ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើងទៀន​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ព្រឹទ្ធសភា


រូបឯកសារ៖ ស្លាក​គណបក្ស​ភ្លើង​ទៀន​នៅមុខ​លំនៅឋាន​អ្នកស្រី​ គង់​ ចាន់​ថា​ ក្នុង​ឃុំព្រះដាក់​ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)
រូបឯកសារ៖ ស្លាក​គណបក្ស​ភ្លើង​ទៀន​នៅមុខ​លំនៅឋាន​អ្នកស្រី​ គង់​ ចាន់​ថា​ ក្នុង​ឃុំព្រះដាក់​ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២។ (ហ៊ុល រស្មី​/វីអូអេ)

មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ភ្លើង​ទៀន​បាន​ឱ្យ​ដឹង​ថា ​គណបក្ស​នឹង​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ដែល​ជា​ការ​បោះ​ឆ្នោត​អសកល​មួយ នា​ពេល​ខាង​មុខ ដោយ​នឹង​ជ្រើសរើស​យក​គណបក្ស​នយោ​បាយ​អាទិ​ភាព​ណាមួយ​ដែល​ស្ថិត​ក្នុងសម្ពន្ធ​ភាព​របស់​ខ្លួន។

នៅ​ក្នុង​បទ​សម្ភាស​ន៍​ជាមួយ​វីអូអេ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក រ៉ុង ឈុន ថ្លែង​ថា​គណបក្ស​កម្លាំង​ជាតិ​ដែល​ទើប​បង្កើត​ឡើង​ដោយ​អតីត​មន្រ្តី​គណបក្ស​ភ្លើង​ទៀន​មួយ​រូប ក៏​អាច​ជា​ជម្រើស​មួយ​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ផង​ដែរ ក្រៅ​ពី​គណ​បក្ស​ដែល​ចង​សម្ពន្ធភាព​កាល​ពី​កន្លង​ទៅ។

លោក​បញ្ជាក់​ថា៖ «ហើយ​នៅ​ក្នុង​នោះ​ដែរ ទើប​តែ​មានគណបក្ស​កម្លាំង​ជាតិ ដែល​ក្រសួង​មហាផ្ទៃ​បាន​ផ្តល់​បញ្ជី​ការ​ឱ្យ​ថ្មីៗ​ហ្នឹង ទោះ​បី​គណបក្ស​កម្លាំង​ជាតិ​មិន​ទាន់​ជា​សមាជិក​សម្ពន្ធ​ឆ្ពោះ​ទៅ​អនាគត​ក្តី​ ក៏​វា​ជា​ជម្រើស​មួយ​សម្រាប់​គណបក្ស​ភ្លើង​ទៀន ​ហើយ​វាជា​អាទិភាព​ផង​ដែរ»។

កាល​ពី​ពេល​ថ្មីៗ​នេះ គណបក្ស​នយោ​បាយ​ចំនួន​៤ ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន និង​គណ​បក្ស​កែទម្រង់​កម្ពុជា បាន​បង្កើត​សម្ពន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត​រួម​គ្នា ក្នុង​គោល​បំណង​ដើម្បី​ស្ដារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នៅ​កម្ពុជា។

នៅ​ក្នុងការ​បោះ​ឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០២៣ គណបក្ស​ភ្លើង​ទៀន​ខកខាន​មិន​បាន​ចូល​រួម​ឈរ​ឈ្មោះ​បោះឆ្នោត​ ដោយ​សារ​គ្មាន​ឯកសារ​ដើម​បញ្ជាក់​អំពីការ​ចុះបញ្ជី​គណ​បក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។

លោក រ៉ុង ឈុន អនុ​ប្រធាន​គណ​បក្ស បញ្ជាក់​ថា ​គណបក្ស​នៅ​តែ​មាន​បំណង​ចូល​រួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ដែល​អង្គ​បោះ​ឆ្នោត​ជា​ក្រុម​ប្រឹក្សាជាប់​ឆ្នោត​ដោយ​ផ្ទាល់ ខណៈ​គណ​បក្ស​បាន​កំពុង​តែ​រិះរក​ដំណោះ​ស្រាយ​ពាក់​ព័ន្ធ​នឹង​លិ​ខិត​ចុះ​បញ្ជី​គណ​បក្ស។

លោក សោម សូរីដា អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិកា​រជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ប្រាប់​វីអូអេ​ថា​គណ​បក្ស​ដែល​បាន​ចុះ​បញ្ជី​ស្រប​តាម​ច្បាប់​គណ​បក្ស​នយោ​បាយ នៅ​ក្រសួង​មហា​ផ្ទៃ មាន​សិទ្ធិចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​ និង​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នាពេល​ខាង​មុខ​នេះ។

លោក​ថ្លែង​ថា៖ «​គណ​បក្ស​ភ្លើង​ទៀន ប្រហែល​ជា​អាច​ឱ្យ​គណ​បក្ស​សម្ពន្ធ​មិត្ត​របស់គាត់​ហ្នឹង​មួយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិកព្រឹទ្ធ​សភា​ ហើយ​គាត់​ហ្នឹង​ឱ្យ​សមា​ជិក​គណ​បក្ស​របស់​គាត់​ហ្នឹង ដែល​ជា​សមា​ជិក​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ ក្នុង​តំណែង​បោះ​ឆ្នោត​ឱ្យ​គណ​បក្ស​សម្ពន្ធ​មិត្ត ដែល​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត។ អញ្ចឹង​ករណី​នេះ​មិន​ខុ​ស​ច្បាប់​ទេ​ក្មួយ​»។

លោក​ សោម សូរី​ដា អះអាង​ថា​ បើ​គ្មាន​លិខិត​ដើម​នៃ​ការ​ចុះ​បញ្ជី គណបក្ស​ភ្លើង​ទៀន​នឹង​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​បាន​ឡើយ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វីអូអេ​ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ស្វាគមន៍​រាល់​គណ​បក្ស​ទាំង​អស់​នៅ​ក្នុងការ​ចូលរួមការ​បោះ​ឆ្នោត។

លោក​ថ្លែ​ងថា៖ «បើ​ទុក​ក្រុមប្រឹក្សា​គាត់​ហ្នឹង​បោះ​ឆ្នោត​ឱ្យគាត់​មួយរយ​ភាគរយ​ ក៏នៅ​តែ​ចំនួន​ដែល​បាន​ជាសមាជិក​ព្រឹទ្ធសភា​តែ៦​ទៅ៧​នាក់​ប៉ុណ្ណឹង។ បារម្ភស្អី​!»។

អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើងថា​ លោក​នឹង​ឈរ​ឈ្មោះ​ជាបេក្ខ​ជន​មួយ​រូប​សម្រាប់​ការបោះឆ្នោតព្រឹទ្ធសភា​ ដែល​នឹង​ជ្រើស​រើស​សមាជិកជាង​៦០រូប។ លោក​បន្ថែម​ថា​ លោក​នឹង​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ឆ្នាំ​២០២៤។

គួរ​បញ្ជា​ក់​ថា ​កាល​ពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​កន្លង​ទៅ​ គណ​បក្ស​ភ្លើងទៀន​ទទួល​បាន​អាសនៈ​ប្រមាណ​២.២០០ ក្នុង​ចំណោម​អាសនៈ​សរុប​ប្រមាណ​១១.៦០០ ដែល​ចំនួន​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា ​គ​ណ​បក្ស​ភ្លើង​ទៀន​នឹង​ទទួល​បាន​៦​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធ​សភា។ នេះ​បើ​តាម​លោក រ៉ុង ឈុន៕

XS
SM
MD
LG