ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ ព្រមាន​ដក​លោក​កឹម សុខា​ពី​អនុ​ប្រធាន​ទីមួយ​សភា​ជាតិ


លោក ហ៊ុន សែន​ ​នាយក​រដ្ឋមន្ត្រី​​នៃ​ប្រទេស​កម្ពុជា។
លោក ហ៊ុន សែន​ ​នាយក​រដ្ឋមន្ត្រី​​នៃ​ប្រទេស​កម្ពុជា។

មិន​ដល់មួយ​ខែផង​ ក្រោយ​ពី​គណបក្ស​ធ្លាប់​មាន​ជម្លោះដ៏ជួរ​ចត់​នឹង​គ្នា​ធ្លាប់​បាន​សន្យា​ផ្ទាល់​មាត់​ជា​សារធារណៈថា ​នឹង​ឈប់​វាយ​ប្រហារ​គ្នា​ រិះ​គន់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ងាក​មក​ពួត​ដៃ​គ្នា​កសាង​ប្រទេស​ជាតិ​នោះ​ ឥឡូវ​នេះ​ការ​រិះគន់​និង​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ចាប់​ផ្តើម​កម្រើកឡើង​វិញ។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ព្រមាន​ចំៗ​ថា​ សមាជិក​សភា​ជាប់​ឆ្នោត​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​បោះ​ឆ្នោត​ទម្លាក់​លោក​កឹម សុខា​មកពី​គណបក្ស​សង្គ្រោះជាតិ​ចេញ​ពី​តំណែង​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា​ ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ហ៊ាន​រិះ​គន់​ឥត​សំចៃ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល។

លោក​និយាយ​ថា៖​ «កុំទៅទីណា​ហា​មាត់​ដឹង​តែ​ពី​ជេរ​គេ​ ដល់​ពេល​គេ​ជេរវិញ​ តាំង​ហើយ​ រួច​ហើយ​ទៅ​ទីណា​ថា​ យក​វិធី​បោះ​ឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី។​ ​អើយ​ បើ​បោះ​ឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី​ យើង​គិត​បោះ​ឆ្នោត​ទម្លាក់​អនុ​ប្រធាន​សភា​វើយ!​ សំឡេងអ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា?​ អាហ្នឹង​ប្រយ័ត្ន​ផង​វើយ!»​

លោក​ហ៊ុន សែន​មាន​ប្រសាសន៍ដូច្នេះ​ក្នុង​កម្មវិធី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​មួយ​កំណាត់​ក្នុង​ទី​ក្រុង​ភ្នំពេញ។​ ​លោក​បាន​និយាយ​ថា ​ការលើក​យក​ហេតុផល​ដែល​លោក​កឹម សុខា​បាន​ជេរគឺ​មិន​សាក​សម​នឹង​ធ្វើ​ជា​អនុ​ប្រធាន​រដ្ឋ​សភា​ទេ។

លោក​និយាយ​ថា៖ ​«អញ្ចឹង​ទេ​ យក​ហេតុ​ផល​ហ្នឹង​សុំ​បោះ​ឆ្នោត​តែ​ម្តង​ ដាក់​បេក្ខភាព​មួយ​បោះ​តែម្តង។​ ​នេះ​មាន​រឿង​អញ្ចឹង បើ​លោក​ឯង​មិន​ទាន់​នឹង​បាន​អ្វី​ផង​ ចាប់​ផ្តើម​រក​រឿង​គ្នា​ទៅ​ហើយ»។​

ក្នុង​អំឡុង​ពេល​ដែល​លោក​កឹម សុខ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត កំពត តាកែវ​ និង​ខេត្ត​សៀមរាប​នោះ លោក​បាន​បក​ស្រាយ​ប្រាប់​អ្នក​គាំទ្រ​ថា ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ក្នុង​សភា​ តើអនុញ្ញាត​ឲ្យគណបក្ស​ប្រឆាំង​ធ្វើ​អ្វី​បាន​ខ្លះ?​

បើ​តាម​ប្រសាសន៍លោកកឹម សុខា​កន្លង​មក​បាន​បង្ហាញ​ចំណុចមួយ​តាម​ផ្លូវ​ច្បាប់​នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ថា ​បើ​យើង​មាន​អ្នក​តំណាង​រាស្ត្រ​ពី​៣០​នាក់​ឡើង​ទៅ​ អាច​ធ្វើ​ញត្តិ​បន្ទោស​ និង​បោះ​ឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​រដ្ឋ​មន្ត្រី​ណា​ម្នាក់​តាម​សំឡេងជា​សម្ងាត់​ដោយ​សំឡេង៥០%​បូក​១។​

លោកកឹម សុខា​មាន​ប្រសាសន៍ថា ​មុន​ពេល​លោក​យក​ទៅ​និយាយ​ជាមួយ​ប្រជា​ពលរដ្ឋ​ លោក​បាន​ប្រជុំ​ផ្ទៃ​ក្នុង​របស់​គណបក្ស​រួច​ទៅ​ហើយ​ ​មិន​មែន​លោក​បញ្ចេញ​មតិ​ដោយ​ខ្លួន​លោក​ផ្ទាល់​ទេ។​

លោក​មាន​ប្រសាសន៍ថា ​លោក​នាយក​រដ្ឋមន្ត្រី​អាច​បោះ​ឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​ដក​លោក​ចេញ​ពី​តួនាទី​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​បាន ​តែ​វា​នឹង​ប៉ះពាល់​ដល់​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ទាំង​ពីរ។

លោក​និយាយ​ថា៖ ​«យើង​នៅ​តែ​ធ្វើ​ក្នុង​តួនាទី​របស់​យើង។​ តួនាទី​ភារកិច្ច​របស់​យើង​ជា​អ្នក​តំណាង​រាស្ត្រ​ តួនាទី​ភារកិច្ច​របស់​បក្ស​ប្រឆាំង​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ស្រប​ច្បាប់។​ ​ប៉ុន្តែ​អ្វី​ដែល​ជា​កិច្ច​ព្រម​ព្រៀង​ ប្រសិន​បើ​មាន​កន្លែង​ណា​ដែល​មិន​ច្បាស់​ យើង​នឹង​អាច​និយាយ​គ្នា​ឡើង​វិញ។​ ​យើង​នឹង​ជួប​គ្នា​ និយាយ​គ្នា ថា​តើ​មិន​ឲ្យបក្ស​សង្គ្រោះ​ជាតិ​រិះ​គន់​រដ្ឋាភិបាល​សោះ​ឬ​យ៉ាង​ម៉េច? ​អាហ្នឹង​និយាយ​គ្នា​ឲ្យច្បាស់?»

ក្នុង​កំឡុង​ពេល​ចូលរួមកិច្ច​ប្រជុំ​សភា​កាល​ពី​ចុង​ខែមុន ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោកសម រង្ស៊ី​ និង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សន្យា​ថា​ នឹង​បញ្ឈប់​ការ​និយាយ​រិះ​គន់​គ្នា​ ព្រម​ទាំង​បញ្ឈប់​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រម៉ោច​ ទឹក​ហោច​ស្រមោច​ស៊ីត្រីហើយ​បែរ​មក​រក​វប្បធម៌​ជជែក​គ្នា​ដើម្បី​អភិវឌ្ឍប្រទេស។​

​លោកបណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​ មាន​ប្រសាសន៍​ថា​ បើ​កាល​ណា​យើង​គោរពលទ្ធិ​ប្រជា​ធិបតេយ្យ​របស់​សភា​ គណបក្ស​ប្រឆាំង​មាន​អំណាច​តាម​ដាន​មើល ​ឃ្លាំ​មើល​ និង​ត្រួត​ត្រា​សកម្មភាព​របស់​រដ្ឋាភិបាល​បាន រួម​ទាំង​មាន​សិទ្ធិ​ដាក់​ញត្តិ​ដក​សេច​ក្តី​ទុកចិត្ត​ពី​សមាជិក​រដ្ឋាភិបាល​ដែល​គេ​យល់​ថា ​ធ្វើ​ការ​មិន​បាន​ត្រឹម​ត្រូវ។​

លោក​មាន​ប្រសាសន៍​ថា​ ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​គឺ​បាន​រំលោភ​ទៅ​លើ​ភាព​ត្រឹម​ត្រូវ​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា។​

លោក​និយាយ​ថា៖​ «អត់​ត្រឹម​ត្រូវ​ទេ ​គឺ​រំលោភ​ទៅ​លើ​សិទ្ធិ​និង​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្ស​ប្រឆាំង ​ឬ​ក៏​សមាជិក​សភា​ ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​រួច​ទៅ​ហើយ»។​

លោកឡៅ ម៉ុង​ហៃ​មាន​ប្រសាសន៍ថា​ លោក​ហ៊ុន សែន​គួរ​តែ​មាន​ការ​យល់​ដឹង​អនុវត្ត និង​គោរព​សិទិ្ធ​ក្នុងការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG