មួយថ្ងៃក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំមួយបានបញ្ជាក់ថា គណបក្សមិនស្ថិតក្រោមការបង្គាប់បញ្ជាពីបុគ្គល ឬគណបក្សណាមួយឡើយ បើទោះលោក សម រង្ស៊ី ជាស្ថាបនិកគណបក្សនេះក្តី។
គណបក្សភ្លើងទៀន នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានទាមទារឱ្យគណបក្សប្រឆាំងមួយនេះបញ្ជាក់ពីជំហរឱ្យបានច្បាស់ អំពីទំនាក់ទំនងរវាងគណបក្សភ្លើងទៀនជាមួយលោក សម រង្ស៊ី ស្របពេលលោកនាយករដ្ឋមន្ត្រីសង្ស័យអំពីទំនាក់ទំនងរវាងគណបក្សប្រឆាំងមួយនេះជាមួយលោក សម រង្ស៊ី ដែលលោក ហ៊ុន សែន ហៅថាជា «ជនក្បត់ជាតិ ៣ ជំនាន់»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្សភ្លើងទៀនបានថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
សេចក្តីថ្លែងការណ៍បន្ថែមថា គណបក្សភ្លើងទៀន បានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានារបស់កម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលតម្កល់នៅក្រសួងមហាផ្ទៃ។ ហើយគណបក្សមិនស្ថិតក្រោមការបង្កាប់បញ្ជាដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍នេះ ដើម្បីជម្រះមន្ទិលសង្ស័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកថ្លែងថា៖ «ចេញសេចក្តីថ្លែងការណ៍ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់យើង រួមទាំងការគោរពព្រះមហាក្សត្រ និងបង្ហាញពីអ្វីដែលយើងធ្វើក្នុងក្របខណ្ឌគណបក្សភ្លើងទៀន ធ្វើឡើងដោយស្របច្បាប់។ ហើយដឹកនាំរៀបចំដោយគណបក្សភ្លើងទៀន ដោយផ្ទាល់ មិនមានការបង្គាប់បញ្ជាពីអ្នកណាឡើយ»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រាប់វីអូអេតាមសារអ៊ីម៉ែលយ៉ាងខ្លីថា គណបក្សភ្លើងទៀនមានសេរីភាពក្នុងការបញ្ជាក់ពីជំហររបស់ខ្លួន។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានសាទរចំពោះការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន។
លោក ហ៊ុន សែន បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអ្នកទាំងឡាយណា ដែលមានចេតនាប្រមាថព្រះមហាក្សត្រ តាមការស្នើសុំរបស់ខ្ញុំ កាលពីម្សិលមិញ ថ្ងៃ ២៦ តុលា ២០២២ នៅខេត្តកំពង់ឆ្នាំង»។
មួយរយៈចុងក្រោយនេះ លោក ហ៊ុន សែន ដែលបានចុះទៅជួបប្រជាកសិកររងគ្រោះដោយសារជំនន់ទឹកភ្លៀង បានប្រតិកម្មជាបន្តបន្ទាប់នឹង លោក សម រង្ស៊ី ខណៈលោក សម រង្ស៊ី ត្រូវបានបង្ហាញក្នុងការថ្លែងជាវីដេអូមួយ ដោយមានការប្រើប្រាស់ពាក្យពេចន៍មួយចំនួនដូចជា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិ» ហើយ «ស្តេចរាល់ថ្ងៃក្បត់ជាតិ»។
កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទសួរថ្នាក់ដឹកនាំគណបក្សភ្លើងទៀនឱ្យចេញមុខបកស្រាយថា តើគណបក្សមួយនេះមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ឬយ៉ាងណា? លោកបន្តថា គណបក្សភ្លើងទៀនត្រូវបានបង្កើតដោយលោក សម រង្ស៊ី ហើយលោកចង់ដឹងថា ផ្តាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី ហើយឬនៅ?
លោក ហ៊ុន សែន ក៏បានអះអាងថា លោកមានភស្តុតាងមួយចំនួនអំពីទំនាក់ទំនងរបស់អ្នករស់ក្នុងប្រទេសជាមួយក្រុមរបស់លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស អំពីការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ប្រសិនបើគណបក្សណាមួយមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ដែលលោកហៅថាជា« ជនក្បត់ជាតិ ៣ ជំនាន់» គណបក្សនោះអាចនឹងប្រឈមផ្លូវតុលាការ និងឈានទៅរំលាយចោលតែម្តង។
អ្នកវិភាគនយោបាយលោក សេង សារី ថ្លែងថា ការចរចាគ្នាជាជម្រើសល្អបំផុត ដើម្បី បញ្ចប់វិបត្តិនយោបាយក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ការនាំគ្នាងាកមកមើលពីវប្បធម៌នៃការចរចា វប្បធម៌នៃការសន្ទនាឡើងវិញ ខ្ញុំគិតថា មធ្យោបាយមួយនេះ នឹងអាចឈានទៅដោះស្រាយបញ្ចាប់វិបត្តិនយោបាយនៅកម្ពុជាបាន។ ហើយវាជាការបញ្ចប់នយោបាយ តាមមធ្យោបាយ អហិង្សា ហើយជាការបញ្ចប់ស្ថានភាពនយោបាយតាមអ្នកនយោបាយសម័យទំនើបផង ជាអ្នកនយោបាយដែលស៊ីវិល័យ»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ ប្រាប់វីអូអេកាលពីពេលថ្មីៗនេះថា បញ្ហាដែលអ្នកនយោបាយកម្ពុជាកំពុងតែតឹងសរសៃកដាក់គ្នា គឺជាបញ្ហាបុគ្គលនិងបុគ្គល ដូច្នេះវានឹងមិនអាចរកផ្លូវបញ្ចប់ឃើញឡើយ។
លោកបន្តថា ប្រសិនបើគណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានរំលាយដូចគណបក្សសង្គ្រោះជាតិ នោះវានឹងនាំមកបរិយាកាសនយោបាយកាន់តែអាប់អួ តានតឹង ហើយកម្ពុជាអាចប្រឈមនឹងសម្ពាធអន្តរជាតិ៕