ក្រុមអ្នកតំណាងរាស្ត្រទាំង៥៥រូបនៃគណបក្សប្រឆាំង ជាច្រើនលើកច្រើនសារ បានប្រកែកមិនចូលទៅប្រជុំសភាទេ ដើម្បីតតាំងអំពីការធ្វើច្បាប់សម្រាប់ប្រយោជន៍ប្រជារាស្ត្រខ្មែរទូទៅចាប់តាំងពីការចាប់បញ្ជូនសកម្មជន និងមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំងជាង១០រូបដោយរដ្ឋអំណាចបញ្ជូនទៅឲ្យតុលាការឃុំខ្លួន។ ក្រុមអ្នកសង្កេតស្ថានការណ៍នយោបាយកម្ពុជានិយាយថា ការណ៍នេះនឹងធ្វើឲ្យខូចធ្ងន់ធ្ងរដល់ប្រយោជន៍ប្រជារាស្ត្រដែលជាម្ចាស់ឆ្នោត។
បន្ទាប់ពីមេដឹកនាំគណបក្ស ដែលមានអាសនៈនៅរដ្ឋសភា បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងនយោបាយកាលពីខែកក្កដាឆ្នាំ២០១៤ ក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សប្រឆាំងបានចូលប្រជុំសភា និងបានកោះហៅរដ្ឋមន្ត្រីនៃអំណាចនីតិប្រតិបត្តិមកសួរនាំជាបន្តបន្ទាប់។
ក៏ប៉ុន្តែសកម្មភាពកោះហៅមន្ត្រីនៃរាជរដ្ឋាភិបាលបានចុះខ្សោយទៅៗ ចាប់តាំងពីរដ្ឋអំណាចនៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចាប់មន្ត្រីជាន់ខ្ពស់ និងសកម្មជននៃគណបក្សប្រឆាំងទៅតុលាការដើម្បីធ្វើការកាត់ទោស ពាក់ព័ន្ធនឹងអំពើហិង្សា និងបញ្ហាព្រំដែនកម្ពុជា វៀតណាម ដែលបានកើតឡើង ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥មកនោះ។
មកដល់ឆ្នាំ២០១៦នេះ មេដឹកនាំគណបក្សប្រឆាំងគឺលោកសម រង្សីបានទទួលរងការកាត់ទោស ពាក់ព័ន្ធបណ្តឹងបរិហារកេរ្តិ៍របស់លោកហេង សំរិន ប្រធានសភាជាតិ។ ចំណែកឯលោកកឹម សុខា អនុប្រធានគណបក្សប្រឆាំងនៅជាប់ពាក់ព័ន្ធក្នុងសំណុំរឿងអាស្រូវស្នេហាលួចលាក់គួរឲ្យឆ្ងល់ដែលនាំឲ្យមន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមអាដហុកចំនួនបួនរូប និងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួន។
នៅក្នុងស្ថានភាពដ៏តានតឹងនេះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមិនត្រឹមតែបង្អាក់ដំណើរការកោះហៅមន្ត្រីរដ្ឋាភិបាលមកសួរនាំនោះទេ ប៉ុន្តែពួកគេក៏ថែមទាំងមិនចូលប្រជុំសភាទៀតផង។
ក្រុមអ្នកសង្កេតការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាបានថ្លែងថា ការប្រកាន់ជំហរមិនចូលប្រជុំក្នុងសភារបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនេះបានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍អ្នកបោះឆ្នោត និងរដ្ឋធម្មនុញ្ញដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ នេះមានន័យថា ការធ្វើច្បាប់មួយចំនួនត្រូវស្ទះ ព្រោះមិនអាចសម្រេចដោយឯកបក្សនៅក្នុងសភានោះទេ។
លោកសំ គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា Nicfec (និកហ្វិក) បានប្រាប់ VOA កាលពីខែកក្កដាថា ការមិនចូលប្រជុំសភា ឬបន្តធ្វើពហិការប្រជុំនៅរដ្ឋសភា បានធ្វើឲ្យប៉ះពាល់ដល់ភាពស្របច្បាប់នៃដំណើរការរបស់ស្ថាប័នសភា និងស្ថាប័ននីតិប្រតិបតិ្ត។
លោកបានចាត់ទុកថា ការមិនព្រមចូលទៅប្រជុំក្នុងសភារបស់តំណាងរាស្ត្រគណបក្សប្រឆាំងគឺជាការខាតបង់ធ្ងន់ធ្ងរដល់អ្នកបោះឆ្នោតរាប់លាននាក់។
«ខាត! ខាតដល់ប្រជាពលរដ្ឋហ្មង បញ្ហាសង្គម ធ្វើឲ្យគាត់បានចូលរួមអញ្ចឹងខាត ព្រោះអីគាត់តំណាងឲ្យប្រជាពលរដ្ឋចង់កន្លះប្រទេសហើយ៥៥កៅអី។ ៥៥អាសនៈ ច្រើនណាស់ណ៎ា រាប់លាននាក់ ហើយគាត់អត់បានទៅបញ្ចេញសំឡេងក្នុងការអនុម័តច្បាប់ ក្នុងការសម្រេចផ្សេងៗហ្នឹង ខាតធ្ងន់ណាស់។ ខាតសង្គមជាតិយើង ខាតទាំងអស់ហ្មង។ បញ្ហាប្រទេសជាតិខាតទាំងអស់ ទាំងគ្រប់វិស័យ យើងធ្វើអញ្ចឹង»។
លោកសំ គន្ធាមីបានស្នើឲ្យក្រុមសមាជិកសភា៥៥រូបនៃគណបក្សសង្គ្រោះជាតិ វិលទៅកាន់ការប្រជុំសភាវិញ ដើម្បីទាមទារឲ្យមានការបកស្រាយពីរដ្ឋាភិបាលអំពីការធ្វើច្បាប់ដែលជាប្រយោជន៍ទូទៅរបស់ប្រជាជន និងមិនមែនជាប្រយោជន៍របស់គណបក្សនយោបាយនោះទេ។
នៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ សមាជិកសភាទាំង៥៥រូបនៃគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនព្រមចូលទៅអង្គុយក្នុងអាសនៈរបស់ខ្លួន។ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានអះអាងថា លទ្ធផលឆ្នោតមានការគៃបន្លំ។
ស្ថានភាពនយោបាយបានវិលមកស្ថានភាពធម្មតាវិញ បន្ទាប់ពីមេដឹកនាំនៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានចុះកិច្ចព្រមព្រៀងនយោបាយ ដែលលើកឡើងពីការអនុវត្ត«វប្បធម៌សន្ទនា» កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ ២០១៤។
ក្រោយមកអ្នកនយោបាយនៃគណបក្សទាំងពីរបានបោះបង់ចោលវប្បធម៌សន្ទនា ដែលមានអាយុកាលខ្លីនេះ ចាប់ពីខែកក្កដាឆ្នាំ២០១៥ ដោយសារមានការញាំញីពីប្រព័ន្ធតុលាការមកលើសកម្មជន និងមន្ត្រីនៃគណបក្សប្រឆាំង។
លោកបណ្ឌិតមាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បានប្រាប់ VOA ថា ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងមិនអាចខកខានក្នុងការបំពេញតួនាទីរបស់ខ្លួន ក្នុងកាលៈទេសៈសភាពការណ៍នយោបាយធ្លាក់ចុះដុនដាបខ្លាំងនោះទេ។ លោកថា ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងត្រូវចាប់ផ្តើមកិច្ចការរបស់ខ្លួនក្នុងរឿងសំខាន់ៗរបស់ជាតិ ដូចជាកិច្ចការការពារសន្តិសុខសង្គមជាដើម។
«ករណីឃាតកម្មកើតឡើងលើលោកកែម ឡីនាពេលថ្មីៗនេះ ខ្ញុំគិតថា សមាជិកសភាគណបក្សសង្គ្រោះជាតិអាចធ្វើជាញត្តិមួយដើម្បីសុំកោះប្រជុំសភា ហើយចោទសួរទៅលើមន្ត្រីរដ្ឋាភិបាលដើម្បីឲ្យពន្លឿនការស៊ើបអង្កេតអីហ្នឹងជារឿងសំខាន់ៗ។ ខ្ញុំគិតថា បើមិនចូលទាំងអស់ វាធ្វើឲ្យស្ថានការណ៍តានតឹងផ្នែកនយោបាយហ្នឹង វានៅតែបន្ត»។
មាត្រា៨៩នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ចែងថា តាមការស្នើសុំពីសមាជិកចំនួនមួយភាគដប់យ៉ាងតិច រដ្ឋសភាអាចអញ្ជើញឥស្សរជនដ៏ឧត្តមណាមួយមកបំភ្លឺរដ្ឋសភាអំពីបញ្ហាដែលមានសារៈសំខាន់ពិសេស។
ផ្នែកសំខាន់ៗខ្លះនៃមាត្រា៩៦នៃរដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា តំណាងរាស្រ្តមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរ ប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា។ ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើងពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់មន្ត្រីមួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីត្រូវឆ្លើយផ្ទាល់ខ្លួន។
លោកសុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA នាថ្ងៃអង្គារនេះថា ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចាត់ទុកថា សកម្មភាពនៃការដាក់កម្លាំងរបស់រដ្ឋអំណាចដើម្បីចាប់ខ្លួនលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងការញាំញីខាងផ្លូវច្បាប់លើអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិគឺជាទង្វើខុសធ្ងន់ធ្ងរមួយ។
លោកនិយាយថា ទង្វើនេះបានធ្វើឲ្យក្រុមអ្នកតំណាងរាស្ត្រគណបក្សជំទាស់ដកខ្លួនពីការប្រជុំពេញអង្គនានានៃរដ្ឋសភា។ លោកបញ្ជាក់ទៀតថា ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនឹងបន្តបំពេញការងារដើម្បីប្រយោជន៍ប្រជាពលរដ្ឋ បើទោះជាគណបក្សនេះនឹងបន្តធ្វើពហិការមិនចូលប្រជុំរដ្ឋសភាក៏ដោយ។
«ដូច្នេះខ្ញុំគ្រាន់តែចង់បញ្ជាក់ថា យើងតែងយកចិត្តទុកដាក់អំពីភារកិច្ចយើង ដែលជាសមាជិកសភាទទួលបានការបោះឆ្នោតពីប្រជាពលរដ្ឋគឺត្រូវតែយកតួនាទីរបស់យើងហ្នឹងទៅបំពេញសកម្មភាពនៅក្នុងក្របខ័ណ្ឌរដ្ឋដែលយើងមានដើម្បីធ្វើម៉េចអាចបម្រើប្រជាពលរដ្ឋយើងបានជាអតិបរមា»។
ដ្បិតតែសភាបានធ្វើការប្រជុំដោយគ្មានការចូលរួមពីក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងក្តី ក៏លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សភានៅតែអាចបំពេញការងាររបស់ខ្លួនបានក្នុងការធ្វើច្បាប់ និងការផ្តល់សច្ចាបននានាដែលតម្រូវឲ្យមានសំឡេងគាំទ្រត្រឹម៥០ភាគរយបូកមួយ។
«ពាក្យដែលហៅថា វិបត្តិនយោបាយ ដោយសារសភាប្រជុំអត់កើត ទៅប្រជុំអនុម័តអីអត់បាន តែឥឡូវ បើថា ភាគីក្នុងសភាមិនចូលរួមទេ ក៏សភាដែលមានតែតំណាងគណបក្សប្រជាជនកម្ពុជាចូលរួមហ្នឹងក៏អាចអនុម័តច្បាប់អីបានដែរ ចំពោះច្បាប់ដែលតម្រូវឲ្យអនុម័តដោយសំឡេង៥០ភាគរយបូកមួយ»។
ក្រុមអ្នកវិភាគនិយាយថា អ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងមិនអាចសម្ងំស្ងៀម និងព្យាយាមគេចវេសពីការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាអ្នកតំណាងរាស្ត្រ ដោយសំអាងលើហេតុផលថា កម្ពុជាកំពុងជួបវិបត្តិនយោបាយ ហើយធ្វើមិនដឹងមិនឮវិបត្តិនៃការធ្វើច្បាប់ដោយគណបក្សតែមួយ ដែលនឹងប៉ះពាល់ជាអវិជ្ជមានដល់ការរស់នៅរបស់ប្រជារាស្ត្រខ្មែរ៕