ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​រាប់​ពាន់​លាន​នាក់​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ និង​អនាម័យ

  • Lisa Schlein

រូបភាពឯកសារ៖ អ្នកស្ម័គ្រ​ចិត្ត​បង់ក្លាដែស​ដែល​ធ្វើ​ការ​ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​អនាម័យ​កំពុង​លើក​បង្គន់ក្នុង​ភូមិ​ Bormi ក្បែរទីក្រុ​ Dhaka ប្រទេស​បង់ក្លាដែស។ Bangladesh.

អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា មនុស្ស​ជិត ៨ សែន ៥ ម៉ឺន​នាក់ បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ដោយសារ​កង្វះ​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់ អនាម័យ​បរិស្ថាន និង​អនាម័យ​ផ្ទាល់​ខ្លួន។

ក្នុង​ចំណោម​នោះ មាន​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ជាង ៣ សែន ៦ ម៉ឺន​នាក់ បាន​ស្លាប់​ដោយសារ​រោគ​រាករូស និង​មនុស្ស​ជា​ច្រើន​អ្នក​ផ្សេង​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​នានា ដូចជា​ជំងឺ​អាសន្នរោគ ជំងឺ​រាគ​មួល ជំងឺ​ថ្លើម​ប្រភេទ A និង​ជំងឺ​គ្រុន​ពោះវៀន ជា​ដើម។

របាយការណ៍​រួម​គ្នា ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ UNICEF នេះ បាន​រក​ឃើញ​ថា មនុស្ស​ដែល​រស់នៅ​តាម​តំបន់​ជនបទ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៅ​ទ្វីប​អាហ្វ្រិក និង​នៅ​ក្នុង​ទ្វីប​អាស៊ី ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៃ​ការ​កើត​ជំងឺ និង​ការ​ស្លាប់ ដោយសារ​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ និង​ដោយសារ​បញ្ហា​ពាក់ព័ន្ធ​នឹង​អនាម័យ​ផ្សេងៗ​ទៀត។

លោក Bruce Gordon អ្នក​សម្របសម្រួល​ទទួល​បន្ទុក​ផ្នែក​ទឹក​ប្រើប្រាស់ អនាម័យ​បរិស្ថាន និង​អនាម័យ​ផ្ទាល់​ខ្លួន នៃ​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា របាយការណ៍​នេះ គឺ​ជា​របាយការណ៍​ដំបូង​បង្អស់​ដែល​ធ្វើ​ការ​វាយ​តម្លៃ​លើ​សារៈសំខាន់​នៃ​អនាម័យ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ចំពោះ​សុខភាព​ល្អ។ លោក​បាន​បញ្ជាក់​ថា ផ្ទះ​សម្បែង អាគារ​សុខាភិបាល និង​សាលារៀន​ជា​ច្រើន​ខ្នង គ្មាន​សាប៊ូ និង​ទឹក​ប្រើប្រាស់​សម្រាប់​ការ​លាង​ដៃ​នោះ​ទេ។

លោក Gordon បាន​បញ្ជាក់​ថា៖ «តួលេខ​មួយ​ដែល​ខ្ញុំ​ចង់​ផ្ដោត​ពេល​ឥឡូវ​នេះ គឺ​ថា នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៅ​ទ្វីប​អាហ្វ្រិក មាន​ប្រជាពលរដ្ឋ​តែ ១៥ ភាគរយ ប៉ុណ្ណោះ ដែល​មាន​លទ្ធភាព​ប្រើប្រាស់​អាគារ​នានា ដែល​មាន​សាប៊ូ និង​ទឹក​ប្រើប្រាស់។ ហើយ​ដូច​ដែល​យើង​ដឹង​ហើយ​ថា អនាម័យ​ផ្ទាល់​ខ្លួន​ល្អ​គឺ​ជា​វិធី​ដ៏​សាមញ្ញ និង​មាន​ប្រសិទ្ធភាព​បំផុត នៅ​ក្នុង​ការ​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ»។

គោល​បំណង​មួយ​នៃ​គោល​បំណង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​ទាំង ១៧ ចំណុច របស់​អង្គការ​សហប្រជាជាតិ គឺ​ចង់​ឲ្យ​មនុស្ស​ទូទៅ​នៅ​លើ​ពិភពលោក មាន​លទ្ធភាព​ស្មើ​ភាព​គ្នា​ក្នុង​ការ​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់ និង​អនាម័យ​បរិស្ថាន នៅ​ត្រឹម​ឆ្នាំ ២០៣០។

លោក Wijesekera ប្រធាន​ទទួល​បន្ទុក​ផ្នែក​ទឹក​ប្រើប្រាស់ អនាម័យ​បរិស្ថាន និង​អនាម័យ​ផ្ទាល់​ខ្លួន​របស់​មនុស្ស នៃ​អង្គការ UNICEF បាន​និយាយ​ថា ដំណើរ​វិវឌ្ឍន៍​នេះ​អាច​នឹង​ជះ​លទ្ធផល​ដោយ​ប្រយោល​ដល់​ផ្នែក​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត។

លោក Wijesekera បាន​និយាយ​ថា៖ «សម្រាប់​កុមារ ការ​មាន​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់ អនាម័យ​បរិស្ថាន និង​អនាម័យ​ផ្ទាល់​ខ្លួន មិន​ត្រឹមតែ​អាច​ជួយ​ឲ្យ​ពួកគេ​រស់រាន​មាន​ជីវិត និង​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បាន​ចូល​សាលា និង​ទទួល​បាន​ការ​អប់រំ​ផង​ដែរ។ វា​ជួយ​កាត់​បន្ថយ​បញ្ហា​វិសមភាព។ ហើយ​វា​ក៏​អាច​ផ្ដល់​នូវ​ចំណុច​ចាប់ផ្ដើម​នៃ​ជីវិត​មួយ​ដ៏​ល្អ​ផង​ដែរ»។

គោល​បំណង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​របស់​អង្គការ​សហប្រជាជាតិ​នេះ មាន​គោល​បំណង​បញ្ចប់​ការ​បន្ទោបង់​តាម​ទី​សាធារណៈ ដែល​បណ្ដាល​ឲ្យ​ជំងឺ និង​ភាព​ក្រីក្រ​កើត​ឡើង​ជា​បន្ត​វិល​ចុះ​វិល​ឡើង​ជា​រៀង​រហូត។ មនុស្ស​ជាង ៨៩០ លាន​នាក់ នៅតែ​ធ្វើ​ការ​បន្ទោបង់​តាម​ទី​សាធារណៈ ដែល​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​ជនបទ ដែល​គ្មាន​បង្គន់​នៅ​តាម​ផ្ទះ និង​បង្គន់​សាធារណៈ​ប្រើប្រាស់៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG