ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​ស្គាល់​ការ​ម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ព្រហស្បតិ៍

  • សុខ ខេមរា

ព្រះសង្ឃ​បោះឆ្នោត​នៅការិយាល័យ​បោះឆ្នោត​នៅ​វត្តឋាន​ ភ្នំពេញ។​
គណបក្ស​ជំទាស់​បាន​ច្រាន​ចោល​ការ​សម្រេចរបស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អំពី​រឿង​ដាក់​ទោស​ទណ្ឌ​មន្ត្រី​បោះឆ្នោត​ថ្នាក់​មូលដ្នាន​ផង​ ហើយនឹង​ការ​សម្រេច​អំពី​លទ្ធផល​បោះឆ្នោត​នៅ​កន្លែង​មាន​ពាក្យ​បណ្តឹង​ផង​ ដោយ​ចាត់ទុក​ថា នេះ​ជា​ការ​សម្រេច​មាន​លក្ខណៈ​នយោបាយ​លម្អៀងទៅរក​គណបក្ស​កាន់​អំណាច។​

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេចដាក់ទោស​ទណ្ឌ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ចំនួន​៧​ការិយាល័យ​ក្នុងខេត្ត​សៀមរាប​ ដែលធ្វើ​ឲ្យមាន​ការ​ខុសឆ្គង​ក្នុង​ពេល​បោះឆ្នោត។ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​តម្កល់​លទ្ធផល​នៃការ​បោះឆ្នោត​នៅ​ការិល័យ​ទាំង​នោះ ​ទៅតាម​ការ​ប្រកាស​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​ ការ​សម្រេច​នេះ​ជាការ​បញ្ជាក់​ពីការ​ទទួល​ស្គាល់​ថា ​មាន​ភាព​មិន​ប្រក្រតី​ តែគ្មាន​ការ​សើរើ​ឲ្យ​បោះឆ្នោត​ឡើង​វិញ ​ឬ​មិនទាន់​គិត​យ៉ាង​ម៉េច​អំពី​ការ​ប្រែប្រួល​សន្លឹក​ឆ្នោត​ទេ។​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​យឹម សុវណ្ណ​ចាត់​ទុក​ថា ​នេះ​ជា​ការ​សម្រេចផ្នែក​នយោបាយ​ និង​លម្អៀងទៅរក​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​និយាយថា៖​ «យើង​អត់ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ ​ ​ហើយ​យើង​មិន​ទទួល​ស្គាល់​សេចក្តី​សម្រេចរបស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​សម្រេចក្នុង​ហេតុ​ផល​នយោបាយ​បែប​នេះ​ទេ»។​

លោក​ថ្លែង​ថា​ គណបក្ស​របស់​លោក​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន​មាន​ជា​ប្រព័ន្ធ​ដែល​បម្រើ​គណបក្ស​កាន់​អំណាច​ រាប់ទាំង​ការ​រក​ឃើញ​អំពី​រឿង​របើក​កញ្ចប់​សុវត្ថិភាព​ ​មាន​ការ​ដូរ​តួលេខ​ចំនួន​សន្លឹកឆ្នោត​ផង​ដែរ​ដែល​រឿងនេះ​លោក​ថា ​មិនទាន់​គិត​ដល់​ការ​បាត់ឈ្មោះ​ជាង​មួយ​លាន​ពីរ​សែន​នាក់​ និង​ភាព​លម្អៀង​នៃ​ប្រព័ន្ធ​ឃោសនា ​និង​ការ​ចេញ​បណ្ណ​បោះឆ្នោត​មិន​ប្រក្រតីផង​ទៀត។​

លោក​ថ្លែង​ថា ​ការ​សម្រេចដាក់ទោស​ទណ្ឌ​មនុស្ស​ម្នាក់ ​ពីរនាក់​មិនគ្រប់​គ្រាន់​ទេ ​ពីព្រោះ​ការ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​នេះ​គឺ​ប៉ះពាល់​ដល់​ជីវិត​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស។

លោក​បន្តថា៖​ «កំហុស​បច្ចេក​ទេស​ បើ​ទៅ​លើ​យន្តហោះ​មួយ​ធ្លាក់​ មាន​មនុស្ស​ស្លាប់​តែ​២០០​ទៅ​៣០០​នាក់​ទេ​ តែ​កំហុស​បច្ចេកទេស​ទៅ​លើ​ការ​បោះឆ្នោត​គឺ​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​រាប់លាន​នាក់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ ​បាត់បង់​ជីវិត​ដោយសារ​តែ​ភាព​ក្រីក្រ ​ការ​ខ្វះខាត​គ្រប់បែប​យ៉ាង​ និង​អំពើ​ពុករលួយ។​ ដូច្នេះ​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ យើងត្រូវ​តែ​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ ជូន​ម្ចាស់​ឆ្នោត»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្តឹង​ទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់​គណ:​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​១៦​ខែ​សីហាដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​១៦​ក្នុង​ស្រុក​ស្វាយ​លើ​ និង​ស្រុក​វ៉ារិន​ ខេត្ត​សៀមរាប ​ដោយសារ​គណបក្ស​ជំទាស់លើក​ឡើង​ថា​ មាន​ការ​គៀងគរ​និង​ដឹក​ជញ្ជូន​ទាហានពី​តំបន់​ព្រំដែន​ឲ្យ​មក​បោះ​ឆ្នោត​ក្នុង​ការិយាល័យ​ទាំង​នេះ។​ គណបក្ស​នេះ​ក៏បាន​ទាមទារ​ឲ្យ​គ.ជ.ប.​ពិនិត្យ​ផ្ទៀង​ផ្ទាត់​និង​រាប់​សន្លឹក​ឆ្នោត​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​២០០​និង​ស្នើ​ឲ្យ​គ.ជ.ប. ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​ចំនួន​១១​ការិយាល័យ​ទៀត។​

នៅ​ក្នុង​បណ្តឹង​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ​មាន​ភាព​មិន​ប្រក្រតី​«ធ្ងន់ធ្ងរ​ក្នុង​ការ​បោះឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត»​ដែល​នាំ​ឲ្យ​ប៉ះពាល់​លទ្ធផល​ឆ្នោត​ដែល​ខ្លួន​គួរ​ទទួល​បាន​ជ័យជម្នះ។​

​នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទទួល​ស្គាល់​ថា​ ការ​ដឹក​ជញ្ជូន​កងទ័ព​ដោយ​ប្រើ​រថយន្ត​យោធា​មក​បោះឆ្នោត​គឺ​ជា​ការ​បំពាន​លើ​បទ​បញ្ជា ​និង​នីតិវិធី​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​និតិកាល​ទី​៥។ ​ប៉ុន្តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​សម្រេច​ពី​ការ​ផ្តន្ទាទោស​លើ​កំហុស​នេះ​យ៉ាងណា​នោះ​ទេ​ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ គ.ជ.ប.​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ទាក់​ទង​នឹង​បញ្ហា​នេះ។​

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​លើក​ហេតុផល​ថា​ មន្ត្រី​គណបក្ស​ជំទាស់​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ភាព​មិន​ប្រក្រតី​ និង​អំពី​កំហុស​មន្ត្រី​បោះឆ្នោត​ទេ។​ កាលពី​ចុងខែ​សីហា​មាន​ការ​បើក​កញ្ចប់​សុវត្ថិភាព​«ក»​ចំនួន​១២​ក្នុង​ខេត្ត​សៀមរាប​ ដោយ​គ.ជ.ប. ​ដោយ​មាន​កញ្ចប់​ចំនួន​ប្រាំ​មួយ​មិន​បាន​បិទ​ជិត​និង​កញ្ចប់​មួយ​បាន​រហែក។​ ប៉ុន្តែ​ការណ៍​នេះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ថា​ វា​មិន​បាន​ធ្វើ​ឲ្យ​ប្រែប្រួល​លទ្ធផល​បោះ​ឆ្នោត​នោះ​ទេ។​ មួយ​វិញ​ទៀត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​រកឃើញ​បាតុភូត​ដែល​ប៉ះពាល់​ដល់​ភាព​សម្ងាត់​ និង​សេរី​នៃ​ការ​បោះឆ្នោត​ឡើយ។​

លោក​ជៀម យៀប​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ​បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ជំទាស់​ ដោយ​លោក​ចាត់ទុក​ថា​ ការ​សម្រេចរបស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជាការ​សម្រេចតាម​ផ្លូវ​ច្បាប់។​

លោក​និយាយថា៖​ «ខ្ញុំសូម​ជម្រាបលោក​ថា ​គណបក្ស​ប្រជាជន​កម្ពុជា ​បើ​ចេះ​ក្លែងបន្លំ​មែន​ គឺក្លែង​បន្លំ​យក​១២០​កៅអី​ ទុក​ឲ្យ​គាត់​(គណបក្ស​ជំទាស់)​តែ​បី​កៅ​អីទេ​ ចែក​គ្នា​ទៅ!​ យើង​មើល​ឃើញ​ទាំងអស់គ្នា​ទៅ!​ ​ក្លែងបន្លំ​ស្អី? បើមាន​អ្នក​សង្កេត​ការណ៍​ មាន​សហគមន៍​អន្តរជាតិ​ សង្គម​ស៊ីវិល​គ្រប់​បែប​យ៉ាង​ទាំងអស់​ ហើយ​គណបក្ស​នយោបាយ​នីមួយៗ​មាន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​ ហើយ​ទទួល​ខុសត្រូវ​គ្រប់​បែប​យ៉ាង។ ​ហើយ​កន្លែង​ណា​ទៅ?​ លួច​សន្លឹក​ឆ្នោត។ ​អាហ្នឹង​សុទ្ធ​តែ​ជា​មហិច្ចតា​របស់​គណបក្ស​ជំទាស់»។​

លោក​ថ្លែង​ថា ​គណបក្ស​ជំទាស់​បង្កើត​រឿង​បាតុកម្ម​នេះ​ដើម្បី​ទាមទារ​ជ័យ​ជម្នះ​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ជាអ្នក​ឈ្នះ។​

លោក​បន្តថា៖​ «តែគ្រាន់​តែ​ថា ​វប្បធម៌​ដែល​គាត់​ចង់ឈ្នះ​នោះ​គឺ​ថា ​គាត់​ចេះ​តែ​ធ្វើ​គ្រប់​បែប​យ៉ាង​អញ្ចឹង​ទៅ​ អស់ពីនេះ​ទៅនោះ​ អស់ពី​នោះ​ទៅនេះ»។​

លោក​បាន​ទទូច​ថា​ គណបក្ស​ជំទាស់​គួរ​ទទួល​ស្គាល់​ការ​សម្រេចរបស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ហើយ​បញ្ឈប់​បាតុកម្ម​តវ៉ា។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​និចហ្វិច​គឺលោក​សម គន្ធាមី​បាន​អះអាង​ថា​ ការ​សម្រេចនេះ​មិន​បាន​ពិនិត្យ​មើល​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន​សមរម្យ​ទេ ​ហើយ​ការ​ស៊ើប​អង្កេត​និង​ការ​សាកសួរ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​អត់​បាន​ស៊ី​ជម្រៅដែរ។​

លោក​និយាយថា៖​ «អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​សវនាការ​ ខ្ញុំឃើញ​តែ​តំណាង​គ.ជ.ប. ​ហើយ​ដើម​បណ្តឹង​ហ្នឹង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង។ ​ហើយ​ក្រៅពី​ហ្នឹង​ អត់មាន​ជា​សាក្សី​អី​ផ្សេង​ដែល​មក​បំភ្លឺ​ពាក់ព័ន្ធ​នឹង​កំហុស​ ឬ​ការងារ​កំហុស​បច្ចេក​ទេស​ឬ​ការងារ​កំហុស​ឆ្គង​របស់​មន្ត្រី ​ដូចអត់​បាន​មក​បកស្រាយ​ពី​កំហុស​ណាមួយ​ឲ្យ​បាន​ច្បាស់លាស់​ទេ»។​

គ.ជ.ប.​ទំនង​ជា​នឹង​ចុះស៊ើប​អង្កេត​ដាក់ទោស​ទណ្ឌ​មន្ត្រី​ទាំង​ប្រាំពីរ​ការិយាល័យ​នៅ​ខេត្ត​សៀមរាប ​និងខេត្ត​ក្រចេះ​ផង​ដែរ​ ដែល​ក្នុង​មួយ​ការិយាល័យៗ​មាន​ប្រាំ​មួយ​នាក់។​ តែ​គ្មាន​ដំណឹង​ថា ​តើមន្ត្រី​ប៉ុន្មាន​នាក់​ មន្ត្រី​ កម្រិតណា​ត្រូវ​ទទួល​ទោស​ទេ។​ តាម​ច្បាប់​កម្ពុជា ​មន្ត្រី​ទាំង​នោះ​អាច​ទទួល​ទោស​ផាក​ពិន័យ​ជាទឹក​ប្រាក់ពី​ប្រាំទៅ​១០​លាន​រៀល​ ឬ​ជាប់​ទោស​ព្រហ្មទណ្ឌ​ ប្រសិន​បើ​រក​ឃើញ​ថា​ មាន​ចេតនា​ក្លែងបន្លំ​ ពេល​បោះឆ្នោត​មែន។​

ទោះជា​យ៉ាងណា​ក៏​ដោយ ​អ្នកវិភាគ​ខ្លះ​បាន​អះអាង​ថា​ ការ​ដាក់​ទោស​មន្ត្រី​តែ​មិន​គិត​ពី​ចំណាត់​ការ​រឿង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជា​រឿង​មិន​អស់​ចិត្ត​ទេ​សម្រាប់​អ្នក​បោះឆ្នោត​និង​គណបក្ស​ជំទាស់។​

ការ​បោះឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា​ដែល​មាន​ការ​ចោទ​ប្រកាន់​ពីរឿង​លួច​បន្លំ​ដ៏​ធ្ងន់ធ្ងរនោះ​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឈ្នះ​បាន​៦៨​អាសនៈ​ក្នុង​ចំណោម​អាសនៈ​១២៣​ក្នុង​រដ្ឋសភា​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​បាន​៥៥​អាសនៈ។​ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​ ខ្លួន​ឈ្នះ​បាន​អាសនៈ​៦៣។​

គណបក្ស​ជំទាស់​គំរាម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅថ្ងៃ​ទី៧ខែ ​កញ្ញា​ខាងមុខ​ដើម្បី​ទាមទារ​យុត្តិធម៌​ពីការ​បោះឆ្នោត ​នៅពេល​ខ្លួន​មិន​ទុក​ចិត្ត​ការ​ដោះស្រាយ​បណ្តឹង​ដោយ​គ.ជ.ប.​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​និង​ការ​ដែល​គណបក្ស​នេះ​មិន​អាច​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​ស្ថាប័ន​ឯករាជ្យ​ដែល​ចូលរួម​ពី​អ.ស.ប.​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន ប្រក្រតី​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG