ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភរិយា​លោក ថាច់ សេដ្ឋា ទទូច​ឱ្យ​តុលាការ​ដោះលែង​ស្វាមី​ខ្លួន ក្រោយ​លើក​ពេល​សវនាការ


រូបឯកសារ៖ អ្នកស្រី ថាច់ សុខបូរ៉ានី ភរិយារបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន លើកដៃសំពះអ្នកមកគាំទ្រស្វាមី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ អ្នកស្រី ថាច់ សុខបូរ៉ានី ភរិយារបស់លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន លើកដៃសំពះអ្នកមកគាំទ្រស្វាមី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ភរិយា​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀនលោក ថាច់ សេដ្ឋា​ ទទូច​ឱ្យ​តុលាការ​ដោះលែង​ស្វាមី​របស់​ខ្លួន ដើម្បី​អាចបាន​ទទួល​ការ​ព្យាបាល​ជំងឺ​បេះដូង​ និង​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​ឱ្យ​បាន​ដិត​ដល់​ អំឡុង​ពេល​ការជំនុំ​ជម្រះ​សំណុំ​រឿង​ចេញ​សែក​អត់​សាច់ប្រាក់​ដ៏​ចម្រូង​ចម្រាស​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​នេះ​។

​ការ​ស្នើ​សុំ​របស់​អ្នក​ស្រី ថាច់ សុខ​បូរ៉ានី​ ធ្វើ​ឡើងក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​ បាន​សម្រេច​ផ្អាក​សវនាការ​របស់លោក ​ថាច់ សេដ្ឋា​ ដោយ​សារ​សុខ​ភាព​របស់​អនុប្រធាន​គណបក្ស​ជំទាស់​រូបនោះ​មាន​សភាពធ្ងន់​ធ្ងរ ​ខណៈ​មេធាវី​ការពារ​ក្តីលោក​ ថាច់​ សេដ្ឋា​ ថា​ ​តុលាការ​ក៏​តម្រូវ​ឱ្យ​ភាគីទាំង​សង​ខាងដាក់​ភស្តុ​តាង​បន្ថែម​។

​អ្នកស្រី ​ថាច់ សុខ​បូរ៉ានី​ ប្រាប់​អ្នក​សារព័ត៌​មាន​ ក្រោយការ​ផ្អាក​សវនាការ​កាលពីព្រឹក​ថ្ងៃពុធ​ថា ​សុខ​ភាព​ស្វា​មីរបស់​អ្នកស្រី គឺ​លោក ថាច់ សេដ្ឋា​ កាន់​តែ​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ ព្រោះ​លោក​មា​ន​ជំងឺ​ច្រើន​ដូចជា​ខ្លាញ់​រុំ​បេះដូង លើស​ឈាម ឡើង​ជាតិ​ស្ករ ​ឡើង​ជាតិ​អាស៊ីត​ ដែល​ធ្វើឱ្យ​ក្រុម​គ្រួសារ​ព្រួយបារម្ភ​កាន់​តែខ្លាំង​។

​អ្នក​ស្រី​ថ្លែង​ថា៖ «ឃើញ​ជាក់​ស្តែង​ព្រឹក​មិញ​អ៊ីចឹង​។ ដូច​ថា​តុលាការ​ [ពេល​បើក​សវនា​ការ​] សារ​ក្រោយ​ហ្នឹង​ឱ្យ​យោគ​យល់ ​ហើយ​មើល​ការណ៍​ ជាក់​ស្តែង ​[បញ្ហាសុខភាព​] ឱ្យ​គាត់​បាន​មកក្រៅឃុំ បាន​ឆែក[ពិនិត្យ​]សុខ​ភាព​ ហើយ​និង​ថែ​សុខ​ភាព​ខ្លួន​គាត់​»​។​

បើ​តាម​អ្នកស្រី ថាច់ សុខ​បូរ៉ានី ​ស្វា​មីរបស់​អ្នកស្រី​ ក្រៅ​ពី​មាន​តួនាទី​ជា​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន ​គាត់ក៏​មាន​តួនាទី​ជា​ប្រធាន​សហ​គមន៍​ខ្មែរ​កម្ពុជា​ក្រោម​ និង​មាន​គ្រួសារត្រូវ​មើល​ថែ​ ដូច្នេះ​អ្នក​ស្រី​ជឿ​ថា​ ស្វាមី​របស់​អ្នកស្រី​ ​នឹង​មិន​រត់​គេច​ខ្លួន​ទៅ​ណា​នោះ​ទេ ​ប្រសិន​បើ​តុលាការ​ដោះលែង​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ​។

រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

​លោក ​ថា​ច់ សេដ្ឋា ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ចាប់​ដាក់ក្នុងពន្ធនាគារ​កាល​ពី​ខែ​មករា ​ឆ្នាំ​២០​២៣​ ​បន្ទាប់​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បញ្ជាក់​ថា ​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ក្រុមហ៊ុន​រិន​ឆាយ ផន​សប ​(Rin Chhay Pawn Shop) ​ដែល​ប្តឹង​អ្នកនយោបាយ​ជំទាស់​រូបនោះ​ ​ពី​រឿង​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ចំនួន​៥​សន្លឹក​ ​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០​១៩​។

​លោក ថាច់ សេដ្ឋា ​កំពុង​ត្រូវ​បាន​ដាក់​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ«មិន​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ដែល​ប្រព្រឹត្តនៅ​រាជ​ធានី​ភ្នំពេញ ​កាល​ពី​អំឡុង​ឆ្នាំ​២០១៩ តាម​ច្បាប់​ស្តីពី​ឧប​ករណ៍​អាច​ជួញ​ដូរ​បាន និង​ប្រតិ​បត្តិ​ការ​ទូទាត់​សង។​ លោក​ក៏រង​ការ​ចោទ​ប្រកាន់​ផ្សេង​ទៀត​នៅ​តុលាការ​ផង​ដែរ​។

ក្នុង​សំណុំ​រឿង​ចេញសែក​អត់​សាច់ប្រាក់​នេះ​ ភរិយារ​បស់​លោក ថាច់ សេដ្ឋា​ យល់​ថា ជា​រឿង​មិន​ពិត​ ព្រោះ​លោក ថាច់ សេដ្ឋា​ បាន​ប្រាប់​តុលាការ​ថា ​គាត់​មិន​បាន​ចេញ​សែកឱ្យ​ក្រុម​ហ៊ុន​រិន​ឆាយ​ផន​សប តាំង​ពីមុន​ឆ្នាំ​២០១៦​ ​មក​ម្ល៉េះ​ ដូច្នេះ​កា​រ​ចេញ​សែក​ក្រោយ​ឆ្នាំ​២០​១៦​ មិន​មែន​ជា​របស់​គាត់​នោះ​ទេ​។

អ្នកស្រី ថាច់ សុខ​បូរ៉ានី ថា​៖ «ហើយ​គាត់ទទួល​ស្គាល់ថា ​ចេញ[សែកឱ្យ​ក្រុមហ៊ុន​រិន​ឆាយ​ ផន​ស៊ប]​មែន ប៉ុន្តែ​តាំង​ពី​មុន​ឆ្នាំ​២០១៦។ ​ប៉ុន្តែ ​សែក​[ស្អុយ​]ហ្នឹង​ចេញ​២០​១៩ [និង​]២០១៧​ ​គាត់​ថា ​គាត់មិន​បាន​ចេញ​ទេ។ គាត់​នៅ​អះអាង​ថា គាត់​អត់​បាន​ចេញ[សែកស្អុយ​នោះ​ទេ​]»។

លោក សឺន ជុំជួន មេធាវី​ការពារក្តី​ឱ្យ​លោក ថាច់ សេដ្ឋា ដើរ​ចេញពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក សឺន ជុំជួន មេធាវី​ការពារក្តី​ឱ្យ​លោក ថាច់ សេដ្ឋា ដើរ​ចេញពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា ​គឺ​លោក សឺន ជុំជួន ​ប្រាប់អ្នក​សារ​ព័ត៌មាន​ថា ​សវ​នា​ការ​លើក​នេះ ខុស​ពី​សវនាការ«​សុំ​នៅ​ក្រៅ​ឃុំ»​លើក​មុន​ ​ដែល​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បដិ​សេធ​រួច​ហើយ​កាល​ពីថ្ងៃ​ទី៣ ខែ​សីហា​កន្លង​ទៅ​។ សវនាការ​លើក​នេះ គឺ​ជា​សវនាការជំនុំ​ជម្រះ​ថា​ លោក ថាច់ សេដ្ឋា មាន​ទោស ​ឬ​គ្មាន​ទោសក្នុង​សំណុំរឿង​ចេញ​សែក​អត់​ប្រាក់នោះ​។

​បើ​តាម​លោក​មេធាវី​រូបនេះ​ ​តុលាការ​បាន​សម្រេច​ផ្អាក ​និង​លើក​ពេល​សវនាការ​ទៅ​ពេល​ក្រោយ​បន្ត ​ទៀត ​ដោយ​សារ​លោក ​ថាច់ សេដ្ឋា ​មាន​បញ្ហា​សុខភាព ហើយ​តុលាការប្រាប់​ភាគី​ទាំង​សង​ខាងឱ្យ​ដាក់​ភស្តុ​តាង​បន្ថែម​។​

លោក​ថ្លែង​ថា៖ «​យោងតាម​ស្ថាន​ភាព សុខភាព​របស់កូន​ក្តី​ខ្ញុំ​ផ្ទាល់ ​អ៊ីចឹង​លើក​ពេល​បន្ត​នីតិ​វិធី​ទៅ​ពេលថ្ងៃ​មួយ​ទៀត ប៉ុន្តែ​ស្នើ​ឱ្យ​ភាគី​ទាំង​សង​ខាង​ព្យាយាម​ដាក់​ភស្តុ​តាង​បន្ថែម​។ ភស្តុ​តាង​ទាំង​អស់​សុទ្ធ​តែ​ជាភស្តុតាង​ដែលពិនិត្យមើល​ទៅមិន​ទាន់​មាន​ភាព​ច្បាស់​លាស់​»។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយពី​លោក ប្លង់ សុផល ​អ្នក​នាំ​ពាក្យ​អយ្យការ​អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និងតំណាង​ក្រុមហ៊ុនរិន​ឆាយ ផនសប បាន​នៅ​ឡើយ​ទេ​។​ ​

​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​ អំ សំអាត ថ្លែង​ថា​ ការ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ត្រូវ​បាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិរិះ​គន់​ថាពាក់​ព័ន្ធ​នយោ​បាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ​ដោយ​ហេតុ​ថា​ការ​ចាប់​ខ្លួនលោក ថាច់ សេដ្ឋា ​កើត​ឡើងស្រប​ពេល​គណ​បក្ស​ភ្លើង​ទៀន ចាប់​ផ្តើម​សកម្ម​ភាព​ឡើងវិញ ហើយ​លោក​ក៏​ជា​មេដឹកនាំ​នយោបាយ​ជំទាស់​ដែលមាន​ប្រជា​ប្រិយ​មួយ​រូប​ផងដែរ។ ​

ដូច្នេះ​លោក​ថា ក្នុង​ដំណាក់​កាល​ជំនុំ​ជម្រះ​នេះ​ តុលាការ​គួរ​តែ​ពិនិត្យ​ ដោយដាក់លោក ថាច់ សេដ្ឋា ឱ្យ​ស្ថិតនៅ​ក្រៅ​ឃុំ​ណ្តោះអាសន្ន ដើម្បី​ព្យាបាល​ជំងឺ ​ព្រោះ​សំណុំ​រឿង​នេះផុតដំណាក់​កាល​ស៊ើប​អង្កេត​ហើយ​។

​លោកប្រាប់​វីអូអេ​ថា៖ ​«ប៉ុន្តែ​ឥឡូវ​នៅដំណាក់​កាលនៃ​ចៅក្រម​ជំនុំជម្រះ អ៊ីចឹង​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ក៏វា​មិន​មែន​ជា​រឿងចាំបាច់ត​ទៅ​ទៀត​ដែរ។ អ៊ីចឹង​តុលាការ​គួរ​តែ​ពិនិត្យ​ពិចារណា​សម្រាប់​ការ​នៅ​ក្រៅ​ឃុំ​ណ្តោះ​អាសន្ន​ ក្នុង​ការ​ទទួល​បានការ​ពិនិត្យ ​និង​ការ​ព្យាបាលខ្លួន​ ប្រសិន​បើ​លោក ​ថាច់ សេដ្ឋា ​មាន​ជំងឺប្រចាំ​កាយ ហើយ​ដោយ​ភ្ជាប់​លក្ខ​ខណ្ឌ​ផ្សេងៗ​ ជាពិសេស​គឺ​ការ​ចូល​រួមគ្រប់​ដំណាក់​កាល​នៃ​នីតិវីធីរ​បស់​តុលាការ​»​។

ក្រៅពីសំណុំ​រឿង​ចេញ​សែក​អត់​សាច់​ប្រាក់​នោះ​ ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ក៏​បាន​ចោទ​ប្រកាន់​លោក​ ថាច់ សេដ្ឋា ​ក្នុង​ករណី​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀតពី​បទ​«ញុះ​ញង់​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» និង​បទ«ញុះ​ញង់​ឱ្យមាន​ការ​រើស​អើង» ​ពាក់​ព័ន្ធ​នឹង​ការ​និយាយ​អំពី​នយោ​បាយ និង​ប្រវត្តិ​សាស្ត្រ​ប្រទេស​កម្ពុជាជាមួយ​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ​កាល​ពី​ដើម​ឆ្នាំ២០​២៣​។

​បើ​តាម​មេធាវី ​លោក ថាច់ សេដ្ឋា ​បាន​និយាយ​អំពី​ប្រវត្តិ​សាស្រ្ត​ថ្ងៃ៧ ​មករា ឆ្នាំ១៩​៧៩ ​ជា​ថ្ងៃ​ «យួន​ឈ្លាន​ពាន» ​ការ​សង់​ស្តូប​មិត្តភាព​កម្ពុជា​វៀត​ណាម ​ធ្វើ​ឱ្យ​«បែក​បាក់​ជាតិ» និង​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណ​បក្ស​ប្រជាជន​កម្ពុជា​៕

XS
SM
MD
LG