ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​សម្រេច​​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ចូលកាន់​តំណែង​ក្នុង​អង្គ​នីតិបញ្ញត្តិនេះ


លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចាក​ចេញ​ពី​អគារ​រដ្ឋសភា​ក្រោយ​ពី​មាន​​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។ លោក កឹម សុខា ត្រូវ​បាន​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បោះ​ឆ្នោត​តែង​តាំង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ចាក​ចេញ​ពី​អគារ​រដ្ឋសភា​ក្រោយ​ពី​មាន​​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។ លោក កឹម សុខា ត្រូវ​បាន​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បោះ​ឆ្នោត​តែង​តាំង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា។

លោក ​កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​សមាជិក​សភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​បោះ​ឆ្នោត​តែង​តាំង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា។​ ចំណែក​ឯ​លោក ​ងួន ញ៉ិល​ត្រូវ​បាន​បោះ​ឆ្នោត​តែង​តាំង​ជា​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា។​

សមាជិក​រដ្ឋសភា​ដែល​មាន​វត្តមាន​ចំនួន​១២២​រូប​បាន​សម្រេច​បោះ​ឆ្នោត​ដោយ​សម្ងាត់តែងតាំង​លោក​ងួន ញ៉ិល​ ដោយ​សំឡេង​១២២​ទល់​នឹង​១២២​សំឡេង​ ចំណែក​លោក​កឹម សុខា​បាន​ទទួលបោះ​ឆ្នោត​គាំទ្រ​១១៦​សំឡេង ​អនុបវាទ២​សំឡេង​ និង​មិន​យល់​ព្រម​៤​សំឡេង។​

អ្នកលេខារដ្ឋ​សភា​ប្រកាស៖​ «ការ​រាប់​សន្លឹក​ឆ្នោត​គឺ​ ព្រម​មាន​ចំនួន​១១៦​សំឡេង​ មិន​ព្រម​មាន​៤​សំឡេង ​និង​អនុបវាទមាន​ចំនួន​២​សំឡេង​ សរុប​១២២​សំឡេង»។​

ក្រោយ​ពី​សមាជិក​រដ្ឋសភា​បាន​បោះ​ឆ្នោត​តែង​តាំង​លោក​កឹម សុខា​ជា​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ភ្លាម កៅ​អី​អនុប្រធាន​ទី​១​ដែល​លោក​ងួន ញ៉ិល​កំពុង​អង្គុយ​មិន​បាន​ប្រគល់​ឲ្យលោក​កឹម សុខា​ភ្លាមៗ​ទេ ​ដែល​បង្កឲ្យមាន​ការ​ងឿង​ឆ្ងល់​ពី​សមាជិក​រដ្ឋសភា​ដែល​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​ប្រជុំ​របស់​រដ្ឋសភា។​

លោក​ ងួន ញ៉ិលបាន​ផ្លាស់​ប្តូរ​តួនាទី​ពី​អនុ​ប្រធាន​ទី១​ដែល​ធ្លាប់​អង្គុយ​នៅ​ខាង​ស្តាំ​ដៃ​លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ មក​ជា​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​វិញ​ ដោយ​លោក​ត្រូវ​មក​អង្គុយ​នៅ​ខាង​ធ្វេង​ដៃវិញលោក​ហេង សំរិន​វិញ។ តែ​លោក​បាន​បញ្ចេញ​ឥរិយាបទ​មិន​ព្រម​ប្តូរ​កន្លែង​អង្គុយ​ រហូត​ដល់​មានអន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ទើប​លោក​សម្រេច​ចិត្ត​យល់​ព្រម​ប្តូរ​ទាំង​តាំង​ទាំង​ទឹក​មុខ​មិន​សប្បាយ​ចិត្ត។​

ក៏ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​មិន​មាន​ជម្លោះ​អ្វី​ធំដុំ​កើត​ឡើងនៅក្នុង​ពេល​ផ្លាស់​ប្តូរ​តំណែង​ថ្នាក់​ដឹក​នាំ​ក្នុង​ក្បាល​ម៉ាស៊ីន​របស់​រដ្ឋសភា​នេះទេ។​

លោក​ហ៊ុន សែន​បាន​និយាយ​ថា៖​

«អត់​ទេ​ វាអត់​ត្រូវ​ សុំទោស​ទេ។​ គ្រាន់​តែ​ប៉ុណ្ណឹង​វា​ពិបាក​ម្ល៉េះ! ​គ្រាន់​តែមួយ​ដើរទៅ​អង្គុយ​ខាង​នោះ​ មួយ​ដើរ​មក​អង្គុយ​ខាង​នេះ។ អត់មាន​អ្វី​ពិបាក​បន្តិច​សោះ!»​

លោក​កឹម សុខា​ អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​មាន​ប្រសាសន៍ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ តំណែង​ដែល​លោក​បាន​ទទួល​មក​នេះ​ជាការ​ផ្តល់​ឲ្យពី​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​លោក​មិន​ថយ​ក្រោយ​ទេ​អ្វី​ដែល​លោក​ធ្លាប់​ធ្វើ​គឺ​នៅ​តែ​ដដែល ​គឺ​ការ​ពារ​សិទ្ធិអំណាច​ម្ចាស់ឆ្នោត។​

លោក​មាន​ប្រសាសន៍ថា ​អ្វី​ដែល​គណបក្ស​សង្គ្រោះជាតិ​យក​មក​អនុវត្ត​មុខ​គេ​គឺ​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ឲ្យការ​បោះ​ឆ្នោត​លើក​ក្រោយ​ប្រកប​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌​ និង​កែបទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​ដែល​ជា​ចំណុចដ៏​សំខាន់​របស់​រដ្ឋសភា​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ថ្នាក់​ដឹក​នាំ​រដ្ឋសភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ពង្រឹង​អំណាច​និតិបញ្ញត្តិ​ឲ្យបាន​រឹង​មាំ​ដើម្បី​ឈាន​ទៅ​រក​តុល្យភាព​អំណាច​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​និយាយ​ថា៖​ «ឲ្យកង់ទាំង​បី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​វិល​ស្រប​គ្នា​ កុំ​ឲ្យកង់​មួយ​នាំ​មុខ​ កង់​ពីរ​ទៀត​គ្រាន់​តែ​រត់​តាម។ ការ​ផ្តល់​អំណាច​ឲ្យសភា​ ឲ្យអ្នក​តំណាង​រាស្ត្រ​គឺ​ជាបញ្ហា​សំខាន់​ណាស់​នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​យើង​នឹង​រក​ឃើញ​នូវ​សន្តិភាព​ពិត។ ​បើ​សិន​ជាយើង​ឲ្យអំណាច​ទៅ​មួយៗ​ ដោយ​អត់​មាន​តុល្យភាព​គឺ​ស្ថិរភាព​អត់​មាន​ពិត​ប្រាកដទេ»។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​គ្មាន​តួនាទី​អ្វី​ទាំង​អស់​ក្រៅ​ពី​ជា​សមាជិក​សភា​ធម្មតា​ មាន​ប្រសាសន៍ប្រាប់​អ្នក​កាសែត​ថា​ ការ​តែង​តាំង​ក្បាល​ម៉ាស៊ីន​ថ្មី​របស់​រដ្ឋសភា​ថ្មី​ជា​ការ​អនុវត្ត​នូវកិច្ច​ព្រម​ព្រៀង​កាលពី​ថ្ងៃទី​២២​ខែ​កក្កដា។​ ​លោក​បាន​បញ្ជាក់​ថា ​អ្វីដែល​រដ្ឋសភា​បាន​បោះ​ឆ្នោត​ព្រឹក​នេះ​គឺ​បំណង​ចង់​បញ្ចប់​វិបត្តិ​នយោបាយ​ និង​ចង់​ឲ្យរដ្ឋសភា​ធ្វើ​ការ​ដោយ​មាន​ការ​សហការ​រវាង​តំណាង​រាស្ត្រ​មកពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។​

លោក​បាន​និយាយ​ថា៖​ «គណបក្ស​ហ្នឹង​នឹង​ដើរ​តួនាទី​ដើម្បី​ជំរុញ​ឲ្យរដ្ឋាភិបាល​គោរព​ច្បាប់​ឲ្យបាន​ពេញ​លេញ​ គោរព​សិទ្ធិ​មនុស្ស​ សិទ្ធិប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យបាន​ត្រឹម​ត្រូវ​ ហើយ​យើង​នឹង​ផ្តល់​ជា​គំនិត​ ជាអនុសាសន៍ដើម្បី​យក​ទៅ​គិត​គូរ​ទាំង​អស់​គ្នា​ ហើយ​អនុវត្តសេចក្តី​សម្រេច​ ឬយក​គំនិត​ណា​យក​មក​គិត​ពិចារណា​ទាំង​អស់​គ្នា​ក្នុង​ឧត្តម​ប្រយោជន៍ប្រទេស​ជាតិ​យើង​ទាំង​អស់​គ្នា»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិន​បាន​ប្រាប់​អ្នក​កាសែត​ឲ្យបាន​ពិស្តារ​ទេ​ ដោយ​លោក​គ្រាន់​តែ​បាន​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​ថ្ងៃ​នេះ​គឺ​ជា​ជោគ​ជ័យ​មួយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG