ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភព​លោក​​ថា​ ប្រទេស​១៤២​ នឹង​ទទួល​បាន​វ៉ាក់សាំង​​ ២៣៧​លាន​ដូស​ពី​កម្មវិធី COVAX នៅ​​ដំណាច់​ខែ​ឧសភា


វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​របស់​ក្រុមហ៊ុន​ AstraZeneca​ មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃ​អង្គារ​ ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/​វីអូអេ​)
វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​របស់​ក្រុមហ៊ុន​ AstraZeneca​ មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃ​អង្គារ​ ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា/​វីអូអេ​)

ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters​ រាយការណ៍​ថា ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ចំនួន ២៣៧​ លាន​ដូសរបស់​ក្រុម​ហ៊ុនឱសថ AstraZeneca ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវចែក​ចាយ​ទៅ​ឲ្យ​ប្រទេស​ចំនួន​ ១៤២​ នៅ​ត្រឹម​ដំណាច់​ខែ​ឧសភា​ខាង​មុខ​តាម​រយៈ​កម្ម​វិធី COVAX របស់​អង្គការ​សុខភាព​ពិភព​លោក WHO​។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់ប្រធាន​អង្គ​ការ​ WHO កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។​

លោក​ Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ដើម្បី​ចែក​ចាយ​ត្រូវ​បានរៀប​ចំ​ធ្វើ​ឡើង នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ទៅ​កាន់​ប្រទេសអង់ហ្គោឡា​ កម្ពុជា​ សាធារណរដ្ឋ​កុងហ្កោ ​និង​ប្រទេស​នីហ្សេរីយ៉ា។

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រធានាធិបតី​ប្រទេស​ហ្គាណា​ លោក Nana Akufo-Addo និយាយ​ថា​ ប្រទេសរបស់​លោកដែល​បាន​ចាប់​ផ្តល់​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ដែលបាន​ផ្តល់​តាម​រយៈ​កម្មវិធី COVAX នោះ​មាន​គម្រោង​នឹង​ចាក់​វាក់សាំង​ដល់​ពលរដ្ឋហ្គាណាប្រមាណ ​២០ ​លាន​នាក់​ នៅ​ត្រឹម​ដំណាច់ឆ្នាំ ​២០២១ ​នេះ។

ដោយឡែក មន្រ្តី​អង្គការ​សុខភាព​ពិភព​លោក (WHO) ប្រចាំ​នៅ​កម្ពុជា ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩។

ការ​អំពាវនាវ​របស់​លោកស្រី Li Ailan តំណាង​អង្គការ​ WHO ធ្វើ​ឡើង​ ខណៈ​កម្ពុជាបានទទួលវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​របស់​ក្រុមហ៊ុន ​AstraZeneca ចំនួន ​៣២៤.០០០ ដូស ​នៅ​យប់ថ្ងៃ​អង្គារ​នេះ តាម​រយៈ​កម្មវិធី​ផ្ដល់​វ៉ាក់សាំង​កូវីដ​១៩ ជា​សាកល​របស់​អង្គការ​ WHO ដែល​ហៅ​ថា​កូវ៉ាក់ (COVAX)។

វ៉ាក់សាំង​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​នេះ​ត្រូវ​បាន​ដឹក​តាម​យន្ត​ហោះ​ពី​ប្រទេស​ឥណ្ឌា​ ហើយ​មក​ដល់​កម្ពុជា​នៅ​ម៉ោង​ជិត​៨​យប់ ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២១៕

XS
SM
MD
LG