នៅមុនការសម្រេចជាផ្លូវការនៃការតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺលោក ហ៊ុន ម៉ាណែត សមាជិកនិងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ត្រូវបានចាប់ខ្លួន និងរងបទក្តីក្តាំផ្សេងៗផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន។
កាលពីសប្តាហ៍មុន លោក ថាន់ ណារិន ប្រធានក្រុមការងារគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន នៅម៉ោងប្រមាណ១រសៀល ដោយចោទពី«បទញុះញង់»ពាក់ព័ន្ធជាមួយករណីឱ្យគូសសន្លឹកឆ្នោតចោល។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ចាប់តាំងពីមុនការបោះឆ្នោតថ្នាក់ជាតិមក យ៉ាងហោចណាស់សកម្មជនរបស់គណបក្សជំទាស់ចំនួន៤០នាក់ រងការចាប់ខ្លួនពីសំណាក់អាជ្ញាធរកម្ពុជា។
បើតាមអ្នកនាំពាក្យរូបនេះ លោក ថាន់ ណារិន ត្រូវបានចាប់ខ្លួនក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១៩ ខែសីហា ហើយគិតត្រឹមថ្ងៃចន្ទនេះ លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស។ លោកចាត់ទុកការចាប់ខ្លួនសកម្មជនរបស់គណបក្សថា ជាការដាក់សម្ពាធផ្នែកនយោបាយ។
លោកថ្លែងថា៖ «អាហ្នឹងវាជាសម្ពាធនយោបាយហើយ ដោយសារអី ឥឡូវនេះបើយើងថាបក្សភ្លើងទៀនវាបង្កបញ្ហាគ្រោះថ្នាក់អីដល់ដំណើរការបោះឆ្នោត វាអត់មានទេ។ ហើយកន្លងមកយើងបោះឆ្នោតបានដោយរលូនទេ ហើយនិយាយរួមមែនទែនទៅ ខ្ញុំមិនដឹងថា គាត់ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់មធ្យោបាយណាដែលគេចោទប្រកាន់ទេ ប៉ុន្តែគណបក្សភ្លើងទៀនមកទល់ពេលនេះនៅតែប្រកាន់ខ្ជាប់នូវការធ្វើសកមុ្មភាពនយោបាយ ដោយគោរពទៅតាមច្បាប់មានជាធរមាន»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា លោកមិនទាន់ដឹងពីករណីនេះឡើយទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ការចាប់ខ្លួនរបស់អាជ្ញាធរសុទ្ធតែមានហេតុផល ហើយលោកស្នើឱ្យអ្នកសារព័ត៌មានវីអូអេទាក់ទងសុំការបំភ្លឺបន្ថែមពីអាជ្ញាធរខេត្តត្បូងឃ្មុំ។
លោកថ្លែងថា៖ «អាចទាក់ទងសមត្ថកិច្ចមើៗ ម៉េចនៅសុខៗគេទៅចាប់។ គាត់មានបានធ្វើសកម្មភាពអីដូចជាពាក់ព័ន្ធជាមួយការបោះឆ្នោត ការញុះញង់ឬមួយក៏អីបានត្រូវសមត្ថកិច្ចគេចាប់។ វាអត់ដែលនៅសុខៗគេទៅចាប់កើត ទាល់តែមានមូលដ្ឋានបានធ្វើសកម្មភាពណាមួយដែលជាអំពើល្មើស»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ម៉ុន មាគ៌ា បានទេនៅថ្ងៃចន្ទនេះ។
ភរិយារបស់លោក ថាន់ ណារិន ដែលសុំមិនបញ្ចេញឈ្មោះដោយសារបារម្ភអំពីការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយថ្លែងថា អ្នកស្រីកំពុងស្វះស្វែងរកការសម្របសម្រួលឱ្យមានការដោះលែងស្វាមីឱ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែអ្នកស្រីបដិសេធផ្តល់ការអត្ថាធិប្បាយបន្ថែមអំពីមូលហេតុនៅពីក្រោយការចាប់ខ្លួនស្វាមី។
