លោកនាយករដុ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានអះអាងថា លោកមានតម្រុយ និងខ្សែអាត់នានា ដែលបង្ហាញថា គណបក្សភ្លើងទៀនមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ដែលលោក ហ៊ុន សែន បានហៅថាជាជនក្បត់ជាតិ ៣ ជំនាន់។
មួយរយៈចុងក្រោយនេះ លោក ហ៊ុន សែន ដែលបានចុះទៅជួបប្រជាកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀង បានប្រតិកម្មជាបន្តបន្ទាប់នឹង លោក សម រង្ស៊ី ខណៈលោក សម រង្ស៊ី ត្រូវបានបង្ហាញក្នុងការថ្លែងជាវីដេអូមួយ ដោយមានការប្រើប្រាស់ពាក្យពេចន៍មួយចំនួនដូចជា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិ» ហើយ «ស្តេចរាល់ថ្ងៃក្បត់ជាតិ»។
ក្នុងពេលចុះជួបប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃពុធ លោក ហ៊ុន សែន បានចោទសួរថ្នាក់ដឹកនាំគណបក្សភ្លើងទៀនឱ្យចេញមុខបកស្រាយថា តើគណបក្សមួយនេះមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ឬយ៉ាងណា? លោកបន្តថា គណបក្សភ្លើងទៀនត្រូវបានបង្កើតដោយលោក សម រង្ស៊ី ហើយលោកចង់ដឹងថា ផ្តាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី ហើយឬនៅ?
លោក ហ៊ុន សែន ក៏បានអះអាងថា លោកមានភស្តុតាងនានាដែលបង្ហាញថា គណបក្សភ្លើងទៀនមានទំនាក់ទំនងនឹងមនុស្សដែលស្និទ្ធនឹង លោក សម រង្ស៊ី ហើយលោកបានលើកឡើងពីច្បាប់គណបក្សនយោបាយ ដែលមិនអនុញ្ញាតឱ្យគណបក្សនយោបាយមានទំនាក់ទំនងជាមួយទណ្ឌិត។
លោកថ្លែងថា៖ «អាមេក្លោងមួយនេះ វាធ្លាប់តែនិយាយកន្លងទៅ។ ហេតុអ្វីបានខ្ញុំត្រូវចោទសួរ ដោយសារអាភ្លើងទៀនវាបង្កើតដោយអាមួយនោះ។ អ៊ីចឹងទេ តើអ្នកឯងពាក់ព័ន្ធអ្វី? អ៊ីចឹង នេះជាកូនរបស់អាមួយនោះ។ ចឹងឥឡូវវាផ្តាច់គ្នាហើយនៅ? បញ្ហាវាស្ថិតនៅត្រង់កន្លែងហ្នឹង។ អ៊ីចឹងទេ ខ្ញុំសង្ឃឹមថា នឹងមានការឆ្លើយតប»។
លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យសមាជិកគណបក្សភ្លើងទៀនផ្តាច់ខ្លួនចេញពីគណបក្សមួយនេះ ហើយមកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ឬគណបក្សនយោបាយផ្សេងវិញ។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ថា រឿងនេះមិនមែនជារឿងតូចតាច ហើយគឺជារឿងលេងសើចនោះទេ សមាជិកសមាជិកានៃគណបក្សភ្លើងទៀនគួរតែត្រូវផ្តាច់ខ្លួនឱ្យបានស្រូតបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើង ព្រោះនេះមុខសញ្ញា ជាគោលដៅ ព្រោះជាកម្លាំងម្ខាង គឺគេសម្រាប់ការផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្តែវាទៅជាមួយគ្នាក្នុងការផ្តួលរំលំរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ»។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា លោកសាទរចំពោះការដែលនាយករដ្ឋមន្ត្រីសាកសួរ ដើម្បីបានការឆ្លើយតប ដែលនេះបង្ហាញពីវប្បធម៌នៃលទ្ធិប្រជាធិបតេយ្យ។ លោកបន្តថា លោកមិនគាំទ្រឡើយចំពោះបុគ្គលណាដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ ក៏ដូចជារដ្ឋធម្មនុញ្ញដែលបានចែង។
លោកថ្លែងថា៖ «ខ្ញុំទោះនរណាក៏ដោយ ក៏ខ្ញុំសុំថាឱ្យយើងគោរពទៅតាមអ្វីដែលកំណត់ក្នុងច្បាប់ គឺស្ថាប័នព្រះមហាក្សត្រដែលមិនត្រូវបានប៉ះពាល់ឡើយ។ យើងត្រូវចៀសវាងជាដាច់ខាតតែប៉ុណ្ណឹងឯង»។
លោកបន្ថែមថា គណបក្សភ្លើងទៀនដំណើរការទៅតាមច្បាប់ ហើយក៏មិនស្ថិតក្រោមការបង្គាប់បញ្ជារបស់បុគ្គលណាដែរ ហេតុនេះការព្រមានរបស់លោក ហ៊ុន សែន អំពីការរំលាយគណបក្ស មិនត្រូវព្រួយបារម្ភឡើយ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ យល់ថា បញ្ហាដែលអ្នកនយោបាយកម្ពុជាកំពុងតែតឹងសរសៃកដាក់គ្នា ជាបញ្ហាបុគ្គលនិងបុគ្គល ដូច្នេះវានឹងមិនអាចរកផ្លូវបញ្ចប់ឃើញឡើយ។ លោកបន្តថា ប្រសិនបើគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានរំលាយដូចគណបក្សសង្គ្រោះជាតិ នោះវានឹងនាំមកបរិយាកាសនយោបាយកាន់តែអាប់អួ តានតឹង ហើយកម្ពុជាអាចប្រឈមនឹងសម្ពាធអន្តរជាតិ។
លោកថ្លែងថា៖ «បញ្ហាបុគ្គល ជម្លោះបុគ្គល ជាអ្នកដឹកនាំគណបក្សនយោបាយ យើងគិតថា វាជារឿងមួយហើយ យើងអាចឈ្លោះគ្នា ក្នុងក្របខណ្ឌបុគ្គលទៅ។ បើសិនគណបក្សយើងធម្មតា យើងមើលទៅលក្ខខណ្ឌ ក៏ដូចជាអំណះអំណាងចោទគណបក្សសង្គ្រោះជាតិនេះ រហូតមកដល់ថ្ងៃនេះ តុលាការនៅមិនទាន់មានវិធានការ ឬក៏សាលដីកាច្បាស់លាស់នៃការកាត់ទោសគណបក្សសង្គ្រោះជាតិទេ ប៉ុន្តែរំលាយគណបក្សសង្គ្រោះជាតិទៅហើយ។ នេះជាសកម្មភាពមួយដែលសហគមន៍អន្តរជាតិមិនឱ្យតម្លៃឬគាំទ្រទេ»។
គួរបញ្ជាក់ថា លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ត្រូវបានកាត់ទោស និងចោទប្រកាន់នៅក្នុងសំណុំរឿងមួយចំនួន។ កាលពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញក៏បានផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះការចោទប្រកាន់ថា រូបលោកចុះហត្ថលេខាជាមួយប្រធានមូលនិធិម៉ុងតាញ៉ា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺលោក កុក ស ពាក់ព័ន្ធនឹងការកាត់ទឹកដី ៤ ខេត្តរបស់កម្ពុជា ឱ្យទៅជនជាតិដើមភាគតិចម៉ុងតាញ៉ា៕