ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ការអនុវត្ត​កិច្ច​ព្រម​ព្រៀង​២២​កក្កដា​ទៅមុខ​និង​ថយក្រោយ


លោក​អ៊ូ វីរៈ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​ម​នុស្ស​កម្ពុជា។
លោក​អ៊ូ វីរៈ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​ម​នុស្ស​កម្ពុជា។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ រយៈ​ពេល​ជាង​ពីរ​ខែបន្ទាប់​ពី​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​កើត​ឡើង​ក្រោយ​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០១៣ អ្នក​សង្កេតការណ៍មើល​ឃើញ​ថា​ការអនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​មាន​ការរីកចម្រើន​ទៅមុខ​យឺតៗ​ហើយ​លទ្ធផល​ដែលទទួលបាន​ មានតិចតួច​ប៉ុណ្ណោះ។​

​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​កាលពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ដើម្បី​បញ្ចប់​ការជាប់​គាំង​នយោបាយ​ដែល​មាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ដោយ​ក្នុង​នោះ​មាន​ការ​សន្យា​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កំណត់​ពេល​វេលា​បោះឆ្នោត​ឡើងវិញ បែងចែក​អំណាច​នៅ​ក្នុង​ស្ថាប័ន​សភាជាតិ​និង​កែទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ​មួយ​ចំនួន។

លោក​អ៊ូ វីរៈ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​ម​នុស្ស​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី​Hello VOA កាលពីថ្ងៃ​ច័ន្ទ​ដោយ​សម្តែងការ​សាទរ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ​ដែល​ជា​ការ​បើក​ផ្លូវ​ឱ្យ​មាន​ការ​កែទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ លោក​បន្ថែម​ថា៖

«ការធ្វើ​កំណែទម្រង់​រដ្ឋ​ធម្មនុញ្ញ​គឺ​មាន​រួច​ហើយ​។ នេះ​គឺ​ជា​មេដាយ​មួយ​ដែល​យើង​ត្រូវ​សរសើរ​ផងដែរ»។

ប៉ុន្តែ​លោក​ហាក់​ដូច​ជា​មាន​សុទិដ្ឋិនិយម​តិចតួច​សម្រាប់​ជំហាន​បន្ទាប់៖

«នេះ​ជា​ជោគជ័យ​មួយ​ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ដែរ​ខ្ញុំ​រំពឹង​ថា​ការចរចារ​គ្នា​ពី ខ្លឹម​សារ​ទូលំទូលាយ​ដូច​ជា​ខ្លឹម​សារ​រដ្ឋ​ធម្មនុញ្ញ​ជារឿង​ងាយ​ស្រួល​ប៉ុន្តែ​មិន​ទាន់​មាន​ឃើញ​ច្បាប់​ថា​តើ​អនុម័ត​ច្បាប់​ គ.ជ.​ប​មួយ​ដែល​មាន​ខ្លឹម​សារ​ទូលំទូលាយ​ ប្រជាធិបតេយ្យ​និង​មានការ​ទទួល​ខុសត្រូវ​យ៉ា​ង​ណាយើង​អត់​ទាន់​បាន​ឃើញ​ទេ»។​

​ចំណុចដែល​គណបក្ស​ទាំង​ពីរ​ខក​ខាន​មិន​ទាន់​បាន​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​គឺ​ការកែទម្រង់​និង​ពង្រឹង​ស្ថាប័ន​ជាតិ​សំខាន់ៗ​ជាពិសេស​«ស្ថាប័ន​ឯករាជ្យ»​នានា​ដូច​ដែល​មាន​ចែង​ក្នុង​ប្រការ​៦​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​៧​ចំណុច​នេះ។ លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា៖

«កន្លែង​នេះ​គឺ​សូន្យ​ គឺ​មិន​ទាន់​មាន​ការវិវត្តន៍​ មិន​ទាន់​ទាំង​មាន​ការលើកឡើង​ដោយ​គណបក្ស​ណាមួយផង។ គណបក្ស​ប្រជាជន​ក៏​អត់​បាន​លើក​ឡើង។ គណបក្ស​សង្គ្រោះជាតិ​ក៏​មិន​ទាន់បាន​លើក​ឡើង​ទាល់​តែ​សោះ»។​

ស្ថាប័ន​មួយ​ចំនួន​ដែល​ត្រូវ​តែ​ធ្វើ​ការ​កែ​ទម្រង់​នោះ​គឺ​មាន​ស្ថាប័ន​តុលាការ ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ និង​ត្រូវ​បង្កើត​ស្ថាប័ន​គ្រប់​គ្រង​លើ​អាជ្ញាបណ្ណ​សារព័ត៌មាន។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​អ៊ូ​ វីរៈ។

លោក​ ឈៀង វុន ប្រធាន​គណៈកម្មការ​កិច្ច​ការ​បរទេស​និង​ព័ត៌មាន​នៃ​សភាជាតិ​បាន​ពន្យល់​ថាដំណើរការ​នៃ​ការ​គោរព​តាម​កិច្ច​ព្រម​ព្រៀង​គឺ​ដំណើរ​ការ​ល្អ​។ លោក​បាន​បញ្ជាក់​ថា​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​គឺ​បាន​ផ្តល់​អភ័យ​ឯកសិទ្ធិ​ដល់​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ សមាជិក​សភា​៥៥​រូប​បាន​ចូល​ស្បថ​កាន់តំណែង បោះឆ្នោត​ជ្រើស​រើស​អនុប្រធាន​ទីមួយ​និង​ទីពីរ​នៃ​សភាជាតិ រៀបចំ​រចនា​សម្ព័ន្ធ​គណៈកម្មការ​សភា​និង​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​។

លោ​កបន្ថែម​ថា​ដោយ​ហេតុ​នេះ​ហើយ​ទើប​គណបក្ស​ទាំង​ពីរ​មិន​ទាន់​និយាយ​ដល់​ការ​កែទម្រង់​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន៖

«ការងារ​ធំ​ចម្បង​របស់​យើង​ប្រញ៉ាប់​នោះ​គឺ​...​ធ្វើ​ដូចម្តេច​ឱ្យ​មាន​តួរនាទី​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ស្ថាប័ន​សភា​ហើយ​នឹង​គ.ជ.ប»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​លើ​ចំណាត់​ការ​នាពេល​ថ្មី​ៗ​នេះ​របស់​ប្រធាន​សភាជាតិ​ដែល​បាន​ចេញ​សារាចរ​មួយ​ដែល​ហាម​ប្រាម​សាធារណជន​និង​បណ្តាញ​សារព័ត៌មាន​មិន​ឱ្យ​ចូលរួម​ស្តាប់​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​សភា​ដោយ​ចាត់​ទុក​ថា​វា​ជាការ​នាំ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ។

ជាផ្នែក​មួយ​នៃកិច្ច​ព្រម​ព្រៀង​គឺ​គណបក្ស​ប្រឆាំង​ទទួល​គ្រប់​គ្រង​គណៈកម្មការ​ចំនួន​៥ក្នុង​ចំណោម​១០។ ប៉ុន្តែ​លោក​អ៊ូ វីរៈ​យល់​ថា​សារាចរ​នេះ​បាន​ចងជើង​គេ​ជាប់​ហើយ។ លោក​បាន​បន្ថែម​ថា៖

«ទាក់​ទង​រឿង​អំណាច​រដ្ឋ​សភា​នេះ​គឺ​ខ្ញុំ​វាយ​តម្លៃ​សូន្យ​ គឺ​មិន​ទាន់​មាន​ការវិវត្តន៍​វិជ្ជមាន​នៅ​ឡើយ​ទេប៉ុន្តែ​មានការ​វិវត្តន៍​មួយ​អវិជ្ជមាន​ដោយសារាចរ​(របស់​ប្រធាន​សភា)»។​

ក្រុម​ការងារ​ចរចា​លើ​ច្បាប់​បោះឆ្នោត​ថ្មី​នៅ មិន​ទាន់​បាន​បញ្ចេញឱ្យ​សាធារណជន​ដឹង​ពី​លទ្ធផល​ការងារ​របស់​ពួកគេ​នៅឡើយ​ទេ​បើ​ទោះ​បី​ជាមាន​ការ​ទាមទារ​ពី អង្គការ​សង្គម​ស៊ីវិល​ក៏ដោយ​ហើយ​ក៏​នាំ​ឱ្យ​មាន​ការ​សង្ស័យ​មួយ​ចំនួន​លើ​ការ​បោះឆ្នោត​លើក​ក្រោយ​ថា​តើ​អាច​ជាការ​បោះឆ្នោត​ដោយ​យុត្តិធម៌​ឬ​ទេ៕

XS
SM
MD
LG