ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​អហិង្សា​ថ្ងៃ​ដំបូង​បាន​បញ្ចប់​ដោយ​គ្មាន​ហិង្សា​និងគ្មាន​ការ​រំខាន​ធំដុំ


លោកសម រង្ស៊ី មេដឹកនាំ​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ថ្លែង​​ទៅ​កាន់​អ្នកគាំ​ទ្រ​​នៅទីលាន​ប្រជាធិបតេយ្យ​ ប្រឆាំង​លទ្ធផល​នៃការ​បោះឆ្នោត។​
លោកសម រង្ស៊ី មេដឹកនាំ​គណ​បក្ស​​សង្គ្រោះ​ជាតិ​​ថ្លែង​​ទៅ​កាន់​អ្នកគាំ​ទ្រ​​នៅទីលាន​ប្រជាធិបតេយ្យ​ ប្រឆាំង​លទ្ធផល​នៃការ​បោះឆ្នោត។​
មហាបាតុ​កម្ម​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះជាតិ​បាន​បិទ​បញ្ចប់​ទៅ​តាម​ការ​គ្រោង​ទុក​ដោយ​មិន​មាន​ប្រឈមនឹង​អំពើ​ហិង្សា​ និងមិនមាន​ការ​ដើរ​ហែក្បួន​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ទេ។

គណបក្ស​សង្គ្រោះជាតិ​បាន​កំណត់​យក​ថ្ងៃ​សៅរ៍​នេះ​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​ជាលើក​ដំបូង​ដោយ​អហិង្សាដើម្បី​ទាមទារ​ឲ្យរដ្ឋា​ភិបាល​ គណៈ​កម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ ​បង្កើត​គណៈ​កម្មការ​ឯក​រាជ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្រោយ​ការ​បោះ​ឆ្នោត​ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក។​

មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​ចំពោះ​ក្រុម​បាតុករ​ថា​ លោក​នឹង​ដាក់​ជីវិត​ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត ​ប្រសិន​ណា​បើ​ការ​ទាមទារ​របស់​ខ្លួន​បាន​ទទួល​បរាជ័យ។​

ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​បន្ទាប់​ពី​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​គ្រោង​នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ។​

លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ព្រមាន​គ.ជ.ប.​កុំ​ឲ្យប្រកាស​លទ្ធផល​បោះ​ឆ្នោត​ដរាប​ណា​ការ​ទាមទារ​ឲ្យបង្កើត​គណៈ​កម្មការ​ឯក​រាជ្យ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ។​

លោក​កឹម សុខា​បាន​សួរ​យោបល់​ប្រជា​ពលរដ្ឋ​ថា​ តើ​ត្រូវ​ធ្វើ​យ៉ាងណា​ ​ប្រសិន​ណា​បើ​គ.ជ.ប.​នៅ​តែ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នោះ ​ប្រជា​ពលរដ្ឋ​បាន​ឆ្លើយ​ព្រមៗ​គ្នា​ថា ​នឹងធ្វើ​មហា​បាតុកម្ម។​

លោក​បាន​និយាយ​ថា៖​ «បើ​គ.ជ.ប.​នៅ​តែ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​អ្វី?​ ធ្វើ​មហា​បាតុកម្ម?​ អ្នក​ណា​ចង់​ធ្វើ​មហា​បាតុកម្ម​លើក​ដៃ?»​

មហា​បាតុកម្ម​លើក​ដំបូង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​ថា​ នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​ពីរ​ម៉ឺន​នាក់​នោះ​ ចំនួន​នេះ​បាន​កើន​ឡើង​ទ្វេ​ដង​ ហើយ​បាន​ឈរ​ពេញ​ប្រៀប​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​តែ​ម្តង។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​បាតុករ​ ដែល​ក្នុង​នោះ​មាន​ព្រះ​សង្ឃ​ជាច្រើន​អង្គ​និមន្ត​មក​ចូល​រួម​ផងបាន​កាន់​បដារ រ​ កន្សែង​ចង​ក្បាល​ ទង់​សញ្ញា​គណបក្ស​ ទង់​សាសនា​ និង​ទង់​ជាតិ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជាគ្រវី​ចុះ​ឡើងៗ​ពាសពេញ​ទីលាន​ប្រជា​ធិបតេយ្យ។

បដារ​ទាមទារ​ទាំង​នោះបាន​សរសេរ​ថា៖​ «សន្លឹក​ឆ្នោត​ខ្ញុំ​ អាយុ​ជីវិត​ខ្ញុំ» ​«មាន​យុត្តិ​ធម៌​ មាន​សន្តិភាព»​ និង​ «តើសំឡេងខ្ញុំ​ នៅ​ឯណា?»​

