រដ្ឋសភាខ្មែរបានប្រកាសប្រគល់ភារកិច្ចឲ្យគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើការសិក្សាពិចារណាលើករណីអវត្តមានរបស់តំណាងរាស្ត្រ ដែលពុំបានចូលមកបំពេញការងារ និងភារកិច្ចរបស់ខ្លួនជាយូរថ្ងៃ ដែលល្មើសនឹងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់សភាដែលចេញផ្សាយជាសាធារណៈនៅថ្ងៃច័ន្ទនេះ និងយោងតាមអ្នកនាំពាក្យតំណាងរាស្ត្រគណបក្សគ្រប់គ្រងប្រទេស។
សេចក្តីប្រកាសព័ត៌មានរបស់សភាបានសរសេរថា អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនមកបំពេញការងារ ប៉ុន្តែនៅតែមកបើកប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗយ៉ាងពេញលេញ ក្នុងនោះរួមទាំងការប្រើប្រាស់មធ្យោបាយរបស់រដ្ឋសព្វយ៉ាងទៀតផង។ សេចក្តីប្រកាសព័ត៌មានរបស់សភាបន្តថា ការណ៍នេះបានបង្កឲ្យមានប្រតិកម្មពីគ្រប់មជ្ឈដ្ឋាននៃសង្គមកម្ពុជាទូទាំងប្រទេស ពីសំណាក់ប្រជាពលរដ្ឋ តំណាងរាស្ត្រ រាជរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
លោក ឈាង វុន អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯវិមានរដ្ឋសភាថា តំណាងរាស្ត្រគណបក្សប្រឆាំងមិនមកធ្វើការក្នុងសភា និងបានយកសម្បត្តិរបស់រដ្ឋ ដូចជារថយន្តទៅបម្រើសកម្មភាពនយោបាយរបស់ខ្លួន។
«ទ្រព្យសម្បត្តិរដ្ឋ បម្រើរដ្ឋ។ ឡានហ្នឹងគេទុកឲ្យប្រធានគណៈកម្មការចុះទៅមូលដ្ឋាន ទៅធ្វើការងារសម្រាប់រដ្ឋសភា ក្នុងនាមខ្លួនជាប្រធានគណៈកម្មការ មិនអនុញ្ញាតឲ្យយកឡានទៅហែញ្ញតិ្តទេ»។
កាលពីចុងខែឧសភា ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានហែញ្ញតិ្តយកទៅថ្វាយព្រះមហាក្សត្រខ្មែរ តាមរថយន្តប្រមាណ២០គ្រឿង ដើម្បីសើ្នសុំព្រះរាជអន្តរាគមន៍ចំពោះការបំពានលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រដោយរដ្ឋអំណាចកម្ពុជា។ រថយន្តមួយចំនួនត្រូវគេមើលឃើញថា មានពាក់ស្លាកលេខរដ្ឋសភា។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA ថា លោក ឈាង វុន ពុំមានអំណះអំណាងគ្រប់គ្រាន់ចំពោះការថ្លែងរបស់លោកទាក់ទិននឹងអវត្តមានរបស់ក្រុមអ្នកតំណាងរាស្ត្រ៥៥រូបរបស់គណបក្សប្រឆាំងនៅរដ្ឋសភាទេ។
លោកបន្ថែមថា ក្រុមអ្នកតំណាងរាស្ត្របានជូនដំណឹងដល់ប្រធានរដ្ឋសភាអំពីការមិនចូលប្រជុំរបស់ក្រុមអ្នកតំណាងរាស្រ្ត ជាងមួយខែមុនមកហើយ ដោយសារតែការបំពារបំពានលើអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ តែពុំទាន់មានការឆ្លើយតបនៅឡើយទេ។
«ដូច្នេះយើងមិនទាន់ឃើញចម្លើយពីគាត់ថា តើហេតុផលរបស់យើងហ្នឹង វាសមហេតុផលយ៉ាងណានៅឡើយ ហើយកិច្ចការនេះពាក់ព័ន្ធទៅនឹងកិច្ចការនយោបាយ។ គ្មានមូលដ្ឋានច្បាប់ណាដែលនឹងត្រូវកាត់ប្រាក់ខែ ឬក៏ត្រូវដករថយន្ត ដូចដែលគាត់និយាយនោះទេ បាទ»។
លោក សុន ឆ័យ បញ្ជាក់ថា អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងក៏នឹងមិនចូលប្រជុំសភានៅថ្ងៃស្អែកនេះផងដែរ។
យោងតាមជំពូកទី១៤នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា មានប្រការមួយចំនួនបាននិយាយពីការខានមកប្រជុំរបស់អ្នកតំណាងរាស្ត្រ។ ប្រការ៧០បានចែងថា តំណាងរាស្ត្រណាឈប់ខានមកប្រជុំលើសពីបីថ្ងៃ ដោយគ្មានការអនុញ្ញាត ត្រូវកាត់ប្រាក់បំណាច់រដ្ឋសភា ចំពោះថ្ងៃដែលអវត្តមាននោះ។ ប្រការ៧១បានចែងថា អ្នកតំណាងរាស្ត្ររូបណាបានទទួលការអនុញ្ញាតឲ្យឈប់ ហើយឈប់លើសចំនួនថ្ងៃអនុញ្ញាតនោះ ត្រូវកាត់ប្រាក់បំណាច់ចំពោះថ្ងៃដែលឈប់លើសពីការអនុញ្ញាត។ បទបញ្ជាផ្ទៃក្នុងនេះពុំមានប្រការណាមួយនិយាយជាក់លាក់ពីការកាត់ប្រាក់បៀវត្សរ៍របស់អ្នកតំណាងរាស្ត្រនោះទេ។
បន្ទាប់ពីរដ្ឋាភិបាលបានដាក់កម្លាំងអាជ្ញាធរមានសមត្ថកិច្ចតាមឃាត់ខ្លួនលោកកឹម សុខា ដែលកំពុងជាប់សង្ស័យថា មានរឿងអាស្រូវស្នេហាលួចលាក់កាលពីចុងខែឧសភានោះមក ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានប្រកាសធ្វើពហិការមិនចូលប្រជុំសភា។ តុលាការបានចេញដីការកោះហៅលោក កឹម សុខា ប្រធានសី្តទីគណបក្សជំទាស់ជាបន្តបន្ទាប់ បង្គាប់ឲ្យលោកចូលមកបំភ្លឺបណ្តឹងបរិហារកេរ្តិ៍ និងការប្រព្រឹត្តអំពើសញ្ចរកម្ម ខណៈដែលលោកនៅមានអភិយឯកសិទ្ធិជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមនៅឡើយនោះ។
ក្រៅពីក្រុមមន្ត្រីគណបក្សជំទាស់មួយចំនួនដែលកំពុងជាប់ឃុំឃាំង មានអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងពីររូបគឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ កំពុងស្ថិតក្នុងមន្ទីរឃុំឃាំងទាំងនៅមានអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រ។ អ្នកទាំងពីរត្រូវតុលាការក្រុងភ្នំពេញសម្រេចដាក់ឃុំឃាំងក្នុងពន្ធនាគារ បន្ទាប់ពីពួកគេបានបកស្រាយអំពីបញ្ហាផែនទី និងបញ្ហាព្រំដែនកម្ពុជាវៀតណាម ដែលរដ្ឋាភិបាលយល់ថា អាចបង្កចលាចលក្នុងសង្គម និងអរិភាពរវាងប្រទេសកម្ពុជា និងវៀតណាម។
អ្នកតំណាងរាស្ត្រម្នាក់ៗត្រូវគេដឹងថា ទទួលបានប្រាក់បៀវត្សរ៍ ប្រមាណជាង២០០០ដុលា្លរក្នុងមួយខែ។ ចំនួននេះគឺរាប់បញ្ចូលទាំងប្រាក់បំណាច់ និងការចុះបេសកកម្ម។ សភាកម្ពុជាក្នុងពេលបច្ចុប្បន្ននេះមានអ្នកតំណាងរាស្ត្រចំនួន១២៣រូប មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