ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​លាត​ត្រដាង​អំពើ​ពុករលួយ​នៅសភា


លោក​សុន ​ឆ័យ ​ប្រធាន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​
លោក​សុន ​ឆ័យ ​ប្រធាន​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​

លោក​សុន ឆ័យ​ អនុ​ប្រធាន​គណៈ​កម្មការ​ហិរញ្ញវត្ថុ​និង​ធានាគារ​របស់​រដ្ឋសភា​បាន​រក​ឃើញ​សំណុំ​រឿង​ពុក​រលួយ​មួយ​ក្នុង​ស្ថាប័ន​រដ្ឋសភា​ដែល​គ្រប់​គ្រង​ដោយ​សែ​ស្រឡាយ​លោក​មិត្ត​ ការ៉េន​ អគ្គ​លេខាធិការ​រង​នៃ​រដ្ឋសភា​ ដែល​បាន​តែង​តាំង​ក្រុម​គ្រួសារ​សាច់​ញាតិជា​ប្រព័ន្ធ​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​រដ្ឋសភា។​

លោក​សុន ឆ័យ​ បានបញ្ជាក់​ថា ​ក្នុង​មួយ​ខែៗស្ថាប័ន​រដ្ឋសភា​បាន​បាត់​បង់​ថវិកាជាតិ​ប្រមាណ​៥​សែន​ដុល្លារសហ​រដ្ឋ​អាមេរិក​ដោយ​សារ​អំពើ​ពុក​រលួយ​ដែល​ទាម​ទារ​ឲ្យមាន​ការ​ស៊ើប​អង្កេត​និង​នាំ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់។​

លោក​សុន ឆ័យ​បាន​បញ្ជាក់​ថា៖​ «ការ​ដាក់​មនុស្ស​ដែល​មិន​ធ្វើ​ការ​ឬ​ក៏​ដាក់​តែ​ឈ្មោះ​ដើម្បី​យក​លុយ​ ការ​បំប៉ោង​ការ​ចំណាយ​ ការ​លុប​បំបាត់​ថវិកាដែល​ត្រូវ​ប្រើ​ប្រាស់​ ដូច​ជា​ការ​ដែល​ត្រូវ​ចំណាយ​តាម​ទីស្នាក់​ការ​ខេត្ត​គឺ​ត្រូវ​លុប​បំបាត់​ពី​ឆ្នាំ​ទៅ​ ដូច​ជា​មាន​ការ​លុប​បំបាត់​ទាំង​ស្រុង​តែម្តង»។​

នៅ​ក្នុង​លិខិត​របស់​លោក​សុន​ ឆ័យ​ផ្ញើរ​ជូន​លោក​ឡេង ប៉េងឡុង​ អគ្គ​លេខាធិការ​រដ្ឋ​សភា​បាន​បញ្ជាក់​ពី​ក្រុម​គ្រួសារ​សាច់​ញាតិលោក​មិត្ត ការ៉េន​ រួម​មាន​លោក​ហង្ស វិចិត្រ​ត្រូវ​ជា​កូន​ប្រសារ​របស់​លោក​បាន​កាន់​មុខ​តំណែង​ជា​អគ្គនាយក​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ។​

លោក​មិត្ត ទីមាន​ កូន​ប្រុស​បង្កើត​ជា​ប្រធាន​សវនកម្ម​ផ្ទៃ​ក្នុង​ និង​លោក​រ៉េន សុវឌ្ឍនា​ ជា​អនុ​ប្រធាន​នាយកដ្ឋាន​ហិរញ្ញ​វត្ថុ។​ ក្រៅពី​នោះ​ លោក​មិត្ត ការ៉េនបាន​តែង​តាំង​ក្មួយ ប្អូន​ថ្លៃ​ អតីត​ប្អូន​ថ្លៃ​ និង​កូន​ប្រសារ​ឲ្យកាន់​មុខ​តំណែង​សំខាន់ៗក្នុង​រដ្ឋសភា​ផ្នែក​គ្រប់​គ្រង​ថវិកាក្នុង​ស្ថាប័ន​នេះ។​

លោក​សុន ឆ័យ​មាន​ប្រសាសន៍​ថា​ មាន​ការ​បំប៉ោង​ចំណាយ​ខុស​ប្រក្រតី​ជាច្រើន​ក្នុង​ការ​ទិញ​សម្ភារៈ​សម្រាប់​ការិយាល័យ​ក្នុង​រដ្ឋសភា​ ចំណាយ​ក្នុង​វិស័យ​គមនាគម​ក្នុង​មួយ​ខែ​៤​ម៉ឺន​ដុល្លារ និង​ការ​ចំណាយ​លើ​ថ្លៃ​អ៊ីនធឺណែត​ខ្ពស់​ហួស​ពី​ការ​នឹក​ស្មាន​មិន​ដល់។​

លោក​និយាយ​ថា៖​«មាន​ថវិកាការ​ថែទាំង​អគារ ​និង​ប្រាសាទ​មាន​ដាក់​ពីរ​ បី​កន្លែង​ត្រួតៗ​គ្នា។​ ការ​ចំណាយ​នេះ​មិន​ដឹង​ជា​ការ​ថែ​រក្សា​បែប​ម៉េច​? មាន​ខ្ទង់​ចំណាយ​បេសក​កម្ម​ជាច្រើន​ដែល​ជាការ​កំណត់​ ក៏ប៉ុន្តែ​ចំនួន​បេសក​កម្ម​នោះ​មិន​ត្រូវ​ទៅ​តាម​ការ​ស្នើ​សុំ​ ដែល​ថវិកាសេស​សល់​ពី​ហ្នឹង​មិន​ដឹង​ទៅ​ទីណា»។

បុគ្គលិក​នៅ​ក្នុង​បញ្ជី​ផ្លូវ​ការ​របស់​រដ្ឋសភា​មាន​ចំនួន​១៣៥០​នាក់​និង​បុគ្គលិក​អណ្តែត​មាន​ប្រមាណ​ជិត​៥០០​នាក់។​ តែបើ​តាម​ធាតុពិត​មាន​បុគ្គលិក​មិន​ដល់​ប្រមាណ​ជាង​ពាក់​កណ្តាល​ផង​ទេ​បាន​មក​ធ្វើ​ការ​ ចំណែក​បុគ្គលិក​ផ្សេង​ទៀត​សុទ្ធ​សឹង​ជាបុគ្គលិក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មោច​ដែល​ត្រូវ​បាន​លោក​មិត្ត​ ការ៉េននិង​សាច់​ញាត្បំប៉ោង​ដើម្បី​លួច​បំបាត់​ថវិកាជាតិ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​សុន ឆ័យ។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំការ​ឆ្លើយតប​ពី​លោក​មិត្ត ការ៉េន​ អគ្គលេខាធិការ​រង​នៃ​រដ្ឋសភា​ តែ​មិន​អាច​ទាក់ទងបានទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ។​

ចំណែក​លោក​ឈាង​ វ៉ុន​ អ្នក​តំណាង​រាស្ត្រ​ និង​ជាអ្នក​នាំពាក្យ​រដ្ឋសភា​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ​ទេ។​

លោក​និយាយថា៖​«កុំ​សួរ​ខ្ញុំ​ ទុក​ឲ្យគាត់​ដោះ​ស្រាយ​គ្នា​គាត់​ទៅ»។​

បើ​ទោះ​បីជា​មាន​ការ​លេច​ឮ​ពី​អំពើ​ពុក​រលួយ​យ៉ាង​ធំ​ក្នុង​ស្ថាប័ន​រដ្ឋសភា​ត្រូវ​បាន​ល្បី​សុសសាយ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ​ ក៏​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​ដឹង​ដំណឹង​នេះ​នៅ​ឡើយ។​

លោក​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​បាន​ដាក់​សំណួរ​មកសួរអ្នក​សារ​ព័ត៌មាន​វិញថា ​ឲ្យលោក​ស៊ើប​អង្កេត​ពី​រឿង​អ្វី?​

លោក​និយាយ​ថា៖​«ឲ្យខ្ញុំ​ស៊ើប​អង្កេត​ពី​រឿង​អ្វី​ ដែល​ខ្ញុំ​មិន​ដឹង។ បាទ ​ឲ្យខ្ញុំ​ស៊ើប​អង្កេត​ពី​រឿង​អ្វី​ អូន​ប្រាប់​មក​ខ្ញុំ​មក»។​

នេះ​ជា​លើក​ដំបូងហើយ​ដែល​សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះជាតិ​បាន​ព្យាយាម​គាស់​កកាយ​រឿង​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​រដ្ឋសភា​មក​លាត​ត្រដាង​បន្ទាប់​ពី​បាន​ចូល​កាន់​មុខ​តំណែង។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​ឲ្យ​ដឹង​ថា​ អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​តូច​កើត​មាន​ជា​ទូទៅ​ក្នុង​វិស័យ​ឯកជន​ និង​វិស័យ​សាធារណៈ​ ឬ​ក្នុង​ស្ថាប័ន​រដ្ឋ​ ដែល​បង្ក​ឲ្យ​មាន​អយុត្តិធម៌​ និង​វិសមភាព​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់៕

XS
SM
MD
LG