ក្រុម​សមត្ថ​កិច្ច​ជាច្រើន​រាប់​ពាន់​នាក់​បាន​កាន់​ខែល ដំបង​ឆក់​ គ្រាប់​បែក​ផ្សែង​ និង​រថយន្ត​បាញ់​ទឹក​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំ​វិញ​សួន​ប្រជា​ធិបតេយ្យ​ និង​តាម​ផ្លូវសំខាន់ៗ​ ក៏​ប៉ុន្តែ​មិន​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​បាន​កើត​ឡើង​ទេ​ ដោយ​សារ​តែ​ការ​ធ្វើ​មហា​បាតុកម្ម​លើក​នេះ​បាន​ធ្វើ​ឡើង​ដោយ​អហិង្សា។​

មាន​ក្រុម​បាតុករមួយ​ចំនួន​ត្រូវ​បាន​ក្រុម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​និយាយ​ថាបាន​ដួល​សន្លប់​ដោយ​សារ​កំដៅ​ថ្ងៃ ​និង​ហ្វូង​មនុស្ស​ច្រើន​កុះ​ករ​ពេក។​

ក្រុម​អ្នក​ចូល​រួម ​ដែល​រួម​មាន​អ្នក​រង​គ្រោះ​ដោយ​សារ​ការ​ចាប់​យក​រំលោភ​ដី​ធ្លី​មក​ពី​តំបន់​បឹង​កក់​ បូរី​កីឡា​ សហគមន៍​ថ្មគោល​ សហជីព​កម្មករ ​និង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ព្រម​ទាំង​បណ្តា​ខេត្ត​មួយ​ចំនួន​ ព្រមទាំង​ព្រះ​សង្ឃ​និង​ខ្មែរ​ឥស្លាម​ត្រូវ​បាន​អនុញ្ញាត​ឲ្យថ្លែង​សារ​ម្នាក់​ម្តងៗ​ទៅ​កាន់​ក្រុម​បាតុករ។​

រាល់​ខ្លឹម​សារ​នីមួយៗ​ត្រូវ​បាន​ក្រុម​បាតុករទះដៃ​ និង​និយាយ​ដោយ​សំឡេងម៉ឹង​មាត់​ថា ​«ត្រូវ​តែ​ប្តូរ»។​ ប្តូរ​ដែល​ក្រុម​បាតុករ​ចង់​និយាយ​នេះ​ទំនង​ជា​មាន​ឆន្ទៈ​ចង់​ប្តូរ​មេដឹក​នាំ​បច្ចុប្បន្ន​ចេញ។​

«យើង​អត់​ខ្លាច​ទេ»។

លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែង​ប្រាប់​ក្រុម​បាតុករ​ថា​ មហា​បាតុកម្ម​នេះ​មិន​ទាន់​បញ្ចប់​ទេ។ ​ ប្រសិន​ណា​បើ​មិន​ដោះ​ស្រាយ​ ​នោះ​មហា​បាតុកម្ម​លើក​ក្រោយៗ​ទៀត​នឹង​ទាម​ទារ​ឲ្យមាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។

លោក​និយាយ​ថា៖​ «ខ្ញុំ​ព្រះ​ករុណា​ទូព្រះ​បង្គំ​ទាំង​អស់​គ្នាសម្រេចចិត្ត​បន្ត​ធ្វើ​មហា​បាតុកម្ម​អហិង្សាទូទាំង​ប្រទេស​ ជា​បន្ត​ទៀត​ រហូត​ដល់​មាន​ដំណោះ​ស្រាយ​ប្រកប​ដោយ​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត»។

មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​លើក​ដំបូង​នេះ​បាន​ដាក់​ចេញនូវ​ញត្តិ​ចំនួនបួន​ចំណុច​ធំៗ ​ដែល​ក្នុង​នោះ​រួម​មាន​មិន​ទទួល​ស្គាល់​លទ្ធផល​ណា​មួយ​ដែល​ចេញ​ដោយ​គ.ជ.ប.​ និង​ទទូច​ដល់​ព្រះ​មហា​ក្សត្រ​ឲ្យជួយ​ព្រះ​រាជ​អន្ត​រាគមន៍ដើម្បី​រក​ដំណោះ​ស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត។​ក៏​ប៉ុន្តែ​គ.ជ.ប.​បាន​ប្រកាស​ថា ​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោតនឹង​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG