បន្ទាប់ពីទទួលបានការបញ្ជាក់ពីស្ថាប័នជាតិរៀបចំការបោះឆ្នោតអំពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃមានបញ្ជាក់នីត្យានុកូលកម្មសម្រាប់ការចូលរួមបោះឆ្នោតនោះ មេដឹកនាំគណបក្សកម្លាំងជាតិថ្លែងថា គណបក្សនឹងរៀបចំដាក់បេក្ខជនឲ្យឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ ខណៈគណបក្សកំពុងប្រមូលសំឡេងគាំទ្រពីមហាជននៅទូទាំងប្រទេស។
គណបក្សកម្លាំងជាតិ ទើបតែបានធ្វើសមាជបក្សលើកដំបូងកាលពីសប្តាហ៍មុន ដោយបានរៀបចំក្បាលម៉ាស៊ីនដឹកនាំគណបក្សនៅតាមបណ្តារាជធានីខេត្តក្រុង ហើយមានអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយរូបត្រូវបានជ្រើសរើសធ្វើជាប្រធាន។
ប្រធានគណបក្សកម្លាំងជាតិដែលទើបបង្កើតថ្មី លោកស៊ុន ចន្ធី ប្រាប់វីអូអេថា គណបក្សកំពុងបន្តកៀរគររកសំឡេងគាំទ្រពីប្រជាពលរដ្ឋមកពីគ្រប់ស្រទាប់វណ្ណៈ និងថាគណបក្សរបស់លោកគ្មានឧបសគ្គក្នុងការរៀបចំដាក់បេក្ខជនឈរឈ្មោះនៅតាមទីតាំងនីមួយៗ ព្រោះគណបក្សមានលទ្ធភាព និងមធ្យោបាយគ្រប់គ្រាន់ ទាំងថវិកា និងធនធានមនុស្ស។
លោកថ្លែងថា៖ «គណបក្សកម្លាំងជាតិមិនព្រួយបារម្ភទេ យើងមានលទ្ធភាពមានមធ្យោបាយគ្រប់គ្រាន់ ក្នុងការរៀបចំដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជា សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៧ ខាងមុខ»។
សេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៥ ខែវិច្ឆិកា គ.ជ.ប បានទទួលយកសេចក្តីចម្លងប្រកាសស្តីពីការចុះឈ្មោះ និងការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មរបស់គណបក្សកម្លាំងជាតិ ដែលបង្កើតថ្មីកាលពីពាក់កណ្តាលខែតុលា ឆ្នាំ ២០២៣នេះ សម្រាប់ការប្រើឲ្យការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសង្កេតមើលដំណើរការពិនិត្យមើលបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣។
សេចក្តីជូនដំណឹងនេះបានណែនាំឲ្យភ្នាក់ងារគណបក្សនយោបាយនេះ នៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស)អាចថតសម្លងសេចក្តីចម្លងប្រកាសមានបញ្ជាក់នីត្យានុកូលកម្មជាមួយនិងពាក្យសុំ និងត្រូវបំពេញលក្ខខណ្ឌផ្សេងទៀត កំណត់ដោយបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក សោម សូរីដា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា រាល់គណបក្សទាំងឡាយណាឲ្យតែបានចុះបញ្ជីគណបក្សនយោបាយ ស្របតាមច្បាប់នៅក្រសួងមហាផ្ទៃ គឺមានសិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោតទាំងសាកល និងអសាកល។
លោកបញ្ជាក់ទៀតថា បើគ្មានលិខិតដើមនៃការចុះបញ្ជីនៅក្រសួងមហាផ្ទៃទេ ក៏មិនអាចចូលរួមក្នុងដំណើរការបោះឆ្នោតបានដែរ។
ជុំវិញលិខិតចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃនេះ គណបក្សជំទាស់ធំមួយគឺគណបក្សភ្លើងទៀន បានខកខានមិនបានចូលរួមក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា ដោយសារតែមិនមានលិខិតចុះបញ្ជីច្បាប់ដើម ដែលបញ្ជាក់នៅក្រសួងមហាផ្ទៃ ហើយគណបក្សនេះតែងតែស្នើសុំការអន្តរាគមន៍ជាច្រើនលើកពីក្រសួងមហាផ្ទៃឲ្យដោះស្រាយដែរ ប៉ុន្តែត្រូវបានក្រសួងបដិសេធ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ អះអាងថា គណបក្សភ្លើងទៀនមានអង្គបោះឆ្នោតគ្រប់គ្រាន់ ប៉ុន្តែត្រូវបានគេរាំងខ្ទប់ឱកាសទៅវិញ ដោយសារហេតុផលមិនច្បាស់លាស់មួយចំនួន។ លោកថា មកដល់ពេលនេះ គណបក្សភ្លើងទៀនបានសម្រេចជ្រើសរើសចងសម្ពន្ធភាពជាមួយគណបក្សនយោបាយមួយផ្សេងទៀត ដើម្បីឲ្យគណបក្សអាចមានលទ្ធភាពក្នុងការចូលរួមចំណែកក្នុងដំណើរការបោះឆ្នោតខាងមុខៗទៀត។
លោកលើកឡើងថា៖ «អ៊ីចឹងបានគាត់[គណបក្សភ្លើងទៀន] សម្រេចជ្រើសរើសគណបក្សមួយនៅក្នុងសម្ពន្ធភាពគឺគណបក្សឆន្ទៈខ្មែរ ដើម្បីដាក់បញ្ជីឈរឈ្មោះជំនួសឲ្យគណបក្សភ្លើងទៀន»។
នៅពេលគណបក្សភ្លើងទៀនកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ពាក់ព័ន្ធលិខិតដើមនៃការចុះបញ្ជីនៅក្រសួងមហាផ្ទៃ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងនេះមួយចំនួន បានដើរចេញពីគណបក្សមកចូលរួមជាមួយគណបក្សកម្លាំងជាតិ ក្នុងនោះមានលោក រ៉ុង ឈុន ជាដើម។
លោក គីមសួរ ភិរិទ្ធ បញ្ជាក់ថា ការចាកចេញនេះគឺជាសិទ្ធិរបស់បុគ្គលតែប៉ុណ្ណោះ និងមិនប៉ះពាល់ដល់ដំណើរការរបស់គណបក្សភ្លើងទៀននោះឡើយ។
លោកថ្លែងថា៖ «អ្នកនៅគឺយើងពន្យល់ហេតុផល អ្វីដែលសំខាន់គឺយើងឆ្ពោះទៅគោលដៅរបស់យើងគឺ ស្តារលទ្ធិប្រជាធិបតេយ្យ។ ហើយអ្នកចាកចេញទៅគឺទស្សនៈផ្ទាល់ខ្លួនរបស់គេអ៊ីចឹងយើងគិតតាមហ្នឹង»។
លោក មាស នី អ្នកវិភាគនយោបាយ កត់សម្គាល់ថា ការបង្កើតគណបក្សដើម្បីចូលរួមក្នុងដំណើរការបោះឆ្នោតគឺជារឿងត្រឹមត្រូវ ឲ្យតែគោរពទៅតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែលោកមិនទាន់អាចកំណត់បាននៅឡើយថា គណបក្សកម្លាំងជាតិដែលទើបតែបង្កើតឡើងនេះ នឹងទទួលបានការគាំទ្រច្រើនឬយ៉ាងក្នុងចំណោមអ្នកបោះឆ្នោត។
លោកបញ្ជាក់ថា៖ «វាអាស្រ័យទៅលើគណបក្សមួយនេះមាន គោលនយោបាយយ៉ាងម៉េចខ្លះ ហើយអ្នកណាខ្លះដែលជាក្បាលម៉ាស៊ីនដឹកនាំ អាហ្នឹងបានខាងពលរដ្ឋដែលជាអ្នកគាំទ្រក្រៅពីការបោះឆ្នោតឲ្យគណបក្សកាន់អំណាចនោះ គេមើលឃើញហើយគេនឹងផ្តល់ការគាំទ្ររបស់គេទៅឲ្យ»។
លោកបន្ថែមថា គណបក្សកម្លាំងជាតិក៏ត្រូវពិចារណាផងដែរ ចំពោះសកម្មភាពឃ្លាំមើលរបស់គណបក្សកាន់អំណាច នៅពេលខ្លួនធ្វើសកម្មភាពនយោបាយស្វែងរកសំឡេងឆ្នោត។
លោកថ្លែងថា៖ «រឿងសំខាន់មួយទៀតនោះ គឺថាតើគណបក្សនេះនឹងមានយុទ្ធសាស្រ្តអីខ្លះ ដើម្បីធ្វើឲ្យពលរដ្ឋមានការជឿជាក់ហើយទីពីរ ថាតើគណបក្សហ្នឹងនឹងត្រូវដើរយ៉ាងម៉េច ដើម្បីកុំឲ្យជាន់ដាននៃការតាមមើលរបស់គណបក្សកាន់អំណាចនៅក្នុងការចោទប្រកាន់ទៅលើការទាក់ទងជាមួយនឹងអតីតមេដឹកនាំសង្រ្គោះជាតិ? វាជាបញ្ហារសើបមួយ ដែលគណបក្សកម្លាំងជាតិត្រូវតែគិតថានឹងពិចារណាបាទ»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលដែលឃ្លាំមើលការបោះឆ្នោត ថ្លែងថា ការចូលរួមរបស់គណបក្សនយោបាយក្នុងដំណើរការបោះឆ្នោតគឺជាគោលការណ៍មួយនៃលទ្ធប្រជាធិបតេយ្យ ប៉ុន្តែលោកថា ការចូលរួមរបស់គណបក្សនយោបាយវិញ ក៏មិនទាន់អាចកំណត់ថា វាមានលទ្ធិប្រជាធិបតេយ្យពេញលេញនោះដែរ។ ពោលលោកថា ត្រូវពិនិត្យមើលទៅលើការអនុវត្តនូវគោលការណ៍ផ្សេងៗទៀត ពាក់ព័ន្ធនឹងដំណើរការចូលរួមការបោះឆ្នោត ដើម្បីបញ្ជាក់ថា ការចូលរួមរបស់គណបក្សនយោបាយនីមួយៗកើតមានឡើងដោយសេរី ឬក៏យ៉ាងណានោះ។
គួររំឭកថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា គណបក្សកម្លាំងជាតិបានធ្វើសមាជលើកដំបូងរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដោយលោក ស៊ុន ចន្ធី អតីតប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ធំ និងលោក ជា មុនី អតីតមេដឹកនាំសហជីពសេរីកម្មករនៃព្រះជារាណាចក្រកម្ពុជាត្រូវបានសមាជិកគណបក្សផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជាប្រធាន និងអនុប្រធានបក្ស។ រីឯលោក រ៉ុង ឈុន ត្រូវបានតែងតាំងជាទីប្រឹក្សាគណបក្ស៕