ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​សង្គ្រោះជាតិ​បញ្ចប់​ការហាត់​ធ្វើបាតុកម្ម​អហិង្សា

  • ហេង រស្មី

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​អង្គុយ​ជាជួរ​ក្នុងការ​ហាត់​ធ្វើ​បាតុកម្ម​អហិង្សា។​
គណបក្ស​ប្រឆាំង​បាន​បិទ​បញ្ចប់​ការ​បង្ហាត់​បង្រៀន​ប្រជា​ពលរដ្ឋ​ឲ្យចូល​រួម​ធ្វើ​មហា​បាតុកម្មនៅ​ថ្ងៃ​ពុធ​នេះ​គឺ​បាន​កើត​ឡើង​មុន​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃ​សៅរ៍ខាង​មុខ​នេះ។​

មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​តែ​ជាង​៣​ពាន់​នាក់​តែ​ប៉ុណ្ណោះ​ហ្វឹក​ហាត់​មហា​បាតុកម្ម​នេះ។​ ហើយ​ចំនួន​នេះ​បាន​ថយ​ចុះ​បើ​ប្រៀប​ធៀប​ការ​ថ្លែង​សុន្ទរកថា​របស់​មេដឹក​នាំ​ទាំង​ពីរ​នៃ​គណបក្សកាល​ពី​លើក​មុនៗ។​

លោកសម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ បាន​អំពាវ​នាវ​ឲ្យប្រជា​ពលរដ្ឋ​ចូល​រួម​ឲ្យបាន​ច្រើន​ថែម​ទៀត​ក្នុង​មហា​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៧​ខាងមុខ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ។

លោក​បាន​និយាយ​ថា៖​ ​«បើ​អត់​យល់​ព្រមទេ​ ​ចេញ​មក! ​ចេញ​ឲ្យច្រើន ​នៅ​ថ្ងៃទី​៧​ខាង​មុខ​នេះ​ដើម្បី​បង្ហាញ​ថា​ យើង​អត់​យល់​ព្រម​ទេ ​លទ្ធផល​ក្លែង​បន្លំ​ លទ្ធផល​អយុត្តិ​ធម៌។ ​យើង​អត់​យល់​ព្រម។​ យើង​អត់​សុខចិត្ត​ទេ។​ យើង​ចង់​ឲ្យគេ​លាត​ត្រដាង​ការណ៍​ពិត»។​

ប្រជា​ពលរដ្ឋ​ដែល​បាន​ចូល​រួម​ហ្វឹក​ហាត់​សម​ធ្វើ​មហា​បាតុកម្ម​នេះ​ត្រូវ​បាន​ដាក់​ឲ្យអង្គុយ​យ៉ាង​មាន​របៀប​រៀប​រយ​ជាជួរៗ​ដោយ​មាន​ខ្សែចង​ព័ទ្ធ​ជុំវិញ។​

ក្រុម​អ្នក​ចូល​រួម​បាន​កាន់​ផ្កាឈូក​ និង​មាន​ចង​ក្រណាត់​ពណ៌​ស ​និង​ ពណ៌​លឿង​នៅ​លើ​ក្បាល។​ ផ្ទាំង​ក្រណាត់​ទាំង​នោះ​បាន​សរសេរ​ថា៖​ «សន្លឹក​ឆ្នោត​ខ្ញុំ​ ​ជាតិ​ខ្ញុំ»​ «​មាន​យុត្តិ​ធម៌​ មាន​សន្តិភាព»​ និង​«សំឡេងឆ្នោត​ខ្ញុំ​នៅ​ឯណា?»​

គ្រូ​បង្គោល​ ដែល​បាន​បង្រៀន​ក្រុម​បាតុករ​ បាន​ពន្យល់​អំពី​និយម​ន័យ​នៃ​អំពើ​ហិង្សា។ ​ហើយ​ក្រោយ​មក​បាន​អនុញ្ញាត​ឲ្យអ្នក​ចូល​រួម​ឡើង​សម្តែង​លើ​ឆាក​ចំពោះ​មេរៀន​ដែល​បាន​បង្រៀន។​

ប្រជា​ពល​រដ្ឋ​ត្រូវ​បាន​ចែក​ចេញ​ជា​ច្រើន​ក្រុម ​និង​ជាច្រើន​ឈុត។ ​មាន​ឈុត​ខ្លះ​សម្តែង​ជាបាតុកម្ម​ហិង្សា​បង្ក្រាបដោយ​កម្លាំង​សមត្ថកិច្ច​ និង​ឈុត​មួយ​ចំនួន​ទៀត​បង្ហាញ​ពីការ​ធ្វើ​បាតុកម្ម​ដោយអហិង្សា​ ហើយរាល់​ឈុត​ឆាក​នីមួយៗ​មិន​បាន​បង្រៀន​ឲ្យតប​ត​ដោយ​អំពើ​ហិង្សា​ទេ​ មាន​តែ​អង្វរ​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ។​

តទៅ​នេះ​ជា​សំឡេង​នៃ​ឈុតមួយ​ក្នុងការ​សម្តែង៖​
«យើង​ចង់​បាន​យុត្តិ​ធម៌​ បងប្អូន​ទាំង​អស់​គ្នា​សុខ​ចិត្ត​មក​អង្គុយ​នៅ​ទីនេះ​ទេ?​ ខ្ញុំ​នឹង​ទុក​ពេល​៣០​នាទី ​បើ​មិន​អញ្ចឹង​ទេ ​ខ្ញុំ​នឹង​បាញ់​ទឹក​បំបែក។​ យើង​អត់​ខ្លាច​ទេ»។

បន្ទាប់​ពីការ​សម្តែង​ចប់​មួយ​ឈុតៗ​ មេដឹក​នាំគណបក្ស​ប្រឆាំង​គឺ​លោកកឹម សុខា​ និង​លោក​សម​ រង្ស៊ី​បាន​មក​វាយ​តម្លៃ​ចំពោះ​លទ្ធផល​នៃ​ការ​សម្តែង​នេះ។

លោកកឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា​ ការ​ហាត់​សម​នេះ​គឺ​នឹង​យក​ទៅ​អនុវត្ត​នៅ​ថ្ងៃ​មហា​បាតុកម្ម​តែម្តង ​នាពេល​ខាង​មុខ​នេះ។ លោកមានប្រសាសន៍​ថា​ បាតុកម្ម​នៅ​ថ្ងៃ​ទី​៧​នេះ​នឹង​មិន​បញ្ចប់​ទេ​ ប្រសិន​ណា​បើ​រដ្ឋា​ភិបាល​ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត​ទេនោះ។​

លោក​និយាយ​ថា៖​ «បាតុកម្ម​អហិង្សា​នេះ​វា​បាន​ប្រយោជន៍​ធំណាស់​បង​ប្អូន​គឺ​បាន​ប្រយោជន៍​មិន​មែន​តែ​ខាង​ភាគី​អ្នក​តវ៉ា​ទេ ​គឺ​គ្រប់​ភាគី​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​គឺ​បាន​សេចក្តី​សុខ ​ហើយ​ជ័យ​ជម្នះ​ទាំង​អស់​គ្នា»។​

ការ​ហ្វឹក​ហាត់​សម​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​បាន​កើត​ឡើង​ស្រប​ពេល​ទន្ទឹម​គ្នា​នឹង​ការ​ហ្វឹក​ហាត់​របស់​អាជ្ញាធរ​សមត្ថ​កិច្ច​ខ្មែរ​អំពី​វិធី​សាស្ត្រ​នៃ​ការ​បង្ក្រាប​ក្រុម​បាតុករ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាម​ទារ​ឲ្យបង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​បោះឆ្នោត​ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការសហ​ប្រជាជាតិ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​អង្គការក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​ ​តែ​សំណើនេះ​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ។​

គណបក្ស​សង្គ្រោះជាតិ​បាន​កំណត់​យក​ថ្ងៃ​សៅរ៍​ជា​ថ្ងៃ​ដំបូង​នៃ​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​អហិង្សា ដោយ​យក​គម្រូ​តាម​មហា​ត្មៈ​គន្ធី​ មេដឹក​នាំ​ទាម​ទារ​ឯក​រាជ្យ​របស់​ប្រទេស​ឥណ្ឌា​ពី​ការ​គ្រប់​គ្រង​របស់អង់​គ្លេស​ចន្លោះ​ពី​ឆ្នាំ​១៩៤០​ដល់​ឆ្នាំ​១៩៥០៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG