ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ជាលើក​ដំបូង​ពី​កូរ៉េ​ខាង​ត្បូង​


បុគ្គលិកសុខាភិបាលម្នាក់កំពុងបាញ់ថ្នាំសម្លាប់មេរោគលើប្រអប់ស្តុកទុកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថ AstraZeneca នៅអាកាសយានដ្ឋាន Tan Son Nhat ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១។
បុគ្គលិកសុខាភិបាលម្នាក់កំពុងបាញ់ថ្នាំសម្លាប់មេរោគលើប្រអប់ស្តុកទុកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថ AstraZeneca នៅអាកាសយានដ្ឋាន Tan Son Nhat ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១។

វៀតណាម​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ជា​លើក​ដំបូង​ ចំនួន​ ១១៧.០០០​ ដូស ​ពី​ក្រុម​ហ៊ុន​ផលិត​ឱសថ ​AstraZeneca កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ មុន​យុទ្ធនាការចាក់​វ៉ាក់សាំង​បង្ការ​របស់​ខ្លួន​ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើងនៅ​ខែ​ក្រោយនេះ។ នេះ​បើ​តាមសេចក្តី​រាយការណ៍របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន Reuters។

រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វ៉ាក់សាំងនេះដែលត្រូវបានដឹកតាមជើងយន្តហោះមកដល់ទីក្រុងហូជីមិញ ពីប្រទេសកូរ៉េខាងត្បូងនោះ នឹងត្រូវប្រើដើម្បីចាក់ឲ្យពលរដ្ឋវៀតណាមប្រមាណជាង ៥ម៉ឺននាក់ ដែលជាអ្នកកំពុងស្ថិតក្នុងហានិភ័យខ្ពស់។

តាមបណ្តាញព័ត៌មានបានរាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួង​សុខាភិបាល​វៀតណាម​លោក Truong Quoc Cuong បានទៅអាកាសយានដ្ឋាន ដើម្បីទទួលយកនូវវ៉ាក់សាំងទាំងនោះ ដែលត្រូវបានដឹកពីទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។

ក្រុមហ៊ុនផលិតឱសថ SK Bioscience របស់កូរ៉េខាងត្បូង មានរោងចក្រផលិតឱសថមួយ ដែលទទួលបានការយល់ព្រមឲ្យផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នោះ។

ក្រសួង​សុខាភិបាល​វៀតណាម បាន​ប្រាប់​ឲ្យ​ដឹងថា វៀតណាម​គ្រោង​នឹង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩​ ចំនួន​ ៩០ ​លាន​ដូស​ នៅ​ក្នុង​ឆ្នាំ​នេះ​ ដែល​ក្នុង​នោះ​មាន​វ៉ាក់សាំង​ ៣០ ​លាន​ដូស ​តាម​រយៈ​កម្មវិធី COVAX ចំនួន ៣០ ​លាន​ដូស​ពី​ក្រុម​ហ៊ុន AstraZeneca របស់​អង់គ្លេស​ ហើយ​ក្រៅ​ពី​នេះ​វៀតណាម​កំពុង​ចរចាដើម្បី​ទិញ​វ៉ាក់សាំង​នេះ​ពី​ក្រុម​ហ៊ុនឱសថ​អាមេរិក Pfizer។

រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា ការដឹកជញ្ជូនវ៉ាក់សាំងជើងទី ១ ដែលមកដល់វៀតណាមកាលពីថ្ងៃពុធម្សិលមិញនេះ ជាផ្នែកមួយនៃវ៉ាក់សាំងដែលខ្លួនបានចរចាទិញក្នុងចំនួន ៣០ លានដូសពីក្រុមហ៊ុន AstraZeneca ហើយដែលត្រូវបានដឹកមកប្រទេសវៀតណាមដោយក្រុមហ៊ុនវ៉ាក់សាំង​វៀតណាម Joint Stock Co. ដែលជាក្រុមហ៊ុនមួយត្រូវបានបង្កើតឡើង ដើម្បីទទួលបន្ទុកនាំចូលនិងចែកចាយវ៉ាក់សាំងក្នុងប្រទេសវៀតណាម។

វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៨២០ ករណី ចាប់តាំងពីមានការផ្ទុះរាលដាលជាលើកចុងក្រោយបំផុតកា លពីខែមុន ឬប្រហែល ១ ភាគ ៣ នៃចំនួនឆ្លងសរុបទាំងអស់ ២.៤១២ ករណី។ រហូតមកដល់ពេលនេះ ប្រទេសនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួនត្រឹមតែ ៣៥ នាក់ប៉ុណ្ណោះ៕

XS
SM
MD
LG