ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បិទ​ហាង​កាហ្វេ​ដែល​ធ្លាប់​ល្បី​ឈ្មោះ​មួយ​បង្ហាញ​ឱ្យ​ឃើញ​ពី​បញ្ហា​ប្រឈម​សម្រាប់​អាជីវកម្ម​តូចៗ​នៅ​ម៉ាឡេស៊ី


អ្នក​ដឹក​ជញ្ជូន​អាហារ​រង់ចាំ​នៅ​កន្លែង​ភ្លើង​ស្តុប​នៅ​ពី​មុខ​អគារ​ភ្លោះ ដើម្បី​យក​អាហារ​ទៅ​ឱ្យ​ភ្ញៀវ នៅ​ពេល​មាន​ការ​រឹតត្បិត​ការ​ដើរហើរ​ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

អ្នក​វិភាគ​និយាយ​ថា អាជីវកម្ម​តូចៗ​មួយ​ចំនួន មិន​អាច​សម្រប​ខ្លួន​បាន​លឿន​ឲ្យ​ទាន់​សភាពការណ៍​នោះ​ទេ បន្ទាប់​ពី​ការ​រឹតត្បិត​ត្រូវ​បាន​អនុវត្ត ដោយសារ​តែ​ជំងឺ​កូវីដ១៩ ជាពិសេស​អាជីវកម្ម​ដែល​ពឹងផ្អែក​លើ​អតិថិជន ដែល​មក​ទិញ​ដោយ​ផ្ទាល់​នៅ​ហាង។

លោក David Wong ដែល​ជា​អ្នក​ដុត​នំ និង​ជា​ម្ចាស់​ហាង​កាហ្វេ​មួយ​ដឹង​ពី​ចំណង់ចំណូល​ចិត្ត​របស់​អតិថិជន​ប្រចាំ​ហាង​របស់​លោក មិន​ថា​ពួកគេ​ចង់​ញ៉ាំ​កាហ្វេ​ឡាតេ​ទឹកកក ឬ​សាច់​មាន់​ប្រឡាក់​ជាមួយ​នឹង​ម្ហូប​ក្នុង​ស្រុក​ដែល​សម្បូរ​ទៅ​ដោយ​ខ្ទិះ​ដូង ដែល​គេ​ហៅ​ថា Nasi Lemak នោះ​ទេ។

ប៉ុន្តែ​អ្វី​ដែល​ល្បី​បំផុត​នៅ​ក្នុង​ហាង​របស់​លោក គឺ​នំ​ធ្វើ​ពី​ម្នាស់ ដែល​រូបមន្ត​ធ្វើ​នំ​នោះ ជា​របស់​ម្តាយ​លោក។ លោក Wong បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«គាត់​បង្រៀន​ខ្ញុំ​ដុត​នំ។ នោះ ជា​អ្វី​ដែល​គាត់​បានបណ្តុះបណ្តាល​ខ្ញុំ។ តាំង​ពី​តូច​មក​ម្ល៉េះ ខ្ញុំ​ជួយ​ម្តាយ​ខ្ញុំ​ដុត​នំ»។

បន្ទាប់​ពី​ចាកចេញ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ឪពុក​លោក លោក Wong ក្នុង​វ័យ៤៦ឆ្នាំ បាន​បើក​ហាង​ដុត​នំ​មួយ ដែល​ក្រោយ​មក លោក​បាន​ពង្រីក​វា​ទៅ​ជា​ហាង​កាហ្វេ​មួយ​ឈ្មោះ​ថា Swee Bee by Baker Dave។ ឈ្មោះ​ហាង​កាហ្វេ​នេះ គឺ​ជា​ឈ្មោះ​របស់​ម្តាយ​លោក។ លោក Wong បាន​និយាយ​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«អ្វីៗ​ទាំង​អស់​គឺជា​ចំណង់ចំណូល​ចិត្ត និង​ការ​ស្រឡាញ់ការ​ដុត​នំ និង​ការ​ចម្អិន​ម្ហូប​អាហារ។ ខ្ញុំ​ចង់​បញ្ចេញ​ស្នាដៃ និង​ចែករំលែក​ជាមួយ​នឹង​អតិថិជន​ មិត្តភក្តិ និង​គ្រួសារ​របស់​ខ្ញុំ»។

នៅ​ពេល​រសៀល​មួយ​កាលពី​ពេល​ថ្មីៗ​នេះ អតិថិជន​ម្នាក់​ឈ្មោះ Shamir Chakrabarty ពេញ​ចិត្ត​នឹង​អាហារ​ថ្ងៃ​ត្រង់​របស់​លោក។ លោក Chakrabarty និង​ភរិយា​របស់​លោក បាន​មក​ហាង​កាហ្វេ Swee Bee នេះ អស់​រយៈពេល​៤ឆ្នាំ​មក​ហើយ។ លោក Chakrabarty បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«អាហារ​នៅ​ទីនេះ​ឆ្ងាញ់។ បរិយាកាស​ល្អ ហើយ​លោក Dave រួសរាយ​រាក់ទាក់​ណាស់»។

ហាង​កាហ្វេ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម និង​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ភ្ញៀវ​ដែល​ជា​បុគ្គលិក​ការិយាល័យ។ ប៉ុន្តែ​បុគ្គលិក​ដែល​មក​ធ្វើការ​នៅ​ក្បែរ​នេះ​កាន់​តែ​មាន​ចំនួន​តិច​ទៅៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយសារ​តែ​នៅ​មាន​ការរឹតត្បិត​សកម្មភាព ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​១៩។ ទោះ​ជា​សេដ្ឋកិច្ច​ក្នុង​ស្រុក បាន​បើក​ដំណើរការ​ឡើង​វិញ​ជា​ដំណាក់កាល​ក្តី​ ហើយ​អតិថិជន​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ទទួល​ទាន​នៅ​ក្នុង​ហាង​ក៏​ដោយ ក៏​អតិថិជន​ប្រចាំ​របស់​ហាង​កាហ្វេ​នេះ នៅ​តែ​ធ្វើ​ការ​ពី​ផ្ទះ​នៅ​ឡើយ។

លោក Wong និយាយ​ថា នៅ​ក្នុង​ខែ​មេសា និង​ខែ​ឧសភា​កន្លង​ទៅ​នេះ អាជីវកម្ម​បាន​ធ្លាក់​ចុះ​៧០% បើ​ប្រៀបធៀប​ទៅ​នឹង​ពេល​ធម្មតា នៅ​ពេលដូច​គ្នា​កាលពី​ឆ្នាំ​មុន។ កាលពី​ថ្ងៃទី១៩ ខែមិថុនា លោក​បាន​បិទ​ហាង​កាហ្វេ​របស់​លោក។ លោក Wong បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក​ ខ្ញុំ​ត្រូវ​ចាកចេញ។ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត ដោយសារ​តែ​បើ​និយាយ​តាម​បែប​សេដ្ឋកិច្ច ខ្ញុំ​មិន​អាច​បន្ត​ទៀត​បាន​ទេ»។

មាន​រឿងរ៉ាវ​ប្រហាក់ប្រហែល​នេះ​ជាច្រើន​ទៀត ដែល​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​ម៉ាឡេស៊ី។ ក្រុម​អ្នក​ធ្វើ​ជំនួញ​ក្នុង​ស្រុក​និយាយ​ថា ភោជនីយដ្ឋាន​បែប​គ្រួសារ​ចំនួន​ពី​៥% ទៅ​១០% ព្រម​ទាំង​ហាង​លក់​រាយ បាន​ឈប់​ធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

អ្នក​វិភាគ​និយាយ​ថា អាជីវកម្ម​តូចៗ​មួយ​ចំនួន មិន​អាច​សម្រប​ខ្លួន​បាន​លឿន​ឲ្យ​ទាន់​សភាពការណ៍​នោះ​ទេ បន្ទាប់​ពី​ការ​រឹតត្បិត​ត្រូវ​បាន​អនុវត្ត ដោយសារ​តែ​ជំងឺ​កូវីដ១៩ ជាពិសេស​អាជីវកម្ម​ដែល​ពឹងផ្អែក​លើ​អតិថិជន ដែល​មក​ទិញ​ដោយ​ផ្ទាល់​នៅ​ហាង។

លោក Lau Zheng Zhou នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សម្រាប់​កិច្ចការ​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួ បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«អាជីវកម្ម​មួយ​ចំនួន​ព្យាយាម​សម្រប​ខ្លួន​ដោយ​ប្រើប្រាស់​ដំណោះស្រាយ​ឌីជីថល ព្យាយាម​បង្កើត​កម្មវិធី app សម្រាប់​អាជីវកម្ម​អនឡាញ និង​ប្រើប្រាស់​សេវា​តាក់ស៊ី​ដើម្បី​បញ្ជូន​ទំនិញ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិន​ជោគជ័យ​នោះ​ទេ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំង​នេះ ឬ​អាជីវកម្ម​តូចៗ​ទាំង​នេះ។ ការ​រំពឹង​ទុក​ថា​ អាជីវកម្ម​ទាំង​នេះ​នឹង​ផ្លាស់ប្តូរ​គំរូ​អាជីវកម្ម​របស់​ខ្លួន​ដើម្បី​សម្រប​ខ្លួន និង​ដើម្បី​រស់ គឺ​ជា​តម្រូវការ​ដ៏​ខ្ពស់​មួយ​សម្រាប់​អាជីវកម្ម​ជាច្រើន»។

លោក Lau បាន​និយាយ​ថា កញ្ចប់​ថវិកា​ជំនួយ​របស់​រដ្ឋាភិបាល ដែល​រួម​មាន​ប្រាក់​ឧបត្ថម្ភ​ទៅ​លើ​ប្រាក់​ឈ្នួល​បុគ្គលិក និង​ការ​ផ្តល់​ថវិកា​ដល់​ក្រុមហ៊ុន ដើម្បី​បន្ថយ​ការចំណាយ គឺ​មិន​មាន​ចំនួន​គ្រប់គ្រាន់ អាច​ឱ្យ​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​បន្ត​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​បាន​នោះ​ទេ។

លោក Lau បាន​និយាយ​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖

«ម្ចាស់​អាជីវកម្ម​គិត​ថា ប្រហែល​ខ្ញុំ​គួរ​តែ​បិទ​ហាង​ហើយ។ ដោយសារ​វា​អាច​នឹង​ចំណាយ​ច្រើន​ជាង​នេះ ក្នុង​ការបង់​ប្រាក់​ប្រចាំ​ថ្ងៃ​នានា​ ដូចជា​ប្រាក់​ឈ្នួល ថ្លៃ​ភ្លើង និង​ថ្លៃ​ដឹកជញ្ជូន​ជាដើម​នោះ»។

លោក Wong និយាយ​ថា បន្ថែម​ពី​លើ​បញ្ហា​ទាំង​នេះ លោក​ក៏​មិន​អាច​បញ្ចុះបញ្ចូល​ម្ចាស់​កន្លែង​ឱ្យ​បញ្ចុះ​ថ្លៃ​ឈ្នួល​ទៀត។ កត្តា​ទាំង​នេះ​រួម​បញ្ចូល​គ្នា ធ្វើ​ឱ្យ​លោក​សម្រេច​ចិត្ត​បិទ​ហាង​កាហ្វេ​របស់​លោក។ លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«បើ​និយាយ​ពី​អារម្មណ៍ គឺ​វា​ពិបាក​ណាស់​ក្នុង​ការ​បញ្ចប់​អ្វី​មួយ​ដែល​ខ្ញុំ​ស្រឡាញ់ ដែល​ខ្ញុំ​បាន​ធ្វើ​វា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ»។

មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ លោក Wong មាន​គម្រោង​បើក​ហាង​ដុត​នំ​បែប​ពាណិជ្ជកម្ម​មួយ ដូច្នេះ​លោក​អាច​ដុត​នំ​ធ្វើ​ពី​ម្នាស់​កាន់​តែ​ច្រើន ដើម្បី​លក់​ទៅ​ឱ្យ​ហាង​លក់​រាយ និង​ភោជនីយដ្ឋាន។ លោក នឹង​បន្ត​គម្រោង​នេះ ប៉ុន្តែ​លោក​និយាយ​ថា វា​នឹង​មិន​អាច​ប៉ះប៉ូវ​បាន​ទេ ចំពោះ​អ្វី​ដែល​លោក​បាន​បាត់បង់ នោះ​គឺ​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ប្រចាំ​ថ្ងៃ​ជាមួយ​នឹង​អតិថិជន​នៅ​ហាង​កាហ្វេ​របស់​លោក។ លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ទៀត​ថា៖

«ទំនាក់ទំនង​ដែល​ខ្ញុំ​បាន​សាង​ជាមួយ​ពួកគេ​ក្នុង​រយៈពេល​៨ឆ្នាំ​មក​នេះ គឺ​មិន​អាច​បំភ្លេច​បាន​ទេ។ ខ្ញុំ​នឹង​នឹក​វា​ខ្លាំង​បំផុត»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG