ខណៈមានការធ្វើបាតុកម្មនៅប្រទេសជប៉ុនប្រឆាំងនឹងរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា លោក ហ៊ុន សែន គណបក្សភ្លើងទៀនបានបដិសេធថា គណបក្សមិនពាក់ព័ន្ធនឹងបាតុកម្មនោះទេ។
បាតុកម្មដែលបានធ្វើឡើងនៅទីក្រុងតូក្យូ (Tokyo) មានគោលបំណងសំខាន់ៗមួយចំនួន ដូចជាមិនទទួលស្គាល់ការបោះឆ្នោតថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ កន្លងមក ប្រឆាំងដាច់ខាតនឹងការផ្ទេរអំណាចបន្តពូជនៅកម្ពុជា និងអំពាវនាវដល់រដ្ឋាភិបាលប្រទេសជប៉ុនកុំឲ្យទទួលស្គាល់គណៈរដ្ឋមន្រ្តីថ្មីរបស់លោក ហ៊ុន ម៉ាណែត។ នេះបើតាមការលើកឡើងរបស់ក្រុមបាតុករនៅលើបណ្តាញសង្គមហ្វេសប៊ុក។
បាតុកម្មនេះមានការចូលរួមពីពលរដ្ឋខ្មែរជាពលករជាច្រើននាក់ និងពលរដ្ឋមួយចំនួនទៀតដែលជាជនភៀសខ្លួនខាងនយោបាយ ក្នុងនោះរួមមានលោក គង់ ជិ អតីតអនុប្រធានក្រុមការងារនៃគណបក្សភ្លើងទៀនប្រចាំខេត្តព្រះសីហនុ។
នៅពេលបាតុកម្មកំពុងចាប់ផ្តើមកាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភិរិទ្ធ បានបញ្ជាក់វីអូអេឱ្យដឹងថា គណបក្សគ្មានតួនាទីនៅក្នុងបាតុកម្ម ដែលត្រូវបានធ្វើឡើងនៅទីក្រុងកូត្យូនោះទេ។ លោកបន្ថែមថា ការរៀបចំបាតុកម្មនោះជាសិទ្ធិរបស់បុគ្គល។
លោកប្រាប់វីអូអេកាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំអត់មានដឹងដំណឹងអីទេ ពីព្រោះអីគ្រាន់តែដឹងថា មានខ្មែរនៅជប៉ុនគេធ្វើអី គេធ្វើអី យើងអត់មានពាក់ព័ន្ធទេ។ យើងបានចេញសេចក្តីថ្លែងការណ៍ច្រើនដងហើយ។ ហើយលោកស្អីមិញ គង់ ជិ អីហ្នឹង គាត់ចេញពីភ្លើងទៀនទៅចូលគណបក្សប្រជាជនហើយតើ! ធ្វើអ៊ីចឹង ខ្ញុំម៉េចដឹង! ដូច្នេះរឿងគាត់ខ្ញុំអត់ដឹងទេ វាអត់មានអីពាក់ព័ន្ធជាមួយគណបក្សទៀតទេ។ ខ្ញុំចង់ជម្រាបប្រាប់អ្នកសារព័ត៌មានថា រឿងដែលគេធ្វើនៅខាងក្រៅ ជាសិទ្ធិរបស់ក្រុមគេ។ វាអត់មានពាក់ព័ន្ធជាមួយនឹងគណបក្សភ្លើងទៀនទេ។ ត្រង់ថា គេយកឈ្មោះ គេយកអីទៅប្រើប្រាស់អាហ្នឹង អាហ្នឹងវាពិបាកទប់ស្កាត់គេណាស់ គេចង់បានផលប្រយោជន៍អីមួយៗយើងអត់ដឹងទេ»។
បើតាមលោក គង់ ជិ ដែលកំពុងគេចពីការចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជាទៅស្នាក់នៅក្នុងប្រទេសជប៉ុន ក្រោមហេតុផលនយោបាយ បាតុកម្មដែលជំទាស់នឹងការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានដឹកនាំដោយអ្នកស្រី មាស ភារ៉ា ដែលជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។
លោកប្រាប់វីអូអេថា លោកចូលរួមបាតុកម្មនោះ ដើម្បីបញ្ជាក់ពីការមិនពេញចិត្តនឹងការធ្វើទុក្ខបុកម្នេញខាងនយោបាយនៅប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ដោយសារខ្ញុំយល់ថា របបបច្ចុប្បន្ននេះ របបកម្ពុជាបច្ចុប្បន្នគឺវាសាហាវយង់ឃ្នងមែនទែន ដោយសារតែគាត់ចាប់ប្រជាពលរដ្ឋ ជាពិសេសគណបក្សប្រឆាំង និងសកម្មជនដីធ្លី សាហាវៗ ដោយៗពុំរើសមុខ គ្រាន់តែគាត់បញ្ចេញមតិក្នុងការរិះគន់អ៊ីចឹងទៅ»។
អ្នកស្រី មាស ភារ៉ា អ្នកដឹកនាំបាតុកម្មនោះ ថែ្លងថា ការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត មិនអាចយកជាការបានទេ ព្រោះវាជាការផ្ទេរអំណាចដែលគ្មានភាពស្របច្បាប់ ហើយការបោះឆ្នោតថ្ងៃ ២៣ ខែកក្កដា ក៏មានភាពមិនប្រក្រតី នៅពេលគណបក្សប្រឆាំងដ៏ខ្លាំងមួយត្រូវបានរាំងខ្ទប់មិនឲ្យចូលរួមការប្រកួតប្រជែង។
អ្នកស្រីថ្លែងថា៖ «ច៎ា ដោយសារថ្ងៃ ២២ ហ្នឹង លោក ហ៊ុន ម៉ាណែត នឹងឡើងតំណែង ជានាយករដ្ឋមន្ត្រីជាផ្លូវការ អ៊ីចឹងពួកយើងខ្មែរដែលរស់នៅប្រទេសជប៉ុន អ្នកដែលមិនពេញចិត្តនឹងការផ្ទេរអំណាចដ៏ទាន់ហន់នេះ យើងតស៊ូមតិដើម្បីឲ្យរដ្ឋាភិបាលជប៉ុនមើលឃើញឲ្យដឹងថា មិនមែនខ្មែរយើងគ្រប់គ្រាចេះតែយល់ព្រមឯកភាពក្នុងការផ្ទេរអំណាចនេះទេ»។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាតាមសារអ៊ីមែលកាលពីថ្ងៃអាទិត្យ តែគ្មានការឆ្លើយតប ជុំវិញបាតុកម្មរបស់ពលរដ្ឋកម្ពុជានៅទីក្រុងតូក្យូ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន លើកឡើងថា បាតុកម្មដែលបានកើតឡើងកាលពីថ្ងៃអាទិត្យនៅប្រទេសជប៉ុន មិនអាចរារាំងការរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់កម្ពុជាទេ។ លោកបន្ថែមថា ការធ្វើបាតុកម្មនោះជារឿងឥតបានការ។
លោកប្រាប់វីអូអេកាលពីថ្ងៃអាទិត្យថា៖ «វារារាំងជាឧបសគ្គ នៅក្នុងការរៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភាក៏ដូចជាផ្តល់សេចក្តីទុកចិត្តរបស់រដ្ឋសភាជូនទៅរាជរដ្ឋាភិបាលនីតិកាលទី ៧ ហ្នឹង វាអត់បានការ។ អាពាក្យថា អត់ប្រយោជន៍ហ្នឹង គឺវាអត់បានការត្រង់ន័យហ្នឹង។ ទប់វាអត់បាន។ ដំណើរការវាទៅមុខហើយ បាយវាក្លាយទៅ អង្ករក្លាយទៅជាបាយហើយ អ៊ីចឹងទេ អស់លោកអ្នកស្រែក វាបានតែស្រែកទេ ហើយការស្រែកនេះ វាគ្រាន់តែជាការ លម្អដំណើរការប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះឲ្យដឹងទៀតថា ការស្បថចូលកាន់តំណែងរបស់តំណាងរាស្ត្រជាប់ឆ្នោតនឹងប្រព្រឹត្តទៅតាមការគ្រោងទុកក្រោយការប្រជុំពេញអង្គរបស់រដ្ឋសភា ហើយគណៈរដ្ឋមន្ត្រីថ្មីនឹងដំណើរការនៅថ្ងៃទី ២៣ ខែសីហានេះ៕