មេដឹកនាំបក្សប្រឆាំងដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាគឺលោក កឹម សុខា នៅថ្ងៃចន្ទនេះ បានផ្ញើលិខិតរំលែកទុក្ខជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះមរណភាពរបស់ម្តាយក្មេករបស់លោកនាយករដ្ឋមន្ត្រី។ នេះបើយោងតាមសារដែលបានបង្ហោះតាមទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃចន្ទនេះ។
មិនទាន់ឃើញមានសារស្រដៀងគ្នានេះនៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី មេដឹកនាំ គណបក្សសង្គ្រោះជាតិម្នាក់ទៀតដែលកំពុងស្ថិតនៅក្រៅប្រទេសនោះនៅឡើយទេ បើគិតត្រឹមម៉ោង៨កន្លះយប់ថ្ងៃចន្ទដដែលម៉ោងនៅក្នុងប្រទេសកម្ពុជា។
ម្តាយក្មេករបស់លោក ហ៊ុន សែន គឺឧបាសិកា ប៊ុន ស៊ាងលី បានទទួលមរណភាពដោយសារជរាពាធក្នុងអាយុ៩៦ឆ្នាំនៅយប់រំលងអាធ្រាត្រចូលថ្ងៃទី៤ខែឧសភានេះ។
លោក កឹម សុខា បានសរសេរនៅក្នុងសាររបស់លោកផ្ញើជូនលោក ហ៊ុន សែន ថា៖ «មរណភាពរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជា ការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេងដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌»។
នៅក្នុងសារដដែលនេះ លោក កឹម សុខា ក៏បានសម្តែង«សេចក្តីសោកស្តាយ»ជាមួយលោកនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារទាំងអស់នៃសព«ដោយសេចក្តីសង្វេគក្រៃលែង»។
កន្លងមក លោក ហ៊ុន សែន ធ្លាប់បានផ្ញើសាររំលែកទុក្ខជូនលោក សម រង្ស៊ី ចំពោះមរណភាពម្តាយក្មេករបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ រីឯ លោក សម រង្ស៊ី ក៏ធ្លាប់ផ្ញើសាររំលែកទុក្ខជូនលោក ហ៊ុន សែន ដែរចំពោះមរណភាពឪពុករបស់លោកនាយករដ្ឋមន្ត្រី៕