ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​កាណាដា​ជួប​ពលរដ្ឋ​កាណាដា​ទី​ពីរ​ដែល​ខ្លួន​ចាប់​ដាក់​ឃុំ


លោក John McCallum​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Ottawa ប្រទេស​កាណាដា កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។
លោក John McCallum​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Ottawa ប្រទេស​កាណាដា កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រទេស​ចិន​បាន​អនុញ្ញាត​ឲ្យ​ឯក​អគ្គរដ្ឋទូត​កាណាដា​ជួប​ជាមួយ​នឹង​ពលរដ្ឋ​កាណាដា​ទី​ពីរ ដែល​ត្រូវ​បាន​ដាក់​ឃុំ​ក្រោម​ហេតុផល​ដែល​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​កាណាដា។

ឯក​អគ្គរដ្ឋទូត​កាណាដា​លោក John McCallum បាន​និយាយ​ជាមួយ​នឹង​ពាណិជ្ជករ​កាណាដា​លោក Michael Spavor កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ គឺ​ក្នុង​រយៈពេល ២ ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​នឹង​អតីត​មន្ត្រី​ការទូត​លោក Michael Kovrig ដែល​ជា​ពលរដ្ឋ​កាណាដា​ម្នាក់​ទៀត​ដែល​ត្រូវ​រដ្ឋាភិបាល​ចិន​ចាប់​ដាក់​ឃុំ​ដែរ។

សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស​កាណាដា​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក John McCallum នឹង​បន្ត​ផ្ដល់​សេវា​ផ្នែក​កុងស៊ុល​ដល់​លោក Spavor និង​ស្វែង​រក​វិធី​បន្ថែម​ទៀត​ដើម្បី​ជួប​លោក។

រដ្ឋាភិបាល​ចិន​បាន​ឃុំឃាំង​លោក Spavor និង​លោក Kovrig បន្ទាប់ពី​ប៉ូលិស​កាណាដា​បាន​ចាប់​ខ្លួន​អ្នកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei របស់​ចិន កាល​ពី​ដើម​ខែ​នេះ​នៅ​ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក។

អ្នកស្រី Meng Wanzhou ឥឡូវ​នេះ​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ រង់ចាំ​លទ្ធភាព​ដែល​អាច​ត្រូវ​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់។

ប្រទេស​កាណាដា​បាន​បដិសេធ​ថា ការ​ចាប់​ខ្លួន​អ្នកស្រី Meng Wanzhou មិន​មែន​ជា​រឿង​នយោបាយ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​កិច្ចការ​ផ្លូវ​តុលាការ​ពិត​ប្រាកដ និង​ជា​ករណី​ដែល​ខ្លួន​បំពេញ​តាម​កាតព្វកិច្ច​របស់​ខ្លួន​ដែល​ព្រមព្រៀង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG