សាស្ត្រាចារ្យសាកលវិទ្យាល័យ និងអតីតអ្នកការទូតជាង១រយនាក់មកពីប្រទេសចំនួន១៩កំពុងអំពាវនាវដល់ប្រទេសចិនឲ្យដោះលែងជនជាតិកាណាដា២នាក់ដែលត្រូវបានឃាត់ខ្លួនដែលទំនងជាការសងសឹកចំពោះការចាប់ខ្លួននាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់នៅក្នុងប្រទេសកាណាដា។
ក្រុមនោះ បានចុះហត្ថលេខាលើលិខិតចំហរមួយទៅឲ្យប្រធានាធិបតីចិន ស៊ី ជីនពីង ដោយបានសរសើរលោក Michael Korving និងលោក Michael Spavor ចំពោះការព្យាយាមស្ថាបនាចំណងទាក់ទងរវាងប្រទេសកាណាដា និងប្រទេសនានាទូទាំងពិភពលោក។
លោក Korving ជាអតីតអ្នកការទូតដែលបានធ្វើការឲ្យក្រុមស្រាវជ្រាវក្រុមវិបត្តិអន្តរជាតិ ឬ International Crisis Group នៅពេលដែលលោកបានត្រូវគេចាប់ខ្លួន ខណៈដែលលោក Spavor ជានាយករបស់អង្គការផ្លាស់ប្តូរវប្បធម៌ Paektu ជាអង្គការមួយដែលរៀបចំការផ្លាស់ប្តូរកីឡា និងការសិក្សាអប់រំជាមួយប្រទេសកូរ៉េខាងជើង។ បុរសទាំង២នាក់នេះ បានត្រូវឃុំខ្លួនកាលពីថ្ងៃទី១០ ខែធ្នូ ហើយត្រូវបានរងការចោទប្រកាន់ពីការធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខចិន។
លិខិតនោះ បាននិយាយថា ការឃុំខ្លួនលោក Korving និងលោក Spavor «បានបញ្ជូនសារមួយថា ការងារប្រកបដោយការស្ថាបនានេះ មិនត្រូវបានទទួលការស្វាគមន៍ហើយថែមទាំងមានភាពគ្រោះថ្នាក់ទៀតនៅក្នុងប្រទេសចិន»។
លិខិតនោះ បានត្រូវទទួលការស្វាគមន៍ដោយលោក Justin Trudeau នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា ដោយនិយាយថា មិត្តភក្តិ និងសម្ព័ន្ធមិត្តរបស់កាណដាទាំងអស់ត្រូវតែគាំទ្រនីតិរដ្ឋ៕