ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទីផ្សារ​បន្លែ​សរីរាង្គ ហាក់​កាន់តែ​រីក​ធំ​ឡើង ក្រោយ​ពី​ការ​ហូរ​ចូល​បន្លែ​ប្រើ​សារធាតុ​គីមី


ទិដ្ឋភាព​ផ្សារណាត់​លក់​បន្លែ​សរីរាង្គ​ ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ការ​កាលពី​ថ្ងៃ​ទី​ ២០​ ខែកុម្ភៈ​ឆ្នាំ​ ២០១៦​ នៅ​ពី​មុខ​ផ្សារ​កំពង់​ស្ពឺ​ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។ (ហ៊ុល រស្មី/VOA)

ផ្សារ​​ណាត់​នេះ​ បាន​ចាប់​ដាក់​ឲ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​កន្លងទៅ​និង​កំពុង​បន្ត​ដំណើរ​ការ​ជា​រៀង​រាល់​ចុង​សប្ដាហ៍​ ដើម្បី​ផ្គត់​ផ្គង់​ដល់​អ្នក​និយម​ទទួលទាន​​បន្លែ​ ដែល​មិន​ប្រើ​សារធាតុ​គីមី​សម្រាប់​ការ​ដាំដុះ។

នៅ​លើ​សួន​ច្បារ​សាធារណៈ​ដែល​មិន​ទាន់​សង់​រួច​ស្ថិត​នៅ​ចំ​ពី​មុខ​ផ្សារ​កំពង់​ស្ពឺ​ ស្ថិត​ក្នុងក្រុង​ច្បារ​មន​ ខេត្ត​កំពង់​ស្ពឺ​ តូប​លក់​បន្លែ​សរីរាង្គ​មួយ​ បាន​ទាក់​ទាញ​ស្រ្តី​មេផ្ទះ​ និង​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤​ ឲ្យ​ចូល​មក​ទិញ​បន្លែ​សរីរាង្គ​ស្រស់ៗ​ ដែល​គេ​ទើប​យក​ពី​កន្លែង​ដាំ​ដុះ​របស់​កសិករ​នៅ​ក្នុង​ខេត្ត​នេះ។​

តូប​លក់​បន្លែ​នេះ​ ត្រូវ​បាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ហៅ​កាត់​ថា​ CEDAC​ ឲ្យ​ឈ្មោះ​ថា​ ផ្សារ​ណាត់។ ផ្សារ​នេះ​ បាន​ចាប់​ដាក់​ឲ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​កន្លងទៅ​និង​កំពុង​បន្ត​ដំណើរ​ការ​ជា​រៀង​រាល់​ចុង​សប្ដាហ៍​ ដើម្បី​ផ្គត់​ផ្គង់​ដល់​អ្នក​និយម​ទទួលទានបន្លែ​ ដែល​មិន​ប្រើ​សារធាតុ​គីមី​សម្រាប់​ការ​ដាំដុះ។

អ្នកស្រី​ សុខ​ ស្រីអូន​ វ័យ​៣០​ឆ្នាំ​ ថ្លែង​ប្រាប់ VOA បន្ទាប់​ពី​អ្នក​ស្រី​បាន​ទិញ​បន្លែ​សរីរាង្គ​នេះ​ ពី​ផ្សារ​ណាត់​នេះ​ថា​ ការ​ទទួលទានបន្លែ​សរីរាង្គ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សុខភាព​ល្អ​ប្រសើរ​នោះ​ទេ​ តែ​ថែម​ទាំង​បាន​ជួយ​ដល់​ប្រជាកសិករ​ខ្មែរ​ដាំដុះ​ដំណាំ​ប្រភេទ​នេះ​ ទៀត​ផង។

