គណបក្សភ្លើងទៀនបន្តទទូចសុំឱ្យក្រសួងមហាផ្ទៃចេញលិខិតទុតិយតានៃប្រកាសលេខ១៩៣ ដើម្បីឱ្យគណបក្ស អាចចូលរួមឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោតនាពេលក្រោយទៀត។
ការទទូចរបស់គណបក្សជំទាស់សាជាថ្មីនេះ កើតឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានបដិសេធការសុំជួបរបស់គណបក្សកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដោយឱ្យគណបក្សរង់ចាំរដ្ឋាភិបាលអាណត្តិទី៧ ចូលកាន់តំណែងចាប់ពីថ្ងៃទី២២ ខែសីហា ខាងមុខរួចរាល់សិន។ នេះបើតាមគណបក្សភ្លើងទៀន។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ទទូចទៅក្រសួងមហាផ្ទៃឱ្យធ្វើកិច្ចការជាមួយគណបក្សភ្លើងទៀនបន្តទៀត។
លោកថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការកណ្តាលគណបក្ស កាលពីព្រឹកថ្ងៃចន្ទថា៖ «ក្រសួងមហាផ្ទៃបានអះអាងច្បាស់ណាស់តាមលិខិត០៤៣ ថា គណបក្សភ្លើងទៀនបានចុះបញ្ជីត្រឹមត្រូវ។ អ៊ីចឹងបើចុះបញ្ជីត្រឹមត្រូវ [ការ]ដោះស្រាយបញ្ហា មានអ្វីពិបាក។ អ៊ីចឹងនៅតែទទូចសុំពិចារណាឱ្យក្រសួងធ្វើកិច្ចការហ្នឹងបន្តជាមួយយើងបន្តទៅទៀត ដើម្បីធានាថា ទៅថ្ងៃមុខ គណបក្ស មិនថាភ្លើងទៀនទេ គឺគណបក្សផ្សេងទៀត ដែលជួបបញ្ហា [គឺ]នឹងអាចដោះស្រាយបញ្ហាបានដូចគេ អ៊ីចឹង ដើម្បីចៀសវាងបញ្ហាសោកស្តាយដូចកន្លងទៅ»។
គណបក្សភ្លើងទៀនមិនត្រូវបានចុះបញ្ជីចូលរួមការបោះឆ្នោតកាលពីខែកក្កដា ក្រោមហេតុផលថា គណបក្សនេះមិនបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវ ដោយសារ«បាត់ឯកសារដើមនៃការចុះបញ្ជីគណបក្ស»។
ក្រសួងមហាផ្ទៃធ្លាប់បានបញ្ជាក់ទទួលស្គាល់គណបក្សភ្លើងទៀនថា ជាគណបក្សចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ប៉ុន្តែត្រូវបានស្ថាប័នរៀបចំការបោះឆ្នោតមិនទទួលយក ដោយថាឯកសារនោះ មិនមែនជាឯកសារត្រឹមត្រូវតាមច្បាប់។ ស្ថាប័នរៀបចំការបោះឆ្នោត ត្រូវការឯកសារដើមលេខ១៩៣ ដែលបញ្ជាក់នីត្យានុកូលកម្ម។
បើតាមលោក គីមសួរ ភិរិទ្ធ គណបក្សភ្លើងទៀនមិនមានជម្រើសអ្វីផ្សេង ក្រៅពីរង់ចាំដល់រដ្ឋាភិបាលអាណត្តិថ្មីឡើងកាន់តំណែង ដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
លោកថ្លែងថា៖ «គេថាចាំរដ្ឋាភិបាលថ្មី អីអ៊ីចឹង ប៉ុន្តែខ្ញុំគិតថាឯកសារនេះ វាជាការងារបច្ចេកទេស រដ្ឋបាល អ៊ីចឹងបើថាវានយោបាយ អាហ្នឹងរដ្ឋាភិបាលក្រោយហើយ។ ប៉ុនគ្រាន់ថា បើរឿងបច្ចេកទេសចេញឯកសារចម្លង ធម្មតាអីហ្នឹង រដ្ឋាភិបាលចាំផ្ទះ គឺដើម្បីបន្តនិរន្តភាពរដ្ឋបាលការងារបែបហ្នឹងហើយ ខ្ញុំគិតថា បើអាចគឺអាចធ្វើបានហើយ។ ហើយចាំ[រដ្ឋាភិបាលអាណត្តិថ្មី] ទៅអ៊ីចឹង យើងក៏គ្មានមធ្យោបាយអ្វី មានតែរង់ចាំតាមហ្នឹងទៀតទៅ ហើយចាំមើលថាមានស្អី តទៅទៀត»។
គណបក្សភ្លើងទៀនតែងតែបញ្ជាក់ថា ឯកសារដើមប្រកាសលេខ១៩៣ ដែលជាឯកសារចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាំងពីឆ្នាំ១៩៩៨ គឺបានបាត់នៅអំឡុងឆ្នាំ២០១៧ នៅពេលដែលស្នាក់ការគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយ ហើយពេលនោះ សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍មិនអនុញ្ញាតឱ្យមន្ត្រីគណបក្សភ្លើងទៀន ចូលទៅយកឯកសារអ្វីទាំងអស់។
គណបក្សជំទាស់មួយនេះអះអាងថា គណបក្សបានដាក់លិខិតទៅក្រសួងមហាផ្ទៃជាច្រើនលើកច្រើនសា ដើម្បីសុំច្បាប់ដើម ឬសេចក្តីចម្លង ដែលមានបញ្ជាក់នីត្យានុកូលកម្ម នៃប្រកាសលេខ១៩៣នោះ ចាប់តាំងពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ប៉ុន្តែគណបក្សមិនទទួលបានលិខិតបញ្ជាក់ឡើយ ទើបជាហេតុធ្វើឱ្យគណបក្សបាត់បង់ឱកាសចូលរួមការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់ប្រាប់វីអូអេថា ក្រសួងមហាផ្ទៃមិនទាន់អាចសម្រេចបែបណាទៀតនៅឡើយទេ ទាក់ទងនឹងសំណើរបស់គណបក្សភ្លើងទៀន ដែលចង់ស្នើសុំសេចក្តីចម្លង ដែលមានបញ្ជាក់នីត្យានុកូលកម្ម នៃប្រកាសលេខ១៩៣ ដោយក្រសួងចាំមើលការសម្រេចរបស់រដ្ឋាភិបាលអាណត្តិថ្មី។
កូនប្រុសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ស សុខា ត្រូវបានគេរំពឹងថា នឹងកាន់កាប់តំណែងជារដ្ឋមន្រ្តីជំនួសឪពុក។
ក្រៅពីបញ្ហាប្រឈមដែលគណបក្សភ្លើងទៀន មិនមានឯកសារដើម គណបក្សប្រឆាំងមួយនេះ ក៏រងការគំរាមជារឿយៗពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការរំលាយចោលគណបក្សនេះ ដោយលោក ហ៊ុន សែន សង្ស័យថាជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានបដិសេធការលើកឡើងរបស់លោក ហ៊ុន សែន។
លោកថ្លែងថា៖ «បុគ្គលណាថាពាក់ព័ន្ធ អាហ្នឹងតុលាការ ឬរដ្ឋាភិបាលធ្វើតាមនីតិវិធីឆែកតទៅទៀតទៅ។ បុគ្គលនោះពាក់ព័ន្ធនឹងអ្នកដែលគេចោទប្រកាន់នៅទីណា? ម៉ោងណា? ខ្ញុំជឿជាក់ថាភាពត្រឹមត្រូវ វានៅតែត្រឹមត្រូវហ្នឹង ទោះបីគ្មានពីណាធ្វើក៏ដោយ។ ប៉ុន្តែភាពមិនត្រឹមត្រូវ ទោះបីមនុស្សពេលមួយនគរធ្វើ ក៏វានៅតែភាពមិនត្រឹមត្រូវ។ ខ្ញុំចាត់ទុកថា គណបក្សភ្លើងទៀន ដូចជាគោ អ៊ីចឹងស៊ីតែស្មៅ បើគេថាគោហ្នឹងស៊ីសាច់ឆៅ ខ្ញុំមិនដឹងថាម៉េច មានតែតាមហ្នឹង»។
គួរបញ្ជាក់ថាប្រសិនបើគណបក្សភ្លើងទៀននៅតែមិនមានលិខិតបញ្ជាក់ទុតិយតានោះទេ នោះគណបក្សនឹងបាត់បង់សិទ្ធិចូលរួមការបោះឆ្នោតព្រឹទ្ធសភា ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ស្ថាប័នរៀបចំការបោះឆ្នោត៕