គណបក្សភ្លើងទៀន នៅថ្ងៃសុក្រនេះ បានស្នើក្រសួងមហាផ្ទៃណែនាំអាជ្ញាធរមូលដ្ឋានឱ្យបញ្ឈប់សកម្មភាពគំរាមកំហែង និងការបង្ខិតបង្ខំ ខណៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សត្រូវបានបង្ខំឱ្យចុះហត្ថលេខាលើញត្តិថ្កោលទោសលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។
ក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្សភ្លើងទៀនបានបញ្ជាក់ថា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួននៅទូទាំងប្រទេសទទួលរងនូវការគំរាមកំហែង និងបង្ខិតបង្ខំពីសំណាក់អាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមអនុម័ត និងចុះហត្ថលេខាលើញត្តិថ្កោលទោសចំពោះបុគ្គលប្រមាថព្រះមហាក្សត្រ ដែលផ្ទុយពីឆន្ទៈរបស់ពួកគេ ដែលនេះសំដៅលើលោក សម រង្ស៊ី ដែលកំពុងមានជម្លោះពាក្យសម្តីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងករណីប្រមាថព្រះមហាក្សត្រ។ សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ មិនបញ្ជាក់ឈ្មោះលោក សម រង្ស៊ី ដែលជាស្ថាបនិកគណបក្សភ្លើងទៀនឡើយ។
គណបក្សភ្លើងទៀនចាត់ទុកសកម្មភាពគំរាមកំហែងនេះជាការអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗរបស់កម្ពុជា និងជាការរំលោភបំពានសិទ្ធិយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀនបានស្នើក្រសួងមហាផ្ទៃណែនាំអាជ្ញាធរមូលដ្ឋានឱ្យបញ្ឈប់សកម្មភាពគំរាមកំហែង និងការបង្ខិតបង្ខំសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេស ដើម្បីធានាបរិយាកាសល្អប្រសើរដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិខាងមុខ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក យ៉ាប់ យ៉ូត មេឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មកពីគណបក្សភ្លើងទៀន ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា កាលពីថ្ងៃទី ២៧ ខែតុលា មន្ត្រីស្រុកប្រាសាទបល្ល័ង្កបានទាក់ទងតាមទូរសព្ទមកកាន់រូបលោក ដោយហៅលោកឱ្យទៅផ្តិតមេដៃលើញត្តិថ្កោលទោសអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បើទោះបីជាលោកមិនចង់ក៏ដោយ។
លោកបញ្ជាក់ថា៖ «គេឱ្យយើងផ្តិតមេដៃ បើយើងប្រកែកមិនផ្តិត គឺគេសួរថាមូលហេតុអ្វីបានជាមិនផ្តិត? ឬក៏អ្នកអាចពាក់ព័ន្ធអីជាមួយ សម រង្ស៊ី? អ៊ីចឹងដើម្បីថាឱ្យរួចខ្លួន... ដោយសារគោលការណ៍ដែលថាអត់មានលោក សម រង្ស៊ី មកពាក់ព័ន្ធនឹងភ្លើងទៀនដែរក៏ យើងក៏ព្រមផ្តិតមេដៃឱ្យគេទៅ»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក វណ្ណៈ សោភានិត អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក បានទេ។ ចំណែកលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងជាអ្នកនាំពាក្យ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ខេត្តកំពង់ធំមិនមានការណែនាំឱ្យធ្វើលិខិតថ្កោលទោសអ្វីនោះទេ។
បើតាមលិខិតមួយច្បាប់ដែលវីអូអេទទួលបាន ចៅសង្កាត់ព្រែកឬស្សី លោក ឆេង ឆៃ បានចេញលិខិតអញ្ជើញក្រុមប្រឹក្សាសង្កាត់ចូលរួមប្រជុំនៅម៉ោង ២:៣០ រសៀលថ្ងៃទី ២៨ ខែតុលា នៅសាលប្រជុំសាលាក្រុង ក្រោមអធិបតីភាពអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ ដើម្បីចូលរួមការងារថ្កោលទោសលើលោក សម រង្ស៊ី។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា ការផ្តិតមេដៃរបស់ក្រុមប្រឹក្សាឃុំសង្កាត់លើបញ្ហាអ្វីមួយ គឺមិនខុសនូវនីតិវិធីការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់នោះទេ ព្រោះក្រុមប្រឹក្សាឃុំសង្កាត់ តែងតែបោះឆ្នោតជាសមូហភាពដោយយកសំឡេងភាគច្រើន ដើម្បីសម្រេចកិច្ចការអ្វីមួយ។
លោកបន្ថែមថា ករណីប្រមាថព្រះមហាក្សត្រ គឺជារឿងជាតិ ដូច្នេះបើទោះបីជាគណបក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍រួចក៏ដោយ ក៏សមាជិកក្រុមប្រឹក្សានៅទូទាំងប្រទេសត្រូវតែផ្តិតមេដៃលើញត្តិ ដើម្បីបញ្ជាក់ពីជំហរផ្ទាល់ខ្លួនលើការថ្កោលទោសលោក សម រង្ស៊ី។
លោកថ្លែងថា៖ «ករណីប្រមាថព្រះចេស្តារបស់ព្រះមហាក្សត្រ ប្រមាថអង្គព្រះមហាក្សត្រ អាហ្នឹងមិនមែនជារឿងតូចតាចទេ រឿងប្រទេសជាតិទាំងមូល។ អ៊ីចឹងទេ និយាយរួម គឺក្រុមប្រឹក្សាមិនប្រជុំក៏បានដែរ ក្រុមប្រឹក្សាហៅមកផ្តិតមេដាយក៏បានដែរ...ដាច់ខាតអ្នកឯងត្រូវតែផ្តិត [ទោះ]អ្នកឯងចង់ មិនចង់ក៏ដោយ ក៏ប៉ុន្តែបើថាអ្នកឯងមិនព្រម បានសេចក្តីថា អ្នកឯងចូលដៃជាមួយជនក្បត់ជាតិដែលប្រមាថព្រះមហាក្សត្រ»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល យល់ថា ការបង្ខំអ្នកណាម្នាក់ឱ្យចេញថ្កោលទោសអ្នកណាម្នាក់ ដោយខុសពីឆន្ទៈសាមីខ្លួន និងពាក់ព័ន្ធផ្នែកនយោបាយ មិនគួរឱ្យកើតមានឡើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថា ការបង្ខំឱ្យក្រុមប្រឹក្សាឃុំសង្កាត់ ឬអ្នកណាមួយដើម្បីទៅថ្កោលទោសអ្នកណាមួយ ដោយសារបុគ្គលមួយធ្វើខុស ហើយអ្នកផ្សេងមិនបានធ្វើ វាជាការរំលោភសិទ្ធិសេរីភាពមួយយ៉ាងធ្ងន់ ព្រោះវាបង្ខំក្នុងកិច្ចការងារផ្នែកនយោបាយ។ អ៊ីចឹងករណីនេះមិនគួរណាបង្ខិតបង្ខំទេ»។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចេញថ្កោលទោសលោក សម រង្ស៊ី ដែលលោកហៅថាជាជនក្បត់ជាតិ ៣ ជំនាន់។ ប្រតិកម្មរបស់លោក ហ៊ុន សែន ក្រោយមានការផ្សព្វផ្សាយវីដេអូមួយពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលក្នុងវីដេអូនោះលោក សម រង្ស៊ី បានប្រើប្រាស់ពាក្យពេចន៍មួយចំនួនដូចជា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិ» ហើយ «ស្តេចរាល់ថ្ងៃក្បត់ជាតិ»៕
គណបក្សភ្លើងទៀនថា សមាជិករងការគំរាមកំហែងឱ្យចូលរួមថ្កោលទោសលោក សម រង្ស៊ី
ភ្នំពេញ —