ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ចប់​ការ​ដោះស្រាយ​បណ្តឹង​បក្ស​ប្រឆាំង ហើយ​បើក​ភ្លើង​ខៀវ​ឱ្យ​គ.ជ.ប​ប្រកាស​លទ្ធផល​ឆ្នោត

  • គង់ សុឋានរិទ្ធ

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​​នៃ​ប្រទេស​កម្ពុជា​​ក្នុងវិមាន​​រដ្ឋចម្ការ​មន។
ភ្នំពេញ៖ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​ទាត់​ចោល​បណ្តឹង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​បន្ថែម​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះនៅ​ពេល​ដែល​មន្ត្រី​គណបក្ស​ជំទាស់​ដើរ​ចេញ​ពី​សវនាការ។

គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ប្តឹង​ទៅ​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​កណ្តាល​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ដ្រ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

ក្នុង​បណ្តឹង​នោះ​គណបក្ស​ជំទាស់​ បាន​លើក​ពី​ការ​បិទ​ការិយាល័យ​បោះឆ្នោតមួយ​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ​ក្រោយ​ពី​បាន​ចាប់​ផ្តើម​បោះ​ឆ្នោត​បាន​បន្តិច​នៅ​ពេល​ព្រឹក​ដែល​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ជិត​២០០​នាក់​មិន​បាន​បោះឆ្នោត។ ​ក្រៅ​ពី​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ពី​ការ​បន្លំ​សន្លឹក​ឆ្នោត​បាន​ការ ​សុំ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ ​និង​ទាមទារ​ឲ្យ​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​មិន​បាន​ការ​ឡើង​វិញ​ក្នុង​ការិយាល័យ​បោះឆ្នោត​ចំនួន​៧២។
ក្រោយពី​សវនាការ​រយៈ​ពេល​មួយ​កំណាត់​ថ្ងៃ​លោក​ឯក ​សំអុល​ ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ទាត់​ចោល​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

«មាត្រា​មួយ​ទទួល​ពាក្យ​បណ្តឹង​របស់​ឯកឧត្តម​អេង ​ឆៃអ៊ាង ចុះ​ថ្ងៃ​ទី​១៩​ខែសីហា​ឆ្នាំ​២០១៣ទុក​ជា​ត្រឹម​ត្រូវ​តាម​ទម្រង់​ច្បាប់។ ប៉ុន្តែ​បដិសេធ​ចោល​ដោយ​ខុស​នឹង​គតិ​ច្បាប់»។​

លោក​ឯក ​សំអុល ​បាន​បញ្ជាក់​ពី​ការ​សម្រេច​នេះ​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​យល់​ឃើញ​ថា​មាន​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ចំនួន​ច្រើន​ក្នុង​ខេត្ត​កណ្តាល មិនមាន​ករណី​អសន្តិសុខ​និង​អំពើ​ហិង្សា​ក្នុង​ការ​បោះឆ្នោត​ ពលរដ្ឋ​ទៅបោះ​ឆ្នោត​ដោយ​សេរី​ ហើយ​បណ្តឹង​ពី​គណបក្ស​ជំទាស់​មិន​បាន​បង្ហាញ​ភស្តុតាង​ច្បាស់​លាស់​ជាដើម។

នេះ​គឺ​ជា​ការ​បើក​សវនាការ​ទី​បួន​និង​ចុង​ក្រោយ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លើ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​ការ​សម្រេច​ក្តី​ក្នុង​សវនាការ​ទាំង​បួន ​ស្ថាប័ន​នេះ​បាន​សម្រេច​ទាត់​ចោល​បណ្តឹង​គណបក្ស​ជំទាស់​ចំនួន​ពីរ​គឺ​បណ្តឹង​ក្នុង​ខេត្ត​កណ្តាល​និង​ខេត្ត​បាត់ដំបង​ និង​បង្គាប់​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ទទួល​ខុស​ត្រូវ​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន​១៥​គឺ​នៅ​ខេត្ត​ក្រចេះ​ចំនួន​ប្រាំបី​ការិយាល័យ​និង​នៅ​ខេត្ត​សៀមរាប​ចំនួន​ប្រាំ​ពីរ​ការិយាល័យ។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ទណ្ឌកម្ម​លើ​មន្ត្រី​ទាំង​នោះ​មាន​អ្វី​ខ្លះ​នោះ​ទេ។

លោក​អេង ​ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​និង​ជា​តំណាង​ដើម​បណ្តឹង​រួម​ជា​មួយ​ក្រុម​មេធាវី​របស់​ខ្លួន​បាន​ដើរ​ចេញ​ពី​សវនាការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

លោក​អេង​ ឆៃអ៊ាង​ និយាយ​ទៅ​កាន់​អ្នក​កាសែត​ថា​លោក​មិន​មាន​ជំនឿ​ពី​លទ្ធផល​ល្អ​នៃ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទេ។

«ពី​ព្រោះ​សវនាការ​បីក​រណី​មក​ហើយ​នេះ​អត់​មាន​អី​ជា​ផ្លែ​ផ្កា​ទេ»។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​លោក​មាន​ សាទិ​ សមាជិក​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គជប)​ចាត់​ទុក​ថា​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​ដែល​ទទួល​រង​ការ​រិះគន់​ពី​គណបក្ស​ជំទាស់​នេះ​ ថា​មាន​យុត្តិធម៌។​

«ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ធ្វើ​ទៅ​តាម​ច្បាប់​និង​តាម​ភាព​ឯករាជ្យ​របស់​គាត់​ដែល​មាន​យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ»។​

យ៉ាង​ណា​ក៏​ដោយ​នៅ​ថ្ងៃ​នេះ​គណៈ​កម្មាធិការ​ប្រព្រឹត្តកម្ម​ដែល​ជា​បណ្តុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​ស្តី​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​កន្លង​ទៅ​នេះ។​ ភាព​មិន​ប្រក្រតី​ដែល​អង្គការ​ទាំង​នោះ​បាន​រក​ឃើញ​ដូចជាមាន​ឈ្មោះ​អ្នក​បោះឆ្នោត​ស្ទួន​ចំនួន​ជាង​៣០​ម៉ឺន​នាក់​ ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ​អាច​លុបជ្រះ ​មាន​ការ​បិទ​ការ​ផ្សាយ​វិទ្យុ​ABC​ ក្នុង​ស្រុក​ជា​ភាសា​ខ្មែរ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​និង​អំឡុង​ពេល​បោះឆ្នោត​ជាដើម។

លោក​គល់ ​បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ហៅ​កាត់​ថា​ខុមហ្វ្រែល​លើក​ឡើង​ថា​គជប​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​បញ្ហា​ទាំង​នេះ​មុន​នឹង​សម្រេច​ក្តី​នោះ​ទេ។

«ដោយ​សារ​យើង​មើល​ឃើញ​ថា​ទាំង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​គជប ​មិន​បាន​ធ្វើ​កិច្ចការ​ដែល​សំខាន់​មួយគឺ​ការ​ស្រាវ​ជ្រាវ​និង​អង្កេត​ប្រមូល​ភស្តុតាង​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​នឹង​ធ្វើ​ការ​វិនិច្ឆ័យ។​បើ​គ្រាន់​តែ​ធ្វើ​សវនាការ​ហើយ​មើល​តែ​របាយការណ៍​និង​ស្តាប់​ការ​ជជែក​គ្នា​នេះ​មិន​បាន​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ការ​វិនិច្ឆ័យ​មួយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ»។​

​សូមប​ញ្ជាក់​ថា​សវនាការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​សុក្រ​នេះ​លើ​បណ្តឹង​ចុង​ក្រោយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​បើក​លទ្ធភាព​ឲ្យ​គជប​ ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​នៅ​ថ្ងៃ​អាទិត្យ​ទី​៨​ខែ​កញ្ញាបាន​ដោយ​មិន​មាន​ឧបសគ្គ​ដោយ​សារ​បណ្តឹង​នានា​ត្រូវ​បាន​ដោះស្រាយ​រួច​រាល់។នេះ​បើ​យោង​តាម​មន្ត្រី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​មន្ត្រី​គជប៕
XS
SM
MD
LG