ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​​ប្រឆាំង​​​បង្កើត​គណៈ​កម្មការ​ត្រៀម​ដឹកនាំ​រដ្ឋាភិបាល​​


លោក​សុន ឆ័យ ​ប្រធានក្រុម​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្រ្គោះជាតិ​​​​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទី​ស្នាក់ការ​កណ្ដាល​បក្ស​សង្រ្គោះជាតិ​​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​ ទី​០៩ ខែ​សីហា​ ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)​

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជា​​មាន​ភាព​តាន​តឹង​និង​ខណៈ​ពេល​ដែល​តំណាង​រាស្រ្ត​គណបក្ស​​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក្នុង​​រដ្ឋសភា​ ដោយ​សារ​មាន​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​រាស្រ្ត​របស់​ខ្លួន។​

គណបក្សសង្គ្រោះ​ជាតិ ​នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ប្រកាស​ដាក់​ដំណើរ​ការ​គណៈកម្មការ​ជំនាញ​ចំនួន​១០​ដើម្បី​ជួយ​ការងារគណបក្ស​សម្រាប់​ការ​ដឹកនាំ​ប្រទេស​ក្នុង​ឆ្នាំ​២០១៨ខាង​មុខ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុ​ជាមាន​ភាព​តាន​តឹង​និង​ខណៈ​ពេល​ដែល​តំណាង​រាស្រ្ត​គណបក្សសង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក្នុងរដ្ឋសភា​ ដោយ​សារ​មាន​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​រាស្រ្ត​របស់​ខ្លួន។​

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​ស្នាក់ការ​កណ្តាល​គណបក្សសង្គ្រោះជាតិ​ លោក​ សុន ឆ័យ ​តំណាង​រាស្រ្ត​គណបក្សប្រឆាំង ​បាន​ថ្លែងថា ​គណៈ​កម្មការ​ទាំង​១០​នេះ​ គឺ​ស្រដៀងគ្នា​នឹង​គណៈកម្មការ​ទាំង​១០​នៃ​រដ្ឋសភា ​ដោយ​បង្កើត​ជាក្រុម​ស្រាវជ្រាវ​បច្ចេកទេស​ក្នុង​ការ​រៀបចំ​ខ្លួន​ទុក​ជា​មុន​សម្រាប់​គ្រប់គ្រង​ប្រទេស។​

លោក​មាន​ប្រសាសន៍​ថា៖​

«ក្នុង​គោល​បំណង​រៀបចំ​ខ្លួន​នៅ​ក្នុង​កាលៈទេសៈ​ណា​ដែល​យើង​ជឿ​ថា ​អាច​ជិត​មក​ដល់ ​ដែល​គណបក្សសង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត ​និង​ទៅ​គ្រប់គ្រង​ប្រទេស។ ​គណបក្សត្រូវ​យល់​ឲ្យ​ច្បាស់​អំពី​អ្វី​ដែល​ជា​គោល​ការណ៍​ចាំបាច់​ដើម្បី​អនុវត្ត​កម្មវិធី​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​នៅ​ពេល​យើង​មាន​តួនាទី​ដឹកនាំ​ប្រទេស​នោះ។​ ដូច្នេះ​យើង​បាន​រៀបចំ​ត្រឹម​ដប់​សិន ហើយ​យើង​អាច​រៀបចំ​បំបែក​ជាផ្នែក​តូចៗ​ទៀត​បើ​មាន​ការ​ចាំបាច់»។​

លោក​សុន ឆ័យ ​ប្រធានក្រុម​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្រ្គោះជាតិណែ​នាំ​ក្រុម​គណៈកម្មាការ​បក្ស​នៅ​ក្នុង​សន្និសិទ​កាសែត​នៅ​ទី​ស្នាក់ការ​កណ្ដាល​បក្ស​សង្រ្គោះជាតិក្នុងរាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ​ ទី​០៩ ខែ​សីហា​ ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
លោក​សុន ឆ័យ ​ប្រធានក្រុម​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្រ្គោះជាតិណែ​នាំ​ក្រុម​គណៈកម្មាការ​បក្ស​នៅ​ក្នុង​សន្និសិទ​កាសែត​នៅ​ទី​ស្នាក់ការ​កណ្ដាល​បក្ស​សង្រ្គោះជាតិក្នុងរាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ​ ទី​០៩ ខែ​សីហា​ ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

លោក​បន្ថែម​ថា ​ក្រោយ​ការ​បង្កើត​គណៈ​កម្មការ​ទាំង​១០​នេះ​បាន​ចំនួន​៣​ខែ​គឺ​ចាប់​ពី​ខែ​មិថុនា​មក​ គណៈ​កម្មការ​នីមួយៗ​រក​ឃើញ​នូវ​បញ្ហា​ជាច្រើន​ក្នុង​វិស័យ​ទាំង​នោះ ​ហើយ​ថា គណបក្ស​នឹង​ដោះ​ស្រាយ​បញ្ហា​ដែល​រក​ឃើញ ក្រោយ​ពេល​គណបក្សនេះជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១៨។​

ប្រធាន​វេទិកា​អនាគត ​និង​ជា​អ្នកវិភាគ​នយោបាយ​គឺ​លោក ​អ៊ូ វីរៈ​ មាន​ប្រសាសន៍​ថា ​ប្រសិន​ជា​គណបក្ស​ប្រឆាំង​ចង់​ត្រៀម​ខ្លួន​ក្នុង​ការ​កាន់​អំណាច ​ពួក​គេ​ត្រូវ​ត្រៀម​រៀបចំ​គម្រោង​ការ​រៀបចំ​រដ្ឋាភិបាល និង​ត្រូវ​ប្រាកដ​ថា​ គណបក្សនេះ​មាន​ធនធាន​មនុស្សគ្រប់គ្រាន់​ដើម្បី​ធ្វើការ។​

លោក​បន្ថែម​ថា ​ការ​ត្រៀម​ខ្លួន​ជាមុន​បែប​នេះ​នឹង​ធ្វើ​ឲ្យ​គណបក្សសង្គ្រោះ​ជាតិ​អាច​ក្លាយ​ជា​គណបក្សប្រឆាំង​មួយ​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ទាក់ទាញ​ទំនុក​ចិត្ត​ពីប្រជា​ពលរដ្ឋ។

លោក​បន្ថែម​ថា៖​

«ការ​ប្រកួត​ប្រជែង​ទាមទារ​ឲ្យ​ ​ទី១​រដ្ឋាភិបាល​ពូកែ​គ្រប់គ្រង ​និង​ដឹកនាំ​ប្រទេស​ជាតិ​ ឬមួយគណបក្សកាន់​អំណាច​ហ្នឹង​គាត់​ពូកែ​ក្នុង​ការ​ដឹកនាំ។​ ទី២​គណបក្សប្រឆាំង​ដែល​មាន​ប្រសិទ្ធ​ភាព ​ហើយ​គណបក្ស​ប្រឆាំង​ដែល​មាន​ប្រសិទ្ធភាព​គឺ​ជា​គណបក្សប្រឆាំង​ក្នុង​ការ​ប្រកួត​ប្រជែង​ ដែល​មាន​មនុស្ស​ដែល​អាច​ដឹកនាំ​រដ្ឋាភិបាល​បាន ​បាន​ន័យ​ថា​ រដ្ឋាភិបាល​ត្រូវ​មាន​នាយក​រដ្ឋមន្រ្តី​ទៅ​ដល់​រដ្ឋមន្រ្តី​ក្រសួង​នីមួយៗ ​ហើយ​និងមាន​គំនិត​ដែល​យើង​ហៅ​ថា​ ជា​គោល​នយោបាយ​ហ្នឹង។​ អញ្ចឹង​បន្ទាប់ពី​មាន​មនុស្ស​ដឹកនាំ​ហ្នឹង​គឺ​ត្រូវ​មាន​គំនិត។​ មនុស្ស​នីមួយៗ​ហ្នឹង​ត្រូវ​មាន​គំនិត​ក្នុ​ងការ​ដឹកនាំ»។​

តំណាងរាស្រ្ត​គណបក្សកាន់​អំណាច ​និង​គណបក្សប្រឆាំង​បាន​សម្រេច​បង្កើត​គណៈកម្មការ​ចំនួន​១០​ក្នុង​រដ្ឋ​សភា ​ដូចជា​គណៈ​កម្មការ​សិទ្ធិ​មនុស្ស ​ទទួល​ពាក្យ​បណ្តឹង ​គណៈកម្មការ​សេដ្ឋកិច្ច ​ហិរញ្ញ​វត្ថុ​ជាដើម។ ​គណបក្សទាំងពីរបាន​បែងចែក​ការ​គ្រប់គ្រងគណៈ​កម្មការ​ជំនាញ​រដ្ឋ​សភាម្នាក់​ពាក់កណ្តាល​ ​ហើយតំណាង​រាស្រ្ត​គណបក្សសង្គ្រោះ​ជាតិ​គឺ​ជាអ្នក​កោះ​ហៅ​រដ្ឋមន្រ្តី ​ឬ​មន្រ្តី​ជាន់ខ្ពស់​ដែល​ដឹកនាំ​រដ្ឋាភិបាល​ណាមក​សួរ​នាំ​ពី​បញ្ហា​នានា។​

បច្ចុប្បន្ន​នេះ​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​គឺ​លោក​សម រង្សី​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ដើម្បី​គេច​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​និង​បទ​ចោទ​ផ្សេង​ទៀត។​ ចំណែក​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ​កំពុង​ស្នាក់​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​ ​ខណៈ​កំពុង​ជាប់​បណ្តឹង​ចំពោះ​ការ​មិនចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​បទ​សញ្ចារ​កម្ម​ដែល​គួរ​ឲ្យ​ឆ្ងល់។ ​តំណាង​រាស្រ្ត​គណបក្សសង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ​ស្រប​ពេល​តំណាង​រាស្រ្ត​មួយ​ចំនួន​ទៀត​កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ចោទ​ផ្សេងៗ​ទៀត៕​

XS
SM
MD
LG