ក្រសួងការបរទេសកម្ពុជា នៅថ្ងៃអង្គារ បានបង្ហាញជំហរជាថ្មីម្តងទៀតឲ្យវៀតណាមរុះរើតង់ដែលបោះនៅតាមព្រំដែនរវាងប្រទេសទាំងពីរ«ឲ្យបានឆាប់» ប៉ុន្តែមិនបានបញ្ជាក់ឱសានវាទជាក់លាក់ទេ។
សារព័ត៌មានក្នុងស្រុកវីអូឌី និងហ្វ្រេសញូបានរាយការណ៍នៅថ្ងៃទី២៣ខែមិថុនា ដោយដកស្រង់សម្តីលោកកុយ កួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាដែលនិយាយថា៖ «ជំហររបស់យើងគឺស្នើឱ្យវៀតណាមត្រូវតែរុះរើតង់ចេញពីតំបន់ដែលមិនទាន់មានការកំណត់ព្រំដែនច្បាស់លាស់ហ្នឹង។ យើងមិនទាន់បានកំណត់ពេលទេ ប៉ុន្តែយើងស្នើឱ្យភាគីវៀតណាមរើចេញឱ្យបានឆាប់»។
ការបញ្ជាក់ជំហរជាថ្មីរបស់កម្ពុជានេះធ្វើឡើង ក្រោយពីមានរបាយការណ៍ថា យោធាវៀតណាមបានបង្កើនការបោះតង់នៅតាមតំបន់ព្រំដែនពី ៣១ កន្លែងរហូតដល់ ២៥៦ កន្លែង ទោះបីជាមានការជំទាស់ និងការទាមទារពីរដ្ឋាភិបាលកម្ពុជាឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញហើយរក្សាតំបន់ដែលមិនទាន់មានការឯកភាពគ្នាឲ្យនៅស្ថានភាពដដែលក៏ដោយ។
ភាគីកម្ពុជា និងវៀតណាមបានបញ្ជូនកំណត់ទូតឲ្យគ្នាទៅវិញទៅមកលើបញ្ហាបោះតង់នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។
វៀតណាមលើកឡើងថា ការបោះតង់នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរគឺដើម្បីបង្ការនិងគ្រប់គ្រងការធ្វើដំណើរឆ្លងព្រំដែនក្នុងគ្រាមានកូវីដ១៩។
ប៉ុន្តែកម្ពុជាដែលបានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាឲ្យមកបំភ្លឺអំពីករណីនេះ បានស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញឲ្យបានឆាប់ និងរក្សាស្ថានភាពដើមមិនកែប្រែនៅតាមតំបន់ទាំងនោះរហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរដោះស្រាយការមិនទាន់ឯកភាពគ្នាឲ្យចប់សព្វគ្រប់សិន។
កម្ពុជានិងវៀតណាមមានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ហើយរដ្ឋាភិបាលប្រទេសទាំងពីរ កន្លងមកបានសម្រេចលើកិច្ចការបោះបង្គោលខណ្ឌសីមាបានចំនួន៨៤ភាគរយហើយ៕