អ្នកស្រី​ តន់​ ស៊ន (ស្តាំ) កំពុង​ឈរ​រង់​ចាំ​អតិថិជន​នៅ​ក្នុង​ផ្សារណាត់​លក់​បន្លែ​សរីរាង្គ ស្ថិត​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។ (ដោយ​ ហ៊ុល​ រស្មី/VOA)
អ្នកស្រី​ តន់​ ស៊ន (ស្តាំ) កំពុង​ឈរ​រង់​ចាំ​អតិថិជន​នៅ​ក្នុង​ផ្សារណាត់​លក់​បន្លែ​សរីរាង្គ ស្ថិត​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ។ (ដោយ​ ហ៊ុល​ រស្មី/VOA)

«មាន​ចំណេញ​មួយ​ គឺ​ជា​ផលិត​ផល​ក្នុង​ស្រុក​ ផ្ដល់​កម្រៃ​ដល់​ប្រជាជន​ក្នុង​ស្រុក​ ហើយ​លើក​កម្ពស់​ជីវភាព​កសិករ​ ពីព្រោះ​ បើសិនជា​គាត់​ដាំ​ ឈ្មួញ​គាត់​ទៅ​ទិញ​គឺ​មាន​តម្លៃ​ថោក​ហើយ​បើ​សិន​ជា​ គាត់​យក​មក​ដាក់​លក់​ផ្ទាល់​ តម្លៃ​គាត់​គឺ​ ប្រហែល​នៅ​ក្នុង​ទីផ្សារ»។

ជា​ស្រ្តី​មេ​ផ្ទះ​ម្នាក់​ អ្នកស្រី​ សុខ​ ស្រី​អូន​ មាន​ការ​បារម្ភ​ចំពោះ​បន្លែ​ដែល​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​ទូទៅ​ ដោយសារ​បន្លែ​ទាំង​នោះ​ ត្រូវ​បាន​រក្សា​ទុក​ក្នុង​រយៈ​ពេល​យូរ​ថ្ងៃ​ និង​អាច​មាន​ប្រើ​សារធាតុគីមី។

«ភាគច្រើន​បន្លែ​ដែល​យើង​ឃើញ​នៅ​ផ្សារ​យើង​នេះ​ ភាគច្រើន​ដឹក​មក​ពី​ប្រទេស​ក្រៅ​ អញ្ចឹង​គុណភាព​វា​យូរ។​ បើសិនជា ​គាត់​អត់​ដាក់​គីមី​ ក៏​យូរ​ដែរ​ យូរ​ថ្ងៃ។​ បើ​យើង​គ្រាន់​តែ​ដឹក​ អញ្ចឹង​បន្លែ​វា​អស់​គុណ​ភាព​ហើយ។ បើ​យើង​ឥឡូវ​នេះ​ យើង​បេះ​ភ្លាម​ យក​មក​លក់​ភ្លាម​ បន្លែ​មាន​គុណភាព»។

ប្រទេស​កម្ពុជា​ បាន​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ក្បែរ​ខាង​ប្រមាណ​ ៥០​ភាគរយ។ កសិករ​ខ្មែរ ​អាច​ផលិត​បាន​បន្លែ​ ៥០​ភាគរយ​ទៀត​សម្រាប់​ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ​កសិកម្ម​នៃ​អង្គការ​ CEDAC។

បន្លែ​សរីរាង្គ​ដែល​កសិករ​ខ្មែរ​ផលិត​បាន​ គឺ​មាន​ចំណែក​តែ​៥​ភាគរយ​ប៉ុណ្ណោះ​នៃ​ផលិតកម្ម​បន្លែ​ក្នុង​ស្រុក​ប្រមាណ​៥០​ភាគ​រយ​នេះ។

អ្នក​ទទួល​ទាន​បន្លែ​នា​ពេល​បច្ចុប្បន្ន​ តែង​តែ​មាន​ការ​រអ៊ូរទាំ អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​ដែល​បង្ក​មក​ពី​ការ​ទទួល​ទាន​បន្លែដែល​ប្រើ​សារធាតុ​គីមី ឬ​ថ្នាំពុល។

អ្នក​ទទួលទាន​បន្លែ​ធម្មតា​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ពី​បញ្ហា​ឈឺ​ក្រពះ​និង​ការ​ចុះ​ថយ​កម្លាំង ដោយសារ​ការ​ទទួល​ទានបន្លែ​ផលិត​ក្នុង​ស្រុក​ ឬ​បន្លែ​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង​ ដែល​មាន​ប្រើ​សារធាតុ​គីមី។

ការ​ដាក់​ឲ្យ​ដំណើរ​ការ​ផ្សារ​ណាត់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ នឹង​អាច​ជួយ​ឲ្យ​ប្រជាជន​មួយ​ផ្នែក​តូច​នៃ​ខេត្ត​នេះ​ ទទួល​បាន​បន្លែ​សរីរាង្គ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​សម្រាប់​ទ្រទ្រង់​សុខភាព​ និង​អាច​ការ​ពារ​មិន​ឲ្យ​មាន​ជំងឺ​ក្រពះ​ និង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​ ដូច​ជា​ជំងឺ​មហារីក​ជាដើម។​ នេះ​បើ​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ​ខាង​ដំណាំ​សរីរាង្គ​នៃ​អង្គការ​ CEDAC។

អង្គការ​ CEDAC ក៏​បាន​ដាក់​ឲ្យ​ផ្សារ​សហគមន៍នេះ​ដំណើរ​ការ​នៅ​តាមបណ្ដា​ខេត្ត​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ កំពង់​ធំ​ សៀមរាប​ កំពង់​ចាម​ និង​ព្រៃ​វែង។ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ អង្គការ​ CEDAC បាន​ដាក់​ឲ្យ​ដំណើរការ​កន្លែង​លក់​បន្លែ​សរីរាង្គ​នេះ​នៅ​ទីតាំង​៨​ផ្សេងៗ​គ្នា។

លោក​ អ៊ឹង​ វុទ្ធី​ អ្នក​សម្រប​សម្រួល​មូលដ្ឋាន​នៃ​អង្គការ​សេដាក​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ នៅ​ជាប់​នឹង​ផ្សារណាត់​ក្នុង​ខេត្ត​កំពង់ស្ពឺ។ (ហ៊ុល រស្មី/VOA)
លោក​ អ៊ឹង​ វុទ្ធី​ អ្នក​សម្រប​សម្រួល​មូលដ្ឋាន​នៃ​អង្គការ​សេដាក​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ នៅ​ជាប់​នឹង​ផ្សារណាត់​ក្នុង​ខេត្ត​កំពង់ស្ពឺ។ (ហ៊ុល រស្មី/VOA)

លោក​ អ៊ឹង​ វុទ្ធី​ អ្នក​សម្របសម្រួល​មូលដ្ឋាននៃ​អង្គការ​ CEDAC ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ខ្មែរកាន់​តែ​ច្រើនផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅលើ​ការ​ទទួល​ទាន​បន្លែ​សរីរាង្គ​ ដោយ​ហេតុថា​ ពួក​គេ​បាន​យល់​ដឹង​ពី​គុណ​ប្រយោជន៍របស់​បន្លែ​សរីរាង្គ​ចំពោះ​សុខភាព។​

លោក បាន​ថ្លែង​នៅ​ជាប់​នឹង​ផ្សារ​ណាត់​ដែល​ទើប​តែ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ខេត្ត​កំពង់​ស្ពឺនេះ​ថា៖

«សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា​ ថ្ងៃនេះ​ គឺ​មាន មានភាព​ភ្ញាក់​ផ្អើល​មិន​ទែន​ ពីព្រោះ​កន្លង​មក​នៅ​ពេល​ដែល​យើងធ្លាប់​ទៅ​ទស្សនកិច្ច​សិក្សា​ នៅ​កន្លែង​ផ្សេង​ ថ្ងៃ​បើក​ដំបូង​អត់​សូវ​មាន​អតិថិជន​ទេ។​ ប៉ុន្តែ​សម្រាប់​យើង​នៅ​នេះ​ យើង​បើក​ថ្ងៃដំបូង​ គឺ​មាន​អតិថិជន​ច្រើន។​ អញ្ចឹង​ខ្ញុំ​ជឿជាក់​ថា​ ទៅ​ថ្ងៃ​ ទៅ​ថ្ងៃបន្ត​ទៀត​ គឺ​មានអតិថិជន​នៃ​ការ​គាំទ្រ​ កាន់​តែ​ច្រើន​ ព្រោះ​យើង​ផ្អែក​ទៅលើ​ ទី​មួយ​ការ​យល់​ដឹង​របស់​អតិថិជន​ ដែល​គាត់​យល់​ដឹង​លើ​អ្វី​ដែល​ជា​អត្ថប្រយោជន៍​បន្លែ​សរីរាង្គ​ ឬ​ក៏​ផលិត​ផល​ធម្មជាតិ»។

លោកអ៊ឹង​ វុទ្ធី​ ឲ្យ​ដឹង​ទៀត​ថា ផ្សារ​សម្រាប់ផ្គត់​ផ្គង់​កសិផល​ធម្មជាតិ​នេះ ​នឹង​ត្រូវ​បង្កើត​នៅ​ខេត្ត​តាកែវ ដែល​អាច​នឹង​មាន​បី​ទី​តាំង​ គឺ​នៅ​ផ្សារ​ត្រំា​ខ្នា​ ផ្សារ​បុ័ង​ឫស្សី​ និង​ថ្នល់​បត់។

នៅ​គ្រា​ដែល​តម្រូវការ​កសិផល​ធម្មជាតិ​ កំពុង​កើន​ឡើង​ អ្នក​ជំនាញ​កសិកម្ម​បាន​ព្យាយាម​កំណត់​នូវ​បទដ្ឋាន​បន្លែ​សរីរាង្គសម្រាប់​ទប់​ស្កាត់​ការ​ក្លែង​បន្លំ​ដោយ​ឈ្មួញ​ទុច្ចរិត។​

លោក​ គាម មករាឌី​ ប្រធាន​ផ្នែក​បរិស្ថាន​ និង​សុខភាព​នៃ​អង្គការ​ CEDAC ថ្លែង​ប្រាប់​VOA​ថា​ ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​វិស័យ​កសិកម្ម​ បានធ្វើការ​រួម​គ្នាក្នុង​ការ​កំណត់​ស្តង់​ដា​សម្រាប់​បន្លែ​សរីរាង្គ​ចាប់​តាំង​ពី​ដំណើរ​នៃ​ការ​ផលិត​ និង​ការ​ដាក់​លក់​ផលិត​ផល​នៅ​ក្នុង​ទីផ្សារ។​

លោក​មាន​ប្រសាសន៍​ថា​ សកម្ម​ភាព​នេះ​ ធ្វើ​ឡើង​ដើម្បី​ទាញ​ការ​យកចិត្ត​ទុក​ដាក់​ពីមន្ត្រី​រដ្ឋាភិបាល​ នៅ​ក្នុង​ការ​រៀប​ចំ​ជា​ស្តង់​ដា​ថ្នាក់​ជាតិ សម្រាប់​បន្លែ​សរីរាង្គ​នេះ។

«យើង​ខិត​ខំ​ធ្វើ​ជា​គំរូ​ អាច​ធ្វើ​ថា​ ជា​សកម្មភាព​មួយ​ថា​ ការ​ផលិត​កសិកម្ម​សរីរាង្គ​ គឺ​អាច​បន្ត​បាន​ ឬក៏​អាច​អនុវត្តន៍​បាន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ សម្រាប់​ឲ្យ​ កសិករ​មាន​ផល​ចំណេញ​ ក៏​ដូច​ជា​អ្នក​បរិភោគ​ អ្នក​ហូប​ហ្នឹង​គឺ​ មាន​សុវត្ថិភាព​ចំណី​អាហារ​អញ្ចឹង។​ ហើយ​អញ្ចឹង​អង្គការ​សង្គម​ស៊ីវិល​ គឺ​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​អនុវត្ត​នូវ​ស្តង់​ដា​ហ្នឹង​ ហើយ​និង​ជំរុញ​នូវ​ការ​ផលិត​ស្បៀង​ ប្រកបដោយ​សុវត្ថិភាព​នេះ។​ អញ្ចឹង​ គឺធ្វើ​បណ្ដើរ​អាច​ថា​ ​បង្ហាញ​ឲ្យ​ដល់​អ្នក​រៀប​ចំ​គោល​នយោបាយ​ហ្នឹង ឲ្យ​គាត់​យល់​ជ្រួតជ្រាប​អញ្ចឹង»។

លោក​បញ្ជាក់​បន្ថែម​ថា​ គំនិត​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​កំណត់​ស្តង់ដារ​ កើត​មាន​តាំង​ពី​ឆ្នាំ​ ២០០៥​ ក៏ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម​ ហាក់​ដូច​ជា​ធ្វើ​ព្រងើយ​កន្តើយ​លើ​កិច្ច​ការ​នេះ។

យ៉ាង​ក៏​ដោយ​ លោក ហ៊ាន វណ្ណហន​ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង នេសាទ បាន​មាន​ប្រសាសន៍​ថា​ ​មន្ត្រី​កសិកម្ម​របស់​រដ្ឋាភិបាល​ កំពុង​ធ្វើ​កិច្ចការ​កំណត់​ស្តង់ដារ​បន្លែ​សរីរាង្គ​នេះ​ ជាមួយ​មន្ត្រី​កសិកម្ម​នៅ​ក្នុង​ប្រទេស​សមាជិក​សមាគម​អាស៊ាន​ទាំង​១០​ប្រទេស។​

លោក​មាន​ប្រសាសន៍​ថា​ ស្តង់ដារ​នឹង​បាន​ជា​ប្រយោជន៍​ដល់​កសិករ​ដាំ​ដំណាំ​សរីរាង្គ​នៅ​ទូទាំង​សមាគម​អាស៊ាន។​

យ៉ាង​ណា​ក៏ដោយ​ លោក​ ហ៊ាន វណ្ណហន មិន​អាច​បញ្ជាក់​បាន​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ដាក់​ឲ្យ​អនុវត្ត​ស្តង់​ដារ​នេះ​ទេ។

«តាម​ពិត​ទៅ​ យើង​ចង់​ជម្រាប​ជូន​ថា​ រដ្ឋាភិបាល​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មួយ​ កំពុង​តែ​រៀប​ចំ​ផលិត​ផល​សរីរាង្គ​ស្តង់ដារ​នេះ។ បាន​ន័យ​ថា​ យើង​អត់មាន​អនុម័ត​ជា​ ស្តង់ដារ​សរីរាង្គ​នៅ​ឡើយ​ទេ។​ អ្វី​ដែល​យើង​កំពុង​តែ​រៀប​នេះ​គឺ​ យើង​រៀប​រួម​គ្នា​ ជាមួយ​នឹង​អាស៊ាន​ទាំង​១០។ យើង​មិន​ធ្វើ​តែម្នាក់​ឯង​ទេ»។

លោក ​ហ៊ាន វណ្ណហន ​បន្ថែម​ថា​ មក​ទល់​នឹង​ពេលនេះ​ ការ​ផលិត​ និងការបញ្ជាក់​ពី​បន្លែ​សរីរាង្គ​ដែល​ធ្វើ​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ គឺ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​ទេ​ ព្រោះ​រដ្ឋាភិបាល ​ពុំ​ទាន់​បង្កើត​មាន​ស្តង់ដារ​នេះ​នៅ​ឡើយ​ទេ។

រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្ដល់​ថវិកា​ចំនួន​ ៤៦​លាន​ដុល្លារ​អាមេរិក​ដល់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ សម្រាប់​ជំរុញ​កំណើន​ក្នុង​វិស័យ​កសិកម្ម​ឲ្យបាន​ក្នុង​រង្វង់​៥%​ ក្នុង​មួយ​ឆ្នាំ។នេះ​បើ​យោង​ទៅ​តាម​ឯកសារ​នៃ​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៦​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ខែ​កុម្ភៈ។

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​នៃ​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ​ ធ្លាប់​ឲ្យ​ដឹង​ថា រដ្ឋាភិបាល គ្រោង​ចំណាយ​២០​លាន​ដុល្លារ​រ​អាមេរិក​ ទៅលើ​ផលិត​កម្ម​ពូជ​ស្រូវ​ និង​បន្លែ​ពី​ឆ្នាំ​២០១៦​ ដល់​ឆ្នាំ​ ២០១៨​ខាងមុខ។

អ្នកស្រី​ តន់ ស៊ន​ អ្នក​ដាំ​បន្លែ​សរីរាង្គ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ បាន​មាន​ប្រសាសន៍​ថា​ កសិករ​ដាំ​ដំណាំ​សរីរាង្គ​នៅ​ភូមិ​កាហែង​ ឃុំ​កាហែង​ ស្រុក​សំរោង​ទង​ កំពុង​ជួប​ប្រទះ​បញ្ហា​កង្វះ​ទឹក​សម្រាប់​ស្រោច​ស្រព​ដំណាំ។

អ្នក​ស្រី​ចង់​ឲ្យ​រដ្ឋាភិបាល​យក​ចំណែក​ខ្លះ​នៃ​ថវិកា​នេះ មក​ជីក​ស្រះ​ស្តុក​ទុក​ទឹក​សម្រាប់​ទ្រទ្រង់​ការ​ដាំដុះ​របស់​ប្រជាកសិករ។

«តាម​គំនិត​របស់​ខ្ញុំ​ គឺ​ចង់​ជីក​ជា​ស្រះ។​ ស្រះ​ដើម្បី​ស្តុក​ទឹក​ដាំ​បន្លែ​ ព្រោះ​អី​ឥឡូវ​ភូមិ​ខ្ញុំ​ វា​ដាច់​ទឹក​ អញ្ចឹង​ អា​ប្រឡាយ​ពី​ស្ពាន​ព្រែក​ត្នោត​មក វា​ផុត​ទឹក​ អញ្ចឹង​ដើម្បី​ បើ​សិន​ណា​ជា​ ខាង​ផ្នែក​ខាង​ហ្នឹង​ គេ​ ឧបត្ថម្ភ​ ថវិកា​ប៉ុណ្ណឹង​ គំនិត​ និង​ជា​មតិ​របស់​ខ្ញុំ​ គឺ​ចង់​យក​ប្រាក់​ហ្នឹង​ដើម្បី​មក​ជីក​ជា​ស្រះ​ ស្តុក​ទឹក​ប្រើ​ប្រាស់។​ និយាយ​រួម​ ឲ្យ​តែ​មាន​ទឹក​ គឺ​យើង​ផលិតផលិតផល​ដែល​សរីរាង្គ​ហ្នឹង​គឺ​បានពេញ​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ»។

ប្រជាពលរដ្ឋ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ ត្រូវ​ការ​បន្លែ​ជាង​៤០០​តោន​ សម្រាប់​ការ​បរិភោគ​ក្នុង​មួយ​ថ្ងៃៗ។​ អ្នក​ជំនាញ​កសិកម្ម​ ថ្លែង​ថា​ កម្ពុជា​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​បន្ថែម​ទៀត ​សម្រាប់​ការ​ដាំដុះ​បន្លែ​ធម្មតា​ និង​បន្លែ​សរីរាង្គ​ ដើម្បី​កាត់​បន្ថយ​ការ​នាំចូល​ពី​ប្រទេស​ក្បែរ​ខាង​ ជាពិសេស​នោះ​ គឺ​ប្រទេស​វៀតណាម៕

XS
SM
MD
LG