្ត្រី​គណបក្ស​នេះ​កាលពី​ក្នុង​អំឡុង​ពេលចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ បាន​ពិភាក្សា​គ្នា​ដើម្បី​រៀបចំ​កម្មវិធី​នយោបាយ​ថ្មី​របស់​គណបក្ស។​ ​លោក​បាន​បញ្ជាក់​ថា​ កម្មវិធី​គណបក្ស​នយោបាយ​ថ្មី​នេះ​បាន​មក​ពី​ការ​បូក​បញ្ចូលកម្មវិធី​នយោបាយ​របស់​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ ហើយ​ក៏​បាន​ដក​ស្រង់​ចេញ​ពី​កម្ម​វិធី​នយោ​បាយ​ពី​បណ្តា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​ក្នុង​ពិភព​លោក។​

លោក​មាន​ប្រសាសន៍​ថា ​គណបក្ស​គ្រោង​នឹង​បង្ហាញ​ជា​ផ្លូវ​ការ​អំពី​កម្មវិធី​នយោបាយ​ថ្មី​របស់​គណបក្ស​ក្នុង​រយៈ​ពេល​ពី​៣​ទៅ​៤​ខែ​ខាង​មុខ​ទៀត។​

លោក​និយាយ​ថា៖​ «ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ របស់​ប្រទេស​ជាតិ​យើង​ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍ​នៅ​លើ​សកល​លោក»។​

កម្មវិធី​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​លោក​ យឹម សុវណ្ណ​បាន​សង្ខេប​ បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​កែ​ទម្រង់សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​ ត្រូវ​បែង​ចែក​ផលប្រយោជន៍​ឲ្យមាន​សមភាព​រវាង​រដ្ឋាភិបាល​ និង​ប្រជា​ពលរដ្ឋ​ វិស័យ​សង្គម​កិច្ច​ ត្រូវ​ផ្តល់​ការ​ងារ​ធ្វើ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យបាន​សមរម្យ​ លើក​កម្ពស់សេវា​អប់រំ​ ការ​ការពារ​សុខុមាល​ភាព​ប្រជា​ពលរដ្ឋ​ ជាពិសេស​គណបក្ស​នេះ​ប្តេជ្ញាប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ឲ្យបាន​ស៊ី​ជម្រៅដើម្បី​ស្តារ​មុខ​មាត់​របស់​ប្រទេស​ជាតិ​ឡើង​វិញ។

លោក​និយាយ​ថា៖​ «យើង​សរសេរ​ជា​កម្មវិធី​នយោ​បាយ​មួយ​ដែល​មាន​លក្ខណៈ​លម្អិត​ ទៅ​តាម​វិស័យ​នីមួយៗ​ដើម្បី​ទុក​ជា​ត្រី​វិស័យ​នៃ​ការ​ឃោសនា​រក​សំឡេងឆ្នោត​ក៏​ដូច​ជា​សម្រាប់​ជា​ត្រី​វិស័យ​សម្រាប់​ការ​ដឹក​នាំ​ប្រទេសដោយ​គណបក្ស​សង្គ្រោះជាតិ​ខាង​មុខ»។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍ថា​ កម្មវិធី​នយោបាយ​ថ្មី​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​ន័យ​ថា​ គណបក្ស​នេះ​មិន​ទាន់​បាន​រៀបចំ​ខ្លួន​ក្នុង​ការ​ចូល​ប្រឡូក​ក្នុង​នយោបាយ​ ផ្តល់​សេវា​កម្ម​ និង​ផ្តល់​ការ​ ​រំពឹង​ទុក​របស់​ប្រជា​ពលរដ្ឋ​ដែល​គណបក្ស​នេះ​ហាក់​បី​ដូច​ជា​កំពុង​តែ​ភ្ញាក់​ខ្លួន។

លោក​មាន​ប្រសាសន៍​ថា​ សម្រាប់​គណបក្ស​ប្រជាជន​ គណបក្ស​បាន​ធ្វើ​រួច​ហើយ។​ ​គណបក្ស​មាន​កម្មវិធី​៣​ឆ្នាំ​រំកិល​ដើម្បី​វាយ​តម្លៃ​ និង​ឆ្លើយ​តប​ពី​និន្នាការ​អភិបាល​កិច្ច​ល្អ​ដើម្បី​តម្រូវគោល​នយោបាយ​របស់​ខ្លួន​និង​សម​តាម​បំណង​របស់​ប្រជា​ពលរដ្ឋ។​

លោក​និយាយ​ថា៖​ «គណបក្ស​សង្គ្រោះជាតិ​គ្រាន់​តែ​និយាយ​លើ​ក្រដាស​ មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​ភាព​ជាក់​ស្តែង​ដែល​ខ្លួន​បាន​ចូល​រួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​នៅ​ក្នុង​សភា​បាន​នៅ​ឡើយ​ទេ ​ហើយ​គាត់​មិន​ទាន់​បាន​ដើរ​តួ ឲ្យសកម្ម​យ៉ាង​ខ្លាំង​នៅ​ក្នុង​គណបក្ស​ភាគ​តិច​នៅ​ក្នុង​សភា​ ដើម្បី​រក្សា​ឲ្យការ​អភិវឌ្ឍ​ខិត​ចំទិស​ដៅ​នៃ​ផល​ប្រយោជន៍​មហា​ជន»។​

លោក​ផៃ​ ស៊ីផាន​បាន​បញ្ជាក់​ទៀត​ថា​ អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​គ្រាន់​តែ​ជា​ពាក្យសម្តី មិន​មែន​ជាការណ៍​ពិត​នៃ​គោល​ការណ៍​នយោបាយ​របស់​ប្រជាជាតិ​នោះ​ឡើយ៕

XS
SM
MD
LG