ចំណែកអនុប្រធានក្រុមការងាររបស់គណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ លោក ឈួន លីហេង កត់សម្គាល់ថា ការចាប់ខ្លួនសកម្មជនរបស់គណបក្សជាបន្តបន្ទាប់ជាការរើសអើងនយោបាយ និងថាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការធ្វើនយោបាយគឺស្ទើរតែធ្លាក់ចុះដល់ចំណុចសូន្យនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «ករណីនេះវាមានការរើសអើងពីនយោបាយប៉ុណ្ណឹង។ យើងចង់បានប្រទេសយើងមួយដែលចេះរួមគ្នា ខ្មែររួមគ្នាធ្វើការទាំងអស់គ្នាទៅ។ យើងមិនចង់ឱ្យមានម្ខាងអត់មានអំណាចចាប់គ្នាដាក់ទោសទណ្ឌអ៊ីចឹងទៅ ហើយម្ខាងមានអំណាចចេះតែគ្របលើអ្នកអត់អំណាចអ៊ីចឹងទេ។ យើងចង់ឱ្យមានសិទ្ធិស្មើៗគ្នា»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការចាប់ខ្លួន និងការគាបសង្កត់ជាហូរហែ មកលើសកម្មជននយោបាយជំទាស់ គឺឆ្លុះបញ្ចាំងពីការធ្លាក់ចុះលម្ហសិទ្ធិសេរីភាពនយោបាយនៅកម្ពុជា។
លោកជំរុញឱ្យអ្នកដឹកនាំជំនាន់ថ្មីក្នុងអាណត្តិទី៧នេះមានឆន្ទៈខ្ពស់ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងវិស័យនយោបាយដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
លោកថ្លែងថា៖ «ធ្វើទុក្ខបុកម្នេញទៅលើសកម្មជនគណបក្សប្រឆាំងហ្នឹងវាជាការរំលោភលើសេរីភាពជាមូលដ្ឋាន រំលោភទៅលើលម្ហសេរីភាពនយោបាយ ច្រើនជាងការអនុវត្តច្បាប់នៅកម្ពុជា ទោះបីកម្ពុជាថាវាជាការអនុវត្តច្បាប់ក៏ដោយ។ អ៊ីចឹងយើងនៅតែយល់ឃើញថារដ្ឋាភិបាលអាណត្តិថ្មីនឹងមានឆន្ទៈនយោបាយនៅក្នុងការកែលម្អទៅលើស្ថានភាពសិទ្ធិមនុស្ស និងស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាដើម្បីទទួលបានផលចំណេញមកវិញ»។
គណបក្សប្រជាជនកម្ពុជាដែលទទួលបានសំឡេងគាំទ្រច្រើនសន្ធឹកសន្ធាប់កាលពីពេលបោះឆ្នោតខែកក្កដាឆ្នាំ២០២៣ កំពុងតែរៀបចំក្បាលម៉ាស៊ីនដឹកថ្មីពីអ្នកជំនាន់ចាស់មកអ្នកជំនាន់ថ្មីជាលក្ខណៈប្រព័ន្ធ ដែលពួកគេសុទ្ធតែជាកូនចៅរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សកាន់អំណាចកាលពីអាណត្តិមុន។
ទោះជាយ៉ាងណាក្តី នៅមុនការចូលកាន់តំណែងរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាគឺលោក ហ៊ុន ម៉ាណែត សកម្មជនគណបក្សប្រឆាំងត្រូវអ្នកឃ្លាំមើលសង្គមសង្កេតឃើញថា បានបន្តរងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយខ្លះបានចុះចូលជាមួយគណបក្សកាន់អំណាច ខ្លះទៀតកំពុងមានក្តីក្តាំនៅតុលាការ ហើយខ្លះកំពុងស្ថិតនៅក្នុងពន្ធនាគារ ឯខ្លះទៀតបានភៀសខ្លួនចេញក្រៅប្រទេសដើម្បីរួចពីការចាប់ខ្លួនក្រោមហេតុផលនយោបាយ៕