តុលាការរដ្ឋកាលីហ្វញ៉ា បានច្រានចោលបណ្តឹងប្រឆាំងលោកហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ប៉ុន្តែដើមបណ្តឹងបានប្តេជ្ញាថា នឹងបន្តការប្តឹងផ្តល់នេះរហូតដល់តុលាការនៅរដ្ឋធានីវ៉ាស៊ីនតោន នៅក្នុងសំណុំរឿងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាទៀត។
ភរិយារបស់លោកមាជ សុវណ្ណារ៉ា គឺអ្នកស្រីជេមី មាជ ដែលជាដើមបណ្តឹងបានបញ្ជាក់ប្រាប់វីអូអេថា៖
«ទោះបីជាសំណុំរឿងរបស់នាងខ្ញុំនៅថ្ងៃនេះតាមភាសាមួយថា យើងបរាជ័យ ប៉ុន្តែយើងបរាជ័យគឺសំណុំរឿងតូចទេ ប៉ុន្តែយើងនឹងបន្តសំណុំរឿងធំទៅទៀត ដោយសារយើងប្តឹងរដ្ឋាភិបាលប្រទេសមួយនឹងប្រទេសមួយ គេមិនអាចកាត់ក្តីនៅរដ្ឋកាលីហ្វញ៉ាបានទេ គឺយើងដាក់ពាក្យបណ្តឹងដំបូងនៅរដ្ឋកាលីហ្វញ៉ា គឺយើងគិតថា ខ្ញុំនិងគ្រួសាររបស់នាងខ្ញុំនៅរដ្ឋកាលីហ្វញ៉ាអីចឹង បានជាយើងដាក់នៅរដ្ឋកាលីហ្វញ៉ា ប៉ុន្តែកាលណាយើងប្តឹងរដ្ឋាភិបាលខ្មែរមួយ គឺយើងប្តឹងប្រទេសនឹងប្រទេស គឺយើងមិនអាចប្តឹងនៅរដ្ឋកាលីហ្វញ៉ាទេ។ អីចឹងយើងត្រូវបន្តសំណុំរឿងទៅរដ្ឋធានីវ៉ាស៊ីនតោន»។
សេចក្តីសម្រេចរបស់ចៅក្រម George Wu កាលពីថ្ងៃច័ន្ទសប្តាហ៍មុន បានផ្តល់តាមញត្តិរបស់លោកហ៊ុន ម៉ាណែត ដែលស្នើសុំឱ្យ «ច្រានចោលបណ្តឹង» ដោយសារគាត់មិនទទួលបានឯកសារបណ្តឹងអ្វីទេ។
ការសម្រេចរបស់តុលាការកើតមានឡើង បន្ទាប់ពីបានបើកសវនាការស្តាប់ភស្តុតាងចុងក្រោយកាលពីថ្ងៃទី១៣ ខែមេសាក្នុងនោះមានសាក្សីចំនួនពីរនាក់ ដោយសារពួកគេមានវត្តមាននៅភោជនីយដ្ឋានឡាលូន នៅយប់ថ្ងៃទី៩ ខែមេសាឆ្នាំមុន ពេលដែលតំណាងដើមបណ្តឹង គឺលោកប៉ូល ហេយ បានយកដីកាកោះទៅឱ្យលោកហ៊ុន ម៉ាណែត ប៉ុន្តែបែរជាត្រូវរងការវាយតប់ឱ្យរបួស។
លោកនួន ខាវី សាក្សីម្នាក់បានប្រកែកថា គាត់មិនបានដឹងពីការប្រគល់ដីកានោះទេ ដោយសារលោកនៅខាងក្នុង។
«ខ្ញុំនៅខាងក្នុង។ ចូលទៅជាប់នៅក្នុងហ្នុងហ្មង។ អត់ឱ្យចេញទេ។ សន្តិសុខហាមអត់ឱ្យយើងចេញវិញទេ។ បើចូលហើយហាមចេញ។ បើចេញហើយអត់ឱ្យចូលទេ។ អីចឹងខ្ញុំនៅកន្លែងហ្នុងរហូត។ រហូតដល់ឯកឧត្តមហ៊ុន ម៉ាណែត ទៅបានងាកទៅឃើញគាត់ បើកទ្វារមកផ្សែងចូលភ្នែកទាំងអស់គ្នា»។
លោកមាជ សុវណ្ណារ៉ា និងក្រុមគ្រួសារ បានដាក់ពាក្យប្តឹងលោកហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៨ ខែមេសាឆ្នាំមុន ដោយចោទប្រកាន់ជាច្រើនករណី ក្នុងនោះមានការធ្វើទារុណកម្ម អំពើភេរវកម្ម និងការឃុំឃាំងដោយខុសច្បាប់ជាដើម។
លោកនួន ខាវី យល់ថា ការសម្រេចរបស់តុលាការនៅពេលនេះជាការត្រឹមត្រូវមួយ ជាពិសេសសម្រាប់រូបលោកដែលត្រូវបានអញ្ជើញជាសាក្សី ដោយមិនបានដឹងពីហេតុការណ៍នោះជាមុន៖
«បើរឿងហ្នឹងដូចត្រឹមត្រូវតាមគេសម្រេចហ្នុងហើយ ព្រោះអ្វីៗវាអត់ពាក់ព័ន្ធផង។ រឿងនៅស្រុកខ្មែរ ហើយរឿងនៅនេះ ខ្ញុំក៏មិនដឹងថា មាជ សុវណ្ណារ៉ា ប្តឹង ហ៊ុន ម៉ាណែត ផងពីមុនមក។ អត់ដឹងទេ ហើយក៏មិនដឹងថា គេហៅខ្ញុំទៅសួររឿងនេះទេ រឿងនៅស្រុកអាមេរិកនេះ។ ខ្ញុំស្មានតែរឿងនៅស្រុកខ្មែរ»។
សាក្សីម្នាក់ទៀតគឺលោកសាន គឹមហុង មិនព្រមធ្វើអត្ថាធិប្បាយអ្វីទេ ពេលដែលវីអូអេទាក់ទង។
លោកអ៊ុច បូ មេធាវីរបស់ក្រុមគ្រួសារលោកមាជ សុវណ្ណារ៉ា បញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌដែលស៊ើបអង្កេតលើការវាយតប់លោកប៉ូល ហេយ នៅបន្តនៅឡើយនៅទីក្រុងឡុងប៊ិច ក្នុងខណៈពេលដែលសំណុំរឿងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមនៅចុងខែឧសភា។
«យើងគិតថា យើងអាចប្តឹងឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ពេលណាក៏បាន ក៏ប៉ុន្តែយើងអត់មានពេល។ ទីមួយ យើងផ្តោតអារម្មណ៍ទៅលើរឿងផ្សេង ហើយយើងឱ្យប្អូន ហ៊ុន ម៉ាណែត ឱ្យដកដង្ហើមចុះ ហើយយើងផ្តោតយុទ្ធសាស្រ្តយើង នឹងផ្ទេរសំណុំរឿងយើងទៅខាងវ៉ាស៊ីនតោនឌីស៊ីវិញ ហើយយើងនឹងដាក់ឯកឧត្តម ញ៉យ ចំរើន ជាដើមបណ្តឹងក្នុងករណីយើងមួយទៀតនៅវ៉ាស៊ីនតោនឌីស៊ី»។
លោកញ៉យ ចំរើន គឺជាអ្នកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ ដែលរងការវាយតប់យ៉ាងឃោរឃៅពីបាតុករគាំទ្រគណបក្សប្រជាជនកម្ពុជា និងអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
កូនស្រីរបស់លោកមាជ សុវណ្ណារ៉ា គឺ កញ្ញា សាម៉ាន់ថា មាជ នៅតែមានក្តីសង្ឃឹមថា បណ្តឹងនេះនឹងនាំឱ្យមានការដោះលែងឱពុករបស់នាង និងអ្នកទោសនយោបាយដទៃទៀត ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជា។
«ពេលអ្នកម៉ាក់គាត់ប្រាប់ថា យើងចាញ់សំណុំរឿងនេះដំបូងខ្ញុំសោកស្តាយដែលយើងចាញ់តែម៉ាក់ និងអ៊ំបូគាត់ពន្យល់ថា យើងនៅមានសំណុំរឿងខាងមុខទៀត កុំឱ្យអស់សង្ឃឹម ហើយក៏ខ្ញុំនៅមានសង្ឃឹមថា យើងនឹងអាចឈ្នះរឿងមួយទៀតប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ មនុស្សជាច្រើនអស់សង្ឃឹម ប៉ុន្តែខ្ញុំសូមអ្នកទាំងអស់គ្នាដឹងថា យើងត្រូវតែមានសង្ឃឹម ព្រោះមិនមែនមានសំណុំរឿងតែមួយទេ គឺយើងនៅមានសំណុំរឿងមួយទៀត»។
ក្រុមមេធាវីបញ្ជាក់ថា សំណុំរឿងនេះអាចនឹងឆាប់ចប់ ឬអូសបន្លាយពេលយូរ អាស្រ័យលើការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់ក្រុមគ្រួសារលោកមាជ សុវណ្ណារ៉ា ការរក្សានូវក្តីសង្ឃឹម គឺជាការចាំបាច់ណាស់សម្រាប់ក្រុមគ្រួសារ និងក្រុមអ្នកគាំទ្ររបស់លោក បើទោះបីជាសំណុំរឿងនេះដាក់ប្តឹងនៅទីក្រុងឡុងប៊ិចនេះ ឬក៏នៅរដ្ឋណាក៏ដោយ ពីព្រោះវានឹងអាចជួយដល់ការស្វែងរកយុត្តិធម៌សម្រាប់ពួកគេ៕