ប្រទេសហ្គាណាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូង តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំងជាសកលរបស់អង្គការសុខភាពពិភពលោក (WHO) ហៅថា COVAX។
វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ចំនួន ៦ សែនដូសរបស់ក្រុមហ៊ុនឱសថ AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford ត្រូវបានដឹកជញ្ជូនមកដល់រដ្ឋធានី Accra ប្រទេសហ្គាណា កាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ (UNICEF)។
វ៉ាក់សាំងនេះត្រូវបានផលិតឡើងដោយវិទ្យាស្ថាន Serum នៅក្នុងប្រទេសឥណ្ឌា ដែលជារោងចក្រផលិតឱសថដ៏ធំបំផុតនៅក្នុងពិភពលោកនោះ។
វ៉ាក់សំាងដែលត្រូវបានបញ្ជូនទៅឲ្យប្រទេសហ្គាណានេះ ត្រូវបានទិញតាមរយៈកម្មវិធីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាសកល ឬហៅថា COVAX ដែលជាកម្មវិធីដែលផ្តួចផ្តើមឡើងដោយអង្គការសុខ ភាពពិភពលោក។
កម្មវិធី COVAX នេះ ទិញវ៉ា់ក់សាំងបង្ការជំងឺកូវីដ១៩ ដោយមានការជួយឧបត្ថម្ភពីប្រទេសអ្នកមានដើម្បីធ្វើការចែកចាយវ៉ាក់សាំងដោយស្មើភាព ទៅឲ្យបណ្តាប្រទេសនានា ជាពិសេសប្រទេសក្រីក្រ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាផ្តល់ថវិកាចំនួន ៤ ពាន់លានដុល្លារ ដល់កម្មវិធី COVAX។
អង្គការសុខភាពពិភពលោកបានប្រកាសកាលពីខែធ្នូឆ្នាំ ២០១៩ ថា កម្មវិធី COVAX បានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនជិត ២ ពាន់លានដូសពីក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើន៕