ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​បដិសេធ​លោកស្រី​មូរ សុខហួរ​ និង​លោក​យឹម សុវណ្ណ​ក្នុង​គណៈកម្មការ

  • ហេង រស្មី

រូប​ថត​ពី​កញ្ចក់​ទូរទស្សន៍​នេះ​បង្ហាញ​​លោក​ស្រី មួរ សុខហួរ នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៤​។

សភា​ដែល​មាន​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មិន​បាន​ផ្តល់​ការ​គាំទ្រ​បេក្ខភាព​លោកស្រី​មូរ សុខហួរ​ និង​លោក​យឹម សុវណ្ណ​ដឹកនាំ​គណ​កម្មការ​សភាទេ។​

អ្នក​ទាំង​ពីរ​ដែល​ធ្លាប់រិះ​គន់​រដ្ឋាភិបាលឥត​សំចៃ​ចំនួន​ពីរ​រូប​ជា​ធនធាន​មនុស្ស​យ៉ាង​សំខាន់​របស់​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​សមាជិក​រដ្ឋសភាបោះ​ឆ្នោត​មិន​ផ្តល់​សេចក្តី​ទុក្ខ​ចិត្ត​ឲ្យ​ដឹកនាំគណៈកម្មការ​ជំនាញ​ទី​៨​ និង​ទី​១០​របស់​រដ្ឋសភាទេ។ ​ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ដូចៗ​គ្នា​ថា​ លទ្ធផល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​នេះ​មិន​ជះ​ឥទ្ធិពល​ដល់​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ទាំងពីរ​កាលពី​ខែ​កក្កដា​នោះ​ទេ។​

សមាជិក​រដ្ឋសភា​ ដែល​មាន​វត្តមាន​ចំនួន​១២២​រូប ​បាន​បោះឆ្នោត​ជា​សម្ងាត់​ដោយ​សំឡេងគាំទ្រ​លោក​ស្រី​មួរ សុខហួរ​ចំនួន​៥៦សំឡេង​ មិន​យល់ព្រម​ចំនួន​៦៣​សំឡេង និង​អនុបវាទ​ចំនួន​៣​សំឡេង។​ ចំណែក​លោក​យឹម សុវណ្ណ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៥៦​ មិន​គាំទ្រ​ចំនួន​៦១​ អនុបវាទ​៣​សំឡេង។

លទ្ធផល​កាល​បោះឆ្នោត​គណៈកម្មាធិការ​សភា​កាល​ពីថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០១៤។ (ហេង រស្មី/វីអូអេ)
លទ្ធផល​កាល​បោះឆ្នោត​គណៈកម្មាធិការ​សភា​កាល​ពីថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០១៤។ (ហេង រស្មី/វីអូអេ)

ឆ្លង​តាម​លទ្ធផល​បោះ​ឆ្នោត​នេះ លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ បាន​ប្រកាស​ថា​ លោក​ស្រី​ មួរ សុខហួរ​ និង​លោក​យឹម សុវណ្ណ​មិន​បាន​ជាប់​ឆ្នោត​ជា​សមាជិក​គណៈកម្មការ​ជំនាញ​ទី​៨​និង​ទី​១០​របស់​រដ្ឋសភា​ទេ។​

លោក​និយាយ​ថា៖ ​«សន្លឹក​ឆ្នោត​មិន​យល់​ព្រម​៦៣​សំឡេង​ សន្លឹក​ឆ្នោត​អនុបវាទ​ចំនួន​៣​សំឡេង​ មោឃៈ​សូន្យ។ ​អាស្រ័យ​ហេតុ​នេះ​លោក​ជំទាវ​មួរ សុខហួរ​មិន​ជាប់​ឆ្នោត​បាន​ទេ​ក្នុង​សមាជិក​គណៈកម្មការ»។​

ក៏ប៉ុន្តែ​កូតា​ប្រធាន​គណៈកម្មការ​ទី៨​គឺ​គណៈកម្មការ​សុខាភិបាល ​សង្គម​កិច្ច​ អតីត​យុទ្ធជន ​ការងារ​ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និង​កិច្ច​ការ​នារី​នេះ​ ត្រូវ​រដ្ឋសភា​សម្រេចឲ្យ​លោក​ស្រី​កែ សុវណ្ណរ័ត្ន​មក​ជំនួស​លោក​ស្រី​មួរ សុខហួរ​វិញ។​

ចំណែក​គណៈកម្មការ​ជំនាញ​ទី​១០​គឺ​គណៈ​កម្មការ​អង្កេត ​បោស​សម្អាត​ និង​ប្រឆាំង​អំពើ​ពុករលួយ​ ត្រូវ​បាន​រដ្ឋសភា​សម្រេចតែង​តាំង​លោក​ហូរ វ៉ាន់​ជំនួស​លោក​យឹម សុវណ្ណ។​

ភ្លាមៗ​ ក្រោយ​ពី​លទ្ធផល​បោះ​ឆ្នោត​ ដែល​បាន​បង្ហាញ​ឲ្យឃើញ​ថា​ លោក​ស្រី​មួរ សុខហួរ​ និង​លោក​យឹម សុវណ្ណ​មិន​ទទួល​បាន​សំឡេង​គាំទ្រ​នោះ​ មេដឹក​នាំ​គណបក្ស​ធំៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា​បាន​និយាយ​គ្នា​ដោយ​ផ្ទាល់​មាត់​ដើម្បី​ផ្សះ​ផ្សារ​ខាង​ផ្លូវ​ចិត្ត ​ក្រោយ​ពី​សមាជិក​ដ៏​សកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន​២​រូប​មិន​ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ។​

យោង​តាម​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​គណៈកម្មការ​ជំនាញ​ទាំង​១០រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​មិន​មាន​បេក្ខជន​ឬក៏​បេក្ខ​នារី​ណា​ម្នាក់​ត្រូវ​បាន​សភាបោះ​ឆ្នោត​មិន​គាំទ្រ​ធ្វើ​ជាសមាជិក​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ទេ។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ លោក​មិន​សូវ​ពេញ​ចិត្ត​នឹង​លទ្ធផល​នេះទេ។ ​លោក​និយាយ​ថា​ លោក​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ថែ​រក្សា​កិច្ច​ព្រមព្រៀង​នេះ​ឲ្យបាន​យូរ​អង្វែង ​បើ​ទោះ​បី​លទ្ធផល​នៃការ​បោះ​ឆ្នោត​មិន​បាន​តាម​ការ​រំពឹង​ទុកក្តី។​

លោក​និយាយ​ថា៖​ «ធ្វើ​ឲ្យយើង​មាន​ការ​សោក​ស្តាយ ​តែ​យើង​ជំរុញ​ឲ្យមាន​ដំណោះ​ស្រាយ​សម​ស្រប​ទៅ​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃទី​២២​ ខែ​កក្កដា​ឆ្នាំ​២០១៤​នេះ រវាង​គណបក្ស​ទាំង​ពីរ​ គឺ​ជា​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះជាតិ​ក្នុង​ការ​ជ្រើស​រើស​បេក្ខជន​ប្រធាន​នៃ​គណៈកម្មការ​ពីរ​ដែល​យើង​មិន​បាន​អុវត្ត​ឲ្យបាន​ពេញ​លេញ​ទេ»។​

យោង​តាម​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ថ្ងៃទី​២២​ខែ​កក្កដា​ គណបក្សទាំងពីរ​បាន​ព្រមព្រៀង​គ្នា​រៀប​ចំក្បាល​ម៉ាស៊ីន​រដ្ឋសភា​ដោយ​បែង​ចែក​តួនាទី​ថ្នាក់​ដឹក​នាំ​ក្នុង​គណៈ​កម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​តាម​រូបមន្ត​៧​ទល់​នឹង​៦​ ពោល​គឺ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តំណែង​អនុប្រធាន​ទី១​នៃ​រដ្ឋសភា​ដែល​មាន​លោក​ កឹម សុខា​ បាន​តំណែង​ប្រធាន​គណៈកម្មការ​ជំនាញ​ចំនួន​៥​ និង​អនុប្រធាន​គណៈកម្មការ​ចំនួន​៥។​

លោក​យឹម​ សុវណ្ណ​ សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​សម្តែងការ​សោយ​ស្តាយ​ទេ​ ក្រោយ​ពី​លោក​មិន​ទទួល​បាន​សំឡេងគាំទ្រ​ពី​សមាជិក​សភា។​

លោក​និយាយ​ថា៖​ «ខ្ញុំ​អត់មាន​អារម្មណ៍​អ្វី​ទេ ​ពីព្រោះ​ថា ​ទោះ​ជា​ប្រជា​ពលរដ្ឋ​ម្នាក់​ក៏​ខ្ញុំ​អាច​បំពេញ​កាតព្វ​កិច្ច​ជូន​ប្រទេស​ជាតិ​ និង​ប្រជា​ពលរដ្ឋរបស់​ខ្ញុំ​បាន​ដែរ។​ ទោះ​ជា​ខ្ញុំ​ជា​តំណាងរាស្ត្រ​ធម្មតា​ក៏​ខ្ញុំ​នៅ​តែ​សប្បាយ​ចិត្ត ​និង​មាន​មោទន​ភាព​ដែល​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​ខិត​ខំ​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ​បន្ត​ទៅ​ទៀត»។​

លោក​ឈាង វ៉ុន ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​ជា​អ្នក​នាំពាក្យ​រដ្ឋសភា​ មាន​ប្រសាសន៍​ថា ​ការ​បោះ​ឆ្នោត​ជាប់ ​ឬ​ធ្លាក់​ជារឿង​ធម្មតា ​មិន​មែន​ជា​ការ​រៀបចំ​ទុក​ជា​មុន​ទេ។​

លោក​មាន​ប្រសាសន៍​ថា​ សំឡេង​ឆ្នោត​ដែល​មិន​គាំទ្រ​លោក​ស្រី​ មួរ សុខហួរ ​និង​លោក​យឹម សុវណ្ណ​មិន​មែន​ចេញ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។ ​សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះជាតិ​ក៏​មិន​ពេញ​ចិត្ត​នឹង​ការ​ដាក់​ឈ្មោះ​បេក្ខនារី ​និង​បេក្ខជន​ទាំងពីរ​រូប​នេះ​ផង​ដែរ៕

XS
SM
MD
LG