ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Huawei ចិន​ដែល​ជា​ក្រុមហ៊ុន​លក់ផលិតផល​បច្ចេកវិទ្យា​នៅ​ទូទាំង​សកលលោក​មាន​ជម្លោះ​​ជាមួយ​សហរដ្ឋអាមេរិក


មនុស្សម្នា​ដើរ​កាត់​ផ្ទាំង​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន Huawei នៅ​ខាង​ក្រៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិច នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។
មនុស្សម្នា​ដើរ​កាត់​ផ្ទាំង​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន Huawei នៅ​ខាង​ក្រៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិច នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។

ការ​ចាប់ខ្លួន​បុគ្គលិក​កំពូល​ម្នាក់​របស់​ក្រុមហ៊ុន Huawei នៅ​ប្រទេស​កាណាដា​នា​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​មាន​កាផ្តោត​ជា​ថ្មី​ម្តង​ទៀត​ទៅ​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​យ៉ាងធំ​មហិមា​របស់​ចិន។

ក្រុមហ៊ុន Huawei ត្រូវ​បាន​គេ​ស្គាល់​តិចតួច​ប៉ុណ្ណោះ​នៅ​សហរដ្ឋអាមេរិក​ ក្រៅ​តែពី​ដឹង​ថា​ជា​ក្រុមហ៊ុន​ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​ទីភ្នាក់​សន្តិសុខអាមេរិក​នានា​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​មួយ​នេះ​បាន​វ៉ា​ក្រុមហ៊ុន Apple មក​ឈរ​នៅ​លំដាប់​លេខរៀង​ទី២​ជា​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ស្មាតហ្វូន​នៅ​ទូទាំង​ពិភពលោក​ បន្ទាប់​ពី​ក្រុមហ៊ុន Samsung និង​កំពុង​ប្រណាំង​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​ទូរគមនាគមន៍​ផ្សេងៗ​ទៀត​ដើម្បី​បង្កើត​បណ្តាញ​អ៊ិនធឺណិត​ឥត​ខ្សែ​ថ្មី​ចុង​ក្រោយ​ដែល​គេ​ស្គាល់​ថា 5G។

តើ Huawei ជា​ក្រុមហ៊ុន​ជា​អ្វី?

ក្រុមហ៊ុន Huawei មាន​ទីតាំង​នៅក្នុង​ខេត្ត Shenzhen គឺ​ជា​ក្រុមហ៊ុន​លក់​សម្ភារៈ​ទូរគមនាគមន៍​ និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​អ៊ិនធឺណិត​ធំ​ជាង​គេ​បំផុត​ដល់​ក្រុមហ៊ុន​ទូរស័ព្ទ​និង​ក្រុមហ៊ុន​ចែកចាយ​អ៊ិនធឺណិត​នានា។ ក្រុមហ៊ុន Huawei មាន​បុគ្គលិក​ជាង​១សែន​៥ម៉ឺននាក់​ និង​បាន​យក​ឈ្នះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ផ្សេងៗ​ទៀត ដោយសារ​ក្រុមហ៊ុន​នេះ​មាន​សាខា​ធំៗ​ជាច្រើន​នៅ​ក្រៅ​ប្រទេស។​

ក្រៅ​ពី​លក់​កុំព្យូទ័រ​យួរដៃ​ និង​ទូរទស្សន៍​ ក្រុមហ៊ុន​នេះ​កំពុង​នាំមុខ​គេ​ខាង​ផលិត​ទូរស័ព្ទ​ស្មានហ្វូន​សម្រាប់​លក់​នៅ​ទីផ្សារ​ក្នុងស្រុក​ និង​កំពុង​ផលិត​ទូរស័ព្ទ​ទំនើប​ដែល​មាន​តម្លៃ​ពី​៦០០ដុល្លារ​ទៅ៨០០ដុល្លារ​សម្រាប់​លក់​នៅ​ប្រទេស​នានា​នៅ​ទូទាំង​អាហ្វ្រិក ​និង​អាស៊ី។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ពិបាក​ជ្រៀត​ចូល​ទៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក។

តើ​អ្វី​ជា​ក្តីបារម្ភ​របស់​រដ្ឋាភិបាល​អាមេរិក?

ចាប់តាំង​ពី​ឆ្នាំ២០១២មក​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​ការសង្ស័យនានា​ថា​សម្ភារៈ​របស់​ក្រុមហ៊ុន Huawei ប្រហែល​ជា​មាន​ការ​បញ្ជូល​បច្ចេកវិទ្យា​ដែល​ជួយ​ដល់​រដ្ឋាភិបាល​ចិន​អាច​ប្រមូល​បាន​នូវ​ព័ត៌មាន​សម្ងាត់​នានា។ ក្តីបារម្ភ​នេះ​បាន​កើន​ឡើង​ខណៈ​ប្រទេស​ទាំង​ពីរ​ប្រកួតប្រជែង​គ្នា​ដើម្បី​បង្កើត​ប្រព័ន្ធ5G ដែល​ជា​បច្ចេកវិទ្យា​អ៊ិនធឺណិត​លឿន​បំផុត។

ក្រុមហ៊ុន Huawei បាន​ច្រានចោល​ព័ត៌មាន​ដែល​ថា​សម្ភារៈ​បច្ចេកវិទ្យា​របស់​ខ្លួន​គំរាមកំហែង​ដល់​សន្តិសុខ​ និង​ថា Huawei គឺ​គ្រាន់​តែ​ជា​ក្រុមហ៊ុន​ឯកជន​មួយ​ប៉ុណ្ណោះ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុម​អាជ្ញាធរ​ប្រទេស​កាណាដា​បាន​ចាប់ខ្លួន​នាយិកា​ហរិញ្ញវត្ថុ​ក្រុមហ៊ុន Huawei តាម​សំណើ​របស់​សហរដ្ឋអាមេរិក ​ជុំវិញ​ការ​ប្រចោទ​ប្រកាន់​ថា​ ក្រុមហ៊ុន​បាន​ធ្វើ​អាជីវកម្ម​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ ដែល​ជា​ការ​រំលោភបំពាន​លើ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដែល​អាមេរិក​បាន​ដាក់​លើ​អ៊ីរ៉ង់។​

តើ​អាមេរិក​បាន​ធ្វើអ្វីខ្លះ​ដើម្បី​រារាំង​ក្រុមហ៊ុន Huawei?

នៅ​ឆ្នាំ​នេះ ​ការិយាល័យ​សហព័ន្ធ​ខាង​ការ​ស៊ើបអង្កេត​ FBI និង​ទីភ្នាក់ងារ ស៊ើបការ​សម្ងាត់ CIA គឺ​ជា​ទីភ្នាក់ងារ​សហព័ន្ធ​ក្នុង​ចំណោម​ទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​នានា​ដែល​បានព្រមាន​ដល់​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​មិន​ឲ្យ​ទិញ​ទូរស័ព្ទ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Huawei ឬ​ដោយ​ក្រុមហ៊ុន​ជា​ដៃគូ​នានា​ ដែល​មាន​លក់​នៅ​តាម​ហាងលក់​ទំនិញ​ដូចជា Best Buy ឬ​ក្រុមហ៊ុន Amazonជាដើម។

បន្ថែម​ពី​នេះ​សហរដ្ឋអាមេរិក​បាន​បញ្ចុះបញ្ចូល​ដល់​ប្រទេសនានា​កុំ​ឲ្យ​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន Huawei។ ប្រទេស​នូវែលសេឡង់​ និង​អូស្ត្រាលី​បាន​ប្រកាស​ថា​ពួកគេ​បាន​បិទ​មិន​ឲ្យ​អ្នក​ដែល​ប្រើ​ឧបករណ៍ក្រុមហ៊ុន Huawei អាច​ប្រើ​សេវាអ៊ិនធឺណិត​គ្មាន​ខ្សែ​បាន។ ក្រុមហ៊ុន BT ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ចក្រភព​អង់គ្លេស​បាន​ប្រកាសថា​នឹង​មិន​ទិញ​សម្ភារៈ​ពីក្រុមហ៊ុន Huawei ដើម្បី​បង្កើត​បណ្តាញ​អ៊ិនធឺណិត​របស់​ខ្លួន​ជា​ប្រព័ន្ធ5G នោះ​ទេ។ ចំណែក​ឯ​ក្រុមហ៊ុន AT&T វិញ​មិន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ស្មាតហ្វូន​ចិន​ដើម្បី​លក់​ទូរស័ព្ទ​ឲ្យ​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​ទេ។​

តើ​មាន​អ្វី​អាច​កើត​ឡើង​នៅ​ពេល​ខាង​មុខ?

គេ​មិន​នៅ​ទាន់​ដឹង​ច្បាស់​ទេ​ថាតើ​ក្រុមហ៊ុន Huawei អាច​នៅ​តែ​រីកចម្រើន​បន្ត​ទៅ​មុខ​ទៀត​បាន​ឬ​យ៉ាង​ណា​នោះ​ ខណៈ​ក្រុមហ៊ុន​នេះ​មិន​អាច​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​នោះ​។ នៅ​ស្រប​ពេល​ដែល​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិក​ប្រណាំង​ប្រជែង​គ្នា​បង្កើត​ប្រព័ន្ធ5G នោះ​នឹង​មាន​ការ​ពិនិត្យពិច្ច័យ​កាន់តែខ្លាំង​ទៅលើ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន។ ក៏ប៉ុន្តែ​អ្នកអង្កេត​ស្ថានការណ៍​ម្នាក់​បាន​និយាយ​ថា​ភាពតានតឹង​រវាង​ប្រទេស​ទាំង​ពីរ​គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ការប្រជែង​បង្កើត​បណ្តាញ 5G នេះ​ទៅ​ទៀត។

អ្នកស្រី Rebecca Fannin ជា​ស្ថាបនិក​និង​ជា​និពន្ធ​នាយក​នៃ​ក្រុមហ៊ុន Silicon Dragon ដែល​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​អំពី​ឧស្សាហកម្ម​បច្ចេកវិទ្យា​នៅ​ទូទាំង​ពិភពលោក​បាន​និយាយ​ថា «ក្រុមហ៊ុន​បច្ចេកវិទ្យាចិន​ធំៗ​ទាំង​នេះ​កំពុង​តែ​រួបរួម​គ្នា​ និង​ចូលក្នុង​គ្រប់​វិស័យ។ ពួកគេ​មាន​ភាព​ជឿនលឿន​ក្នុង​ការ​ច្នៃប្រឌិត ហើយ​ពេល​ខ្លះ​បាន​លឿន​ជាង​ក្រុមហ៊ុន​អាមេរិក​ទៅ​ទៀត។ ក្រុមហ៊ុន​ទាំង​នេះ​កំពុង​បង្កើន​ភាពតានតឹង​ជុំវិញ​បញ្ហា​នានា​កាន់​តែ​ខ្លាំង​ឡើង ​ខណៈ​ពួកគេ​កំពុង​បោះ​ជំហាន​ទៅ​មុខ»៕

ប្រែសម្រួល​ដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG