ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទារក​ម្នាក់​ក្នុង​ចំណោម​ទារក​១០​នាក់​មិន​ទទួល​បាន​វ៉ាក់សាំង​ទេ​ក្នុង​ឆ្នាំ​២០១៦


រូបឯកសារ៖ ក្មេង​សូម៉ា​លី​ម្នាក់​កំពុង​យំ​ពេល​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​ដែល​អាច​ធ្វើឲ្យ​ក្មេង​ស្លាប់​ នៅ​មណ្ឌល​សុខភាព Medina Maternal Child Health ក្នុង​ទីក្រុងម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី។

ទារក​ម្នាក់​ក្នុង​ចំណោម​ទារក​១០​នាក់ ​ឬ​ទារក​ចំនួន​១២​លាន​៩​សែន​នាក់​នៅ​ទូទាំង​ពិភព​លោក​មិន​ទទួល​បាន​វ៉ាក់សាំង​ទេ​កាល​ពី​ឆ្នាំ​២០១៦។ នេះ​បើយោង​តាម​អង្គការ​សុខភាព​ពិភពលោក​ដែល​ហៅ​កាត់​ថា (WHO) ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ។

ទារក​ទាំង​នោះ​មិន​បាន​ទទួល​វ៉ាក់សាំង​ការពារ​ដំបូង​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​ចំនួន​បី​ដែល​ការពារ​ទារក​ពី​ជំងឺ​ខាន់​ស្លាក់ ​ជំងឺ​តេតាណុស និង​ជំងឺ​ក្អក​មាន់ ដែល​គេ​ស្គាល់​ថា វ៉ាក់សាំង ​DTP3។ ហើយ​ក្នុង​ចំណោម​ទារក​ចំនួន​៦​លាន​៦​សែន​នាក់​ដែល​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​ទី​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​ដំបូង​ទាំង​បី​ មិន​បាន​ទទួល​វ៉ាក់សាំង​ពីរ​បន្ទាប់​ទៀត​នោះ​ទេ នៅ​ពេល​ក្រោយ​មក​ក្នុង​ឆ្នាំ​តែ​មួយ​នោះ។ ​

អង្គការ ​WHO ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក ភាគរយ​នៃ​កុមារ​ដែល​ទទួល​បាន​វ៉ាក់សាំង​បង្ការ​គ្រប់​ចំនួន​គឺ​មាន​ចំនួន​៨៦​ភាគរយ ដោយ​គ្មាន​ការ​ប្រែប្រួល​នៅ​ក្នុង​បណ្តា​ប្រទេស​ឬ​តំបន់​ណា​មួយ​កាល​ពី​ឆ្នាំ​មុន​នោះ។ ចំនួន​ទារក​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភព​លោក​នេះ​មាន​កម្រិត​ទាប​ជាង​គោល​ដៅ​ដែល​ចង់​ទទួល​បាន​រហូត​ដល់​ចំនួន​៩០​ភាគរយ‍»។ ​

កម្រិត​វ៉ាក់សាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​អាច​ទប់ស្កាត់​ការ​ស្លាប់​ពី​២​ទៅ​៣​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ជារៀង​រាល់​ឆ្នាំ ពី​ជំងឺ​ខាន់​ស្លាក់ ជំងឺ​តេតាណុស ជំងឺ​ក្អក​មាន់ និង​ជំងឺ​កញ្ជ្រិល។ នេះ​បើ​យោង​តាម​អង្គការ ​WHO​ ដែល​បាន​ហៅ​ការ​ចាក់​វ៉ាក់សាំង​ជា​ទៀង​ទាត់​ថា​ជា​ «អន្តរាគមន៍​សុខភាព​សាធារណៈ​ដ៏​មាន​ប្រសិទ្ធភាព​និង​ទទួល​បាន​ជោគ​ជ័យ​បំផុត​មួយ‍» ដែល​អាច​ធ្វើ​បាន។

ប្រទេស​ចំនួន​១៣០ ​ក្នុង​ចំណោម​ប្រទេស​ទាំង​១៩៤​ដែល​ជា​សមាជិក​អង្គការ WHO បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ DTP3​ រហូត​ដល់​៩០​ភាគរយ​តាម​គោលដៅ​កំណត់។ ទារក​ភាគច្រើន​ដែល​មិន​ទទួល​បាន​វ៉ាក់សាំង​ការពារ រស់នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ជម្លោះ​ឬ​ជួប​ប្រទះ​នឹង​ភាព​ក្រីក្រ​ខ្លាំង៕

XS
SM
MD
LG