ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ​នយោបាយ៖​គម្រោង​បាតុកម្ម​ ស្មិងស្មាធិ៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​ជំហាន​ទៅ​រក​ការចរចា

  • ហេង រស្មី

លោក​កឹម សុខា​ អនុ​ប្រធាន​​​គណបក្សសង្គ្រោះជាតិ​ជួបជាមួយ​អ្នកគាំទ្រ​​នៅក្រុង​តាខ្មៅ។​
បន្ទាប់​ពី​ការ​បន្ទន់​ឥរិយា​បទ​ក្នុង​គម្រោង​ដឹកនាំ​ធ្វើ​មហាបាតុ​កម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រុម​អ្នក​តាម​ដាន​សភាព​ការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​យល់​ឃើញ​ថា​ គណបក្ស​ប្រឆាំង​ដែល​កើន​ប្រជាប្រីយ៍ភាព​ក្នុង​ការ​បោះ​ឆ្នោត ​ទំនង​ជា​បោះ​ជំហានទៅ​រក​តុ​ចរចាជាមួយ​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញនេះ​គណបក្ស​ប្រឆាំង​បាន​បន្ទន់​ឥរិយាបទ​ក្នុង​គម្រោង​ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ ដូចជា​ការ​ធ្វើ​ពិធីស្មិង​ស្មាធិ៍ និង​សមាធិ​សុំ​សន្តិភាព​វិញ ​ដើម្បី​ជំរុញរដ្ឋាភិបាល​បង្កើត​គណៈ​កម្ម​ការ​ឯក​រាជ្យ​មួយ​ដើម្បី​ស្រាវ​ជ្រាវ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត។​

ពិធីស្មិង​ស្មាធិ៍​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៧​ខាង​មុខ​នេះ​មិន​អនុញ្ញាត​ឲ្យ​មាន​កាន់​ដំបង​ ឬ​ឧបករណ៍​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុង​ហ្វូង​បាតុកម្ម​ឡើយ​គឺ​ក្រុម​បាតុករ​អាច​កាន់​ផ្កាឈូក ​និង​ធូបទៀន​តែ​ប៉ុណ្ណោះ។​

លោកអ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មើល​ឃើញ​ថា​ ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​វិធី​ស្មិង​ស្មាធិ៍នេះ​ជា​សញ្ញាណ​មួយ​របស់​គណបក្ស​ប្រឆាំង​ដើម្បី​ចូល​រួម​តុចរចាជា​មួយ​គណបក្ស​គ្រប់​គ្រង​អំណាច។​

លោក​បាន​បញ្ជាក់​ថា ​តាម​លោក​បាន​ដឹង​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​គ្រប់​គ្រង​ស្ថាប័ន​រដ្ឋ​សភា​ និង​ចង់ឲ្យ​មាន​មន្ត្រី​របស់​ខ្លួន​នៅ​ក្នុង​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត ​ក៏ប៉ុន្តែ​មិន​មាន​បំណង​បង្កើត​រដ្ឋាភិបាល​ចម្រុះជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។​

លោក​និយាយ​ថា៖​«ខ្ញុំ​ចង់មាន​អញ្ចឹង​តាំង​ពី​ដើម​មក​ម៉្លេះ​ តាំង​ពី​៣ទៅ​៤​អាទិត្យ​មុន​មក​ម៉្លេះ។ ​ខ្ញុំ​និយាយ​ថា ​ការ​ជំរុញឲ្យ​មាន​ការ​និយាយ​គ្នា​គឺ​ជារឿង​មួយ​ល្អ​ណាស់។​អញ្ចឹង​គឺជា​ពេល​វេលា​មួយ​ដ៏ល្អ​បំផុត​សម្រាប់​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​ទាំង​ពីរ​ជួប​ជុំ​គ្នា។​ ក៏​ប៉ុន្តែ​ទោះបី​យ៉ាង​ណា​ក៏ដោយ​ក៏​អត់​ទាន់​យឺត​ពេល​ដែរ។ ​ខ្ញុំ​មើល​ទៅនៅ​តែ​អាច​ជួប​គ្នា​បាន​ដដែល»។​

គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​បាន​ដឹកនាំ​ប្រទេស​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ហើយ​ ​ហើយ​ប្រសិន​ណា​បើ​គណបក្ស​នេះ​នៅ​បន្ត​ដឹកនាំ​ប្រទេស​ទៀត​ ​នោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នឹង​ក្លាយ​ទៅជា​មេ​ដឹក​នាំយូរ​ឆ្នាំ​ជាង​គេ​ក្នុង​សកល​លោក។​

លោកហង្ស​ ពុទ្ធា ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​មួយ​ឈ្មោះ​នីចហ្វិក ​បាន​បញ្ជាក់​ថា​ ប្រវត្តិ​សាស្ត្រ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទោះ​បីជា​មាន​ជម្លោះរហូត​ដល់​ពេល​ខ្លះ​បានប្រើ​អាវុធ​ដោយ​សារ​និន្នាការ​នយោបាយ​ខុស​គ្នា​ក៏​ដោយ ​តែ​ចុង​ក្រោយ​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​មាន​ការ​សម្រប​សម្រួល​ចរចា​គ្នា។​

លោក​បញ្ជាក់​ថា​ បទ​ពិសោធន៍នេះ​និង​ភាព​ជូរ​ចត់​របស់​កម្ពុជា​បាន​ធ្វើអ្នក​នយោបាយ​ងាក​ទៅ​រក​ការ​គិត​គូរ​សុវត្តិ​ភាព​ប្រជា​ពលរដ្ឋ​ជាចម្បង។​

លោក​និយាយ​ថា៖​ «ការ​បន្ទន់​នេះ​អាច​ឈាន​ទៅរក​ភាព​ត្រូវ​រ៉ូវ​គ្នា​ទោះ​បីជា​ភាគី​ទាំង​ពីរ​បាន​ដំឡើងនូវ​កម្លាំងឬ​ក៏​សម​យុទ្ធនៃ​កម្លាំងរបស់​ខ្លួន​ក៏ដោយ។ ​ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ ​ខ្ញុំ​គិត​ថា​ នេះ​គ្រាន់​តែ​ជា​ការ​បង្ហាញ​ដាក់​គ្នា​ប៉ុណ្ណោះ ​ហើយ​បញ្ហា​សំខាន់​គឺពលរដ្ឋ​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ទាំង​ពីរ​រួច​ហើយ»។​

លោកបណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​មួយ​រូប​បាន​មាន​ប្រសាសន៍ថា ​ការ​បន្ទន់​ឥរិយាបទ​របស់​គណបក្ស​ប្រឆាំង​ជុំវិញ​ការ​ធ្វើ​មហា​បាតុកម្ម​អាច​ជា​ការ​បង្ខិត​បង្ខំ​របស់​គណបក្ស​គ្រប់​គ្រង​ប្រទេសទទួល​យក​រូប​មន្ត​ និង​ដំណោះ​ស្រាយ​ជាពិសេស​រឿង​លទ្ធផលបោះ​ឆ្នោត។​

លោក​មាន​ប្រសាសន៍​ថា៖​ «ទី​១​ដើម្បីមាន​ការ​ដោះស្រាយ​វិវាទ​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ពាក់​ព័ន្ធនឹង​ការ​បោះឆ្នោត​ហ្នឹង។ ​នេះ​ជា​ដំណោះ​ស្រាយ​ដំបួង ហើយ​ជាយថាហេតុ​ វា​ទៅ​រក​ការ​បង្កើត​រដ្ឋ​សភា​ និង​រដ្ឋា​ភិបាល​ថ្មី»។​

លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ច្រាល​ចោល​ការ​លើក​ឡើង​ទាំង​ឡាយ​របស់​ក្រុម​អ្នក​វិភាគ​នយោបាយ។​ លោក​នៅ​តែ​អះអាង​ថា​គណបក្ស​ប្រឆាំង​មិន​បាន​បន្ទន់​ឥរិយា​បទ​ទេ​ ហើយ​នៅ​តែ​ប្រកាន់​ជំហរ​ថា​ នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ទាមទារ​រក​យុត្តិ​ធម៌​ដដែល។​

លោក​និយាយ​ថា៖​«យើង​អត់​មាន​បន្ទន់​ឥរិយា​បទ។​ យើង​អត់​មាន​ប្តូរ​ទេ ​បាតុកម្ម​នៅ​តែ​បាតុកម្ម​ដដែល។​ ប៉ុន្តែ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​របៀប​បាតុកម្ម​ យើង​មាន​ធ្វើ​ពិធី​បួង​សួង​សុំសន្តិភាព ​និង​យុត្តិធម៌​ ដើម្បី​ទាមទារឲ្យ​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ គឺដដែល​ទាំង​អស់​ អត់​មាន​អ្វី​ទេ។​ អញ្ចឹង​ហើយ​បាន​ជាការ​ស្តាប់​ច្រឡំ​ស្មាន​តែ​យើង​ដូរ»។​

ក្រុម​ការ​ងារ​នៃ​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួប​គ្នា​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ដើម្បី​ស្វះស្វែង​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត។​ ក៏​ប៉ុន្តែ​ជំនួប​ទាំង​ពីរ​លើក​នេះ​បាន​ពើប​ប្រទះបរាជ័យ។​

លោកជាម យៀប​ សមាជិក​អចិន្ត្រៃយ៍នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍ថា​ មិន​ទាន់​មាន​ជំនួប​សារ​ជាថ្មី​នៃ​គណបក្ស​ទាំងពីរ​នៅ​ឡើយ​ទេ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ក្រោយ​ការ​បោះ​ឆ្នោត៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG