ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំមើល​ថា​ សកម្មភាព​វៀតណាម​និងថៃ​ចុង​ក្រោយ​តាម​ព្រំដែន​ជាការ​រំលោភ​បូរណភាព​កម្ពុជា


រូបឯកសារ៖ មន្ត្រី​ព្រំដែន​របស់​កម្ពុជា​(ឆ្វេង) និង​​មន្ត្រី​ព្រំដែន​របស់​វៀតណាម​ឈរ​នៅ​ខាង​មុខ​បង្គោល​ព្រំដែន​ថ្មី​មួយ​​លើ​ទឹក​ដី​កម្ពុជា រវាង​ខេត្ត​ Gia Lai របស់​វៀតណាម និង​ខេត្ត​រតនគីរី​របស់​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥។
រូបឯកសារ៖ មន្ត្រី​ព្រំដែន​របស់​កម្ពុជា​(ឆ្វេង) និង​​មន្ត្រី​ព្រំដែន​របស់​វៀតណាម​ឈរ​នៅ​ខាង​មុខ​បង្គោល​ព្រំដែន​ថ្មី​មួយ​​លើ​ទឹក​ដី​កម្ពុជា រវាង​ខេត្ត​ Gia Lai របស់​វៀតណាម និង​ខេត្ត​រតនគីរី​របស់​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែធ្នូ ឆ្នាំ​២០១៥។

ក្រុម​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​បាន​និយាយ​ថា ​សកម្មភាព​ប្រទេស​ជិតខាង​ដូចជា​វៀតណាម​និងថៃ​ចុង​ក្រោយ​ដែល​ចូល​មក​បោះតង់​ និង​សង់​រោង​នៅ​តំបន់​ហាម​ឃាត់​ឬ​ទឹកដី​កម្ពុជា​គឺជា​សកម្មភាព​រំលោភ​បំពាន​បូរណភាព​ដែនដី​កម្ពុជា ​ដោយ​ឥតកោត​ក្រែង​ច្បាប់ជាតិ​និង​អន្តរជាតិ។

ការ​អះអាង​ដូច្នេះ​គឺយោង​ទៅលើ​ការចូល​មក​បោះតង់​របស់​កងទ័ព​វៀតណាម​នៅក្នុង​តំបន់​ស​ក្នុងស្រុក​លើកដែក​និង​ស្រុក​កោះធំ ​ខេត្ត​កណ្តាល​តាម​ព្រំប្រទល់​ដែន​នៃ​ប្រទេស​ទាំងពីរ ​កាលពី​សប្តាហ៍​ថ្មីៗ​កន្លង​ទៅ​ និង​ការ​សង់​រោង​នៅខេត្ត​ប៉ៃលិន​នៃភាគី​ទាហាន​ថៃ ​កាលពី​សប្តាហ៍​ថ្មីៗ​កន្លង​ទៅដែរ​ដើម្បី​អ្វីមួយ​ដែល​គេ​អធិប្បាយ​ថា​ ជាការ​បង្ការ​ការរាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩​ហើយនឹង​ទប់ស្កាត់​ពលករ​ចំណាក​ស្រុក​ក្នុងពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ដែល​ព្រំ​ដែន​នៃ​ប្រទេសជិត​ខាង​ទាំងនេះ​ត្រូវបិទ​មិន​ឲ្យ​ឆ្លងកាត់​លើក​លែង​តែ​ទំនិញ​នោះ​។

លោក ​ឌី ការ៉េត ​ប្រធាន​គណ:កម្មាធិការ​ព្រំដែន​កម្ពុជា​ប្រចាំ​ស្រុក​បារាំង​ បាន​ថ្លែង​ថា​ទាំង​ភាគីវៀតណាម​និង​ថៃ​ ដែល​ជា​ប្រទេស​ជិតខាង​កម្ពុជា​តែងតែ​បន្ត​សកម្មភាព​ជាបន្ត​បន្ទាប់​ដើម្បី​រំលោភ​បំពាន​ទឹកដី​កម្ពុជា​ឥត​ឈប់ឈរ ​ដោយសារ​ការ​មិន​គោរព​បូរណភាព​ដែនដី​កម្ពុជា។

«ខ្ញុំយល់​ឃើញថា​ទាំង​វៀតណាម​ក្តី ​ទាំងថៃ​ក្តី​គេគ្មាន​គោរព​អី​ព្រំដែន​របស់​យើងទេ ​គេចង់​ធ្វើ​អីគេធ្វើហ្នឹង​ទៅ​ស្រេច​តែ​គេចង់​បាន​ចង់ធ្វើ ​អាហ្នឹង​វាអីចឹង​តាំងពី​យូរណាស់​មក​ហើយ»។

លោកថា ​ទោះជា​កម្ពុជា​មាន​សន្ធិសញ្ញា​បារាំង​សៀម ​និង​សិទ្ធិសញ្ញា​ផ្លូវការ​នានា​ក្តី​ តែ​ប្រទេស​ជិត ខាងតែង​បង្កើត​ព្រឹត្តិការណ៍​ធ្វើ​សកម្មភាព​ជា​បន្តបន្ទាប់​ដើម្បី​ជាលេស​ ចូលមក​កាន់​កាប់​ទឹកដីកម្ពុជា​តាម​ព្រំប្រទល់​ដែន​។

«ចង់​ដាក់តង់​ ដាក់អី​ការពារ​វីរុសកូរ៉ូណា​ ឬ ​កូវីដ១៩ ​ដាក់​ក្នុង​ដីខ្លួន​ទៅ​ រឿងហ្នឹង​វាមិន​ទាន់ចូល​ក្នុងដី​ខ្លួនផង​ ខ្លួន​មកដាក់​ក្នុងដីគេ​យ៉ាង​ម៉េច? ​ដាក់ក្នុងដី​ខ្លួនទៅ ​មានទាស់​អី»។

លោក ​ឌី ការ៉េត​ អះអាង​ថា ​ក្នុងពេល​ប្រទេស​នីមួយៗ​បិទ​ព្រំដែន​រៀងខ្លួន​ កងទ័ព​គួរតែ​ស្ថិត​នៅក្នុង​ទឹកដី​របស់ខ្លួន។​ លោក​បាន​ទទូចថា​ កម្ពុជា​ត្រូវមាន​ការ​ការពារ​បូរណភាព​ដែនដី​ឲ្យ​បានប្រាកដ​ប្រជា ​មាន​ឆ្មាំ​ការពារ​ជាប្រចាំ​ មានការ​ដោះស្រាយ​ភ្លាមៗ​ ហើយត្រូវ​ពិនិត្យ​រាល់​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​តាម​ព្រំដែន ​ដែល​និយាយ​អំពីការ​រំលោភ​បំពាន​ឲ្យបាន​ដិតដល់ ​និង​ពន្យល់​ពលរដ្ឋ​ឲ្យដឹង ​និង​ទៅ​ពិនិត្យ​មើល​ថា​ កន្លែង​ណា​ជាខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ឬទឹកដី​ខ្លួន​ដោយ​មិន​ត្រូវចោទ​ប្រកាន់​ពលរដ្ឋ​ថា​ទៅ​រំលោភ​ដីប្រទេស​ណា​មួយ​ ​នៅពេល​ដែល​ពលរដ្ឋ​ខ្លួន​លោក​ដឹងច្បាស់​តាំងពី​ដើម​មកថា​ជាដី​របស់កម្ពុជា​ទៅហើយ​នោះ។

ប្រទេស​កម្ពុជា​និង​ប្រទេស​ជិតខាង​ដូច​ជា​វៀតណាម ​ថៃ​និង ​ឡាវ ​នៅមាន​បញ្ហា​វិវាទ​ព្រំដែន​យូរៗម្តង​ដោយសារ​កន្លែង​ខ្លះ​មិនទាន់​បាន​បោះ​បង្គោល​ចប់​សព្វគ្រប់​ ហើយការ​កំណត់​ខ្សែ​បន្ទាត់ព្រំដែន​នៅមាន​ភាព​ស្មុកស្មាញ​ និង​បន្ត​ចរចាគ្នា​នៅឡើយ។​ ការណ៍​នេះបង្ក​ឲ្យមាន​ភាព​តានតឹងផ្នែក​យោធា​ជួរមុខ​ពេល​ខ្លះ​ផងដែរ។

តែការ​ដោះស្រាយ​ពីរលើក​ចុងក្រោយ​នេះ​ដែល​មាន​ការសង់​រោង​ពីភាគី​ថៃនៅ​តាម​ព្រំដែន ខេត្តប៉ៃលិន ​និង​បោះតង់​ពីភាគី​វៀតណាម​នៅតាម​បណ្តោយ​ព្រំដែន​នៅខេត្ត​កណ្តាល​នោះ ​គេមិន​បាន​សង្កេត​ឃើញថា​ មាន​ភាពតាន​តឹង​កើតឡើង​ខ្លាំង​ដូចពេល​មុនទេ ​ក្រោយ​ពេល​មន្ត្រី​ខេត្ត​អានយ៉ាង ​នៃ​ប្រទេស​វៀតណាម​ជាប់​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា​បាន​ជូនដំណឹង​ជាផ្លូវការ​ដល់កម្ពុជា​អំពីការ​បោះតង់​នោះ​ ថា​ជា​រឿង​បណ្តោះ​អាសន្ន​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​។ ហើយ​ភាគី​វៀតណាម​បានសន្យា​ថា ​នឹង​រើ​តង់​ចំនួន ​៣១​កន្លែង​ចេញ​ក្រោយពី​មាន​សេចក្តី​រាយការណ៍​ថា​ក្រសួងការ​បរទេស​កម្ពុជា​បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​អំពី​រឿង​បោះតង់​នៅលើ​តំបន់​ហាម​ឃាត់​ឬតំបន់ស​នោះ។ ​ដោយ​ឡែក​ភាគី​ថៃ​បាន ​រើរោង​យោធា​ជួរមុខ​ចេញ​ដោយ​សន្តិ​វិធី​ដែល​គេ​មិន​ទាន់​ឃើញ​មាន​ការ​ពន្យល់​ជាផ្លូវការ​ដែរ។

ក្រុមមន្ត្រី​កម្ពុជា​ធ្លាប់​បាន​និយាយថា​ កម្ពុជា​ធ្លាប់​អះអាង​ថា មិន​អាច​ឲ្យទឹកដី​របស់ខ្លួន​ត្រូវ​បាត់​បង់សូម្បី​តែ​១មីលីម៉ែត្រ​ ហើយក៏​មិនចង់​បាន​ចំណេញ​ទឹកដី​ប្រទេស​ជិតខាង​ណាមួយ​ដែរ។

លោក ​ម៉ែន ណាត​ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស​ន័រវែស​ដែល​មាន​និន្នាការ​ទៅរក​ក្រុម​ជំទាស់​បាន​កត់​សម្គាល់​ថា​ ប្រទេស​ជិតខាង​តែង​តែឆ្លៀត​ឳកាស​រំលោភ​យក​ទឹកដី​កម្ពុជា​នៅតាម​ព្រំដែន​គឺទាំង​ព្រំដែន​គោក​និង​ព្រំ​ដែន​ទឹក​ ​ជាពិសេស​នៅ​ពេល​ភាគី​នយោបាយ​ខ្មែរមាន​ការ​បែក​បាក់​ផ្ទៃក្នុង​និងមាន​ភាព​វឹកវរ​នយោបាយ។ ​លោក​បាន​ទទូចថា​ ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ រដ្ឋាភិបាល​កម្ពុជាត្រូវ​លុប​ចោល​សន្ធិសញ្ញា​ ដែល​លោក​ចាត់​ទុកថា​ខុស​ច្បាប់​ឬផ្ទុយ​ពីកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីសជា​មួយ​ប្រទេស​ជិតខាង​ទាំងអស់​ចោល​តាមរយ:​សភា​ ហើយ​ដាក់​ពាក្យ​ប្តឹង​ទៅ​សហ​ប្រធាន​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ​និង ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដើម្បី​បញ្ចប់​បញ្ហា។

«មានតែ​អីចឹងទេ​ដែល​យើង​អាច​ដោះស្រាយ​ដែល​ធានា​បាន​នូវយុត្តិធម៌​ទាំងអស់​គ្នា»។

លោកថា​ ការធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​បញ្ចប់​បញ្ហា​រំលោភ​បំពាន​ព្រំដែន​រវាង​កម្ពុជា​និង​ប្រទេស​ជិត​ខាងដោយ​យុត្តិធម៌​ប៉ុណ្ណោះ​ទេ ​តែនឹង​បញ្ចប់​អរិភាព​រវាង​អ្នក​នយោបាយ​និង​ពលរដ្ឋ​កម្ពុជា​ផងដែរ។

លោក​បាន​បន្ថែម​ថា ​បញ្ហា​កូវីដ​គ្រាន់តែ​ជារឿង​មួយ​នៅពេល​នេះ​ដែលនាំ​ឲ្យកើត​បញ្ហា​ តែលោក​បន្តថា​នៅមាន​រឿង​បន្ត​បន្ទាប់​និង​កន្លែង​បន្ត​បន្ទាប់​ទៀត​ដែល​នឹង​មាន​រឿង​កើត​ឡើង​បើសិន​ជាកម្ពុជា​មិនអាច​បញ្ចប់​បញ្ហា​ព្រំដែន​តាមច្បាប់​អន្តរជាតិ​បាន ​ហើយឥទ្ធិពល​នយោបាយ​ចិនគ្រប​ដណ្តប់​លើ​កម្ពុជា​កាន់​តែ​ខ្លាំង​ឡើងនោះ។

«ហើយ​ដល់​ពេល​អាចុង​ក្រោយ​ហ្នឹង​គេមក​ធ្វើ​នៅ​ខាង​ខេត្ត​កណ្តាល​ ហើយ​គេ​អាច​ធ្វើនៅ​កន្លែង​ផ្សេងៗទៀត»។

លោក​ វ៉ា គឹមហុង​ប្រធាន​គណ:កម្មាធិការ​ព្រំដែន​កម្ពុជា​របស់រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ទាក់​ទង​បាន​ដើម្បី​អត្ថាធិប្បាយ​បាន​ទេ ​ដោយ​ទូរសព្ទ​លោក​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។

យ៉ាង​ណាក្តី​លោក​ម៉ែន ណាត​បានអំពាវនាវ​ឲ្យ​អ្នក​នយោបាយ​កម្ពុជា​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ និង​បូរណភាព​ដែនដី។​

បញ្ហា​សន្ធិសញ្ញា​ព្រំដែន​និង​បូរណភាព​ទឹកដី​ដ៏​ម្រូង​ចម្រាស​និង​ស្មុគស្មាញ​នេះ​ ត្រូវ​គេដឹង​ថាមាន​ការ​បក​ស្រាយ​រៀងៗ​ខ្លួន​រវាង​គូប្រជែង​នយោបាយ​ក្នុងប្រទេស​កម្ពុជា ​ហើយ​ក៏ត្រូវ​បាន​អ្នក​នយោបាយ​ខ្លះ​យក​មក​ធ្វើជា​ប្រធាន​បទ​សំខាន់​បំផុត​មួយ​ផងដែរ ​ដើម្បី​បំផុស​គំនិត​ជាតិនិយម​ ហើយនឹង​ទាក់ទាញ​ប្រជាប្រិយភាព​ ជាពិសេស​ក្នុងពេលនៃ​ការ​ឃោសនា​រក​សម្លេង​ឆ្នោត៕ ​

XS
SM
MD
LG